ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១២


ហេព្រើរ ១២

« ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់​ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ »

រូបភាព
គ្រួសារ​ក្មេងខ្ចី​នៅ​ប្រទេស​នូវែលសេឡង់​លេង និង​សើច​សប្បាយ​ជាមួយ​កូនៗ​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ពួកគេ ។ ពួកគេ​លេង​បាល់បោះ បី​កូនៗ និង​សើច​សប្បាយ ហើយ​មើល​កូនប្រុស​ជិះ​កង់​ដែល​មាន​កង់​បី ។

តើ​លើក​ចុង​ក្រោយ​បង្អស់​ដែល​អ្នក​ត្រូវ​បាន​គេ​វាយ​ផ្ចាល ឬ​កែ​តម្រូវ​គឺ​នៅពេល​ណា ? តើ​អ្នក​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? តើ​អ្នក​ធ្លាប់​ដឹង​គុណ​ចំពោះ​ការកែតម្រូវ​ដែល​អ្នក​បាន​ទទួល​ដែរ​ឬ​ទេ ? ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​ហេព្រើរ ហើយ​បាន​ពន្យល់​ពួកគេ​ថា ព្រះវរបិតា​សួគ៌​របស់​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ជា​ញឹក​ញាប់​ដោយ​ការ​កែតម្រូវ​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រៀន​ពី​របៀប​ដែល​ការ​ចុះចូល​ដោយ​បន្ទាបខ្លួន​ទៅ​នឹង​ការ​កែតម្រូវ​ពី​ព្រះវរបិតា​សួគ៌​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីសុខសាន្ត ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

ការរត់​ប្រណាំង​នៃ​ជីវិត

រូបភាព
ពួកអ្នក​រត់
រូបភាព
ផ្លូវ​អត្តពលិក ឬ​ផ្លូវ​សម្រាប់​រត់​ដែល​មាន​ទេសភាព​ស្រស់ស្អាត

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​បង្កើត​បញ្ជី​អំពី​របៀប​ដែល​ជីវិត​រមែង​ស្លាប់​របស់​អ្នក​មាន​សភាព​ដូចជា​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ ។ ឧទាហរណ៍ អ្នក​អាច​ឆ្លើយ​ដូច​ខាង​ក្រោម ៖

  • តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​នឿយ​ហត់ ឬ​អស់​កម្លាំង ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​ធ្វើ​បាន​ល្អ​ក្នុង​ការរត់​ប្រណាំង និង​វិធី​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ ?

  • តើ​គោលដៅ​អ្វី​ដែល​អ្នក​កំពុង​រត់​ឆ្ពោះ​ទៅរក ? ហេតុអ្វី​វា​គួរ​ឲ្យ​ចង់​បាន ?

  • ហេតុអ្វី​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​បញ្ចប់​ការរត់​ប្រណាំង​នៃ​ជីវិត ?

« ចូរ​រត់​ដោយ​មាន​ការ​អត់ធ្មត់ »

សាវក​ប៉ុល​ប្រដូច​ជីវិត​របស់​យើង​ទៅ​នឹង​ការរត់​ប្រណាំង ។ សូម​អាន ហេព្រើរ ១២:១–២ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការរត់​ប្រណាំង​នៃ​ជីវិត​ប្រកប​ដោយ​ជោគជ័យ ។ សូម​កត់​ចំណាំ​ថា « ស្មរ​បន្ទាល់​មួយ​ហ្វូង​ធំ » ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី ១ សំដៅ​លើ​គំរូ​នៃ​សេចក្ដី​ជំនឿ​ដែល​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ១១ ។

  • តើ​មាន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​ការ​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការរត់​ប្រណាំង​ក្នុង​ជីវិត​ដោយ​ជោគជ័យ​យ៉ាង​ដូច​ម្ដេច ?

ប៉ុល​បាន​កំណត់​ចំណាំ​នៅ​ក្នុង ខ​ទី ២ ថា ព្រះអង្គ​សង្គ្រោះ​បាន​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​នៃ​ការ​ឆ្កាង ដោយ​ផ្ដោត​លើ « សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ » ( ហេព្រើរ ១២:២ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ហើយ​តើ​មាន​សេចក្ដី​អំណរ​អ្វី​ខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់​នោះ ? ប្រាកដ​ណាស់​វា​រួម​មាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង​ការពង្រឹង​ដល់​យើង អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​អ្នក និង​រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​ជ្រះស្អាត និង​មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង​ក្រុមគ្រួសារ​សួគ៌ា ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៣ )

  • តើ​ការផ្តោត​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​អំឡុង​ការឆ្កាង​ទ្រង់ បង្រៀន​អ្នក​អំពី​ព្រះ​ទ័យ​របស់​ទ្រង់​ចំពោះ​អ្នក​ដូចម្តេច​ខ្លះ ?

  • តើ​ការដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​នូវ​អំណរ​យ៉ាង​ដូចម្ដេច សូម្បី​តែ​ក្នុង​គ្រា​លំបាក ?

  • តើ​មាន​អំណរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ផ្តោត​លើ​អំឡុង​គ្រា​លំបាក​ក្នុង​ជីវិត​របស់​អ្នក ?

ការស៊ូទ្រាំ​នឹង​ការ​វាយ​ផ្ចាល​ពី​ព្រះអម្ចាស់

សូម​គិត​អំពី​គ្រា​មួយ​ដែល​នរណា​ម្នាក់​កែតម្រូវ​អ្នក និង​របៀប​ដែល​អ្នក​ប្រតិកម្ម​ចំពោះ​ការកែ​តម្រូវ​នោះ ។

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​បាន​កែតម្រូវ​អ្នក ?

  • ហេតុអ្វី​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការ​ទទួល​យក​ការកែតម្រូវ​ពី​អ្នកដទៃ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អំណរ​គុណ​ចំពោះ​ការកែតម្រូវ​មួយ​ចំនួន​ដែល​អ្នក​បាន​ទទួល ? ហេតុអ្វី ?

សូម​អាន ហេព្រើរ ១២:៥–៧, ៩–១១ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការ​វាយផ្ចាល ឬ​ការ​កែតម្រូវ ។

ហេព្រើរ ១២:៩ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​អំពី​គោលបំណង​របស់​ព្រះវរបិតា​សួគ៌​ក្នុង​ការ​វាយផ្ចាល​យើង ?

សូម​ពិនិត្យ​មើល ហេព្រើរ ១២:១០–១១ ម្ដង​ទៀត ដោយ​រកមើល​របៀប​ដែល​អ្នក​អាច​បំពេញ​សេចក្ដីពិត​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​យើង​ចុះចូល​នឹង​ការវាយផ្ចាល​ពី​ព្រះវរបិតា​សួគ៌ …

នេះ​ជា​របៀប​មួយ​ដែល​អ្នក​អាច​បំពេញ​សេចក្តីពិត​នេះ ៖ ប្រសិនបើ​យើង​ចុះចូល​ទៅនឹង​ការវាយផ្ចាល​មក​ពី​ព្រះវរបិតាសួគ៌ នោះ​យើង​នឹងប្រែ​កាន់តែ​ដូច​ជា​ទ្រង់ ហើយ​មាន​ភាពសុខសាន្ត ដែល​កើត​ឡើង​មក​ពី​ភាពសុចរិត ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​នូវ​ការយល់​ដឹង​ដូច​ខាង​ក្រោម អំពី​ការវាយផ្ចាលដែល​យើង​ទទួល​បាន​ពី​ព្រះអម្ចាស់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ទោះយ៉ាងហោច​ណាស់ ការ​វាយផ្ចាល​ដ៏​ទេវភាព​មាន​គោលបំណង​បីយ៉ាង ៖ (១) ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ប្រែចិត្ត (២) ដើម្បី​បន្សុទ្ធ ហើយ​ញែក​យើង​ចេញឲ្យ​បរិសុទ្ធ និង (៣) នៅពេល​ខ្លះ​តម្រង់​ផ្លូវ​យើង​ជាថ្មី​នៅ​ក្នុង​ជីវិតឲ្យត្រូវ​ទៅតាម​អ្វី​ដែល​ព្រះ​ជ្រាប​ថា​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ ។ …

… ប្រសិន​បើ​យើង​បើកចិត្ត​ចំពោះ​វា ការកែតម្រូវ​ដែល​ចាំបាច់​នឹង​មក​តាមរយៈ​ទម្រង់​ជាច្រើន និង​មក​ពី​ប្រភព​ជាច្រើន ។ វា​អាច​មក​តាម​គន្លង​នៃ​ការអធិស្ឋាន​របស់​យើង នៅពេល​ព្រះ​មាន​ព្រះបន្ទូល​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ [ សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២ ] ។ វា​អាចមក​ជា​ទម្រង់​នៃ​ការអធិស្ឋាន​ដែល​ឆ្លើយ​ថា ទេ ឬ​ខុស​ពី​អ្វី​ដែល​យើង​បាន​សង្ឃឹម ។ ការវាយ​ផ្ចាល​អាច​កើត​ឡើង នៅពេល​យើង​សិក្សា​ព្រះគម្ពីរ និង​ត្រូវ​បាន​រំឭក​អំពី​ភាព​ទន់ខ្សោយ ការ​មិន​គោរព​ប្រតិបត្តិ ឬ​បញ្ហា​ធ្វេសប្រហែស​ដោយ​ងាយៗ ។

( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨, ១០០ )

  • ផ្អែកលើ​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន តើ​មាន​វិធី​អ្វីខ្លះ​ដែល​ព្រះវរបិតា​សួគ៌​អាច​នឹង​វាយផ្ចាល ឬ​កែតម្រូវ​យើង ?

ប្រសិនបើ​អាច សូម​មើល « The Will of God » ( ៣:០១ ) ដើម្បី​មើល​ពី​របៀប​ដែល​ការវាយផ្ចាល​របស់​ព្រះ​បាន​ជួយ​ដល់​ប្រធាន ហ្យូ ប៊ី ប្រោន ( ឆ្នាំ ១៨៨៣–១៩៧៥ ) នៃ​គណៈប្រធាន​ទីមួយ ។ វីដេអូ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​មើល​វីដេអូ​នេះ ?

  • តើ​ការចុះចូល​នឹង​ការ​វាយ​ផ្ចាល​ពី​ព្រះវរបិតាសួគ៌​អាច​នាំមក​នូវ​សេចក្ដីសុខសាន្ត និង​ជួយ​អ្នក​ឲ្យ​កាន់តែ​ដូច​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ដែល​ការ​វាយ​ផ្ចាល​របស់​ព្រះវរបិតាសួគ៌​បាន​ជួយ​អ្នក ឲ្យ​រក​ឃើញ​សេចក្ដីសុខសាន្ត ឬ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ?

  • តើ​បទពិសោធន៍​នេះ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ?

១. សូម​សរសេរ​ចំណុច​ខាង​ក្រោម​ពី​បី​ទៅ​ប្រាំ​ប្រយោគ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក ៖

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក រួមទាំង​សកម្មភាព​ដែល​អ្នក​គ្រោង​នឹង​ធ្វើ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​រត់​យឺត​ជាង​អ្នក​ដទៃ​នៅ​ក្នុង​ការរត់​ប្រណាំង​នៃ​ជីវិត ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ​មករា ឆ្នាំ ២០១៨ ។

យើង​ពុំ​ស្ថិត​នៅក្នុង​ការរត់​ប្រណាំង​គ្នា ដើម្បី​នឹង​មើល​ឃើញ​ថា តើ​នរណា​មាន​ជាង​គេ ឬ​មាន​ទេពកោសល្យ​ជាង​គេ​បំផុត ឬ​ស្អាត​ជាង​គេ​បំផុត ឬ​បាន​ពរជ័យ​ជាង​គេ​បំផុត​នោះ​ឡើយ ។ ការរត់​ប្រណាំង​ដែល​យើង​កំពុង​ធ្វើ​នោះ តាម​ពិត​ទៅ គឺ​ជា​ការរត់​ប្រណាំង​ទាស់​នឹង​អំពើបាប ។

( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )

តើ​ការវាយផ្ចាល​របស់​ព្រះវបិតា​សួគ៌ បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ ក្នុង​ពួក​ចិត​សិប​នាក់​បាន​ប្រាប់​នូវ​ឧទាហរណ៍​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក និង​របស់ យ៉ូសែប ស្ម៊ីធ ដែល​បង្ហាញ​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ក្នុង​ការ​វាយ​ផ្ចាល ។

សូម​មើល « God Loves His Children » ចាប់​ពី​នាទី​ទី ៥:២៣ ដល់ ៨:០៤ ដើម្បី​មើល​ឧទាហរណ៍​ទាំងនេះ ។

បទគម្ពីរ​បញ្ជាក់​ពី​គោល​បំណង​ជា​ច្រើន​សម្រាប់​ការ​វាយ​ផ្ចាល​របស់​ព្រះអម្ចាស់ ។ នៅ​ក្នុង ហេព្រើរ ១២:១០ ប៉ុល​បាន​បង្រៀន​ថា ព្រះអម្ចាស់​កែ​តម្រូវ​យើង « សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់ » ។ ការ​កែតម្រូវ​របស់​ទ្រង់ « បង្កើត​ផល​ដ៏​សុខ​សាន្ត នៃ​សេចក្តី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ » ( ហេព្រើរ ១២:១១ ) ។ ការកែតម្រូវ​របស់​ព្រះអម្ចាស់​អាច​មាន​ទម្រង់​ជាច្រើន ហើយ​វា​តែងតែ​ជួយ​បង្រៀន​បុគ្គល​ម្នាក់ៗ ក៏​ដូចជា​ផ្តល់​នូវ​ការកែតម្រូវ​ចាំបាច់​ផងដែរ ។ ការ​វាយផ្ចាល​ជួយ​មនុស្ស​ឲ្យ​ចងចាំ​ព្រះអម្ចាស់ ប្រែចិត្ត ទទួល​បាន​ការអភ័យទោស និង​ការរំដោះ រៀន​ស្តាប់​បង្គាប់ ហើយ​ចម្រាញ់​ប្រែក្លាយ​ជា​មាស ( សូមមើល ហេលេមិន ១២:៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១:២៧; ៩៥:១; ១០៥:៦; យ៉ូប ២៣:១០ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​ការ​វាយផ្ចាល​របស់​ព្រះអម្ចាស់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០២០ ។

ការ​កែតម្រូវ​គឺជា​រឿង​ដ៏​សំខាន់ ប្រសិន​បើ​យើង​អនុលោម​តាម​ជីវិត​របស់​យើង​ឲ្យ « ដល់​បាន​ពេញ​ជា​មនុស្ស [ នោះ​គឺ​បាន ] ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តីពោរពេញ​ផង​ព្រះគ្រីស្ទ » ( អេភេសូរ ៤:១៣ ) ។ ប៉ុល​បាន​និយាយ​អំពី​ការ​កែ​តម្រូវ ឬ​ការ​វាយ​ផ្ចាល​របស់​ព្រះ​ថា « ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់​ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ » ( ហេព្រើរ ១២:៦ ) ។ ទោះបី​ជា​រឿយៗ​វា​ពិបាក​ស៊ូទ្រាំ តែ​ជា​ការពិត​យើង​គួរតែ​រីករាយ​ដែលព្រះ​ចាត់ទុក​ថា យើង​មាន​តម្លៃ​សម​នឹង​ពេលវេលា និង​បញ្ហា​ដែល​ត្រូវ​កែតម្រូវ ។

( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ៩៧–៩៨ )