ថ្នាក់​សិក្ខាសាលា
កិច្ចការ ១


កិច្ចការ ១

សេចក្ដីណែនាំ​អំពីគម្ពីរ​កិច្ចការ

រូបភាព
សាវក​ដប់មួយ​នាក់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( ទាំងអស់​លើកលែង​តែ​យូដាស អ៊ីស្ការីយ៉ុត ) បានជួបជុំ​គ្នា​នៅ​ស្រុក​កាលីឡេ ។ ទេវតា​ពីរ​អង្គ ( ស្លៀកពាក់ពណ៌ស ) កំពុងឈរ​ជាមួយ​សាវក ហើយ​ចង្អុល​ទៅ​ស្ថានសួគ៌ ។ ពួកសាវក​កំពុង​សម្លឹងមើល​ទៅលើ ។ រូបគំនូរ​នេះ​បង្ហាញ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​យាងឡើង​ទៅកាន់​ស្ថានសួគ៌ ។ ពុំ​មាន​រូប​ព្រះគ្រីស្ទ​​នៅក្នុង​រូបភាព​នេះ​ទេ ។ ( ម៉ាកុស ១៦:១៩–២០ ) ( លូកា ២៤:៥០–៥៣ ) ( កិច្ចការ ១:៩–១១ )

អស់រយៈ​ពេល ៤០ ថ្ងៃ បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​ការងារបម្រើ​ដល់ពួក​សិស្ស​របស់ទ្រង់ ។ ក្នុងអំឡុង​ពេលនេះ ទ្រង់​បាន​រៀបចំ​ពួកសាវក​របស់ទ្រង់ ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​បន្ទាប់​ពីការយាង​ឡើងទៅកាន់​ស្ថានសួគ៌​របស់​ទ្រង់​វិញ ។ ដូច​ជា​ទ្រង់​បាន​ធ្វើ​ពី​បុរាណ​ដែរ ព្រះយេស៊ូវគ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ពួក​សាវក​ដែល​ទ្រង់​បាន​ជ្រើសរើស​នា​សព្វ​ថ្ងៃនេះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​វា​សំខាន់​ប៉ុនណា​ដែល​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ពួក​សាវក និង​ពួកព្យាការី ។

ការយាង​ឡើង​ទៅកាន់​ស្ថានសួគ៌​វិញ​របស់​ព្រះគ្រីស្ទ

សូមស្រមៃ​ថា​មិត្ត​របស់​អ្នក ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សួរ​អ្នកថា « តើអ្នកណា​បានចាប់​ផ្ដើម​ព្រះវិហារ​ដែល​អ្នក​ចូលរួម ហើយ​អ្នកណាដឹកនាំ​សាសនាចក្រ​នៅ​សព្វថ្ងៃ​នេះ ? »

  • តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ទៅ ?

គម្ពីរ​កិច្ចការ​ពិពណ៌នា​អំពី​បទ​ពិសោធន៍​របស់​សាវក​ទាំងឡាយ បន្ទាប់ពី​ការយាង​ឡើង​ទៅកាន់​ស្ថានសួគ៌​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ច្បាស់​ជា​កិច្ចការ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​ការ​ជំរុញ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ នៅ​ពេល​ដែល​ទ្រង់​លែងគង់​នៅ​ដោយផ្ទាល់​ជា​មួយ​ពួកគេ​ទៀត​ហើយ​នោះ ។ ប៉ុន្តែ​សាវក​ទាំងឡាយ​មិន​មែន​ខិត​ខំ​តែ​ម្នាក់​ឯង​នោះ​ទេ ។ បទពិសោធន៍​របស់​សាវក​ទាំងឡាយ​ដែល​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​កិច្ចការ​បង្ហាញ​ពីសេចក្ដី​ពិត​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​សាវក និង​ព្យាការី​ទាំងឡាយ​របស់​ទ្រង់ ។

សូម​ពិចារណា​ពីអារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូមឆ្លើយ​ដូច​ខាងក្រោម​នេះ ៖

  1. ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹងថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ?

  2. តើ​អ្នក​រំពឹង​ថា​នឹង​ឃើញ​អ្វី​ខ្លះ​ក្នុង​ព្រះវិហារ​ដែល​ដឹកនាំ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ?

  3. ដោយប្រើ​រង្វាស់​ខាងក្រោម​នេះ សូម​កំណត់​ថា​តើ​អ្នក​យល់ស្រប​នឹង​សេចក្តីថ្លែង​ការណ៍​នេះ​កម្រិតណា ៖ « ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​នៅថ្ងៃនេះ តាមរយៈ​ពួកសាវក និង​ព្យាការី » ។ សូម​ពន្យល់​ពី​ចម្លើយ​របស់​អ្នក ។

    រូបភាព
    ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា- ឆ្នាំ ២០២៣

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​យកចិត្ត​ទុកដាក់​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ដែល​អាច​ជួយ​អ្នកឲ្យ​មាន​អារម្មណ៍​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​យាង​ឡើង​ទៅកាន់​ស្ថានសួគ៌ ហើយ​ថា​ទ្រង់​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ។

ព្រះយេស៊ូវ​គ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ បន្ទាប់​ពី​ការយាង​ឡើង​ទៅកាន់​ស្ថានសួគ៌​របស់​ទ្រង់​វិញ

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​បង្កើត​កំណត់ហេតុ​ប្រចាំថ្ងៃ​មួយ​ដែល​មាន​ចំណង​ជើង​ថា « គំរូ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ » ។ ពេញមួយ​មេរៀន​នេះ សូម​បន្ថែម​ឧទាហរណ៍​ទៅ​ក្នុង​កំណត់​ហេតុ​ប្រចាំថ្ងៃ​របស់អ្នក ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​វា​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់ទ្រង់ ។

សូមអានវគ្គ​បទគម្ពីរ​ខាងក្រោម​អំពី កិច្ចការ ១–៥ ដោយរក​មើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានបន្ត​ជួយ​ដល់​ពួក​សាវក​របស់​ទ្រង់​បន្ទាប់​ពី​ការយាង​ឡើង​ទៅវិញ​របស់ទ្រង់ ។ សូម​គិត​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំងនេះ​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​បន្ថែម​ការយល់ដឹង​របស់អ្នក​ទៅក្នុង​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់អ្នក ។

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

កិច្ចការ ១:២៣–២៦

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

ពួកសាវក និង​អ្នកដើរ​តាម​ព្រះគ្រីស្ទ​ផ្សេងទៀត​បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ពិភាក្សា​ថា តើ​អ្នកណា​នឹង​ជំនួស យូដាស អ៊ីស្ការីយ៉ុត ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ដប់ពីរ​នាក់ ។

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

កិច្ចការ ២:៣៧–៤៣

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

ខណៈ​ដែល​ពួក​សាវក​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​យាង​ឡើង​ទៅកាន់​ស្ថានសួគ៌​របស់​ព្រះគ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ម្នាក់ៗ​តាម​របៀប​ដ៏​មាន​ឥទ្ធិពល ( សូមមើល កិច្ចការ ២:១–៨ ) ។ ដោយ​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ នោះ​ពេត្រុស​បាន​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ២:១៤–៣៦ ) ។ វគ្គបទគម្ពីរ​នេះ​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​ការចាក់​ស្រោច​ខាងវិញ្ញាណ​ទៅលើ​បណ្តាជន​ជាច្រើន ដែល​បាន​ធ្វើ​ជាសាក្សី​អំពី​វា ។

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

កិច្ចការ ៣:១–៨; ៤:៨–១០

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

ពេត្រុស និង​យ៉ូហាន​បាន​ជួប​បុរស​ពិការ​ម្នាក់​នៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម ។

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

កិច្ចការ ៥:១២–១៦

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

កាលពី​មុន​សាវក​ទាំងឡាយ​បាន​ទទួល​ការព្រមាន​មកពី​អ្នកដឹកនាំ​សាសន៍​យូដា​ថា កុំ​ឲ្យ​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទៀត​ឡើយ ( សូម​មើល កិច្ចការ ៤:១៣–១៨ ) ។

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

កិច្ចការ ៥:១៧–២៥

ព័ត៌មាន​លម្អិត​ដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​សិក្សា​ខគម្ពីរ​ទាំងនេះ

ពេត្រុស និង​យ៉ូហាន​ត្រូវ​បាន​គេចាប់​ដាក់​គុក បន្ទាប់​ពី​បាន​បន្ត​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្ហាញ​អព្ភូតហេតុ​ក្នុង​ព្រះនាម​ទ្រង់ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ដែល​ជះ​ឥទ្ធិពល​ដល់​សេចក្តីជំនឿ និង​ការទុកចិត្ត​របស់​អ្នក​លើ​ទ្រង់ ?

  • តើ​ព្រឹត្តិការណ៍​ទាំងនេះ​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​សាវក​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវគ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់សព្វ​ថ្ងៃ​នេះ

រូបភាព
សមាជិក​ទាំងអស់​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​កំពុង​អង្គុយ ឬ​ឈរ​ជាមួយ​រូបសំណាក​របស់​ព្រះគ្រីស្ទ និង​រូបសំណាក​នៃ​ពួក​ដប់ពីរ​នាក់​ពីដើម នៅ​មជ្ឈមណ្ឌល​អ្នកទស្សនា​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ។ ខាងមុខ​ពី​ឆ្វេង​ទៅ​ស្តាំ ៖ ឌៀថើរ អេស្វ អុជដូហ្វ, ជែហ្វ្រី អ័រ ហូឡិន, អិម. រ័សុល បាឡឺត, ដាល្លិន អេក អូក, រ័សុល អិម ណិលសុន, ហែនរី ប៊ី អាវរិង, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, រ៉ូណល អេ រ៉ាសបាន, នែល អិល អាន់ឌើរសិន, ឌែល ជី រេនឡាន់, ហ្គ្រែរីត ដ័បុលយូ ហ្គង, អូលីសេស សូរ៉េស

ប្រធាន រ័សុលអិម ណិលសុន បានបង្រៀន​អំពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​សព្វថ្ងៃនេះ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ក្នុងនាម​យើង​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​ដឹង​ថា អង្គ​ដែល​គង់​ជា​សិរសា​នៃ​សាសនាចក្រ​នេះ​គឺ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ ។ …

ដូច្នេះ តើ​ឈ្មោះ​មួយ​មាន​តម្លៃ​យ៉ាង​ណា ? នៅពេល​មាន​សំណួរ​ដែល​ទាក់​ទង​នឹង​ឈ្មោះ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ចម្លើយ​គឺ « អ្វីៗ​គ្រប់​យ៉ាង ! » ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​ឲ្យ​ហៅ​សាសនាចក្រ​នេះ​តាម​ព្រះនាម​របស់​ទ្រង់ ដោយសារ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​វា​ពោរពេញ​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

ខ្ញុំ​ដឹង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅសព្វ​ថ្ងៃ​នេះ ។

( រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨–៨៩ )

  • តើ​ការ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​គំរូ​អ្វី​ខ្លះ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ពី​ប្រវត្តិ​សាសនាចក្រ ដែល​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ថា ព្រះយេស៊ូវគ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​សព្វថ្ងៃ​នេះ ? ( សូម​កុំភ្លេច​បន្ថែម​ឧទាហរណ៍​ទាំងនេះ​ទៅក្នុង​កំណត់​ហេតុ​ប្រចាំថ្ងៃ​របស់អ្នក ) ។

ប្រសិនបើ​អ្នក​ត្រូវការ​មើល​ឧទាហរណ៍​មួយចំនួន​ដើម្បី​ជួយ​អ្នក​គិត​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ សូម​មើល « នេះ​គឺ​ជា​ពេល​វេលា​របស់​យើង ! » ចាប់​ពី​នាទី​ទី ៣:៣៤ ដល់​នាទី​ទី ៥:១២ ឬ « បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ចាប់ពី នាទី​ទី ១០:០៩ ដល់​នាទី​ទី ១៣:៥៨ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​គំរូ​នៃការដឹកនាំ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ​ទាំងនេះ​អាច​ជួយ​អ្នកឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះទ័យ​របស់ទ្រង់​ចំពោះ​យើង ?

សញ្ជឹង​គិត

សូម​រំឭក​បញ្ជី​គំរូ​នៃ​ព្រះអង្គសង្គ្រោះ​ដែល​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ដែលអ្នក​បាន​បង្កើត​នៅ​ថ្ងៃនេះ ។ សូម​ពិចារណា​បន្ថែម​លើការ​សរសេរ​បញ្ចូល នៅពេល​អ្នក​បន្ត​សិក្សា​គម្ពីរ​កិច្ចការ​ ហើយ​មាន​បទពិសោធន៍​បន្ថែម​ក្នុង​ការរៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់ទ្រង់ ។ សូម​ពិចារណា​បន្ថែម​ទីបន្ទាល់​របស់អ្នក​អំពី​សេចក្តី​ពិត​នេះ​ទៅក្នុង​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់អ្នក ។

ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​នរណា​បាន​សរសេរ​គម្ពីរ​កិច្ចការ ?

លូកា​បាន​សរសេរ​គម្ពីរ​កិច្ចការ​នៃ​ពួក​សាវក « ភាគ​ទី ២ ក្នុង​ឯកសារ​ពីរភាគ ។ … ផ្នែក​ទីមួយ​ត្រូវ​បាន​ស្គាល់​ថា​ជាដំណឹងល្អ​ស្របតាម​លូកា » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ » កិច្ចការ​របស់​ពួក​សាវក » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org​សូមមើល​ផងដែរ លូកា ១:១–៤; កិច្ចការ ១:១ ) ។

តើគម្ពីរ​នេះ​និយាយ​អំពី​អ្វី ?

គម្ពីរ​កិច្ចការ​នៃ​ពួកសាវក​បង្កើត​បាន​ជា​ការសង្ខេប​រវាង​កំណត់ត្រា​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និងការបង្រៀន​នៅក្នុង​ដំណឹង​ល្អ​ទាំង​បួន ព្រមទាំង​ការសរសេរ និងកិច្ចការ​នៃ​ពួកសាវក​របស់​ទ្រង់ ។ គម្ពីរ​កិច្ចការ​បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាមរយៈ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​សម្តែង​សេចក្តីពិត​ដល់​ពួក​សាវក ក្រោយ​មក​ពួកគេ​បាន​ដឹកនាំ និងបង្រៀន​សមាជិក​សាសនាចក្រ ។ ពួក​សាវក​ក៏​បាន​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

នៅ​ក្នុង​ខ​ទី​មួយ [ នៃ​គម្ពីរ​កិច្ចការ ] ការ​ប្រកាស​នោះ​គឺថា សាសនាចក្រ​នឹង​បន្ដ​ដឹកនាំ​ដោយ ព្រះ ពុំ​មែន​ដឹកនាំ​ដោយ​មនុស្ស​ទេ ។ … ប្រាកដ​ណាស់ ចំណង​ជើង​ពេញលេញ​នៃ​គម្ពីរ​កិច្ចការ​អាច​នឹង​សមរម្យ បើ​មាន​ចំណង​ជើង​ដូច​នេះ​ថា « កិច្ចការ​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​ឡើងវិញ​កំពុង​ធ្វើ​ការ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត និង​ការងារ​បម្រើ​នៃ​ពួក​សាវក​របស់​ទ្រង់​ដែល​បាន​តែងតាំង » ។…

« ការ​ដឹកនាំ​របស់​សាសនាចក្រ​គឺ​នៅ​ដដែល ។ ទីតាំង​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កែប្រែ ប៉ុន្តែ​ការ​ដឹកនាំ និង​ភាពជា​អ្នក​ដឹកនាំ​ក្នុង​សាសនាចក្រ​គឺ​ដូចគ្នា​ទាំងស្រុង » ។

( « Therefore, What? » [ សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ​សន្និសីទ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ស្តីពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៦ នៅលើ​គេហទំព័រ si.ChurchofJesusChrist.org )

តើ​សាវក​មាន​ន័យ​យ៉ាងណា ?

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សាវក សូម​មើល​វីដេអូ « What Is an Apostle? » ( ៦:២៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើ​ព្រះអម្ចាស់​ដឹក​នាំ​សាសនាចក្រ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

សូម​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​សាសនាចក្រ​រៀបចម្បង​ដែល​ធ្វើ​ជា​អធិបតី​លើ​គោលបំណង​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​នៃ​សាសនាចក្រ​គឺ​បាន​ទទួល​ជំនួយ​ដ៏​ទេវភាព ។ ការណែនាំ​នេះ​កើត​ឡើង​មក​ពី​ព្រះវិញ្ញាណ ហើយ​ជួនកាល​កើត​ឡើង​ដោយ​ផ្ទាល់​មក​ពី​ព្រះអង្គសង្គ្រោះ ។ ការណែនាំ​ខាង​វិញ្ញាណទាំង​ពីរ​ប្រភេទ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ទទួល​ជំនួយ​បែប​នោះ ។ ប៉ុន្តែ​ការណែនាំ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​សម័យ​របស់​ព្រះអម្ចាស់ មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទម្ដងៗ [ សូមមើល នីហ្វៃទី​២ ២៨:៣០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨:១២; ១២៨:២១ ] នៅពេល « ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា​ជ្រើសរើស​បង្រៀន​យើង​ដោយ​ព្រះចេតនា » [ នែល អេ ម៉ាក់ស្វែល All These Things Shall Give Thee Experience ( ឆ្នាំ ២០០៧ ) ទំព័រ ៣១ ] ។ ការណែនាំ​សម្រាប់​សាសនាចក្រ​ទាំងមូល​ទទួលបាន​តាម​រយៈ​ព្យាការី​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ។

( ឃ្វីនថិន អិល ឃុក « Prepare to Meet God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៧ )

សូមមើល « Jesus Christ’s Church » ( ១:២៧ ) ឬ « We Need Living Prophets » ( ២:៤៤ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org​ដើម្បី​មើល​ឧទាហរណ៍​បន្ថែម ។

តើ​ពួក​សាវក និង​ពួក​ព្យាការី​សម័យ​ទំនើប​ត្រូវ​បាន​ហៅ​យ៉ាងដូច​ម្ដេច ?

សូមមើល « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » ចាប់ពី នាទី​ទី ៩:៤១ ដល់​នាទី​ទី ១១:៤៩ ឬ « ដួងចិត្ត​របស់​ព្យាការី » ចាប់ពី​នាទី​ទី ៤:០៨ ដល់ ៦:៤០ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org​ដើម្បី​មើល​ឧទាហរណ៍ ។