ថ្នាក់​សិក្ខាសាលា
កិច្ចការ ៣


កិច្ចការ ៣

ការព្យាបាល​បុរស​ខ្វិន

រូបភាព
ពេត្រុស​លើក​ដៃ​ទៅ​រក​បុរស​ពិការ ហើយ​បញ្ជា​ឲ្យ​ក្រោក ហើយ​ដើរ​ទៅ ។

បុរស​ម្នាក់​ដែល​មិន​អាច​ដើរ​បាន​ពេញ​មួយ​ជីវិត ត្រូវ​បាន​គេ​នាំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​គាត់​អាច​សុំ​ទាន​បាន ។ គាត់​បាន​ជួប​ពេត្រុស និង​យ៉ូហាន ដែល​បាន​ឲ្យ​អំណោយ​ដ៏​អស្ចារ្យ​ជាង​លុយ​ដែល​គាត់​សុំ​ទៅ​ទៀត ។ ដោយ​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព និង​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពេត្រុស​បាន​ព្យាបាល​បុរស​នោះ ។ បទពិសោធន៍​នោះបានផ្តល់​ឱកាសជា​ច្រើន​ដល់​ពេត្រុស និង​សាវក​ផ្សេងទៀត ដើម្បី​ថ្លែង​ទីបន្ទាល់​អំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាចជួយ​អ្នកឲ្យ​យក​ឈ្នះ​លើឧបសគ្គ​នានា​ដែលអ្នក​ជួបប្រទះ​បាន ។

ការ​ទទួល​បាន​អំណាច​ព្យាបាល​របស់​ព្រះ

  • តើ​អ្វី​ខ្លះ​ជា​បញ្ហា​ប្រឈម​ ឬ​ទុក្ខវេទនា​ខាង​រូបកាយ ខាង​វិញ្ញាណ ឬ​ខាង​សតិអារម្មណ៍​ដែល​មនុស្ស​ជួប​ប្រទះ​ក្នុង​ជីវិត ?

សូម​សញ្ជឹងគិត​លើ​បញ្ហាប្រឈម ឬ​ទុក្ខលំបាក​ដែល​អ្នក​ជួបប្រទះ​ផ្ទាល់ ដែល​អ្នក​ចង់​ស្វែងរក​ការសង្គ្រោះ ឬ​កម្លាំង​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​យកឈ្នះ ។ សូម​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ហើយ​បញ្ចូល​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ផងដែរ ៖

  • តើ​អ្នក​បាន​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​បញ្ហា​ប្រឈម ឬ​ទុក្ខ​លំបាក​នេះ ?

  • តើ​អ្វីខ្លះ​ដែល​អ្នក​បានដឹង​រួចហើយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ថា​ទ្រង់​ទាំងទ្វេ​នឹង​ជួយ​អ្នក ?

  • តើ​អ្នក​មាន​សំណួរ ឬ​កង្វល់​អ្វីខ្លះ​អំពី​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម ឬ​ទុក្ខលំបាក​នេះ ?

ពេត្រុស និង​យ៉ូហាន​បាន​ព្យាបាល​បុរស​ពិការ​ម្នាក់

នៅ​ក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​រៀន​សេចក្ដីពិត​នៃ​ដំណឹងល្អ​មួយ​ចំនួន​ពី​ដំណើររឿង​ក្នុង កិច្ចការ ៣ របស់​ពេត្រុស និង​យ៉ូហាន​ដែល​ព្យាបាល​បុរស​ពិការ​ម្នាក់ ។ នៅពេល​អ្នក​សិក្សា សូម​យកចិត្តទុកដាក់​លើ​ការបំផុសគំនិត​ខាង​វិញ្ញាណ​ដែល​អ្នក​ទទួលបាន ។ សូម​ខិតខំ​ពង្រឹង​សេចក្តី​ជំនឿ​របស់​អ្នក​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ក្នុង​ឧបសគ្គ​នានា​ដែល​អ្នក​ប្រឈម​មុខនៅក្នុង​ជីវិត​រមែងស្លាប់​នេះ​បាន ។

សូម​អាន កិច្ចការ ៣:១–៣ ដោយ​រកមើល​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​បុរស​រូប​នេះ ដែល​មាន​អាយុ​លើសពី ៤០ ឆ្នាំ ( សូមមើល កិច្ចការ ៤:២២ ) ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថាការ « ធ្វើ​ទាន » ដែល​បាន​រៀបរាប់​នៅ​ក្នុង ខទី ២–៣ គឺជា​របស់​ដែល​មនុស្ស​បរិច្ចាគ​ដល់​ជនក្រីក្រ ។

  • តើ​មាន​ពាក្យ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ពិពណ៌នា​ពី​បុរស​ម្នាក់​នេះ និង​ស្ថានភាព​របស់​គាត់ ? ហេតុអ្វី​ទៅ ?

  • តើ​អ្វី​ទៅ​ជា​វិធី​ធម្មតា​មួយ​ចំនួន​ដែលមនុស្ស​អាច​ឆ្លើយ​តប​ចំពោះ​នរណា​ម្នាក់​នៅក្នុង​ស្ថានភាព​ដូច​បុរស​រូប​នេះ ?

សូមអាន កិច្ចការ ៣:៤–៨ ដោយ​ស្វែងរក​ការពិតដែល​អ្នក​អាច​រៀន​អំពី​ការយកឈ្នះ​លើ​បញ្ហាប្រឈម ឬ​ទុក្ខលំបាក​របស់​យើង​ចេញ​ពី​ដំណើររឿង​នេះ ។ អ្នក​ក៏​អាច​មើល​វីដេអូ​ផងដែរ « Peter and John Heal a Man Crippled since Birth » ( ៣:២១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ក្នុងដំណើរ​រឿង​នេះ ?

  • តើ​បទពិសោធន៍​នេះ​ជួយ​អ្នក​ឲ្យ​រៀន ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ពេត្រុស​បាន​បង្រៀន​ដល់​អស់​អ្នក​ដែល​បាន​ឃើញ​អព្ភូតហេតុ​ដែល​បាន​កើតឡើង​តាមរយៈ​ការ​ជឿ​លើ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៦ ) ។ សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺថា តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ប្រោស​ឲ្យ​ជា ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ខាង​រាងកាយ ខាង​វិញ្ញាណ ឬ​ខាង​អារម្មណ៍ ឬ​ទុក្ខលំបាក​ដែល​អ្នក​បាន​រកឃើញ​ពីមុនៗ​នៅក្នុង​មេរៀន​នេះ ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ដើម្បី​ជួយ​យើង​ជាមួយ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ ?

វីដេអូ « The Wounded Shall be Healed » ( ៥:៤៥ ) ដែល​មាននៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ស្តាប់​ទីបន្ទាល់​របស់​អែលឌើរ នែលអិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​កត់ត្រា​ពាក្យ ឬ​ឃ្លា​ណាមួយ​ដែល​លេចធ្លោ​ចំពោះអ្នក ឬ​ចំណាប់​អារម្មណ៍​ដែលកើត​មានចំពោះ​អ្នក នៅពេល​អ្នក​មើលវី​ដេអូ​នេះ ។

អែលឌើរ នែលអិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពីព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រោះ​យើងឲ្យ​ជា ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នា​ខែ សីហា ឆ្នាំ ២០១០ ។

បងប្អូន​ប្រុស​ស្រី​អើយ ខ្ញុំ​សូម​សន្យា​ថា ការបង្កើន​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នឹង​នាំ​ឲ្យ​បងប្អូន​មាន​កម្លាំង និង​ក្ដីសង្ឃឹម​កាន់តែ​ខ្លាំង ។ ចំពោះ​បងប្អូន ដែលជា​មនុស្ស​សុចរិត នោះ​អង្គ​ប្រោស​ឲ្យ​ជា​ដល់​ព្រលឹង​យើង​នឹង​ប្រោស​របួស​យើង​ឲ្យ​ជា ​ទៅ​តាម​កាលវេលា និង​របៀប​របស់​ទ្រង់ ។ គ្មាន​ភាពអយុត្តិធម៌ គ្មាន​ការបៀតបៀន គ្មាន​ការសាកល្បង គ្មាន​ភាពក្រៀមក្រំ គ្មាន​ការខូចចិត្ត គ្មាន​ការរងទុក្ខ គ្មាន​របួស​ណា—ទោះជា​ជ្រាលជ្រៅ មាន​ទំហំ​ធំ និង​ឈឺចាប់​យ៉ាង​ណា​ក្ដី—ក៏​នឹង​មិន​ដក​ចេញ​នូវ​ការលួងលោម ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​គ្មាន​ទី​បញ្ចប់​នៃ​ទ្រង់ ជា​អ្នក​ដែល​មាន​ព្រះពាហុ​លាត​សន្ធឹង និង​ព្រះហស្ដ​រង​របួស ដែល​នឹង​ចាំ​ស្វាគមន៍​យើង​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​វិញ​ដែរ ។

( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៦ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ចេញពី​ការបង្រៀន​របស់​អែលឌើរ អាន់ឌើរសិន ?

  • តើបទពិសោធន៍​អ្វីខ្លះដែលអ្នក​ធ្លាប់មាន ឬតើអ្នកដឹង​អំពី​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​អាចផ្តល់​កម្លាំង ឬការព្យាបាលដែរ​ឬ​ទេ ?

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃនេះ ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​អ្នកបាន​ទទួល​អារម្មណ៍ថា​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

ហេតុអ្វី​បាន​ជា​មាន​ពេល​ខ្លះ​យើង​មិន​ទទួល​បាន​ការ​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​តាម​ពេលវេលា និង​តាម​របៀប​ណា​ដែល​យើង​ចង់​បាន ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំទទួល​ស្គាល់​ថា ក្នុង​ឱកាស​នោះ ការ​អធិស្ឋាន​ដ៏​ក្លៀវក្លា​បំផុត​មួយ​ចំនួន​របស់​យើង​ហាក់​ដូចជា​គ្មាន​ចម្លើយ​ឡើយ ។ យើង​ឆ្ងល់​ថា « ហេតុអ្វី ? » ខ្ញុំ​យល់​ពី​អារម្មណ៍​នោះ ! ខ្ញុំ​យល់​ពី​ការភ័យខ្លាច​ និង​ទឹកភ្នែក​នៃ​គ្រា​បែប​នេះ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ការ​អធិស្ឋាន​របស់​យើង​នឹង​មិន​ដែល​ព្រងើយ​កន្តើយ​ឡើយ ។ សេចក្ដី​ជំនឿ​របស់​យើង​​មិន​ដែលមិន​មាន​តម្លៃ​នោះ​ទេ ។ ខ្ញុំ​ដឹង​ថា​ទស្សនៈ​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​ប្រាជ្ញា​គ្រប់​ទាំង​អស់​គឺ​ទូលំទូលាយ​ជាង​ទស្សនៈ​របស់​យើង​ឆ្ងាយ​ណាស់ ។ ខណៈ​ពេល​ដែល​យើង​ដឹង​អំពី​បញ្ហា និង​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ទ្រង់​ជ្រាប​ពី​វឌ្ឍនភាព និង​សក្ដានុពល​អមតៈ​របស់​យើង ។ ប្រសិន​បើ​យើង​អធិស្ឋាន​ដើម្បី​ដឹងពី​ព្រះហឫទ័យ​របស់​ទ្រង់​ហើយ​ចុះចូល​នឹងព្រះហឫទ័យ​របស់​ទ្រង់​ដោយ​ភាព​អត់ធ្មត់ និង​ភាព​ក្លាហាន​នោះ​ការ​ព្យាបាល​នៅ​ស្ថានសួគ៌​អាច​ប្រព្រឹត្ត​ទៅ​តាមវិធី និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

សេចក្ដី​សុចរិត និង​សេចក្ដី​ជំនឿ​គឺពិតជា​ឧបករណ៍​នៅក្នុង​ការព្យាបាល​អ្នកឈឺ អ្នកថ្លង់ ឬ​អ្នកខ្វិន​មែន—បើ​សិន​ជា​ការព្យាបាល​នោះ​សម្រេច​នូវ​គោលបំណង​របស់ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ដូច្នេះ​ទោះ​ជាយើង​មាន​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ក្ដី​ក៏មាន​ភ្នំ​ជាច្រើន​នឹង​ពុំ​រំកិល​ចេញ​ដែរ ។ ហើយ​ពុំ​មែន​គ្រប់​អ្នក​ដែល​ឈឺ និង​ជនពិការ​នឹង​ត្រូវ​បាន​ជា​សះស្បើយ​នោះ​ទេ ។ ប្រសិនបើ​ជា​រាល់​ការ​ផ្ទុយ​ទាំងអស់​ត្រូវ​បាន​កាត់បន្ថយ ប្រសិន​បើ​ជា​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​នឹង​ត្រូវ​បំផ្លាញ​ហើយ ។

( ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣៤ )

តើ​ខ្ញុំ​អាច​ចូល​ទៅ​កាន់​អំណាច​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ពេល​ខ្ញុំ​ជួប​នឹង​ទុក្ខ​លំបាក​ខាង​វិញ្ញាណ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ទុក្ខ​លំបាក​អាច​បណ្ដាល​មក​ពី​មូលហេតុ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។ អាលម៉ាជា​កូន​បាន​ចងចាំ​ថា អំពើបាប​របស់​គាត់គឺ​មាន​ការឈឺចាប់​ខ្លាំង​ណាស់​ដែល​គាត់​ប្រាថ្នា​ចង់ « រលត់​ទៅ​ទាំង​ព្រលឹងទាំង​រូបកាយ​ដើម្បី [ គាត់ ] មិន​អាច​នាំ​ទៅ​ឈរ​នៅ​វត្តមាន​នៃ … ព្រះ ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​អំពើ​ទាំង​ឡាយ​របស់ [ គាត់ ] » [ អាលម៉ា ៣៦:១៥ ] ។ នៅ​ពេល​នោះ តើ​យើង​អាច​ត្រូវ​បាន​ទ្រង់ព្យាបាល​ដោយ​របៀប​ណា ?

យើង​អាច​ប្រែ​ចិត្ត​កាន់តែ​ពេញ​លេញ ! យើង​អាច​ក្លាយជា​ប្រែ​ចិត្ត​កាន់​តែ​ពេញ​លេញ ! បន្ទាប់​មក « ព្រះរាជបុត្រា​នៃ​សេចក្ដី​សុចរិត » អាច​ប្រទានពរ​ដល់​យើង​កាន់តែ​ពេញលេញ តាមរយៈ​ព្រះហស្ត​ព្យាបាលរបស់​ទ្រង់ ។

… សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ទីបន្ទាល់ និង​ការ​ប្រែចិត្តជឿ​ដ៏ខ្ជាប់ខ្ជួន ដឹក​នាំទៅរក​អំណាច​នៃការព្យា​បាល​របស់​ព្រះអម្ចាស់ ។

( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )