ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីច ទី២ ២


ថែស្សាឡូនីច ទី២ ២

សេចក្ដីក្បត់​សាសនា​ដ៏​ធំ

រូបភាព
មនុស្ស​មួយ​ក្រុម​នៃ​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​បុរស​ម្នាក់ ។ មនុស្ស​កំពុង​ស្តាប់​ការអធិប្បាយ​របស់​បុរស​នោះ ។ រូបភាព​នេះ​បង្ហាញ​ពី​ការអភិវឌ្ឍ​នៃ​ជំនឿ​ក្លែងក្លាយ និង​ការក្បត់​ដែល​កើត​ឡើង​នៅក្នុង​ព្រះ​វិហារ​គ្រីស្ទាន​ដំបូង​បន្ទាប់​ពី​ការស្លាប់​របស់​ពួកសាវក​ដើម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ជីវិត​របស់​អ្នក​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​អ្នក​មិនមាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច​ថា នៅទីបំផុត​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នឹង​នាំ​ឲ្យ​មានការបែក​ចេញ​ពី​ដំណឹង​ល្អ ( សូមមើល ថែស្សាឡូនីច ទី២ ២:១–៧ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​សេចក្ដីក្បត់​សាសនា​នៃ​ព្រះ​គម្ពីរ​សញ្ញាថ្មី​នៃ​សាសនាចក្រ​បាន​កើត​ឡើង និង​មូលហេតុ​ដែល​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​ចាំ​បាច់​ត្រូវ​ស្ដារ​ឡើង​វិញ​នៅ​ថ្ងៃចុង​ក្រោយ ។

សេចក្ដីក្បត់​សាសនា​ដ៏​ធំ

សូម​ស្រមៃថា​អ្នក​គឺ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ថ្ងៃ​ដំបូង​នៃ​បេសកកម្ម​របស់​អ្នក ។ អ្នក​ត្រូវ​បង្រៀន​នរណា​ម្នាក់​អំពី​សេចក្ដីក្បត់​សាសនា​ដ៏​ធំ ។

  • តើ​អ្នក​នឹង​ពន្យល់​រឿង​នេះ​ទៅ​ពួកគេ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​ការណ៍​នេះ​ជា​កិច្ចការ​ដ៏​លំបាក ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ដឹង​អំពី​សេចក្ដីក្បត់​សាសនា​ដ៏​ធំ​នេះ ?

នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​សរសេរ​សំណួរ​ដែល​អ្នក​មាន​អំពី​សេចក្ដីក្បត់​សាសនា​ដ៏​ធំ ឬ​សំណួរ​ដែល​អ្នក​សាសនា​គន់ការី​អាច​សួរ ។ នៅ​ពេល​អ្នក​សិក្សា សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។

ប៉ុល​ព្យាករ​អំពី​ការ​បែក​ចេញពី​សាសនាចក្រ

ពួកបរិសុទ្ធ​ក្រុង​ថែស្សាឡូនីច​មាន​កង្វល់​ជា​ច្រើន​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​គិត​ថា​វា​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ប៉ុល​បាន​បកស្រាយ​អំពី​កង្វល់​របស់​ពួកគេ​ក្នុង​សំបុត្រ​របស់​លោក ហើយ​បាន​ពន្យល់​ថា​មាន​អ្វី​ផ្សេង​ទៀត​នឹង​កើត​ឡើង​មុន​ព្រះគ្រីស្ទ​នឹង​យាង​មក​ម្ដង​ទៀត ។

ថែស្សាឡូនីច ទី២ ២:១–៣ គឺ​ជា​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។

សូម​អាន ថែស្សាឡូនីច ទី២ ២:១–៣ ហើយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ថា​នឹង​កើតឡើង​មុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ ។ សូម​ប្រើ​លេខយោង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ប្រសាសន៍​របស់​ប៉ុល ។

  • តើ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ថា​នឹង​កើត​ឡើង​ពី​មុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ ?

« ការ​ធ្លាក់ » នេះ​ដែល​បាន​ពិពណ៌នា​ដោយ​ប៉ុល​គឺ​ជា​សេចក្ដីក្បត់​សាសនា​ដ៏​ធំ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការសុគត​របស់​ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីក្បត់​សាសនា​ដ៏​ធំ​នេះ​ខុស​ពី​សេចក្ដីក្បត់​សាសនា​ផ្ទាល់​ខ្លួន ដែល​ជា​ពេល​ដែល​បុគ្គលបះបោរ ឬធ្លាក់ទៅ​ឆ្ងាយពី​សេចក្តីពិត ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្ដីក្បត់​សាសនា » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ពាក្យ​របស់​ប៉ុល​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់ និង​ការបារម្មណ៍​របស់​ព្រះ​ចំពោះ​ពួកបរិសុទ្ធ​ថែស្សាឡូនីច​យ៉ាង​ដូចម្ដេច ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា វា​ត្រូវ​បាន​ព្យាករ​តំាងពី​បុរាណ​ថា មុន​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​កើត​មាន​សេចក្ដីក្បត់​សាសនា​ពី​សាសនាចក្រ​របស់​ទ្រង់ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា សេចក្ដីពិត​នេះ​សំខាន់​ដើម្បី​យល់ដឹង ?

ប្រធាន អិម. រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​មូលហេតុ​ដែល​អំឡុងពេល​នៃ​សេចក្ដីក្បត់​សាសនា​កើតឡើង ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ព្រះវរបិតា​សួគ៌​យើង​ស្រឡាញ់​កូនចៅ​របស់ទ្រង់​ទាំងអស់ ហើយ​ទ្រង់​ចង់​ឲ្យ​ពួកគេ​ទាំង​អស់​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​ក្នុង​ជីវិត​របស់​ពួកគេ ។ ពន្លឺ​ខាង​វិញ្ញាណ​ពុំ​បាត់បង់ ដោយសារ​ព្រះ​បែរ​ខ្នង​ដាក់​បុត្រា​បុត្រី​ទ្រង់​នោះឡើយ ។ តែ​ភាពល្ងិតល្ងង់​ខាង​វិញ្ញាណ​កើត​មកពី​គ្រា​ដែល​បុត្រា​បុត្រី​របស់​ទ្រង់​បែរ​ខ្នង​ពួកគេ​ដាក់​ទ្រង់​ទៅវិញ​ទេ ។ វា​ជា​លទ្ធផល​តាម​ធម្មជាតិ​មួយ​នៃ​ការជ្រើសរើស​មិន​ល្អ ដែល​បុគ្គល​ម្នាក់ៗ​សហគមន៍ ប្រទេស និង​អារ្យធម៌​ទាំងមូល​បាន​ធ្វើ ។

( អិម រ័សុល បាឡឺដ « Learning the Lessons of the Past » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ )

  • តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ? ហេតុអ្វី ?

ដោយសារ​ព្រះវរបិតាសួគ៌​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ( សូមមើល នីហ្វៃទី២ ៩:២០ ) សេចក្ដីក្បត់​សាសនា​ដ៏​ធំ​មិន​បាន​កើតឡើង​ជា​ការភ្ញាក់ផ្អើល​ដល់​ទ្រង់​នោះទេ ។ ទ្រង់ស្រឡាញ់​កូនចៅ​ទាំងអស់​របស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ដូច្នេះទ្រង់​បានប្រទាន​វិធីមួយ​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដីក្បត់​សាសនា​ដ៏ធំ​នេះ តាមរយៈ​ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៩–២១; អេភេសូរ ១:១០ ) ។

ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​សេចក្ដី​ក្បត់សាសនា​ដ៏ធំ

សកម្មភាព​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​សេចក្ដីក្បត់​សាសនា​ដ៏​ធំ​បានកើត​ឡើង និង​មូលហេតុ​ដែល​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ចាំបាច់​ត្រូវ​ស្ដារឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ ។

សូម​សិក្សា​វគ្គបទ​គម្ពីរ​ខាង​ក្រោម និង​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន រ័សុល អិម ណិលសុន ហើយបន្ទាប់​មក​ឆ្លើយ​សំណួរ​ខាងក្រោម ។

  1. នីហ្វៃទី១ ១៣:២៤–២៨ ៖ នីហ្វៃ​បាន​ឃើញ​ក្នុង​ការនិមិត្ត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​សេចក្ដីពិត​សំខាន់ៗ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។

  2. អេម៉ុស ៨:១១–១២ ៖ អេម៉ុស​ព្យាករ​អំពី​អំណត់​អត់​ខាងវិញ្ញាណ ។

  3. កិច្ចការ ២០:២៩–៣០ ៖ ប៉ុល​ព្រមាន​ថា សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​ចេញ​ពី​ដំណឹង​ល្អ ។

  4. ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

    រូបភាព
    រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ រ័សុល អិម ណិលសុន ។

    « ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​របស់​យើង ជា​ព្រះ​ជាទីស្រឡាញ់ ! ទ្រង់​ចង់​ឲ្យ​កូនចៅ​របស់​ទ្រង់​ស្គាល់​ទ្រង់ និងព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​បញ្ជូន​មក ! ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច !

    « ក្នុង​គោល​បំណង​ដ៏​រុងរឿង​នេះ អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​បង្រៀន​អំពី​ការស្ដារ​ឡើងវិញ ។ ពួកគេ​ដឹង​ថា ប្រហែល​ជា ២០០០ ឆ្នាំ​កន្លង​ទៅ ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ បន្ទាប់​ពី​ការ​ឆ្កាង​របស់ទ្រង់ និងការ​ស្លាប់​របស់​ពួកសាវក​ទ្រង់ មនុស្ស​បាន​ផ្លាស់​ប្ដូរ​សាសនាចក្រ និងគោលលទ្ធិ​សាសនាចក្រ ។ ហើយ​បន្ទាប់​ពី​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ ហើយ​ដូច​បាន​ព្យាករ​ដោយ​ព្យាការី​កាល​ពី​មុនៗ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ បាន​ស្ដារ​សាសនាចក្រ គោលលទ្ធិ ហើយនឹងសិទ្ធិ​អំណាច​បព្វជិតភាព​ឡើងវិញ ។ ដោយ​សារ​តែ​ការស្ដារ​ឡើងវិញ​នោះ ចំណេះ​ដឹង និង ពិធីបរិសុទ្ធ​សំខាន់ៗ​សម្រាប់​សេចក្ដី​សង្គ្រោះ និងការ​លើក​តម្កើង គឺ​មាន​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​មនុស្ស​ទាំង​អស់ ។ ទីបំផុត ការ​លើក​តម្កើង​នោះ​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ​រស់​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​នៅ​ក្នុង​វត្តមាន​របស់​ព្រះ និងព្រះយេស៊ូវគ្រីស្ទ​ជារៀង​រហូត ! »

    រ័សុល អិម ណិលសុន « Catch the Wave » Liahona ខែ ឧសភា ឆ្នាំ ២០១៣​ ទំព័រ ៤៦

ប្រសិនបើ​អ្នក​នៅ​មាន​សំណួរ​អំពី​អ្វី​ទៅដែល​ជា​សេចក្ដី​ក្បត់​សាសនា សូម​ពិចារណា​សិក្សា​ផ្នែក « សេចក្ដីក្បត់​សាសនា​ដ៏​ធំ​ » នៅក្នុង « មេរៀន​ទី ១ ៖ សារដំណឹង​នៃការ​ស្តារឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទ្ទេសក៍​សម្រាប់​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៩ ) ។ អ្នកក៏អាច​ស្វែងយល់​បន្ថែម​អំពី​ប្រធានបទ​ទាំងនេះ​ដោយមើល « What Is the Restoration? » ( ៥:១៣ ) ឬ « Jesus Christ’s Church » ( ១:២៧ ) ដែលអាច​រក​បាននៅលើ​គេហទំព័រ ChurchofJesusChrist.org ។

តើ​ការស្ដារឡើងវិញ​គឺ​ជា​អ្វី ?សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើអ្នក​បានរៀន​អ្វីខ្លះ​អំពី​សេចក្ដីក្បត់​សាសនា​ដ៏​ធំ ?

  • តើ​យើងបាន​រៀនអ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការបង្រៀន​ទាំងនេះ ?

  • ផ្អែកលើ​អ្វីដែល​អ្នកបាន​រៀន ហេតុអ្វី​បានជា​ការស្ដារឡើង​វិញ​ចាំបាច់ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានចែក​ចាយ​សំណួរ​ដែល​លោក និង​ភរិយា​របស់លោក​អាចមាន ប្រសិនបើ​ពួកលោក​រស់នៅ​ក្នុងអំឡុង​ពេលនៃ​ការ​ក្បត់សាសនាដ៏ធំ ៖ « តើ​មាន​អ្វី​កំពុង​បាត់​នៅ​ទីនេះ ? តើ​យើង​ប្រាថ្នា​ថា យើង​នឹង​មាន​អ្វី ? តើ​យើង សង្ឃឹម ថា ព្រះ​នឹង​ប្រទាន​អ្វី​ជា​ចម្លើយ​ចំពោះ​ការចង់​បាន​ខាង​វិញ្ញាណ​របស់​យើង ? » ( A Perfect Brightness of Hope » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១ ) ។ សូម​ពិចារណា​ពី​គំនិត និង​អារម្មណ៍​ស្រដៀង​គ្នា​ដែល​អ្នក​អាច​មាន ប្រសិន​បើ​អ្នក​បាន​រស់​នៅ​ពេល​នោះ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ជីវិត​របស់​អ្នក​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​អ្នក​មិនមាន​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អំណរគុណ​បំផុត​ចំពោះ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​ដឹង ទទួល​អារម្មណ៍ ឬ​ធ្វើអ្វី​ដោយសារ​មេរៀន​នេះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

តើ​ពួកគ្រីស្ទាន​ដែល​រស់​នៅ​មុន​ការ​ស្ដារ​ឡើង​វិញ​បាន​កត់​សម្គាល់​អំពី​សេចក្ដីក្បត់​សាសនា​នេះ​ឬ​ទេ ?

អ្នក​កែទម្រង់ ម៉ាទីន លូទើ ( ឆ្នាំ ១៤៨៣–១៥៤៦ ) បានបង្រៀន ៖

ខ្ញុំ​ពុំ​បាន​ព្យាយាម​ធ្វើ​អ្វី​ក្រៅ​ពី​កែ​ទម្រង់​សាសនាចក្រ​ឲ្យ​ស្របតាម​ព្រះគម្ពីរ​បរិសុទ្ធ​នោះទេ ។ … ខ្ញុំនិយាយ​យ៉ាងសាមញ្ញថា មិនមាន​សាសនាគ្រឹស្ត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​អភិរក្ស​វានោះទេ ។

( នៅក្នុង អ៊ី ជី ឈ្វីប៊ឹត Luther and His Times: The Reformation from a New Perspective [ ឆ្នាំ ១៩៥០ ] ទំព័រ ៥០៩ )

អ្នកដឹកនាំ​គ្រីស្ទាន​អាមេរិកាំង​ដើម​ដំបូង លោក រ៉ូជើរ វិល្លាម ( ឆ្នាំ ១៦០៣–១៦៨៣ ) បាន​ពន្យល់ ៖

សេចក្ដីក្បត់​សាសនា ​…​ រហូតមកដល់​ពេលនេះ​បាន​បង្ខូចអ្វីៗ​ទាំងអស់ ដែល​មិន​អាច​មាន​លទ្ធភាព​ស្តារ​ឡើងវិញ​ពីការ​ក្បត់សាសនា​នោះ រហូត​ដល់​ព្រះគ្រីស្ទ​បញ្ជូន​សាវក​ថ្មី​មក បណ្តុះ​បណ្តាល​ព្រះវិហារ​ជាថ្មី ។

( នៅក្នុង ហ្វីលីព ស្ហាហ្វ The Creeds of Christendomវ៉ុល ៣ [ ឆ្នាំ ១៨៧៧ ] ១:៨៥១ )

ទស្សន​វិទូ​ជនជាតិ​ហូឡង់ អេរ៉ាស់​ស្មឹះ ( ឆ្នាំ ១៤៦៦–១៥៣៦ ) បានបង្រៀន ៖

ឥឡូវនេះ អ្វីគ្រប់យ៉ាង​គឺជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សំណួរ​ទាំងនេះ [ នៃគោលលទ្ធិ ] និង​រាជក្រឹត្យនានា ដែល​យើង​មិនហ៊ាន​សូម្បី​តែ​សង្ឃឹម​ថា​នឹង​ហៅ​ពិភពលោក​ឲ្យ​ត្រឡប់​ទៅ​រក​សាសនាគ្រឹស្ត​ពិត​វិញ ។

The Praise of Folly, trans. Clarence H. Miller កំំណែទី ២ [ ឆ្នាំ ២០០៣ ] ទំព័រ ១៥៥–៥៦ )

តើធ្លាប់​មាន​សេចក្ដីក្បត់​សាសនា​តែ​ម្តង​មែន​ទេ ?

ពេញមួយ​សម័យកាល មានគ្រា​កាន់កាប់​ត្រួតត្រា​ជាច្រើន ដែលបាន​បញ្ចប់​ដោយ​សេចក្ដីក្បត់​សាសនា​នោះ ។ ដោយ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​នៅ​លើ​ផែនដី​តាមរយៈ​ការ​ហៅ​ព្យាការី ។ ដើម្បី​រៀនសូត្រ​បន្ថែម​អំពី​គំរូ​នេះ សូម​មើល « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដែល​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

តើយើង​គួរមាន​ទស្សនៈ​យ៉ាងណា​ចំពោះ​មនុស្សល្អៗ​ដែល​មាន​ជំនឿផ្សេង ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយ​បានពន្យល់​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

យើងជឿថា​ថ្នាក់ដឹកនាំ និង​អ្នក​កាន់តាម​សាសនា​ភាគច្រើន​គឺជា​អ្នកជឿ​ដោយ​ស្មោះ​ដែល​ស្រឡាញ់​ព្រះ ហើយ​មានការយល់ដឹង និង​បម្រើទ្រង់​អស់ពី​សមត្ថភាព​របស់ពួកគេ ។ យើង​ជំពាក់គុណ​បុរស និងស្ត្រី​ដែលបាន​រក្សា​ពន្លឺ​នៃសេចក្តី​ជំនឿ និង​ការរៀនសូត្រ​ដែល​បន្ត​រស់នៅ​អស់ជាច្រើន​សតវត្ស​រហូត​មក​ដល់សព្វថ្ងៃនេះ ។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ផ្ទុយ​ពី​ពន្លឺតិច​ដែលមាន​ក្នុង​ចំនោម​មនុស្ស​ដែលមិន​ធ្លាប់ស្គាល់​ព្រះនាម​របស់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដឹង​ពី​ការរួម​ចំណែក​ដ៏អស្ចារ្យ​ដែល​ធ្វើ​ឡើង​ដោយ​គ្រូគង្វាល​គ្រីស្ទាន​គ្រប់​សម័យកាល ។ យើង​គោរព​ពួកគេ​ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ ។

( ដាល្លិន អេក អូក « Apostasy and Restoration » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៨៥ )