ការហៅ​ក្នុង​បេសកកម្ម
ឧបសម្ព័ន្ធ​ទី ១ ៖ មគ្គុទ្ទេសក៍​សម្រាប់​ការបង្កើត​សកម្មភាព​រៀនសូត្រ​បន្ថែម


ឧបសម្ព័ន្ធ​ទី ១

មគ្គុទ្ទេសក៍​សម្រាប់​ការបង្កើត​សកម្មភាព​រៀនសូត្រ​បន្ថែម

នៅ​ពេល​អ្នក​គិត​អំពី​សេចក្តី​ត្រូវការ​របស់​អ្នក​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់រៀន​របស់​អ្នក អ្នក​អាច​នឹង​កំណត់​ផ្នែក​មួយ​ចេញមក​ពី ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​អ្នក​មាន​អារម្មណ៍​ថា សំខាន់ ប៉ុន្តែ​វា​មិន​បាន​លើក​ឡើង​នៅ​ក្នុង​សម្ភារ​នៃ​វគ្គសិក្សា​ទាំង​នេះ​ទេ ។ មគ្គុទ្ទេសក៍​នេះ​អាច​ជួយ​អ្នក​បង្កើត​បទពិសោធន៍​សិក្សា​តាម​បំណង​សម្រាប់​ថ្នាក់​របស់​អ្នក​បាន ។

សមាសធាតុ​សំខាន់ៗ​សម្រាប់​សកម្មភាព​រៀនសូត្រ

មាន​ផ្នែក​សំខាន់​បី សម្រាប់​សកម្មភាព​រៀនសូត្រ​នីមួយៗ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ៖ ( ១ ) សិក្សា ( ២ ) អនុវត្ត និង ( ៣ ) ដាក់​គោលដៅ ។ គោលការណ៍​ណែនាំ​ខាង​ក្រោមទាំងនេះ​អាច​ជួយ​អ្នក​បញ្ចូល​ផ្នែក​សំខាន់ៗ​ទាំងនេះ ទៅ​ក្នុង​សកម្មភាព​រៀនសូត្រ​បន្ថែម​ដែល​អ្នក​បង្កើត​សម្រាប់​ថ្នាក់​របស់​អ្នក​បាន ។

សិក្សា

កំណត់​អំពី អ្វី ដែល​សិស្ស​នឹង​សិក្សា

  • តើ​កថាខណ្ឌ​ណា​ខ្លះ​ចេញមក​ពី ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​អ្នក​នឹង​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា ?

    • សូម​ចាំ​ថា ពេលវេលា​មាន​កំណត់ ។ ជា​ទូទៅ វា​ជាការ​ប្រសើរ​ជាង​ក្នុង​ការផ្តោត​លើ​ផ្នែក​តូច​មួយ ហើយ​ស៊ីជម្រៅ ជាជាង​ការព្យាយាម​បង្រៀន​មេរៀន​ជាច្រើន ។ សូម​ប្រាកដ​ថា​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការហាត់ និង​ការអនុវត្ត ។

  • តើ​មាន​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ប្រើ​ដើម្បី​គាំទ្រ ឬ​លើក​កម្ពស់​អ្វី​ដែល​សិស្ស​កំពុង​សិក្សា​ចេញពី ប្រកាស​ដំណឹងល្អ​របស់​យើង ដែរ​ឬ​ទេ ?

កំណត់​អំពី របៀប ដែល​សិស្ស​នឹង​សិក្សា

  • តើ​អ្នក​អាច​ជួយ​សិស្ស​មើល​អំពី​ភាពពាក់ព័ន្ធគ្នា​នៃ​ផ្នែក​នេះ​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង បាន​យ៉ាង​ដូច​ម្តេច ? តើ​មាន​ឧទាហរណ៍ សាច់រឿង សំណួរ ដំណើររឿង រូបភាព បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​វីដេអូ​ខ្លីៗ​ណាមួយ​ដែល​នឹង​ជួយ​រៀបចំ​ពួកគេ​សម្រាប់​ការរៀនសូត្រ​នេះ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​នឹង​សួរ​សំណួរ​អ្វីខ្លះ ? ( កត់ត្រា​សំណួរ​មួយ​ចំនួន​ដែល​អាច​ជួយ​សិស្សឲ្យ​ស្វែង​យល់​ពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ ) ។

តើ​សមាជិក​ក្នុង​ថ្នាក់​នឹង​ធ្វើការ​តែ​ម្នាក់​ឯង ជាមួយ​ដៃគូ ឬ​ក្នុង​ក្រុម​តូច​មួយឬ ?

អនុវត្ត

  • តើ​សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើបាន​អ្វី​ខ្លះ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ? ឧទាហរណ៍ អ្នក​អាច ៖

    • ទុក​ពេល​វេលា​ឲ្យ​សិស្ស​ដើម្បី​ពន្យល់ ឬ​បង្រៀន​អ្វី​ដែល​ពួកគេ​បានសិក្សា​នៅ​ក្នុង​ពាក្យ​របស់​ពួកគេ​ផ្ទាល់ ។

    • បង្ហាញ​សាច់រឿង​មួយ ហើយ​សុំ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន ដើម្បី​ជួយ​មនុស្ស​នៅ​ក្នុង​សាច់​រឿង​នោះ ។

ដាក់​គោលដៅ​មួយ

បញ្ចប់​សកម្មភាព​រៀនសូត្រ​ដោយ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​កំណត់​គោលដៅ ដែល​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​បានរៀន ។ សូម​ពិចារណា​ផ្តល់​ឧទាហរណ៍​មួយ​ចំនួន​អំពី​គោលដៅ​ដែល​អាច​សម្រេច​បាន ដែល​ពួកគេ​អាច​ដាក់ ។ បន្ទាប់មក សូម​ទុក​ពេល​ឲ្យ​សិស្ស​កត់ត្រា​គោលដៅ​របស់​ពួកគេ ។