វគ្គសិក្សា​ដំណឹងល្អ
មេរៀនទី ១១ ៖ ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត


មេរៀនទី ១១

ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត

ប្រកាស​ដំណឹង​ល្អ​របស់​យើង ជំពូក​ទី ១១

អ្នកគង្វាល

« ការជួយ​មនុស្ស​ឲ្យ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ចំណុច​សំខាន់ [ នៃ ] គោលបំណង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ [ ឆ្នាំ​២០២៣ ] ទំព័រ ២០២ ) ។ របៀប​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ក្នុង​ការ​ប្រែចិត្តជឿ​របស់​ពួកគេ គឺ​តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត ។ ការផ្តល់​នូវ​ការអញ្ជើញ​ដ៏​ប្រកប​ដោយ​ប្រសិទ្ធភាព​បង្កើន​នូវ​លទ្ធភាព​ដែល​មនុស្ស​នឹង​ធ្វើ និង​រក្សា​ការតាំងចិត្ត ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

ជម្រើស​សកម្មភាព​សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ជ្រើសរើស​ជម្រើស ការរៀនសូត្រ( នានា )​ប្រកប​ដោយ​ការអធិស្ឋាន ដែល​នឹង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​ថ្នាក់​របស់​អ្នក ។ សូម​ប្រាកដ​ថា​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការហាត់ និង​ការអនុវត្ត ។

ជម្រើស ក ៖ តើ​ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែចិត្តជឿ​ទៅ​លើ​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិភាក្សា​អំពី​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ដោយ​អែលឌើរ ដេវីឌ អេ បែដណា ។

អែលឌើរ ដេវីឌ អេ បែដណា

អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​បង្រៀន​ម្តង​ហើយ​ម្តង​ទៀត​ថា គោលបំណង​ដ៏​សំខាន់​មួយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង គឺ​ការ​ផ្លាស់ប្តូរ និង​ការ​ប្រែរូប​ខាង​វិញ្ញាណ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ( « Ye Must Be Born Again » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ ១៩–២០ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការផ្លាស់ប្តូរ​ខាងវិញ្ញាណ ឬ​បាន​ប្រែចិត្តជឿ គឺ​ជា​គោលបំណង​ចម្បង​មួយ​នៃ​ពេលវេលា​របស់​យើង​នៅ​លើ​ផែនដីនេះ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​បង្ហាញ​ប្រយោគ​ដែល​មិន​ពេញលេញ​ដូច​ខាង​ក្រោម​ធ្វើជា​ចំណងជើង​នៅ​លើ​ក្តារខៀន ៖

ការប្រែចិត្ត​ជឿ​ទៅលើ​ព្រះអម្ចាស់​មាន​ន័យ​ថា …

យើង​អាច​កាន់តែ​ប្រែចិត្ត​ជឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​តាមរយៈ …

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​គិត ឬ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បញ្ចប់​ប្រយោគ​ទាំង​ពីរ​នេះ ។ សូម​ពន្យល់​ថា សកម្មភាព​រៀនសូត្រ​នេះ​អាច​ជួយ​ពួកគេ​យល់​កាន់តែ​ច្បាស់ អំពី​អ្វី​ទៅ​ជា​ការប្រែចិត្តជឿ និង​របៀប​ដែល​យើង​កាន់តែ​ប្រែចិត្តជឿ ។ សូម​ដាក់​បង្ហាញ​សេចក្តីណែនាំ​ដូច​ខាង​ក្រោម ៖

សូម​បំពេញ​សកម្មភាព​សិក្សា​ដូច​ខាង​ក្រោម​នេះ ។ សូម​គូសបញ្ជាក់​ពី​អ្វី​ដែល​អ្នក​រៀន​អំពី ( ១ ) ការប្រែចិត្តជឿ​ទៅលើ​ព្រះអម្ចាស់​មាន​ន័យ​យ៉ាង​ណា និង ( ២ ) តើ​ការប្រែចិត្តជឿ​កើត​ឡើង​ដោយ​របៀប​ណា ។

  1. សូម​អាន​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ការប្រែចិត្ត ការតាំងចិត្ត និង​ការប្រែចិត្ត​ជឿ » នៅ​ក្នុង​ជំពូក​ទី ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២០១–២០២ ) ។

  2. សូម​សិក្សា​យ៉ាង​ហោចណាស់​វគ្គ​បទគម្ពីរ​ពីរ​ខាង​ក្រោម ៖ យ៉ូហាន ៣:៣–៥; ម៉ូសាយ ៥:២; ម៉ូសាយ ២៧:២៥–២៦; អាលម៉ា ៥:១២–១៤ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការសិក្សា សូម​អញ្ជើញ​សមាជិកក្នុង​ថ្នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ក្រោម​ចំណងជើង​ដែល​សមរម្យ​នៅ​លើ​ក្ដារខៀន ។

អ្នក​ក៏​អាច​ពិភាក្សា​រួមគ្នា​នូវ​សំណួរ​ខាងក្រោម​ផងដែរ ៖

  • តើ​ការប្រែចិត្ត ការតាំងចិត្ត និង​សេចក្តីសញ្ញា​ទាក់ទង​ទៅ​នឹង​ការប្រែចិត្ត​ជឿ​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការប្រែចិត្ត​ជឿ​គឺ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ប៉ុណ្ណោះ ?

  • តើ​អ្វី​ខ្លះបាន​ជួយ​អ្នក​ឲ្យ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​អ្នក​ផ្ទាល់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សកម្មភាព​ខាង​ក្រោម​អាច​ជួយ​សិស្ស​អនុវត្ត​ការពន្យល់​ពី​សេចក្តីពិត ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុង​សកម្មភាព​រៀនសូត្រ​លើក​មុន ។ សូម​បង្ហាញ​ការណែនាំ​ខាង​ក្រោម និង​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់រៀន​ដើម្បី​ឆ្លើយតប ។ អ្នក​អាច​ផ្ដល់​ឲ្យ​សិស្ស ឬ​ដៃគូ​នូវ​សាច់រឿង​ជាក់លាក់​មួយ​ដើម្បី​សិក្សា និង​ឲ្យ​ពួកគេ​បង្រៀន​សិស្ស​ដទៃ​ដែល​មាន​សាច់រឿង​ផ្សេង​គ្នា ។

សូម​ជ្រើសរើស​សាច់រឿង​មួយ​ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម ។ សូម​រៀបចំ​ការឆ្លើយតប​សម្រាប់​មនុស្ស​នៅ​ក្នុង​សាច់រឿង​ដោយ​ការឆ្លើយ​សំណួរ​ខាង​ក្រោម ។

  1. គ្រីស្ទីណា​មិន​ដែល​ចូលរួម​ព្រះវិហារ​ទេ ។ ថ្មីៗ​នេះ​នាង​ទើប​តែ​មាន​អារម្មណ៍​ថា មាន​បំណង​ចង់​ខិតចូល​ទៅ​ជិត​ព្រះ ។ នាង​ឆ្ងល់​ថា តើ​នាង​គួរ​ចាប់ផ្តើម​នៅ​ត្រង់ណា ។

  2. អ៊ីសាក​កំពុង​រៀន​ជាមួយ​នឹងពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ក្នុង​អំឡុង​ពេល​មួយ​នៃ​ការបង្រៀន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​អ៊ីសាក​ថា ការប្រែចិត្ត​ពាក់ព័ន្ធ​នឹង​ការងាក​ទៅ​រក​ព្រះ និង​ចេញឆ្ងាយ​ពី​អំពើ​បាប​របស់​យើង ។ អ៊ីសាក​បាន​ឆ្លើយតប​ដោយ​និយាយ​ថា « ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​ធ្វើ​វា​បាន​ឬ​អត់​នោះទេ ។ នេះ​ជា​ធម្មជាតិ​របស់​ខ្ញុំ » ។

  3. ចាស្មីន​កត់សម្គាល់​ឃើញ​មនុស្ស​ដទៃ​ទៀត​ហាក់​ដូចជា​មាន​ភាពងាយស្រួល​ក្នុង​ការរក្សា​បទបញ្ញត្តិ និង​មាន​ទីបន្ទាល់​រឹងមាំ​ជាង​នាង ។ នាង​មាន​អារម្មណ៍​បាក់ទឹកចិត្ត នៅពេល​ដែល​នាង​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្សដទៃ ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​មកពី​បទគម្ពីរ ឬ ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​អាច​ជួយ​បាន ?

  • តើ​អ្នក​អាច​បង្រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​អាច​ផ្តល់​ការអញ្ញើញ​អ្វីខ្លះ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការឆ្លើយតប​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​ក្រុម​តូច​មួយ ។

ដាក់​គោលដៅ​មួយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ពេលវេលា​ឲ្យសមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិតពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។

  • សូម​សរសេរ​រឿង​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ការប្រែចិត្តជឿ​ដែល​កំពុង​កើតឡើង ។ រួមបញ្ចូល​នូវ​របៀប​ជាក់លាក់​មួយ​ចំនួន​ដែល​ព្រះ​មាន​ឥទ្ធិពល​លើ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

  • សូម​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពី​ដំណើរការ​នៃ​ការប្រែចិត្តជឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សរសេរ​របៀប​បី​យ៉ាង​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ពង្រឹង​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន​របស់​អ្នក ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​មិត្តភក្តិ​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ​ពេញ​មួយ​វគ្គសិក្សា សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស ខ ៖ តើ​ការអញ្ជើញ​ប្រកប​ដោយ​ប្រសិទ្ធភាព អាច​ជួយ​មនុស្ស​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​បង្ហាញ​សំណួរ​ខាង​ក្រោម និង​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ ។ អ្នក​ក៏​អាច​ចាប់ផ្ដើម​ដោយ​ការចែកចាយ​គំរូ​មួយ​ចេញពី​ជីវិត​របស់អ្នក​ផ្ទាល់​បាន​ផងដែរ ។

  • តើ​អ្វី​ជា​ការអញ្ជើញ​ដែល​អ្នក​បាន​ទទួល និង​ធ្វើ​តាម​ដែល​បានជួយ​អ្នក​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្វីៗ​អាចមាន​ភាពខុស​គ្នា​យ៉ាងណា​សម្រាប់​អ្នក ប្រសិនបើ​អ្នក​មិន​ត្រូវ​បាន​ផ្ដល់​នូវ​ការអញ្ជើញ​នេះ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ ដើម្បី​ជួយ​សិស្ស​ចាប់ផ្តើម​សិក្សា​អំពី​ការអញ្ជើញ​ប្រកប​ដោយ​ប្រសិទ្ធភាព សូម​ពិចារណា​ចែកចាយ​ការណែនាំ​ដែល​បាន​រាយបញ្ជី​ដូច​ខាង​ក្រោម ។ អ្នក​អាច​បែងចែក​សិស្ស​ជា​គូៗ ហើយ​ចាត់តាំង​ដៃគូ​នីមួយៗ​នូវ​ជម្រើស​សិក្សា​មួយ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​អាន​ខ​គម្ពីរ​មួយ ឬ​ច្រើន ដែល​មាន​នៅ​ក្នុង​ប្រអប់ « ការសិក្សា​ព្រះគម្ពីរ » នៅលើ ទំព័រ ២០៣ នៅ​ក្រោម « គោលការណ៍​ដើម្បី​ធ្វើ​ការអញ្ជើញ » ។

ស្វែងយល់​អំពី​ការធ្វើ​ការអញ្ជើញ ដោយ​សិក្សា​ដូច​ខាង​ក្រោម នៅ​ក្នុង ជំពូក​ទី ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖

  1. កថាខណ្ឌ​ពីរ និង​ចំណុច​ទាំងឡាយ​ដែលនៅ​ក្រោម​ចំណងជើង « ធ្វើ​ការអញ្ជើញ » ( ទំព័រ ២០២ )

  2. « គោលការណ៍​ដើម្បី​ធ្វើ​ការអញ្ជើញ » ( ទំព័រ ២០៣ )

អ្នកដឹកនាំ​ការពិភាក្សា ៖ នៅពេល​ដែល​ពួកគេ​បាន​បញ្ចប់​ការសិក្សា​រួចរាល់ហើយ សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ដៃគូ​របស់​ពួកគេ ។ សូម​ពិចារណា​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ​រួម​គ្នា ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ការធ្វើ​ការអញ្ជើញ នៅពេល​ដែល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន​គំរូ​នៃ​ការអញ្ជើញ​អ្វីខ្លះ ដែល​យើង​អាច​អញ្ជើញ​ដើម្បី​ជួយ​មនុស្ស​ដទៃ​មក​រក​ព្រះគ្រីស្ទ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក អ្នក​អាច​បង្ហាញ​វីដេអូ « Inviting Others to ‘Come and See’ [ ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​‹ មក ហើយ​មើល › ] » ( នៅ​នាទី ១:១៧ ) ឬ « Inviting Others to ‘Come and Help’ [ ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ ‹ មក ហើយ​ជួយ › ] » ( នៅ​នាទី ១:០៣ ) ។ វីដេអូ​ទាំងពីរ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ៖

អ្នក​ក៏​អាច​ចែកចាយ​សេចក្តីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ផង​ដែរ ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ « មក ហើយ​មើល » ពិធី​សាក្រាម៉ង់ សកម្មភាព​វួដ វីដេអូ​តាម​អនឡាញ ដែល​ពន្យល់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ « មក ហើយ​មើល » អាច​ជា​ការអញ្ជើញ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ឬ​មកមើល​ព្រះវិហារ​បរិសុទ្ធ អំឡុង​ពេល​ពិធី​សម្ពោធ​ពីមុន​ពិធី​ឧទ្ទិស​ឆ្លង ។ ( ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៨៦ )

អនុវត្ត

រូប​តំណាង​សំណៅ​ចែក អ្នកដឹកនាំ​ការពិភាក្សា ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ក្នុង​ការអនុវត្ត​ធ្វើ​ការអញ្ជើញ អ្នក​អាច​ចែកចាយ​សំណៅចែក « ធ្វើ​ការអញ្ជើញ » ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​បំពេញ​សំណៅចែក ទាំង​ជា​លក្ខណៈបុគ្គល ឬ​ជាមួយ​ដៃគូ ។

ការធ្វើ​ការអញ្ជើញ

គោលការណ៍​ខាង​ក្រោម​អាច​ជួយ​អ្នក​ធ្វើ​ការអញ្ជើញ​ប្រកប​ដោយ​ប្រសិទ្ធភាព ៖

សូម​មាន​លក្ខណៈ​ទន់ភ្លន់ ជាក់លាក់ និង​ច្បាស់លាស់ ។ បង្កើត​ឃ្លា​នៃ​ការអញ្ជើញ​របស់​អ្នក​ដែល​មាន​ទម្រង់​ជា​សំណួរ « តើ​អ្នក​នឹង » ។ ឧទាហរណ៍ សូម​មើល « សូម​អញ្ជើញ​ដោយ​ប្រើ​ភាសា​ទន់ភ្លន់ និង​ច្បាស់លាស់ » នៅ​ក្នុង​ជំពូក​ទី ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២០៣ ) ។

ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ ។ ចែកចាយ​ទី​បន្ទាល់​របស់​អ្នក​ថា ព្រះ​នឹង​ប្រទានពរ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​តាម​ការអញ្ជើញ​ដែល​អ្នក​ផ្ដល់​ឲ្យ ។ អ្នក​អាច​ពន្យល់​ពី​របៀប​ដែល​អ្នក​ផ្ទាល់​ទទួល​បាន​ពរជ័យ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « សូម​សន្យា​ពរជ័យ​ដល់​មនុស្ស​ទាំងឡាយ » និង « ចែកចាយ​ទីបន្ទាល់​របស់​អ្នក » នៅ​ក្នុង ជំពូក​ទី ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២០៤–២០៥ ) ។

នេះ​គឺ​ជា​ឧទាហរណ៍​នៃ​ការអញ្ជើញ​ដែល​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទាំងនេះ ៖

ព្រះអម្ចាស់​បាន​សន្យា​នូវ​ពរជ័យ​ដ៏​មហិមា​ដល់​អស់​អ្នក​ដែល​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ទ្រង់​បានប្រទានពរ​ដល់​ខ្ញុំ​ផ្ទាល់ និង​ក្រុមគ្រួសារ​របស់​ខ្ញុំ នៅពេល​យើង​បានគោរព​តាម​ក្រឹត្យវិន័យ​នេះ ។ ខ្ញុំ​សន្យា​ថា ព្រះ​នឹង​ប្រទានពរ​ដល់​អ្នក​នៅពេល​អ្នក​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ តើ​អ្នក​នឹង​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បន្ទាប់ពី​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬ​ទេ ?

សូម​ប្រើ​ជំហាន​ទាំងនេះ​ដើម្បី​ជួយ​អ្នក​អនុវត្ត​ការបង្កើត និង​ធ្វើ​ការអញ្ជើញ ។

  1. សូម​កំណត់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ខិត​មក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ ម្នាក់​នេះ​អាច​ជា​មនុស្ស​ដែល​អ្នក​ស្គាល់ ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្រមៃ​ថា នឹង​បង្រៀន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  2. ឧទាហរណ៍​នៃ​សកម្មភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន រួមមាន​ការជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ការអាន​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ ការចូលរួម​នៅ​ព្រះវិហារ​ជាមួយ​អ្នក ឬ​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ ឧទាហរណ៍​បន្ថែមទៀត សូមមើល « ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើ » នៅក្នុង​មេរៀន​ទី ១–៣ នៃ ជំពូកទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ៣២–៣៣, ៤៩, ៦៤ ) ។

  3. សូម​កត់ត្រា​អ្វី​ដែល​អ្នក​នឹង​និយាយ​ដើម្បី​ធ្វើ​ការអញ្ជើញ ។ សូម​ចាំ​ថា មាន​លក្ខណៈ​ទន់ភ្លន់ ជាក់លាក់ និង​ច្បាស់លាស់ នៅក្នុង​វិធីសាស្រ្ត​របស់​អ្នក ។ សូម​ប្រាកដ​ថា ត្រូវ​រួមបញ្ចូល​ទីបន្ទាល់​របស់​អ្នក អំពី​ពរជ័យ​ដែល​យើង​អាច​ទទួលបាន​នៅពេល​ដែល​យើង​រស់នៅ​តាម​គោលការណ៍​នេះ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​សំណៅចែក សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​អនុវត្ត​ធ្វើ​ការអញ្ជើញ​របស់​ពួកគេ​ជាមួយ​ដៃគូ ។ អ្នក​អាច​នឹង​ធ្វើ​ជាគំរូ​មុនពេល​សមាជិក​ក្នុង​ថ្នាក់​អនុវត្ត​ដោយ​ខ្លួនឯង ។ ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ជា​ច្រើន​នាក់ ។

ដាក់​គោលដៅ​មួយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ពេលវេលា​ឲ្យសមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិតពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។

  • សូម​អនុវត្ត​ធ្វើ​ការអញ្ជើញ​របស់​អ្នក​ទៅ​កាន់​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​នៅ​ខាង​ក្រៅ​ថ្នាក់រៀន ។

  • ស្វែង​យល់​អំពី​ផ្នែក « ការចែកចាយ​ដំណឹងល្អ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ហើយ​រកមើល​គំរូ​នៃ​ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើការ​អញ្ជើញ​ដល់​ក្រុមគ្រួសារ ឬ​មិត្តភក្តិ ។ សូម​ធ្វើ​តាម​អារម្មណ៍​នៃ​ការបំផុស​គំនិត​របស់​អ្នក​ឲ្យ​ធ្វើអ្វី​មួយ ។

  • អញ្ជើញ​មិត្តភក្តិ​ម្នាក់​ឲ្យ​ចូលរួម​ព្រះវិហារ ឬ​សកម្មភាព​សាសនាចក្រ​ជាមួយ​អ្នក ។ សូម​ប្រើ​គោលការណ៍​ណែនាំ​ដែល​អ្នក​បានអនុវត្ត​នៅពេល​អ្នក​អញ្ជើញ​ពួកគេ ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​មិត្តភក្តិ​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ​ពេញ​មួយ​វគ្គសិក្សា សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ពេលក្រោយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិនបើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សិក្សា មេរៀន​ទី ១២ នៅ​ថ្នាក់​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ដោយ​មើល​ត្រួសៗនៅ​ក្នុង ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ​២០១៣ ) ។ អ្នក​អាច​ផ្ញើ​ឲ្យ​ពួកគេ​នូវ​តំណភ្ជាប់​ទៅ​កាន់​ធនធាន​នេះ ឬ​បង្ហាញ​ពួកគេ​ពី​របៀប​ស្វែងរក​វា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ( បណ្ណាល័យ > ក្បួនខ្នាត និង​ការហៅ > ការហៅ​ក្នុង​បេសកកម្ម > ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ) ។