ការហៅ​ក្នុង​បេសកកម្ម
មេរៀនទី ៧ ៖ ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់


មេរៀន​ទី ៧

ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក​ទី ៣

ពិធីបុណ្យ​ជ្រមុជទឹក

ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ឲ្យ​មនុស្ស​ទាំងអស់ ដែល​មាន​ការទទួល​ខុសត្រូវឲ្យ​ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « ការរក្សា​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យជ្រមុជទឹក​គឺជា​ជំហាន​ដំបូង​ក្នុងការ​ចងភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លាង​សម្អាត ពង្រឹង ហើយ​ផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ​២០២៣ ] ទំព័រ ២៨ ) ។ ការផ្តល់​ការអញ្ជើញ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និងពីធី​បញ្ជាក់ គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បំពេញ​គោលបំណង​របស់​ពួកគេ​ក្នុង​ការជួយ​មនុស្ស​ដទៃឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

ជម្រើស​សកម្មភាព​សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ជ្រើសរើស​ជម្រើស ការរៀនសូត្រ( នានា )​ប្រកប​ដោយ​ការអធិស្ឋាន ដែល​នឹង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​ថ្នាក់​របស់​អ្នក ។ សូម​ប្រាកដ​ថា​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការហាត់ និង​ការអនុវត្ត ។

ជម្រើស ក ៖​ហេតុអ្វី​បាន​ជា​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​មាន​សារៈសំខាន់ ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​នរណា​ម្នាក់​ដែល​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​ ៖

ពិធី​បុណ្យ​ជ្រមុជទឹក ២
  • តើ​អ្នក​ចាំ​អ្វី​ខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​របស់​អ្នក​ផ្ទាល់ ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក ដោយសារ​ការសម្រេចចិត្ត​របស់​អ្នក ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ រំឭក​សិស្ស​ថា ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ គឺ​ជា​វិធី​ដ៏​សំខាន់​មួយ ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បំពេញ​គោលបំណង​របស់​ពួកគេ ។ សូម​ពិចារណា​រំឭក​ឡើងវិញ​នូវ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដោយ​ការសូត្រ​វា​ជាមួយ​គ្នា​ជា​ថ្នាក់ ( សូមមើល « បំពេញ​គោលបំណង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​របស់​អ្នក » ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ ១ ) ។

សកម្មភាព​សិក្សា​ខាង​ក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រទានពរ​ដល់​អ្នក​ដែល​ជ្រើសរើស​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ សូម​ជួយ​សមាជិក​ក្នុង​ថ្នាក់រៀន​ស្វែងរក « ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង ពិធី​បញ្ជាក់ » នៅក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២៨–២៩ ) ។ បន្ទាប់មក​ចែកចាយ​ការណែនាំ​ទាំងនេះ ៖

សិក្សា​កថាខណ្ឌ​នៅក្រោម​ចំណងជើង « មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២៨ ) រួម​ជាមួយ​នឹង​ខ​គម្ពីរ​យ៉ាង​ហោច​ណាស់​ពីរ​ដែល​យោង​គ្នា ។ សូម​ពិចារណា​ស្វែងរក និង​កំណត់​សម្គាល់​ការបង្រៀន​ដែល​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់​តែ​ស៊ី​ជម្រៅ អំពី​សារៈសំខាន់​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​ការសិក្សា​រួចហើយ សូម​ពិភាក្សា​អំពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ​ដែល​អាច​ជួយ​នរណា​ម្នាក់​មាន​អារម្មណ៍​ចង់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះ​ប្រទានពរ​ដល់​អ្នក​ដែល​ជ្រើសរើស ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ នៅពេល​ដែល​អ្នក​ពិភាក្សា​អំពី​សំណួរ​មុន សូម​ពិចារណា​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការយល់ដឹង​បន្ថែម ដែល​ពួកគេ​ទទួល​បាន​ពី​ការបង្រៀន​របស់​ប្រធាន ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន

កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវយើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ ។ ទ្រង់​មាន​ក្តីសង្ឃឹម​ដ៏​ធំ​សម្រាប់​យើង ។ ( « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ​តុលា ឆ្នាំ​២០២២ ទំព័រ ២៨ )

អ្នកដឹកនាំ​ការពិភាក្សា ៖ ដើម្បី​ជួយ​អ្នក​សិក្សា​មើល​ឃើញ​ឧទាហរណ៍​នៃ​ពរជ័យ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ សូម​ពិចារណា​បង្ហាញ​វីដេអូ « How Sarah Found Happiness » (នៅ​នាទី ៣:៤២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បន្ទាប់​ពី​វីដេអូ អ្នក​អាច​ពិភាក្សា​អំពី​របៀប​ដែល​ជីវិត​របស់​សារ៉ា ត្រូវ​បាន​ប្រទានពរ​ដោយ​ការសម្រេចចិត្ត​របស់​នាង ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ឱកាស​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អនុវត្ត​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយតប​នឹង​សាច់រឿង​ដូច​ខាងក្រោម​នេះ ។ ដំបូង​ពួកគេ​អាច​កត់ត្រា​ការឆ្លើយតប​របស់​ពួកគេ មុនពេល​ចែកចាយ​វា​ជាមួយ​ដៃគូ ឬ​ក្រុម​តូចមួយ ។

ស្រមៃ​ថា អ្នក​កំពុង​និយាយ​ជាមួយ​មិត្តភក្តិ​ម្នាក់​ដែល​មិន​ស្គាល់​អំពី​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ឡើយ ។ មិត្តភក្តិ​របស់​អ្នក​សួរថា « ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ? » តើ​អ្នកនឹង​និយាយ​អ្វី ?

ដាក់​គោលដៅ​មួយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ពេលវេលា​ឲ្យសមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិតពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។

  • សរសេរ​ពី​របៀប​ដែល​អ្នក​ទទួលបានពរ ដោយសារតែ​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​បានបញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ចែកចាយ​អ្វី​ដែល​អ្នក​បានសរសេរ​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ នៅ​ក្នុង​ការប្រជុំតម​អាហារ និង​ថ្លែង​ទីបន្ទាល់ ឬ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  • ជញ្ជឹងគិត​អំពី​សេចក្តីសញ្ញា​ដែល​អ្នក​បានធ្វើ នៅពេល​ដែល​អ្នក​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ បញ្ជាក់​ពី​របៀប​ដែល​អ្នក​អាច​រក្សា​សេចក្តីសញ្ញា​នៃពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​បាន​ពេញលេញ ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​មិត្តភក្តិ​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ​ពេញ​មួយ​វគ្គសិក្សា សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស ខ ៖ តើ​ខ្ញុំ​អាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ទទួលពិធី​បុណ្យ​ជ្រមុជទឹក និង​ពីធី​បញ្ជាក់​ដោយ​របៀប​ណា ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​ចាប់ផ្តើម​សកម្មភាព​សិក្សា​នេះ​ដោយ​ចែកចាយ​សាច់រឿង​ដូច​ខាង​ក្រោម ៖

ស្រមៃ​ថា អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទើប​ហៅ​ថ្មី ។ អ្នក និង​ដៃគូ​របស់​អ្នក​កំពុងរៀបចំ​ផែនការ​កាលវិភាគ​របស់​អ្នក​សម្រាប់​ថ្ងៃ​ខាង​មុខ ។ ដៃគូ​របស់​អ្នក​ពន្យល់​ថា ពួកគេ​មាន​អារម្មណ៍​នៃ​ការបំផុស​គំនិត​ឲ្យ​អញ្ជើញ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​កំពុងបង្រៀន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ដៃគូ​របស់​អ្នក​សួរ​ថា តើ​អ្នក​នឹង​ផ្តល់​ការអញ្ជើញ​នេះ​ក្នុង​អំឡុង​ពេល​ការណាត់ជួប​បង្រៀន​របស់​អ្នក​នៅ​រសៀល​នេះ​បានទេ ។ នេះ​ជា​លើក​ដំបូង​របស់​អ្នក ក្នុង​ការអញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។

  • តើ​អ្នក​មាន​អារម្មណ៍​ជឿជាក់​ប៉ុនណា​ចំពោះ​ការផ្តល់​ការអញ្ជើញ​នេះ ?

  • តើ​អ្នក​អាច​មាន​សំណួរ​អ្វី​ខ្លះ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សកម្មភាព​សិក្សា​ខាង​ក្រោម​អាច​ជួយ​សិស្ស​រៀបចំ ដើម្បី​ធ្វើ​ការអញ្ជើញ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ជួយ​ពួកគេ​ស្វែងរក « ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » នៅក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២៨–២៩ ) ។ បន្ទាប់មក​ចែកចាយ​ការណែនាំ​ទាំងនេះ ៖

សិក្សា « ការផ្ដល់​ការអញ្ជើញ » និង « គំនិត​សម្រាប់​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២៨–២៩ ) ។ រកមើល​គោលការណ៍​ណែនាំ​ដែល​អាច​ជួយ​អ្នក​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ អ្នក​អាច​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​គោលការណ៍​ណែនាំ ឬ​យោបល់​មួយ​ណា​ដែល​អ្នក​យល់​ថា​មាន​ប្រយោជន៍​បំផុត ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​នឹង​មាន​ប្រយោជន៍​ក្នុង​ការផ្តោត​លើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ?

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​អនុវត្ត​ការអញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ដើម្បី​ជួយ​ពួកគេ​មើល​គំរូ​អំពី​របៀប​ធ្វើ​ដូច​នេះ អ្នក​អាច ៖

  • ប្រើ​វីដេអូ​មួយ ដូច​ជា​ « Invitation to Be Baptized: German » ( នៅ​នាទី ២:៤២ ) ឬ « Invitation to Be Baptized: Jynx » ( នៅ​នាទី ២:៣៤ ) ។ វីដេអូ​ទាំង​ពីរ​នេះ​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

  • អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សម្តែង​ធ្វើ​ជា អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ពួកគេ​អាច​ប្រើ​អត្ថបទ​ទ្រេត​នៅ​ខាងក្រោម « ការផ្ដល់​ការអញ្ជើញ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ២៩ ) ឬ​សាច់រឿង​សម្តែង​ណាមួយ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ពិភាក្សា​ជាមួយ​សមាជិក​ក្នុង​ថ្នាក់រៀន​ពី​អ្វី​ដែល​ពួកគេ​បានរៀន​មកពី​វីដេអូ ឬ​ការសម្តែង រួមទាំង​អ្វី​ដែល​ពួកគេ​ចូលចិត្ត និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ខុស​ពី​នោះ ។ បន្ទាប់មក សូម​ចែកចាយ​សេចក្តីណែនាំ​ដូច​ខាងក្រោម ៖

អនុវត្ត​ការរៀបចំ និង​ផ្តល់​ការអញ្ជើញ​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ដោយ​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. សូម​សរសេរ​ផែនការ​សាមញ្ញ​មួយ ពី​របៀប​ដែល​អ្នក​នឹង​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ព្យាយាម​ធ្វើតាម​គោលការណ៍​ណែនាំ​ទាំងនេះ​នៅ​ក្នុង​ផែនការ​របស់​អ្នក ៖ ( ១ ) ជាក់លាក់ និង​ចំៗ ( ២ ) សន្យាពរជ័យ និង ( ៣ ) ចែកចាយ​ទីបន្ទាល់​របស់​អ្នក ។

  2. សូម​ប្តូរ​វេន​ផ្តល់​ការអញ្ជើញ​ដែល​អ្នក​បាន​រៀបចំ​ជាមួយ​ដៃគូ ។

  3. បន្ទាប់​ពី​អនុវត្ត​ជាមួយ​ដៃគូ​របស់​អ្នក​ហើយ កំណត់​ពី​របៀប​ដែល​អ្នក​អាច​កែតម្រូវ​ការអញ្ជើញ​របស់​អ្នក ។

  4. អនុវត្ត​ម្តង​ទៀត​ជាមួយ​ដៃគូ​ផ្សេង ។

ដាក់​គោលដៅ​មួយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ពេលវេលា​ឲ្យសមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិតពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។

  • សិក្សា​វគ្គ​បទគម្ពីរ​បន្ថែម​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ បន្ទាប់​មក​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ។

  • គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ចង់​ជួយ​ឲ្យ​ចូល​មក​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ កំណត់​ការអញ្ជើញ​ដែល​អ្នក​អាច​ផ្តល់​ដល់​ពួកគេ ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​មិត្តភក្តិ​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ​ពេញ​មួយ​វគ្គសិក្សា សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ពេលក្រោយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិនបើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បង្រៀន មេរៀន​ទី ៨ នៅ​ថ្នាក់​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សមាជិកក្នុង​ថ្នាក់​ឲ្យ​សិក្សា​ជំពូក​ទី ៤ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ក្នុង​ការរៀបចំ ។ អ្នក​ក៏​អាច​ផ្ញើ​ការរំឭក​ឲ្យ​ពួកគេ​ផងដែរ ។

ការផ្តល់​នូវ​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់

ការសម្តែង​ទី ១—ដោយ​ប្រើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

អ្នក​អធិប្បាយ ៖ សារ៉ា​មាន​អារម្មណ៍​ថា ចង់​មាន​ទំនាក់ទំនង​ជាមួយ​នឹងព្រះ តាំងពី​នាង​ចាប់ផ្តើម​រៀន​នៅ​មហាវិទ្យាល័យ​កាល​ពី​ពីរ​ខែ​មុន ។ ថ្មីៗ​នេះ នាង​បាន​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅក្នុង​ការជួប​លើក​ដំបូង​របស់​ពួកគេ ស៊ីស្ទើរ ហឺណានដែស និង​ស៊ីស្ទើរ វិល្លាម បាន​បង្រៀន​សារ៉ា អំពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បានអញ្ជើញ​នាង​ឲ្យ​អាន និង​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន ។ ឥឡូវនេះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ជួប​ជាមួយ​សារ៉ា​ម្តង​ទៀត ។ ពួកគេ​មាន​អារម្មណ៍​នៃ​ការបំផុស​គំនិត​ដើម្បី​អញ្ជើញ​សារ៉ា ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

ស៊ីស្ទើរ ហឺណានដែស ៖ សារ៉ា​អ្នក​បាន​ប្រាប់​យើង​ថា អ្នក​ចង់​ធ្វើ​តាម​ព្រះ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់​តែ​រឹងមាំ​ជាមួយនឹង​ទ្រង់ ។ សូម​អាន​ក្នុង​ព្រះគម្ពីរ​ប៊ីប​ជាមួយ​គ្នា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានបង្ហាញ​យើង​អំពី​វិធី​ដើម្បី​ធ្វើ​តាម​ព្រះ ។

ស៊ីស្ទើរ វិល្លាម ៖ នៅ​ក្នុង​គម្ពីរ​ម៉ាថាយ​ជំពូក​ទី ៣ យើង​អាន​អំពី​ព្រះយេស៊ូវ​យាង​ទៅ​កាន់ យ៉ូហាន បាទីស្ទ ។ សារ៉ា សូម​អ្នក​អាន ម៉ាថាយ ៣:១៣–១៧​ បាន​ទេ ?

សារ៉ា ៖ [ អាន ម៉ាថាយ ៣:១៣–១៧ ឮៗ ] ។

ស៊ីស្ទើរ ហឺណានដែស ៖ សារ៉ា ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ដើម្បី​សម្រេច​តាម​គ្រប់​អស់​ទាំង​សេចក្តី​សុចរិត ។ នោះ​មាន​ន័យ​ថា ទ្រង់​បាន​គោរព​តាម​បទបញ្ញត្តិ​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក ?

សារ៉ា ៖ ខ្ញុំ​ដឹង​ថា វា​ជា​អ្វី​ដែល​ជា​ញឹកញាប់​មនុស្ស​តែងតែ​ធ្វើ ។ នៅ​ក្នុង​ព្រះវិហារ​ដែល​ខ្ញុំ​បាន​ធំ​ឡើង ខ្ញុំ​ចងចាំ​ថា បាន​ឃើញ​មនុស្ស​ពីរបី​នាក់​ទទួល​បុណ្យ​ជ្រមុជទឹក ។ នៅក្នុង​គ្រួសារ​របស់​ខ្ញុំ​គ្មាន​នរណា​ម្នាក់​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​នោះទេ ។ ខ្ញុំ​មិន​ដឹង​ច្រើន​លើស​ពីនេះ​នោះទេ ។

ស៊ីស្ទើរ ហឺណានដែស ៖ សូម​អរគុណ​សារ៉ា សម្រាប់​ការចែកចាយ​នេះ ។ យើង​សូម​ពន្យល់​បន្ថែម​ទៀត​អំពី​អ្វី​ទៅ​ជា​ពិធី​បុណ្យ​ជ្រមុជទឹក​នោះ ។ ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រស់នៅ​ជាមួយនឹង​ទ្រង់​វិញ ។ យើង​ចាប់ផ្តើម​នៅ​លើ​ផ្លូវ​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះ​វិញ តាម​រយៈ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ឲ្យ​យើង​ផ្លាស់ប្តូរ​ជីវិត​របស់​យើង និង​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ។ ពិធី​បុណ្យ​ជ្រមុជទឹក​គឺ​ជា​សេចក្តី​សញ្ញា​ទី​មួយ​ដែល​យើង​ធ្វើ​នៅ​លើ​ផ្លូវ​នេះ ។ វា​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្រ្គោះ ហើយ​យើង​មាន​អារម្មណ៍​រីករាយ ការអភ័យទោស និង​សេចក្តី​សង្ឃឹម ។ ពិធី​បុណ្យ​ជ្រមុជទឹក​ក៏​ជា​ពិធី​បរិសុទ្ធ​មួយ​ផងដែរ ។ នោះ​មាន​ន័យ​ថា វា​ជា​ពិធី​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។

ស៊ីស្ទើរ វិល្លាម ៖ នៅពេល​ដែល​យើង​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក យើង​កំពុង​ធ្វើ​សេចក្តីសញ្ញា ឬ​ការសន្យា​មួយ​ជាមួយ​នឹងព្រះ ។ យើង​សន្យា​ដើម្បី​បម្រើ​ទ្រង់ និង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ជា​ផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​នេះ ព្រះ​សន្យា​ថា ទ្រង់​នឹង​អភ័យទោស​អំពើបាប​របស់​យើង ហើយ​ប្រទាន​ពរ​ឲ្យ​យើង​នូវ​ព្រះវិញ្ញាណ​របស់​ទ្រង់ ដូច្នេះ​យើង​ត្រូវ​បាន​សម្អាត ដឹកនាំ និង លួងលោម ។

ស៊ីស្ទើរ ហឺណានដែស ៖ សារ៉ា តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​នរណា​ម្នាក់​ដែល​ត្រូវ​បាន​តែងតាំង​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នេះ​ដែរ​ឬ​ទេ ? ពួកយើង​នឹង​ជួយ​អ្នក​ដើម្បី​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ពួកយើង​ជឿថា អ្នក​អាច​ត្រៀមខ្លួន​រួច​រាល់​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ។ តើ​អ្នក​នឹង​រៀបចំខ្លួន​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​តាម​កាលបរិច្ឆេទ​នោះ​ដែរ​ឬ​ទេ ?

សារ៉ា ៖ យល់​ព្រម ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ស្វែងរក ។

ស៊ីស្ទើរ វិល្លាម ៖ សារ៉ា យើង​មាន​សេចក្តីរំភើប​ចំពោះ​ពរជ័យ​ដែល​នឹង​កើត​មាន​ដល់​អ្នក នៅពេល​អ្នក​ធ្វើ​ការជ្រើសរើស​នេះ ។ ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នឹង​នាំ​មក​នូវ​សេចក្តីសុខសាន្ត និង​ព្រះចេស្តា​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។ យើង​មាន​អ្វី​ជាច្រើន​ដើម្បី​បង្រៀន​អ្នក ដែល​នឹង​ជួយ​អ្នក​រៀបចំ ។

ការផ្តល់​នូវ​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់

ការសម្តែង​ទី ២—បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

អ្នក​អធិប្បាយ ៖ អ៊ីសាក​កំពុង​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ដំបូង ។ គាត់​មាន​សំណួរ​ជាច្រើន​អំពី​គោលបំណង​នៃ​ជីវិត​នេះ និង​របៀប​ដែល​គាត់​អាច​ស្វែងរក​សុភមង្គល​បន្ថែម​ទៀត ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​អ៊ីសាក អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ ក្នុង​អំឡុង​ពេល​បង្រៀន អែលឌើរ ប្រោនីង និង​អែលឌើរ ស៊ីង មាន​អារម្មណ៍​នៃ​ការបំផុស​គំនិត​ដើម្បី​អញ្ជើញ​អ៊ីសាក ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

អែលឌើរ ប្រោនីង ៖ អ៊ីសាក យើង​ចង់​និយាយ​អំពី​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹងទ្រង់​វិញ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​ការណ៍​នេះ​អាច​កើត​ឡើង​បាន ។

អែលឌើរ ស៊ីង ៖ យើង​ចាប់ផ្តើម​នៅលើ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​វិញ ដោយ​ការជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ដែល​យើង​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ចង់​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​ដោយ​ឯកឯង និង​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។ យើង​គោរពតាម​ការបង្រៀន​របស់​ទ្រង់ ហើយ​ប្រែចិត្ត នៅពេល​ដែល​យើង​ធ្វើ​អំពីបាប ។ សេចក្តីជំនឿ និង​ការប្រែចិត្ត​នាំ​យើង​ទៅ​រក​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ តើ​អ្នក​អាច​ប្រាប់​ពួកយើង​ពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​បាន​ទេ ?

អ៊ីសាក ៖ ខ្ញុំ​បាន​ឃើញ​ពិធី​បុណ្យ​ជ្រមុជទឹក​ម្តង ឬ​ពីរដង​នៅ​ព្រះវិហារ​ផ្សេង​គ្នា ប៉ុន្តែ​លើស​ពី​ហ្នឹង ខ្ញុំ​មិន​ដឹង​ច្រើន​អំពី​វា​ឡើយ ។ ខ្ញុំ​គិត​ថា វា​ជា​អ្វី​មួយ​អំពី​អំពើបាប ។

អែលឌើរ ប្រោនីង ៖ អ្នក​និយាយ​ត្រូវ​ហើយ ។ ពិធី​បុណ្យ​ជ្រមុជទឹក​គឺជា​ជំហាន​ដំបូង​ក្នុង​ការចងភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លាង​សម្អាត ពង្រឹង ហើយ​ផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ វា​ក៏​ជា​របៀប​ដែល​យើង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ព្រះ​ផងដែរ ។ នៅពេល​យើង​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក នោះ​យើង​កំពុង​ធ្វើ​សេចក្តីសញ្ញា ឬ​កិច្ចសន្យា​ជាមួយ​នឹងទ្រង់​ថា យើង​នឹង​បម្រើ​ទ្រង់ ហើយ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​បែប​នេះ ព្រះ​ធ្វើ​សេចក្តីសញ្ញា​ថា ទ្រង់​នឹង​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មកលើ​យើង និង​អភ័យទោស​ចំពោះ​អំពើបាប​របស់​យើង ។

អែលឌើរ ស៊ីង ៖ យើង​ក៏​សន្យា​ផងដែរថា នៅពេល​យើង​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក យើង​នឹង​លើកដាក់​មក​លើ​ខ្លួន​របស់​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ បម្រើ​ព្រះ និង​មនុស្ស​ដទៃទៀត និង​ប្រកាន់ខ្ជាប់​ដល់​ទី​បញ្ចប់ ។ នោះ​មាន​ន័យ​ថា ពិធី​បុណ្យ​ជ្រមុជទឹក​គឺជា​ការចាប់ផ្តើម​ជីវិត​ថ្មី​សម្រាប់​យើង ។ ពិតប្រាកដ​ណាស់​ថា​យើង​នឹង​នៅតែ​មាន​បញ្ហាប្រឈមមុខ និង​ធ្វើ​ខុស ។ ប៉ុន្តែ​យើង​នឹង​មិន​ឈប់​ព្យាយាម​ដើម្បី​រក្សា​ការសន្យា​របស់​យើង និង​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត​របស់​យើង​ឡើយ ។

អែលឌើរ ប្រោនីង ៖ អ៊ីសាក តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយការ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​ដោយ​នរណា​ម្នាក់ ដែល​ត្រូវ​បាន​តែងតាំង​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នេះ​ដែរ​ឬ​ទេ ? ពួកយើង​នឹង​ជួយ​អ្នក​ដើម្បី​រៀបចំខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ពួកយើង​ជឿថា អ្នក​អាច​ត្រៀមខ្លួន​រួច​រាល់​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ។ តើ​អ្នក​នឹង​រៀបចំខ្លួន​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​តាម​កាលបរិច្ឆេទ​នោះ​ដែរ​ឬ​ទេ ?

អ៊ីសាក ៖ យល់​ព្រម ។ ស្តាប់​ទៅ​ហាក់​ដូចជា​មាន​អារម្មណ៍​ថា នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ស្វែងរក ។

អែលឌើរ ស៊ីង ៖ អ៊ីសាក យើង​មាន​សេចក្តីរំភើប​ចំពោះ​ពរជ័យ​ដែល​នឹង​កើត​មាន​ដល់​អ្នក នៅពេល​អ្នក​ធ្វើ​ការជ្រើសរើស​នេះ ។ ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នឹង​នាំ​មក​នូវ​សេចក្តីសុខសាន្ត និង​ព្រះចេស្តា​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។ យើង​មាន​អ្វី​ជាច្រើន​ដើម្បី​បង្រៀន​អ្នក ដែល​នឹង​ជួយ​អ្នក​រៀបចំ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក ។