ការហៅ​ក្នុង​បេសកកម្ម
មេរៀន​ទី ៤ ៖ ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ


មេរៀន​ទី ៤

ស្រាវជ្រាវ​បទគម្ពីរ ហើយ​ពាក់​គ្រឿងសឹក​របស់​ព្រះ

ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក​ទី ២

យ៉ូសែប ស្ម៊ីធ កំពុង​សិក្សា​ព្រះគម្ពីរ

ការសិក្សា និង​ការអនុវត្ត​សេចក្តី​ពិត​ដែល​មាន​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះ គឺ​ជា​ចំណុច​សំខាន់​ចំពោះ​ការប្រែចិត្ត​ជឿ និង​ការជួយ​មនុស្ស​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត​អាច​បង្កើន​ការសិក្សា​របស់​យើង និង​ជួយ​យើង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ដំណឹងល្អ​របស់​យើង ។ ការធ្វើ​តាម​វិធី​បង្ការ​ខណៈពេល​កំពុង​ប្រើ​បច្ចេកវិទ្យា គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី « ពាក់​គ្រឿងសឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

ជម្រើស​សកម្មភាព​សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ដោយ​ការអធិស្ឋាន សូម​ជ្រើសរើស​ជម្រើស​សិក្សា ឬ​ជម្រើស​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​ដល់​ថ្នាក់​របស់​អ្នក ។ សូម​ប្រាកដ​ថា​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​សម្រាប់​ការហាត់ និង​ការអនុវត្ត ។

ជម្រើស ក ៖ តើ​ខ្ញុំ​អាច​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាង​នេះ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ដោយ​របៀប​ណា ?

សិក្សា

រូប​តំណាង​សំណៅ​ចែកអ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅ​ចែកចាយ​ដែល​មាន​ចំណង​ជើង​ថា « ការវាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ » ។ សូម​ទុក​ពេល​វេលា​ឲ្យ​ពួកគេ​ដើម្បី​បំពេញ​សំណៅ​ការចែកចាយ​ជា​លក្ខណៈ​បុគ្គល ។

ការវាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ

ដាក់​ពិន្ទុ​បទពិសោធន៍​របស់​អ្នក​ជាមួយ​ព្រះគម្ពីរ​ដោយ​ឆ្លើយ​ចំពោះ​សេចក្តីថ្លែងការណ៍​ខាងក្រោម នៅ​លើ​រង្វាស់​ពី ១ ( មិនធ្លាប់ ) ដល់ ៥ ( ស្ទើរតែ​រាល់ពេល ) ។

  1. ខ្ញុំ​ខិតខំប្រឹងប្រែង​ជា​ប្រចាំ​ដើម្បី​សិក្សា​ព្រះគម្ពីរ ។ ____

    នៅ​ពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ៖

  2. ខ្ញុំ​ផ្តោតលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. ខ្ញុំ​ចំណាយ​ពេល​ដើម្បី​ពិចារណា​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ។ ____

  4. ខ្ញុំ​ស្វែងរក​ការណែនាំ និង​ការយល់ដឹង​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ____

  5. ខ្ញុំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ ។ ____

  6. ខ្ញុំ​ខិតខំ​រស់​នៅ​តាម​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។ ____

អ្នក​ដឹកនាំ​ការពិភាក្សា ៖ លើក​ទឹកចិត្ត​សមាជិក​ក្នុងថ្នាក់​ឲ្យ​យក​ចិត្ត​ទុកដាក់​ក្នុង​អំឡុង​ពេល​សកម្មភាព​រៀនសូត្រ ចំពោះ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ពួកគេ​អាច​មាន​អំពី​របៀប​កែលម្អ​បទពិសោធន៍​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​បង្ហាញ​សេចក្តី​ណែនាំ​ខាងក្រោម ហើយ​សូម​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​បំពេញ​សកម្មភាព​នេះ ៖

សូម​ជ្រើសរើស​ផ្នែក​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​ធ្វើ​ចេញពី​ការវាយ​តម្លៃ​ខ្លួន​ឯង​របស់​អ្នក ។ ធនធាន​ដែល​មាន​លេខ​ខាង​ក្រោម​ត្រូវ​គ្នាទៅ​នឹង​លេខ​ដែលបានមក​ពី​ការវាយ​តម្លៃ​ខ្លួន​ឯង ។ លេខ​ទាំង​នោះ​នឹង​នាំ​អ្នក​ទៅ​កាន់​ធនធាន​ដែលជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​សកម្មភាព​សិក្សា ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​បង្ហាញ​សំណួរ​ទាំងឡាយ​ដូច​ខាងក្រោម ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិភាក្សា​សំណួរ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សំណួរ​ទាំងឡាយ​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​សិក្សា តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​ដោយ​របៀប​ណា ?

  • តើ​អ្វី​ជា​វគ្គ​បទគម្ពីរ ឬ​សេចក្តីថ្លែងការណ៍​មកពី ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​អ្នក​បាន​រកឃើញ​ថា មាន​ប្រយោជន៍​ជា​ពិសេស ? ហេតុអ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់ ?

  • តើ​បទពិសោធន៍​វិជ្ជមាន​អ្វី​ដែល​អ្នក​ធ្លាប់​មាន​ក្នុង​ការសិក្សា​បទគម្ពីរ ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​បញ្ចប់​ផ្នែក​នេះ​នៃ​សកម្មភាព​សិក្សា ដោយ​ការអាន​សេចក្តីថ្លែងការណ៍​មកពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្រោម « ការស្រាវជ្រាវ​បទគម្ពីរ » ( ប្រកាស​ដំណឹងល្អ​របស់​យើង, ១៨ ) ។ អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​របៀប ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន​ពង្រឹង​សេចក្តីជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​ការអនុវត្ត​បន្ថែម អ្នក​អាច​ប្រើ ការអនុវត្ត​ជំនាញ​ទី ២ ៖ « ប្រើប្រាស់​ព្រះគម្ពីរ​ក្នុង​ការបង្រៀន​របស់​អ្នក » ។

ដាក់​គោលដៅ​មួយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិត​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​កិច្ចការ​នេះ គឺ​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យដាក់​ផែនការ​សាមញ្ញ​មួយ ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សូម​ពិចារណា​បង្ហាញ​ចំណុច​ខាងក្រោម​នេះ​ដើម្បី​ណែនាំ​ពួកគេ ។ ទុក​ពេល​វេលា​ឲ្យ​ពួកគេ​នៅ​ក្នុង​ថ្នាក់​ដើម្បី​កត់ត្រា​ផែនការ​របស់​ពួកគេ ។

ផែនការ​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ
  • តើ​ខ្ញុំ​នឹង​សិក្សា​នៅពេល​ណា ?

  • តើ​ខ្ញុំ​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​សិក្សា ?

  • តើ​អ្នក​នឹង​សិក្សា​នៅ​កន្លែង​ណា ?

  • តើ​ខ្ញុំ​នឹង​សិក្សា​អ្វី​ខ្លះ ?

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​បទពិសោធន៍​កាន់​តែ​ប្រសើរ ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស ខ៖ តើ​ការប្រើប្រាស់​បណ្ណាល័យ​ដំណឹង​ល្អ​អាច​ជួយ​ខ្ញុំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពិភាក្សា​អំពី​សំណួរ​ខាង​ក្រោម និង​សរសេរ​ចម្លើយ​របស់​សមាជិក​ក្នុងថ្នាក់​នៅ​លើ​ក្តារខៀន ។

  • តើ​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​បាន​សួរ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ?

  • តើ​មាន​ប្រភព​ទូទៅ​អ្វី​ខ្លះ ដែល​មនុស្ស​ប្រើ​ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួកគេ​អំពី​សាសនាចក្រ ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សំណួរ​ដែល​ពួកគេ​ផ្ទាល់​មាន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចងចាំ​សំណួរ​ទាំង​នេះ​ក្នុងចិត្ត​អំឡុង​សកម្មភាព​សិក្សា​នេះ ។ ពន្យល់​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ណែនាំ​ពួកគេ​ក្នុង​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។

សូម​អាន « ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ » នៅ​ក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៩ ) ។ រកមើល​ដំបូន្មាន​ដែល​អាច​ជួយ​យើង នៅ​ពេល​ដែល​យើង​មាន​សំណួរ​អំពី​ដំណឹងល្អ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ ?

  • តើ​អ្វី​គួរ​ជា​ប្រភព​ចម្បង​របស់​យើង​ក្នុង​ការស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដំណឹងល្អ ? ហេតុអ្វី ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទ​ពិសោធន៍ នៅ​ពេល​ដែល​ព្រះវរបិតាសួគ៌​ឆ្លើយ​សំណួរ​របស់​ពួកគេ​តាមរយៈ​បទគម្ពីរ ឬ​ប្រភព​ដែល​អាចទុកចិត្ត​បាន​ផ្សេងទៀត ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « How I #HearHim: Elder Ronald A. Rasband » ( នាទី ២:៥៥ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ផងដែរ ។

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ដើម្បី​ជួយ​សិស្ស​អនុវត្ត​ការប្រើប្រាស់​បណ្ណាល័យ​ដំណឹង​ល្អ​ក្នុង​ការស្វែងរក​ចម្លើយ សូម​បង្ហាញ​សាច់រឿង និង​ការណែនាំ​ដូច​ខាង​ក្រោម ។ សូម​ពន្យល់​ថា គោលបំណង​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​ស្វែងរក​ធនធាន​ដែល​មាន​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ មិនមែន​ដើម្បី​មាន​ការពិភាក្សា​វែង​អំពី​ប្រធានបទ​ដែល​បាន​បង្ហាញ​នោះ​ទេ ។

  • មាន​នរណា​ម្នាក់​សួរ​ថា « តើ​សាសនាចក្រ​របស់​អ្នក​ជឿ​ថា មនុស្ស​ត្រូវការ​ព្រះគុណ​ដើម្បី​ឲ្យ​បាន​សង្គ្រោះ​មែន​ទេ ? » ចូល​ទៅ​កាន់​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ហើយ​ស្វែងរក​ពាក្យ « ព្រះគុណ » ។ ( បណ្ណាល័យ​ដំណឹង​ល្អ > ព្រះគម្ពីរ > ជំនួយ​ការសិក្សា > សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ > ព្រះគុណ )

  • នៅ​ថ្ងៃ​មួយ អ្នក​បាន​ឮ​នរណា​ម្នាក់​បាន​និយាយ​អំពី​ព្រះវរមាតា​នៅ​ស្ថានសួគ៌ ហើយ​ឥឡូវ​នេះ អ្នក​ឆ្ងល់​ថា តើ​សាសនាចក្រ​បង្រៀន​អ្វី​ខ្លះអំពី​ទ្រង់ ។ សូម​ចូល​ទៅ​កាន់ Topics and Questions, ហើយ​ស្វែង​រក​ពាក្យ « Mother in Heaven » ។ ( បណ្ណាល័យ​ដំណឹង​ល្អ > Topics and Questions > Mother in Heaven )

  • អ្នក​ចង់​បាន​ជំនួយ​មួយ​ចំនួន​ដើម្បី​ការពារ​ខ្លួន​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ប្រឆាំង​នឹង​ការណ៍​អាសគ្រាម ។ ចូល​ទៅ​កាន់ ជំនួយ​ដល់​ជីវិត ។ សូម​មើល​អ្វី​ដែល​អ្នក​អាច​រៀន​បាន​នៅ​ក្នុង « Help for Me » នៅក្រោម « Pornography » ហើយ​ពិនិត្យ​មើល​សំណួរ​ដែល​បាន​បង្ហាញ ។ ( បណ្ណាល័យ​ដំណឹង​ល្អ > ជំនួយ​ដល់​ជីវិត > រូបអាសគ្រាម > Help for Me )

  • ប្អូន​ស្រី​របស់​អ្នក​សួរ​ថា « តើ​ខ្ញុំ​អាច​រៀបចំខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ​អយ្យកោ​ដោយ​របៀប​ណា ? » សូម​ប្រើ​មុខងារ​ស្វែងរក​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ សូម​មើល​អ្វី​ដែល​អ្នក​អាច​រក​ឃើញ ។

  • អ្នក​ចង់​បាន​គំនិត​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។ សូម​ចូល​ទៅ​កាន់ បណ្ណាល័យ​ដំណឹងល្អ > ការចែកចាយ​ដំណឹងល្អ ហើយ​រក​មើល​ធនធាន​ដែល​មាន​ប្រយោជន៍ ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិនបើ​សមាជិកក្នុង​ថ្នាក់​ចង់​អនុវត្ត​បន្ថែម​ទៀត អ្នក​អាច​ប្រាប់​ពួកគេ​ពី​សំណួរ​នៅ​ក្នុង​ប្រអប់ « មនុស្ស​អាច​ងឿងឆ្ងល់ » នៅ​ផ្នែក​ខាង​លើ​នៃ​មេរៀន​ទី ,  ឬ ក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ៣០, ៤៦, ៦១ ) ។ ពួកគេ​អាច​ជ្រើសរើស​សំណួរ​មួយ ហើយ​អនុវត្តការ​ស្វែង​រក​ធនធាន​ដើម្បី​បកស្រាយ​វា​ចេញពី​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

បន្ទាប់​ពី​អ្នក​ចូលរួម​អនុវត្ត សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ដាក់​គោលដៅ​មួយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិត​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

ដាក់​គោលដៅ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​រួច​ហើយ ។ សូម​ប្រើប្រាស់​គំនិត​ខាង​ក្រោម​នេះ ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។

  • សូម​ចំណាយ​ពេល​ស្វែងយល់​ពី​ពាក្យ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topics and Questions នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  • សូម​អញ្ជើញ​មិត្តភក្តិ និង​សមាជិក​គ្រួសារ​ឲ្យ​សួរ​សំណួរ​អ្នក ដូច្នេះ​អ្នក​អាច​អនុវត្ត​ការស្វែងរក​ចម្លើយ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ជម្រើស គ ៖ តើ​ខ្ញុំ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តីសុចរិត​ដោយ​របៀប​ណា ?

សិក្សា

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​លើក​ទូរសព្ទដៃ​ឡើង ឬ​បង្ហាញ​រូបភាព​ទូរសព្ទ​មួយ បន្ទាប់​មក​អញ្ជើញ​សមាជិក​ថ្នាក់​ពិភាក្សា​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

ឧបករណ៍​ចល័ត
  • តើ​ឧបករណ៍​អេឡិចត្រូនិច​ដូច​ជា​ទូរសព្ទដៃ និង​កុំព្យូទ័រ​ដើរ​តួនាទី​អ្វីខ្លះ​ក្នុង​ការបន្ត​កិច្ចការ​របស់​ព្រះអម្ចាស់ ?

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​ពន្យល់​ថា ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង មាន​នូវ​គោលការណ៍​ណែនាំ​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តីសុចរិត ។ អ្នក​អាច​អាន​រួមគ្នា « ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តីសុចរិត » ( ទំព័រ ២០ ) ដើម្បី​ណែនាំ​អំពី​ប្រធានបទ​នេះ ។

  • តើ​បញ្ហា​ប្រឈមមុខ ឬ​ការល្បួង​អ្វីខ្លះ ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ?

  • អ្នក​ដឹកនាំ​ការពិភាក្សា ៖ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក សូម​ពិចារណា​មើល « Taking Charge of Technology: The Challenge » ( នាទី ៣:១៨ នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។

  • សូម​ពន្យល់​ថា ប្រកាស​ដំណឹងល្អ​របស់​យើង ពិពណ៌នា​អំពី​វិធីបង្ការ​ចំនួន​បួន​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ។ ដើម្បី​ជួយ​សមាជិក​ក្នុងថ្នាក់​រៀន​អំពី​វិធីបង្ការ​ទាំង​នេះ សូម​បង្ហាញ​ការណែនាំ​ដូច​ខាង​ក្រោម ។ អ្នក​អាច​ចាត់តាំង​ឲ្យ​សិស្ស​ម្នាក់ៗ​សិក្សា​អំពី​វិធីបង្ការ​មួយ និង​រៀបចំ​ដើម្បី​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន​ជា​ក្រុម​តូចៗ ។ ( សមាជិក​ម្នាក់​នៃ​ក្រុម​អាច​សិក្សា​វិធីបង្ការ ១-២ ដូច្នេះ​សមាជិក​ក្រុម​នីមួយៗ​កំពុង​អាន​ចំនួន​ស្មើ​គ្នា ) ។

ស្វែងយល់​អំពី​វិធីបង្ការ​ចំនួន​បួន​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត ដោយ​សិក្សា​ចំណង​ជើង​ខាង​ក្រោម​នៅ​ក្នុង​ជំពូក​ទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ៖

វិធីបង្ការ​ទី ១ ៖ « ធ្វើតាម​ការបំផុសគំនិត​ខាង​វិញ្ញាណ » ( ទំព័រ ២០ )

វិធីបង្ការ​ទី ២ ៖ « ផ្ដោត​ទៅ​លើ​គោលបំណង​ជា​អ្នកផ្សព្វផ្សាយសាសនា​របស់​អ្នក » ( ទំព័រ ២០ )

វិធីបង្ការ​ទី ៣ ៖ « ត្រូវ​មាន​វិន័យ » ( ទំព័រ ២១ )

វិធីបង្ការ​ទី ៤ ៖ « រួម​គ្នា​តែ​មួយ » ( ទំព័រ ២១ )

សូម​ត្រៀម​ចែកចាយ​ដូច​ខាង​ក្រោម ៖

  • សេចក្តីសង្ខេប​ខ្លី​នៃ​អ្វី​ដែល​អ្នក​បាន​សិក្សា រួមទាំង​អ្វី​ដែល​ផ្នែក​របស់​អ្នក បង្រៀន​អំពី​ព្រះអម្ចាស់

  • របៀប​ដែល​អ្នក​គិត​ថា ការបង្រៀន​ទាំងនេះ​អាច​អនុវត្ត​ចំពោះ​នរណា​ក៏បាន មិនត្រឹម​តែ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ប៉ុណ្ណោះ​ទេ

  • អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​ប្រើ​បច្ចេកវិទ្យា​តាម​វិធី​ដ៏​សុចរិត

អនុវត្ត

អ្នក​ដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ប្ដូរ​វេនគ្នា​ចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​សកម្មភាព​សិក្សា ។

សម្រាប់​ការអនុវត្ត​បន្ថែម អ្នក​អាច​ប្រើ ការអនុវត្ត​ជំនាញ​ទី ៩ ៖ « ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តីសុចរិត » ។

ដាក់​គោលដៅ​មួយ

រូប​តំណាង​សំណៅ​ចែកអ្នក​ដឹកនាំ​ការពិភាក្សា ៖សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិត​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ និង​ដាក់​គោលដៅ ។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​ដោយ​ការទុក​ពេល​ឲ្យ​ពួកគេ ដាក់​ផែនការ​ផ្ទាល់​ខ្លួន ដើម្បី​អនុវត្ត​វិធីបង្ការ​ដែល​ពួកគេ​បាន​សិក្សា​ទៅ​នឹង​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ប្រសិន​បើ​ចាំបាច់ អ្នក​អាច​ចែកចាយ​សំណៅ​ចែក​ដែល​មាន​ចំណង​ជើង​ថា « អនុវត្ត​តាម​វិធី​បង្ការ​នៅ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា » ដើម្បី​ជួយ​ពួកគេ​គិត​អំពី​គំនិត​ទាំង​នេះ ។

អនុវត្ត​តាម​វិធី​បង្ការ​នៅ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា

គិត​អំពី​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ដែល​អ្នក​ជួប​ប្រទះ​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ។ សូម​ពិចារណា​ពី​របៀប​ដែល​វិធី​បង្ការ​មកពី ប្រកាស​ដំណឹងល្អ​របស់​យើង អាច​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​របស់​អ្នក ។

វិធីបង្ការ​ទី ១ ៖ ធ្វើតាម​ការបំផុសគំនិត​ខាង​វិញ្ញាណ

យោបល់​មួយ​ចំនួន ៖

  • អធិស្ឋាន​សុំ​ការណែនាំ​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុចរិត ។

  • កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​កំណត់ហេតុ​របស់​អ្នក អំពី​ឧបករណ៍​ឌីជីថល​របស់​អ្នក ។

  • ផ្តល់​អាទិភាព​ដល់​ទម្លាប់​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​ដូចជា ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ ។

វិធីបង្ការ​ទី ២ ៖ ផ្ដោត​ទៅ​លើ​គោលបំណង​របស់​អ្នក

យោបល់​មួយ​ចំនួន ៖

  • ចៀសវាង​ការប្រើ​ឧបករណ៍​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​មិន​មាន​គោលបំណង​ជាក់លាក់​នៅ​ក្នុង​ចិត្ត ។

  • មុន​ពេល​ប្រើ​បច្ចេកវិទ្យា សូម​សួរ​ខ្លួន​ឯង​ថា តើ​ការប្រើប្រាស់​វា​នឹង​អញ្ជើញ ឬ​រារាំង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ។

  • ប្រសិន​បើ​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សូម​តាមដាន​តែ​មនុស្ស​ដែល​ជួយ​អ្នក​ឲ្យ​នៅ​ជិត​ព្រះអម្ចាស់​ប៉ុណ្ណោះ ។

វិធីបង្ការ​ទី ៣ ៖ ត្រូវ​មាន​វិន័យ

យោបល់​មួយ​ចំនួន ៖

  • នៅ​ពេល​អ្នក​នៅ​ជាមួយ​មនុស្ស​ដទៃ សូម​ដាក់​ឧបករណ៍​របស់​អ្នក​ទៅ​ឲ្យឆ្ងាយ និង​ចូលរួម​ជាមួយ​មនុស្ស​នៅ​ជុំវិញ​អ្នក ។

  • សូម​ដាក់​ដែន​កំណត់​ប្រចាំ​ថ្ងៃ​ដល់​ខ្លួន​ឯង​សម្រាប់​ការប្រើប្រាស់​ឧបករណ៍​ចល័ត ។

  • បង្កើត​កន្លែង​ដែល​គ្មាន​ឧបករណ៍​ចូល ដូចជា​បន្ទប់​គេង និង​បន្ទប់ទឹក​របស់​អ្នក ។

  • នៅ​ពេល​អ្នក​មាន​អារម្មណ៍​ទន់ខ្សោយ និង​ត្រូវ​បាន​ល្បួង សូម​បិទ​ឧបករណ៍​របស់​អ្នក ហើយ​ដើរ​ទៅ​ខាង​ក្រៅ ។

វិធីបង្ការ​ទី ៤ ៖ រួម​គ្នា​តែ​មួយ

យោបល់​មួយ​ចំនួន ៖

  • សូមជំនួយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ទន់​ខ្សោយ ឬ​ត្រូវ​បាន​ល្បួង ។

  • ចែកចាយ​ផែនការ​របស់អ្នក​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ដោយ​សុចរិត​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត ។

  • សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ក្លាយ​ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​ដល់​អ្នក​ដទៃ ។

សូម​សរសេរ​ផែនការ​របស់​អ្នក​នៅ​ខាង​ក្រោម ។

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ សូម​ទុក​ពេលវេលា​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។ អ្នក​អាច​បង្ហាញ​វីដេអូ « Texting Truth » ( នាទី ២:២២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ដើម្បី​ជួយ​សមាជិកក្នុង​ថ្នាក់​មើល​ឃើញ​ពី​គំរូ​នៃ​ក្មេងជំទង់​ដែល​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជួយ និង​លើក​ស្ទួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ពេលក្រោយ

អ្នក​ដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បង្រៀន មេរៀន​ទី ៥ នៅ​ពេល​ក្រោយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ទំព័រ​បីដំបូង​នៃ « សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » មកពី​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២៥–២៧ ) ក្នុង​ការរៀបចំ ។ អ្នក​ក៏​អាច​ផ្ញើ​ការរំឭក​ឲ្យ​ពួកគេ​ផង​ដែរ ។