ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៣ ៖ សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ


« ជំពូក​ទី ៣ ៖ សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង

រូបភាព
ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះគ្រីស្ទ​ដោយ យ៉ូសែប ប្រ៊ីកឃី

ជំពូក​ទី ៣

សិក្សា និង​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

មេរៀន​នៅក្នុង​ជំពូក​នេះមាន​នូវ​គោលលទ្ធិ គោលការណ៍ និង​បទបញ្ញត្តិ​ដ៏ចាំបាច់​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​ទាំងនេះគឺជា​អ្វីដែល​ពួកព្យាការី និង​ពួក​សាវក​នៅរស់​បាន​បង្រៀន​អ្នក​ឲ្យ​រៀនសូត្រ ហើយ​បង្រៀន ។ វា​ត្រូវបាន​ផ្ដល់​ឲ្យ​នៅត្រង់​នេះ ដើម្បី​អ្នកអាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

ផ្នែក​ទី​មួយ​នៅក្នុង​ជំពូកនេះ​គឺជា​ការអញ្ជើញ​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក ។ ផ្នែក​ដែល​នៅ​សេសសល់​នៃ​ជំពូកនេះ​មាន​នូវ​មេរៀន​ចំនួនបួន​ដូចតទៅ ៖

សូម​សិក្សា​បទគម្ពីរ ហើយ​រក្សា​ទុក នូវ​គោលលទ្ធិ​នៅក្នុង​មេរៀន​នីមួយៗ ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ ព្រះវិញ្ញាណ​នឹង​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​សិក្សា ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អ្វី​ដែល​ត្រូវ​និយាយ និង​ធ្វើ ដើម្បី​ជួយ​មនុស្ស​ដទៃ​ទទួល​បាន​សាក្សី​មួយ​អំពី​សេចក្ដីពិត​នោះ ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៥ ) ។

មនុស្ស​គ្រប់គ្នា​នឹង​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ពេញលេញ នៅពេល​ពួកគេ​ធ្វើអ្វី​ដែល​ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ ។ សូម​ធ្វើ​ការអញ្ជើញ​នៅក្នុង​មេរៀន​នីមួយៗ ហើយ​ជួយ​ពួកគេ​ឲ្យ​រក្សា​ការតាំង​ចិត្ត​របស់​ពួកគេ ។ នៅពេល​មនុស្ស​គ្រប់គ្នា​រក្សា​ការតាំងចិត្ត នោះ​ពួកគេ​ចាប់ផ្ដើម​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀបចំខ្លួន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។

សូម​បង្រៀន​មេរៀន​ទាំងអស់​ពី​មុន និងបន្ទាប់ពីពិធីបុណ្យ​ជ្រមុជទឹក ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដឹកនាំ​នៅក្នុង​ការបង្រៀន​មេរៀន​នានា​ទាំងពីរ​លើកនេះ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វួដ ឬ​សមាជិក​ផ្សេងទៀត​ចូលរួម បើ​អាច​ធ្វើ​ទៅបាន ។ សូមមើល ជំពូក​ទី ១០ និង ១៣ សម្រាប់​ព័ត៌មានអំពី​ការអញ្ជើញ​សមាជិក​ឲ្យ​ចូលរួម​នៅក្នុង​ការបង្រៀន ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

នៅពេល​អ្នក​រៀបចំខ្លួន​បង្រៀន សូម​រំឭក​ព័ត៌មាន​សម្រាប់​បុគ្គល​ម្នាក់ៗ​នៅក្នុង​កម្មវិធី​ប្រកាស​ដំណឹងល្អ​របស់​យើង ។ ធ្វើ​ផែនការ​មេរៀន​មួយ​ដោយ​ផ្អែក​លើ​សេចក្ដី​ត្រូវការ​របស់​បុគ្គល​នោះ ។ សូម​ពិចារណា​អ្វី​ដែល​គាត់ ឬ​នាង​គួរ​ដឹង ហើយ​ទទួល​អារម្មណ៍​អំឡុង​ការបង្រៀន​របស់​អ្នក ។ ព្រះវិញ្ញាណ​នឹង​លើក​តម្កើង​ការខិតខំ​របស់​អ្នក ពេល​អ្នក​ចំណាយពេល​រៀបចំខ្លួន និង​ធ្វើ​ផែនការ ។

ទាំងនេះ​គឺជា​សំណួរ​មួយ​ចំនួន​សម្រាប់​អ្នក និង​ដៃគូ​របស់​អ្នក ដើម្បី​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន ។

  • តើ​យើង​នឹង​ធ្វើ​ការអញ្ជើញ​អ្វីខ្លះ​ដើម្បី​ជួយ​បុគ្គល​នេះ​ស្ថាបនា​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​មាន​ការរីកចម្រើន ? ការអញ្ជើញ​គឺជា​របៀប​ដែល​អ្នក​ជួយ​មនុស្ស​ឲ្យ​ប្រែចិត្ត ហើយ​ដកពិសោធន៍​នូវ​« ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោស​លោះ » ( ហេលេមិន ៥:១១ ) ។ សូម​ពិចារណា​ពីការរីកចម្រើន ស្ថានភាព និង​សេចក្ដី​ត្រូវការ​របស់​បុគ្គល​នោះ ។ បន្ទាប់មក សូម​ដាក់​បញ្ចូល​នូវ​ការអញ្ជើញ​មួយ​ឬ​ច្រើន​ទៅក្នុង​ផែនការ​មេរៀន​របស់​អ្នក ។

  • តើ​គោលលទ្ធិ និង​គោលការណ៍​អ្វីខ្លះ​ដែល​នឹង​ជួយ​បុគ្គល​នេះ​ឲ្យ​រក្សា​ការតាំងចិត្ត​ដែល​យើង​បាន​អញ្ជើញ​គាត់ ឬ​នាង​ឲ្យ​ធ្វើ ? សូម​ធ្វើ​ការ​កំណត់​ប្រកប​ដោយ​ការ​អធិស្ឋាន​ថា​តើ​គោលលទ្ធិ និង​គោលការណ៍​អ្វីខ្លះ​ដែល​នឹង​ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​យល់ដឹង​ពី​ហេតុផល​ដែល​ការរក្សា​ការតាំងចិត្ត​របស់ពួកគេ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ និង​ចំពោះ​ព្រះអម្ចាស់ ។

  • តើ​យើង​នឹង​ជួយ​បុគ្គល​នេះ​ឲ្យ​រៀន​ពី​គោលលទ្ធិ​នេះ​ដោយ​របៀបណា ? ដើម្បី​រៀបចំខ្លួន​បង្រៀន​គោលលទ្ធិ​នេះ សូម​រៀបចំ និង​សង្ខេប​អ្វី​ដែល​អ្នក​នឹង​បង្រៀន​ដោយ​ប្រើ មេរៀនទី ១–៤ ។ សូម​កំណត់​ពី​សំណួរ បទគម្ពីរ ឧទាហរណ៍ និង​ប្រព័ន្ធផ្សព្វផ្សាយ​សមរម្យ​ដែល​នឹង​ជួយ​បុគ្គល​នោះ​យល់ដឹង​ពី​អ្វីដែល​អ្នក​បង្រៀន ។ សូមមើល ជំពូក​ទី ១០ សម្រាប់​ព័ត៌មាន​អំពី​របៀប​កែលម្អ​ការបង្រៀន​របស់​អ្នក ។

  • តើ​ព្រះបាន​សន្យា​ពរជ័យ​អ្វីខ្លះ​ចំពោះ​ការទទួល​យក និងការ​រក្សា​ការតាំងចិត្ត ? នៅពេល​អ្នក​សិក្សា​គោលលទ្ធិ​នោះ សូម​កត់សម្គាល់​ពី​ពរជ័យ​របស់ព្រះ​ដែលបាន​សន្យា​ ។ នៅពេល​អ្នក​បង្រៀន សូម​សន្យា​នូវ​ពរជ័យ និង​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងនោះ ។

  • តើ​សមាជិក​ម្នាក់​ណា​ដែល​អាច​ចូលរួម ? នៅក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្ដាហ៍ សូម​កំណត់​ថា​តើ​សមាជិក​ម្នាក់​ណា​ដែល​អាច​ជួយ​អ្នក​ពេល​បង្រៀន ហើយ​គាំទ្រ​ដល់​បុគ្គល​នោះ ។ ពីមុន​បង្រៀន​មេរៀន​នោះ សូម​ពិភាក្សា​គ្នា​ពី​ការចូលរួម​របស់​ពួកគេ ។ សូម​មើល ជំពូក​ទី ១០ ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រក្សា​ការតាំង​ចិត្ត​របស់​ពួកគេ​បន្ទាប់ពី​យើង​ចាកចេញ​ទៅ ? សូម​តាមដាន​ដោយ​ធ្វើការទាក់ទង​ប្រចាំ​ថ្ងៃ​រយៈពេល​ខ្លីៗ ដើម្បី​ជួយ​មនុស្ស​ឲ្យ​រក្សា​ការតាំង​ចិត្ត​របស់​ពួកគេ ។ សូម​រកមើល​របៀប​ដើម្បី​អញ្ជើញ​សមាជិក​ឲ្យ​ចូលរួម​ជួយ​ដល់​មនុស្ស​ដែល​អ្នកបង្រៀន​ឲ្យ​រក្សាការតាំង​ចិត្ត​របស់​ពួកគេ ។ ការទាក់ទង​នេះ​អាច​រួមមាន ការ​អាន​ជំពូក​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ​បទគម្ពីរ​ផ្សេងទៀត ។ ប្រសិនបើ​មនុស្ស​ម្នាក់​ពុំ​រក្សា​ការតាំង​ចិត្ត​កាលពី​លើក​មុន​ទេ វា​អាច​នឹង​ជា​រឿង​ដ៏​ប្រសើរ​ដើម្បី​ជួយ​បុគ្គល​នោះ​ធ្វើ​បាន​នូវ​ការតាំង​ចិត្ត​ចាស់​ពីមុន​ផ្ដល់​ការតាំង​ចិត្ត​ថ្មី​មួយទៀត ។ សូម​មើល​ជំពូក​ទី ១១ ។

  • តើ​យើង​អាច​ជួយ​ពួកគេ​លើក​ក្រោយ​ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា ? បន្ទាប់ពី​ស្ថានភាព​បង្រៀនទាំងអស់ សូម​វាយតម្លៃ​ពី​បទពិសោធន៍​របស់​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន ។ តើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់ពួកគេ កំពុង​រីកចម្រើន​ដែរ​ឬ​ទេ ? តើ​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ? តើ​ពួកគេ​កំពុង​ប្រែចិត្ត ព្រមទាំង​ធ្វើ និង​រក្សា​ការតាំងចិត្ត​ដែរ​ឬ​ទេ ? តើ​ពួកគេ​កំពុង​អធិស្ឋាន សិក្សា​ព្រះគម្ពីរ​មរមន និង​ចូលរួម​ព្រះវិហារ​ដែរឬទេ ? សូម​ដាក់​ផែនការ​ដើម្បី​ជួយ​ពួកគេ ។

សូម​បង្រៀន​ចេញពី​ដួងចិត្ត​របស់​អ្នក​ស្រប​តាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អែលឌើរ និង​ស៊ីស្ទើរ​គ្រប់រូប ៖

« គោលបំណង​របស់​យើង​គឺ​ដើម្បី​បង្រៀន​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​តាម​របៀប​មួយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ទាំង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា និង​មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន ។ វា​គឺជា​រឿង​ដ៏ចាំបាច់​ដើម្បី​រៀនសូត្រ​ពី​គោលគំនិត​នៃ [ មេរៀន ] ទាំងនោះ ប៉ុន្តែ​វា​មិនគួរ​ត្រូវបាន​បង្រៀន​ដោយ​ការទន្ទេញ​ចាំ​នោះទេ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​គួរ​ប្រើប្រាស់​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនដោយ​សេរី ដូច​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​ ។ គាត់​មិនគួរ​សូត្រចាំ​នោះទេ ប៉ុន្តែ​គួរ​និយាយ​ចេញ​ពី​ចិត្ត​តាម​ពាក្យ​សម្ដីរបស់​គាត់​ផ្ទាល់ ។ គាត់​អាច​នឹង​បែក​ចេញ​ពី​លំដាប់លំដោយ​នៃ​មេរៀន ដោយ​ធ្វើ​តាម​អ្វី​ដែល​គាត់​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ ស្របតាម​ចំណាប់អារម្មណ៍ និង​សេចក្ដីត្រូវការ​របស់​[ បុគ្គល ] នោះ ។ គាត់​គួរ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ការបង្រៀន​របស់​គាត់ ដោយ​ការ​និយាយ​ដោយ​ភាពជឿជាក់ និង​ជា​ពាក្យ​សម្ដី​របស់​គាត់​ផ្ទាល់ » ។

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ជួប​បុរស​ម្នាក់

បង្រៀន ហើយ​អញ្ជើញ​ស្របតាម​សេចក្ដីត្រូវការ​បុគ្គល​ម្នាក់ៗ

អ្នក​មាន​ភាព​បត់បែន​ដើម្បី​បង្រៀន​មេរៀន​តាម​របៀប​ណាមួយ​ដែល​ជួយ​មនុស្ស​ឲ្យ​រៀបចំ​ខ្លួន​ពេញ​លេញ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ មិនថា​អ្នក​បង្រៀន​មេរៀន​ណា នៅ​ពេល​ណា​អ្នក​បង្រៀន​ ហើយ​អ្នក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បង្រៀន​វា​នោះទេ ការណ៍​នោះ​ត្រូវ​បាន​កំណត់​យ៉ាង​ល្អ​បំផុត​តាម​សេចក្ដីត្រូវការ​របស់​បុគ្គល​ដែល​អ្នក​កំពុងបង្រៀន និង​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ ។ ឧទាហរណ៍ ពេល​បង្រៀន​មនុស្ស​ដែល​ពុំ​មាន​ប្រវត្តិ​ជា​ពួក​គ្រីស្ទាន នោះ​អ្នក​អាច​នឹង​ចាប់ផ្ដើម​ដោយ​ជួយ​ពួកគេ​អភិវឌ្ឍ​ទំនាក់ទំនង​ល្អ​មួយ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ហើយយល់ដឹង​អំពី​ផែនការ​របស់​ទ្រង់ ( សូមមើល « ការបង្រៀន​មនុស្ស​ដែល​ពុំ​មាន​ប្រវត្តិ​ជា​គ្រឹស្ដ​សាសនិក »​នៅជំពូក​ទី ១០ ) ។

ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​ថា​តើ​ត្រូវ​ធ្វើ​ការអញ្ជើញ​អ្វីខ្លះ និង​ធ្វើ​ការ​អញ្ជើញ​នៅ​ពេល​ណា ។ ការអញ្ជើញ​ដ៏ត្រឹមត្រូវ​នៅ​ចំពេល​ត្រឹមត្រូវ​អាច​បំផុស​គំនិត​មនុស្ស​ឲ្យ​ធ្វើ​រឿង​ដែល​នឹង​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ ។ សកម្មភាព​ទាំងនេះ​អាច​ដឹកនាំ​ទៅ​រកការ​ផ្លាស់ប្ដូរ​ដ៏ធំ​ក្នុង​ដួងចិត្ត ( សូមមើល ម៉ូសាយ ៥:២, អាលម៉ា ៥:១២–១៤ ) ។

សូម​បង្រៀន​មេរៀន​ដោយ​សាមញ្ញ ច្បាស់ៗ ហើយ​ខ្លី ។ ជាពិសេស ការ​ជួប​បង្រៀន​មួយ​មិន​គួរ​ជួប​លើស​ពី ៣០ នាទី​ឡើយ ហើយ​អ្នក​អាច​បង្រៀន​បុគ្គល​ម្នាក់​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ ។

ជាទូទៅ អ្នក​នឹង​ត្រូវការ​ជួបច្រើន​ដង​ដើម្បី​បង្រៀន​គោលការណ៍​នៅក្នុង​មេរៀន​មួយ ។ ជារឿយៗ មនុស្ស​គ្រប់គ្នា​យល់​សារលិខិត​របស់​អ្នក​បាន​ល្អ​ប្រសើរ​ជាង ប្រសិន​បើ​អ្នក​បង្រៀន​មេរៀន​ខ្លីៗ បង្រៀន​ជា​ទៀងទាត់ ហើយ​បង្រៀន​ជាផ្នែក​តូចៗ ។

ការសិក្សា​ព្រះគម្ពីរ

តើ​អ្នក​ត្រូវ​បាន​ដឹកនាំ​ឲ្យ​បង្រៀន​អ្វីខ្លះ ?

ហេតុអ្វី​ការសិក្សា​គោលលទ្ធិ​នៅក្នុង​មេរៀន​ទាំងឡាយ​មាន​សារៈសំខាន់ ?