ការហៅ​ក្នុង​បេសកកម្ម
ការអនុវត្ត​ជំនាញ​ទី ៥ ៖ ព្យាយាម​ទន្ទេញ​បទគម្ពីរ


ការអនុវត្ត​ជំនាញ​ទី ៥

ព្យាយាម​ទន្ទេញ​បទគម្ពីរ

បុរស​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

« អំណាច​ដ៏​មហិមា​អាច​កើត​ឡើង​មកពី​ការទន្ទេញ​បទគម្ពីរ » ( ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ ២៧ ) ។ ការទន្ទេញ​វគ្គ​បទគម្ពីរ​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​យើង​កាន់​តែ​ស៊ីជម្រៅ​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ និង​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការបង្រៀន​វា​ទៅដល់​មនុស្ស​ដទៃ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ ជួយ​សមាជិក​ក្នុង​ថ្នាក់​ស្វែងរក​ប្រអប់មួយ​ដែល​មាន​ចំណង​ជើង​ថា « តួនាទី​នៃ​ការទន្ទេញ » នៅក្នុង​ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ២៦–២៧ ) ។ បន្ទាប់មក សូម​ចែកចាយ​សេចក្តីណែនាំ​ដូច​ខាងក្រោម ៖

អាន​កថាខណ្ឌ​ទី​បី​នៅ​ក្នុង « តួនាទី​នៃ​ការទន្ទេញ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ​២៦ ) ។ សូម​ស្វែងរក​ពី​របៀប​ដែល​ការទន្ទេញ​វគ្គបទគម្ពីរ​អាច​ប្រទានពរ​ដល់​អ្នក​និង​មនុស្ស​ដទៃ​ទៀត ។

  • តើ​ការទន្ទេញ​ចាំ​អាច​ជួយ​អ្នក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​របៀបណា ?

  • តើ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការទន្ទេញ​វគ្គបទគម្ពីរ​មួយ​ដោយ​របៀបណា ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពន្យល់​ថា មាន​វិធីសាស្រ្ត​ជាច្រើន​ដែល​យើង​អាច​ប្រើ​ដើម្បី​ជួយ​យើង​ទន្ទេញ​បទគម្ពីរ ។ អ្នក​អាច​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន​ដូច​ខាង​ក្រោម ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​បន្ថែម​ទៀត​ផងដែរ ។

  • អាន​ពាក្យ​ទាំង​នោះ​ច្រើន​ដង​ជាប់ៗ​គ្នា ។ បន្ទាប់​មក​លាក់​ពាក្យទាំង​នោះ ហើយ​ធ្វើ​ម្តង​ទៀត​ដោយ​មិន​មើល ។

  • បែងចែក​វគ្គ​បទគម្ពីរ​ទៅ​ជា​ឃ្លា​ខ្លីៗ​ជា​ច្រើន ។ ទន្ទេញ​មួយ​ឃ្លា​ម្តងៗ ដោយ​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​ទន្ទេញ​រួចហើយ នៅពេល​អ្នក​បន្ត​ទៅ​ទៀត ។

  • សរសេរ​ពាក្យ​ទាំង​នោះ​ច្រើន​ជាង​ម្តង ខណៈ​ពេល​អាន​ខគម្ពីរ ។ បន្ទាប់​មក​សរសេរ​វគ្គបទគម្ពីរ​នោះ​ដោយ​មិន​មើល​ខគម្ពីរ​ឡើយ ។

  • សូម​សរសេរ​អក្សរ​ដំបូង​នៃ​រាល់​ពាក្យ​នៅ​ក្នុង​ខគម្ពីរ ហើយ​បន្ទាប់មក​ប្រើ​អក្សរ​ទាំងនោះ ដើម្បី​រំឭក​អ្នក​នៅពេល​អ្នក​សូត្រ​ខ​គម្ពីរ​នោះ ។

  • បង្កើត​រូបភាព​សាមញ្ញៗ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​វគ្គបទគម្ពីរ​នោះ ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពន្យល់​ថា វគ្គ​បទគម្ពីរ​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទន្ទេញ​ចាំ គឺ​ដំណើរ​រឿង​នៃ​ការ​និមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ដែល​បាន​កត់ត្រា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ ។

ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ដែល​អ្នក​អាច​ប្រើ​គំនិត​ទី​ពីរ មកពី​បញ្ជី​នៅ​ក្នុង​ផ្នែក​មុន ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ដំណើរ​រឿង​របស់ យ៉ូសែប ស៊្មីធ ។ សូម​ជួយ​សិស្ស​ទន្ទេញ​មួយ​ឃ្លា​ម្តងៗ​នូវ​ឃ្លា​ខាង​ក្រោម ដោយ​អានឲ្យ​ឮៗ​រួមគ្នា​ជា​ថ្មាក់ ។

« ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំ​លើ​រូប​ខ្ញុំ ។ …

« កាល​ពន្លឺ​នោះ​ស្ថិត​ចំពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយ ឈរ​នៅ​លើ​អាកាស​ពីលើ​រូប​ខ្ញុំ ។

« តួអង្គ​មួយ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះ​បន្ទូល​ថា—នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! »យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៦–១៧ ) ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ហាត់​សូត្រ​ផ្នែក​នេះ​អំពី​ដំណើរ​រឿង​នៃ​ការ​និមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ជាមួយ​ដៃគូ ។ ពួកគេ​អាច​ប្រើ​វិធីសាស្រ្ត​ដូច​គ្នា​ដែល​អ្នក​បាន​អនុវត្ត​រួម​គ្នា​ជា​ថ្នាក់ ឬ​ពួកគេ​អាច​ជ្រើសរើស​វិធីសាស្រ្ត​មួយ​ផ្សេង​ទៀត ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​សេចក្តី​ណែនាំ​ខាង​ក្រោម​ដើម្បី​ជួយ​សិស្ស​អនុវត្ត​ជំនាញ​នៃ​ការទន្ទេញ​បទគម្ពីរ​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ ៖

កំណត់​ពី​របៀប​ដែល​អ្នក​នឹង​បន្ត​ប្រើ​ជំនាញ​នៃ​ការទន្ទេញ​បទគម្ពីរ ។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​មួយ​ចំនួន ៖

  • សូម​បន្ត​ការទន្ទេញ​របស់​អ្នក​អំពី​ការ​និមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។ សូម​ហាត់​សូត្រ​វា​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្ដាប់ ។

  • សូម​ជ្រើស​យក​បទគម្ពីរ​មួយ ឬ​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ទន្ទេញ ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទន្ទេញ​វា ។