« មេរៀនទី ១៧៥—ការដាក់គោលដៅ ៖ ការប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការដាក់គោលដៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៥ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ការដាក់គោលដៅ
ការប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យកូនចៅរបស់ទ្រង់ទាំងអស់ទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។ យើងអាចរីកចម្រើនក្នុងការខិតខំរបស់យើងដើម្បីប្រែក្លាយដូចជាព្រះ ហើយត្រឡប់ទៅទីវត្តមានរបស់ទ្រង់តាមរយៈការដាក់គោលដៅផ្ទាល់ខ្លួន ។ មេរៀននេះអាចជួយសិស្សដាក់គោលដៅ និងបង្កើតផែនការយ៉ាងមានប្រសិទ្ធភាព នៅពេលពួកគេខិតខំប្រែក្លាយកាន់តែដូចព្រះដោយមានជំនួយរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកទៅណា ? តើអ្នកនឹងទៅដល់ទីនោះដោយរបៀបណា ?
សូមបង្ហាញផែនទីពិភពលោក ឬផែនទីនៃតំបន់របស់អ្នក ។ សុំឲ្យសិស្សចែកចាយទីតាំងដែលពួកគេបានទៅទស្សនា ឬចង់ទៅលេង ។ សូមទុកពេលពីរនាទីដល់សិស្សដើម្បីបង្កើតផែនការដែលអាចជួយនរណាម្នាក់ធ្វើដំណើរទៅកាន់ទីតាំងនោះ ។ ផែនការនេះអាចរួមបញ្ចូលអ្វីៗដូចជា របៀបធ្វើដំណើរដែលសមស្រប ព័ត៌មានលម្អិតអំពីផ្លូវ និងការចំណាយជាដើម ។ សិស្សអាចចែកចាយផែនការរបស់ពួកគេជាមួយដៃគូ ។
-
តើការបង្កើតផែនការធ្វើដំណើរអាចទាក់ទងនឹងជីវិតរមែងស្លាប់របស់យើងយ៉ាងដូចម្ដេច ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចខាងក្រោម ៖
ការដឹងពីទីកន្លែងដែលអ្នកនឹងទៅ និងរបៀបដែលអ្នករំពឹងថាទៅដល់ទីនោះ អាចនាំឲ្យជីវិតមានន័យ មានគោលបំណង និងមានការសម្រេចបាន ។
មនុស្សមួយចំនួនពិបាកញែកឲ្យដាច់រវាងគោលដៅ និងផែនការ រហូតដល់ពួកគេរៀនថា គោលដៅមួយគឺជាទិសដៅ ឬ ទីបញ្ចប់ ឯផែនការវិញគឺជាផ្លូវដែលធ្វើឲ្យបងប្អូនអាចទៅដល់ទីនោះ ។ ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ៦២ )
-
តើគោលដៅ និងផែនការទាំងឡាយមានគោលបំណងអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីគោលដៅ និងផែនការផ្ទាល់ខ្លួនរបស់ពួកគេដោយជញ្ជឹងគិតនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកដាក់គោលដៅសម្រាប់ខ្លួនអ្នក ហើយរៀបចំផែនការដើម្បីសម្រេចបានវាញឹកញាប់ប៉ុនណា ?
-
តើជោគជ័យ និងការតស៊ូរបស់អ្នកមានអ្វីខ្លះ ?
-
តើអ្នកសង្ឃឹមថាគោលដៅ និងផែនការរបស់អ្នកនឹងនាំអ្នកទៅណា ?
នៅមេរៀននេះទាំងមូល សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេអភិវឌ្ឍ និងខិតខំឆ្ពោះទៅរកគោលដៅ និងផែនការរបស់ពួកគេ ។
ព្រះបានប្រទានគំរូដល់យើង
នៅពេលអ្នកបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ សូមពិចារណាដកឃ្លា « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស [ ប្រុស និងស្រី ] » និងពាក្យ « សេចក្តីសង្រ្គោះ » ចេញពីកថាខណ្ឌទីមួយ ។ សូមឲ្យសិស្សបំពេញចន្លោះនេះជាមួយនឹងគោលដៅរបស់ព្រះ និងឈ្មោះនៃផែនការរបស់ទ្រង់ ។ សិស្សអាចអាន ម៉ូសេ ១:៣៩ ឬ អាលម៉ា ៤២:៥ ដើម្បីស្វែងយល់ពីពាក្យសម្តីរបស់ប្រធាន បាឡឺដ ។ អ្នកអាចពន្យល់ថា ពាក្យដែលប្រើថា « មនុស្ស » នៅក្នុង ម៉ូសេ ១:៣៩ និងបទគម្ពីរផ្សេងទៀត ( ឧទាហរណ៍ លោកុប្បត្តិ ១:២៧; មរមន ៩:១៧ ) គឺសំដៅលើជីវិតរមែងស្លាប់ ឬមនុស្សលោក ដូច្នេះ គឺសំដៅទៅលើទាំងបុរស និងស្ត្រី ។
ប្រធាន បាឡឺដ បានបន្តបង្រៀន ៖
ព្រះជាព្រះវរបិតាសួគ៌របស់យើង បានប្រទានគំរូដ៏ល្អឥតខ្ចោះដល់យើង អំពីការដាក់គោលដៅ និងផែនការ ។ គោលដៅរបស់ទ្រង់គឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់ក្បលជានិច្ចដល់មនុស្ស [ ប្រុស និងស្រី ] » [ ម៉ូសេ ១:៣៩ ] ហើយមធ្យោបាយរបស់ទ្រង់ដើម្បីសម្រេចបានគោលដៅនេះ គឺជាផែនការនៃសេចក្តីសង្គ្រោះ ។ …
… ខ្ញុំជឿថា គន្លឹះសំខាន់មួយឆ្ពោះទៅរកសុភមង្គលគឺការរៀនអំពីរបៀបដាក់គោលដៅផ្ទាល់ខ្លួនយើង និងបង្កើតផែនការផ្ទាល់ខ្លួនយើង នៅក្នុងគម្រោងនៃផែនការដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌យើង ។ ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ៦៣ )
-
តើអ្នករៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះអំពីគោលដៅ និងផែនការផ្ទាល់ខ្លួនរបស់អ្នក ?
សេចក្តីពិតមួយដែលសិស្សអាចកំណត់គឺថា យើងអាចទទួលបានសុភមង្គលដោយខិតខំឆ្ពោះទៅរកគោលដៅផ្ទាល់ខ្លួន ដែលជួយយើងធ្វើតាមផែនការរបស់ព្រះ ។ សូមជួយសិស្សឲ្យយល់ថា ព្រះបានធ្វើឲ្យវាអាចទៅរួចសម្រាប់យើងដើម្បីរស់នៅជារៀងរហូត ឬទទួលបានអមតភាព តាមរយៈព្រះអង្គសង្រ្គោះ ។ ទ្រង់ក៏មានព្រះទ័យចង់ឲ្យយើងប្រែក្លាយដូចជាទ្រង់ និងព្រះយេស៊ូវគ្រីស្ទផងដែរ ហើយត្រឡប់ទៅរស់នៅជាមួយទ្រង់ទាំងទ្វេ ឬទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះធ្វើឲ្យពរជ័យទាំងនេះអាចកើតមានបាន ។
-
ហេតុអ្វីអ្នកគិតថា យើងអាចដកពិសោធន៍នូវសុភមង្គល នៅពេលគោលដៅរបស់យើងជួយយើងធ្វើតាមផែនការរបស់ព្រះ ? ( សូមមើល នីហ្វៃទី២ ២:២៥; ម៉ូសាយ ២:៤១ ) ។
សូមអាន លូកា ២:៥២ ដោយរកមើលនូវរបៀបដែលព្រះអង្គសង្គ្រោះបានចម្រើនវ័យជាក្មេងជំទង់ នៅពេលទ្រង់ធ្វើតាមផែនការរបស់ព្រះវរបិតារបស់ទ្រង់ ។
-
ហេតុអ្វីបានជាការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៃការរីកចម្រើននៅក្នុងផ្នែកទាំងនេះអាចនាំឲ្យកើនឡើងនូវសុភមង្គល ?
លំនាំសម្រាប់ភាពរីកចម្រើន
សូមបង្ហាញសិស្សនូវ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំយុវវ័យ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលសៀវភៅណែនាំនេះអាចត្រូវបានប្រើប្រាស់ ដើម្បីជួយបង្កើតគោលដៅ និងបង្កើតផែនការ ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា យើងត្រូវបានអញ្ជើញឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការបង្កើតគោលដៅនៅក្នុងផ្នែកនីមួយៗដូចខាងក្រោមនេះ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងបញ្ញា និងខាងរូបកាយ ។
ដើម្បីរៀបចំសិស្សឲ្យខិតខំសម្រេចបានគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ សូមពិចារណាពិនិត្យមើលផ្នែក « លំនាំសម្រាប់ភាពរីកចម្រើន » នៅក្នុង សៀវភៅណែនាំយុវវ័យ ( [ ឆ្នាំ ២០១៩ ] ទំព័រ ៧–១៥ ) ឬផ្ដល់សំណៅចែកដែលមានចំណងជើងថា « លំនាំសម្រាប់ការរីកចម្រើន » ។ សូមចាត់សិស្សជាក្រុមដែលមានគ្នាបួននាក់ ដោយសិស្សម្នាក់ៗសិក្សាផ្នែកផ្សេងគ្នានៃលំនាំនេះ ។ បន្ទាប់មកពួកគេអាចពន្យល់ទៅកាន់ក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានរៀន ។
អ្នកក៏អាចមើល « Video: Goal Setting Process » ( ៣:៤២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
លំនាំសម្រាប់ការរីកចម្រើន
|
ស្វែងរក សេចក្ដីត្រូវការ អំណោយទាន និងទេពកោសល្យរបស់អ្នក ។ សូមព្យាយាមសួរសំណួរដូចជា ៖ តើខ្ញុំមានអារម្មណ៍ថាគួររៀន ឬផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងជីវិតរបស់ខ្ញុំ ? តើអ្វីទៅជាទេពកោសល្យ និងជំនាញដែលខ្ញុំចង់ទទួលបាន ? តើអ្វីទៅជាទម្លាប់ខាងវិញ្ញាណដែលខ្ញុំត្រូវការអភិវឌ្ឍ ឬកែលម្អ ? តើខ្ញុំអាចរក្សាសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើនៅពេលខ្ញុំទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ? តើខ្ញុំអាចបម្រើអ្នកណាខ្លះ ? « អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ … អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩:៨ ) ។ |
ដាក់ផែនការ ដើម្បីធ្វើឲ្យប្រសើរឡើង ។ សូមព្យាយាមសួរសំណួរដូចជា ៖
« ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។ |
|
ឆ្លុះបញ្ចាំង ពីអ្វីដែលអ្នកបានរៀន ។ សូមព្យាយាមសួរសំណួរដូចជា ៖
« ពិចារណាពីផ្លូវដែលជើងឯងដើរ » ( សុភាសិត ៤:២៦ ) ។ |
អនុវត្ត ដើម្បីរីកលូតលាស់ក្នុងសេចក្តីជំនឿ ។ ប្រសិនបើអ្នកជាប់គាំង សូមព្យាយាមសួរសំណួរដូចជា ៖
« យើងប្រាប់ជាប្រាកដថា [ អ្នក ] ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់អ្នក ] » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧ ) ។ |
-
តើសំណួរមួយណាដែលអ្នកមានអារម្មណ៍ថា អាចមានអត្ថប្រយោជន៍នៅពេលអ្នកខិតខំសម្រេចគោលដៅ និងផែនការរបស់អ្នក ? ហេតុអ្វី ?
-
តើលំនាំនេះអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដោយរបៀបណា ?
ស្វែងរក ដាក់ផែនការ អនុវត្ត និងឆ្លុះបញ្ចាំង
សូមផ្តល់ពេលវេលាសម្រាប់សិស្សដើម្បីខិតខំសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ៖
សូមជ្រើសរើសចំណងជើងដែលពិពណ៌នាអំពីអ្នកបានល្អបំផុត ហើយបំពេញការណែនាំដែលត្រូវគ្នាមួយ ឬច្រើន ។ សូមស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ និងប្រើ « លំនាំសម្រាប់ការរីកចម្រើន » ( ដែលមាននៅក្នុង សៀវភៅណែនាំយុវវ័យ ឬនៅលើសំណៅចែក ) ។
-
ខ្ញុំមិនទាន់បានដាក់គោលដៅ ឬផែនការជាក់លាក់ទេ ។
-
ក. ស្វែងរក អ្វីដែលអ្នកត្រូវធ្វើនៅក្នុងផ្នែកមួយ ឬច្រើនដូចតទៅនេះ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងបញ្ញា និងខាងរូបកាយ ។
ខ. បង្កើត ផែនការ ដែលនឹងជួយអ្នកសម្រេចបានគោលដៅទាំងនេះ ។
គ. កត់ត្រាគោលដៅ និងផែនការរបស់អ្នកនៅក្នុងសៀវភៅណែនាំយុវវ័យ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ខ្ញុំមានគោលដៅ និងផែនការដែលខ្ញុំកំពុងធ្វើ ។
-
ក. បើសមរម្យ សូមប្រើពេលវេលានៅក្នុងថ្នាក់ដើម្បី អនុវត្ត ផែនការ និងគោលដៅរបស់អ្នកមួយចំនួន ។
ខ. ឆ្លុះបញ្ចាំង ពីអ្វីដែលអ្នកបានរៀន និងការរីកចម្រើនដែលអ្នកបានមាន កាលដែលអ្នកបានអនុវត្តតាមគោលដៅ និងផែនការរបស់អ្នក ។
គ. កត់ត្រាគំនិតរបស់អ្នក ហើយកែសម្រួលគោលដៅ ឬផែនការរបស់អ្នកតាមតម្រូវការនៅក្នុងសៀវភៅណែនាំយុវវ័យ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវគោលដៅដែលពួកគេបានដាក់ ឬជោគជ័យ និងបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ ខណៈពេលកំពុងខិតខំឆ្ពោះទៅរកគោលដៅរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យធ្វើតាមគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមពន្យល់ថា ការខិតខំធ្វើតាមគោលដៅគឺជាសកម្មភាពមួយនៃសេចក្តីជំនឿ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទជ្រាបពីភាពខ្លាំង និងភាពខ្សោយរបស់យើង ។ ទ្រង់នឹងជួយយើងទទួលបានជោគជ័យ នៅពេលយើងងាកទៅរកទ្រង់ ។