« មេរៀនទី ១៧៦—គោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់យើង ៖ យើងមាននិស្ស័យ និងជោគវាសនាដ៏ទេវភាព »៖ សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៦ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
គោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់យើង
យើងមាននិស្ស័យ និងជោគវាសនាដ៏ទេវភាព
ក្នុងនាមជាបុត្រាបុត្រីនៃព្រះមាតាបិតាសួគ៌ យើងអាចក្លាយដូចជាទ្រង់ទាំងទ្វេ ហើយទទួលមរតកនូវអ្វីដែលទ្រង់មាន ។ ពរជ័យទាំងនេះមានសម្រាប់យើងម្នាក់ៗ ដោយសារព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សមានអារម្មណ៍ថា ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ពួកគេមាននិស្ស័យ និងគោលបំណងដ៏ទេវភាព ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើខ្ញុំជានរណា ហើយគោលបំណងរបស់ខ្ញុំគឺជាអ្វី ?
សូមចាប់ផ្តើមមេរៀននេះដោយជួយសិស្សឲ្យគិតពីរបៀបដែលយើងងាយភ្លេចតម្លៃ និងអត្តសញ្ញាណនៃព្រះរបស់យើង ។ អ្នកអាចធ្វើកិច្ចការនេះបានដោយចែកចាយវីដេអូ « Our True Identity » ( ៣:៣៩ ) ចាប់ពីនាទី ០:០០ ដល់ ១:១៤ ។ សូមអញ្ជើញសិស្សឲ្យគិតពីរបៀបដែលយើងអាចមើលឃើញខ្លួនឯងជាកូនទាដ៏អាក្រក់ ។ បន្ទាប់មក អ្នកអាចឲ្យសិស្សបង្កើតសាច់រឿងដូចខាងក្រោម ដែលមនុស្សម្នាក់អាចមានអារម្មណ៍ដូចជាកូនទាដ៏អាក្រក់ នៅពេលពួកគេភ្លេចអត្តសញ្ញាណនៃព្រះរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។
ឬអ្នកអាចចាប់ផ្តើមដោយចែកចាយសាច់រឿងខាងក្រោម ដោយកែសម្រួលព័ត៌មានលម្អិតណាមួយ ដើម្បីឆ្លុះបញ្ចាំងពីកង្វល់ដែលសិស្សរបស់អ្នកអាចមាន ។
អាមេលៀមានអាយុ១៥ឆ្នាំ ។ ជារឿយៗ នាងមានអារម្មណ៍ឯកោ ហើយគ្មានគេចាប់អារម្មណ៍ឡើយ ។ នាងប្រាថ្នាថា នាងមានមិត្តភក្ដិច្រើន ហើយមានរូបរាងខុសប្លែកពីនាងសព្វថ្ងៃ ។ អាមេលៀមើលឃើញអ្នកដទៃធ្វើរឿងសំខាន់ ប៉ុន្តែមិនគិតថានាងល្អគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលសំខាន់ឡើយ ។ នាងសង្ស័យពីតម្លៃខ្លួនឯង ។
-
តើអ្វីទៅដែលអាចធ្វើឲ្យយើងពិបាកចងចាំពីអត្តសញ្ញាណរបស់យើងក្នុងនាមជាបុត្រាបុត្រីព្រះ ?
សូមពន្យល់ថា ក្នុងមេរៀននេះ សិស្សនឹងរៀនអំពីអត្តសញ្ញាណនៃព្រះរបស់ពួកគេក្នុងនាមជាបុត្រី និងបុត្រានៃព្រះ ។ សូមអញ្ជើញពួកគេឲ្យគិតពីរបៀបមួយចំនួន ដែលជីវិតរបស់ពួកគេរងឥទ្ធិពលពីការដឹងថា ពួកគេគឺជាបុត្រាបុត្រីរបស់ព្រះ ។ ពួកគេអាចសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យស្តាប់រកការបង្រៀនរបស់ព្រះវិញ្ញាណបរិសុទ្ធអំពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់ពួកគេ ។
និស្ស័យ និងគោលបំណងដ៏ទេវភាព
ចំពោះសកម្មភាពខាងក្រោម អ្នកអាចបែងចែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យប្រើសំណៅចែក « គោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំ » ដើម្បីរៀបចំខ្លួនឆ្លើយតបទៅអាមេលៀ ។ សូមចាត់តាំងអ្នកដឹកនាំក្រុមដែលអាចជួយក្រុមរបស់ពួកគេបំពេញតួនាទីផ្សេងៗគ្នា ។ ឧទាហរណ៍ សិស្សម្នាក់អាចអាន ម្នាក់ទៀតអាចសរសេរការឆ្លើយតប ហើយម្នាក់ទៀតអាចធ្វើបទបង្ហាញដល់សិស្សក្នុងថ្នាក់ ។
សិស្សអាចរកមើលបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍បន្ថែមដោយស្រាវជ្រាវ « និស្ស័យដ៏ទេវភាព » ឬ « ជោគវាសនាដ៏ទេវភាព » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
សូមអានបទគម្ពីរ និងសេចក្ដីថ្លែងការណ៍នៅលើសំណៅចែក ។ សូមស្វែងរកឃ្លាដែលអ្នកគិតថាអាចជួយអាមេលៀ ហើយពិចារណាពីមូលហេតុដែលឃ្លាទាំងនោះប្រហែលជាមានប្រយោជន៍ ។
គោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំ
១. សូមអានសេចក្ដីថ្លែងការណ៍នេះមកពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក ៖
ខ្ញុំជឿថា ព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកមើលឃើញ ទទួលអារម្មណ៍ និងដឹងថាទ្រង់ជាកម្លាំងរបស់អ្នក ។ ដោយមានជំនួយរបស់ទ្រង់ នោះនឹងគ្មានដែនកំណត់ចំពោះអ្វីដែលអ្នកអាចសម្រេចបាននោះទេ ។ ដោយមានជំនួយរបស់ទ្រង់ សក្តានុពលរបស់អ្នកគឺគ្មានដែនកំណត់ឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យអ្នកមើលឃើញខ្លួនឯងដូចដែលទ្រង់ទតឃើញអ្នក ។ ដែលវាខុសពីគ្នាយ៉ាងខ្លាំងពីរបៀបដែលពិភពលោកមើលឃើញអ្នក ។
ព្រះអង្គសង្គ្រោះបានប្រកាសយ៉ាងច្បាស់លាស់ថា អ្នកគឺជាបុត្រា ឬបុត្រីរបស់ព្រះដ៏មានឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌របស់អ្នកគឺជាអង្គដ៏រុងរឿងបំផុតក្នុងសកលលោក ពេញដោយសេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និងសេចក្តីពិត ។ ហើយថ្ងៃមួយ ទ្រង់សព្វព្រះទ័យឲ្យអ្នកគ្រងមរតកនូវអ្វីៗទាំងអស់ដែលទ្រង់មាន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៩–១០ )
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ដោយរកមើលអ្វីដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ប្រទានឲ្យអ្នក ។
២. សូមអានសេចក្តីថ្លែងការណ៍នេះមកពីស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ក្នុងគណៈប្រធានយុវនារីទូទៅ ដោយរកមើលការប្រឹក្សារបស់គាត់ដល់មនុស្សម្នាក់ដែលសង្ស័យពីតម្លៃនៃព្រះរបស់ពួកគេ ៖
ប្រហែលរឿងដ៏សំខាន់បំផុតសម្រាប់យើងដើម្បីមើលឃើញយ៉ាងច្បាស់គឺថាតើព្រះជានរណាហើយតើយើងជានរណា—ជាបុត្រាបុត្រីនៃព្រះមាតាបិតាសួគ៌ដែលមាន « និស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច » [ បាវចនាយុវនារី នៅលើគេហទំព័រ ChurchofJesusChrist.org ] ។ ចូរសូមដល់ព្រះឲ្យបង្ហាញការពិតទាំងនេះដល់បងប្អូនរួមជាមួយព្រះទ័យរបស់ទ្រង់ចំពោះបងប្អូន ។ ( មីឈែល ឌី ក្រេហ្គ « Eyes to See » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ១៥ )
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១៣ ដោយរកមើលរបៀបដែលព្រះវរបិតាសួគ៌ខ្វល់ខ្វាយចំពោះអ្នក ។
៣. សូមអានសេចក្តីថ្លែងការណ៍នេះមកពីប្រធាន ស៊ូសាន អេច ផតធ័រ ប្រធានអង្គការបឋមសិក្សាទូទៅ ដោយរកមើលមូលហេតុដែលយើងម្នាក់ៗត្រូវដឹងពីរបៀបដែលព្រះវរបិតាសួគ៌ខ្វល់ខ្វាយចំពោះយើង ៖
នៅពេលបងប្អូនដឹង និងយល់យ៉ាងច្បាស់ថាបងប្អូនត្រូវបានស្រឡាញ់យ៉ាងពេញលេញដូចកូនរបស់ព្រះ នោះវាផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។ វាផ្លាស់ប្តូរនូវរបៀបដែលបងប្អូនមានអារម្មណ៍អំពីខ្លួនឯងនៅពេលបងប្អូនធ្វើខុស ។ វាផ្លាស់ប្តូរនូវរបៀបដែលបងប្អូនមានអារម្មណ៍នៅពេលមានរឿងពិបាកផ្សេងៗកើតឡើង ។ វាផ្លាស់ប្តូរនូវទស្សនៈរបស់បងប្អូនចំពោះបញ្ញត្តិទាំងឡាយរបស់ព្រះ ។ វាផ្លាស់ប្តូរនូវទស្សនៈរបស់បងប្អូនអំពីអ្នកដទៃ និងសមត្ថភាពរបស់បងប្អូនដើម្បីធ្វើឲ្យមានភាពផ្លាស់ប្តូរ ។ ( ស៊ូសាន អេច ផតធ័រ « God’s Love: The Most Joyous to the Soul » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ៣៣ )
៤. សូមអានសេចក្តីថ្លែងការណ៍នេះមកពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលលោកបានបង្រៀនអំពីសេចក្តីសង្ឃឹមរបស់ព្រះវរបិតាសួគ៌ចំពោះយើងម្នាក់ៗ ៖
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់អនុញ្ញាតឲ្យយើងរស់នៅកន្លែង និងរបៀបដែលទ្រង់រស់នៅ ហើយទីបំផុតនឹងក្លាយកាន់តែដូចទ្រង់ ។ ផែនការរបស់ទ្រង់ពិតជាធ្វើឲ្យពរជ័យដ៏ធំបំផុតនៃភាពអស់កល្បជានិច្ច កើតមានដល់យើង រួមទាំងសក្តានុពលដើម្បីយើងបាន « គ្រងមរតកជាមួយនឹងព្រះគ្រីស្ទ » ផងដែរ [ រ៉ូម ៨:១៧ ] ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
ប្រសិនបើមានអត្ថប្រយោជន៍ចំពោះសិស្ស អ្នកអាចបង្ហាញវីដេអូដែលនៅសល់អំពី« Our True Identity »( ៣:៣៩ ) ចាប់ពីនាទី ១:១៥ ដល់ ៣:៣៩ ។ សិស្សអាចផ្អាកការពិភាក្សាជាក្រុមរបស់ពួកគេ ដើម្បីមើលវីដេអូនេះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យបន្ថែមអ្វីដែលពួកគេអាចចែកចាយជាមួយអាមេលៀ ។
នៅពេលសិស្សបានបញ្ចប់ការពិភាក្សាជាក្រុមរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យរាយការណ៍ប្រាប់ដល់សិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានសិក្សា ។ ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាក្នុងថ្នាក់ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេយល់ថាមានអត្ថន័យអំពីមតិយោបល់របស់អ្នកដទៃ ។
សារៈសំខាន់នៃខ្ញុំជានរណា និងខ្ញុំអាចក្លាយជានរណា
ការសរសេរសៀវភៅកំណត់ហេតុអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ និងយល់ដឹងពីអារម្មណ៍របស់ពួកគេកាន់តែច្បាស់ ។ វាក៏អាចជួយសិស្សអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនពួកគេផងដែរ ។ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ ពេលអ្នកសិក្សាអំពីគោលបំណង និងអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ?
-
តើអ្នកគិតថាចំណេះដឹងនេះអាចប៉ះពាល់ដល់ការសម្រេចចិត្តដែលអ្នកធ្វើ ឬរបៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃដោយរបៀបណា ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យមានអារម្មណ៍ថា អ្នកជាបុត្ររបស់ព្រះដែលមានជោគវាសនាដ៏ទេវភាព ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអារម្មណ៍ និងបទពិសោធន៍របស់ពួកគេអំពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់ពួកគេ ។
សូមពិចារណាថ្លែងទីបន្ទាល់របស់អ្នកអំពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពនៃបុត្រម្នាក់ៗរបស់ព្រះ ។