« មេរៀនទី ១៧៧—ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា ៖ ការមានមនសិការប្រុងប្រយ័ត្នក្នុងការជ្រើសរើសរបស់យើងទាក់ទងនឹងបច្ចេកវិទ្យា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៧ ៖ ដើម្បីកម្លាំងនៃយុវជន ៖ ការធ្វើការជ្រើសរើស
ការទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា
ការមានមនសិការប្រុងប្រយ័ត្នក្នុងការជ្រើសរើសរបស់យើងទាក់ទងនឹងបច្ចេកវិទ្យា
យើងមានពរដែលបានរស់នៅក្នុងគ្រាដែលមានបច្ចេកវិទ្យាច្រើន ។ ការប្រើប្រាស់បច្ចេកវិទ្យារបស់យើងអាចជួយយើងឲ្យរីកចម្រើនខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយជួយកិច្ចការរបស់ទ្រង់ឲ្យឆ្ពោះទៅមុខ ។ ប៉ុន្តែវាក៏អាចដឹកនាំយើងឲ្យចេញឆ្ងាយពីទ្រង់ដែរ ។ មេរៀននេះអាចជួយសិស្សឲ្យអនុវត្តការការពារសុវត្ថិភាពដើម្បីទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រើប្រាស់បច្ចេកវិទ្យា
សូមពិចារណាដាក់បង្ហាញរូបភាពផ្ទាំងមាស ។ សូមពន្យល់ថា ព្រះបានប្រគល់ផ្ទាំងមាសដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៦ ដោយរកមើលការព្រមានដែលមរ៉ូណៃបានផ្តល់ឲ្យ យ៉ូសែប ស្ម៊ីធ អំពីផ្ទាំងមាស ។
សូមពិចារណាសរសេរចំណងជើងថា ការប្រើប្រាស់សម្រាប់សេចក្ដីល្អ នៅលើក្ដារខៀនម្ខាង និងចំណងជើងមួយទៀតថា ការប្រើប្រាស់ខុស នៅលើក្ដារខៀនម្ខាងទៀត ។ បន្ទាប់មក អ្នកអាចសរសេរចម្លើយរបស់សិស្សចំពោះសំណួរដូចតទៅនេះ ដែលនៅក្រោមចំណងជើងនីមួយៗ ។
-
តើសាតាំងបានព្យាយាមធ្វើឲ្យ យ៉ូសែប ស្ម៊ីធ ប្រើប្រាស់ផ្ទាំងមាសដោយខុសឆ្គងយ៉ាងដូចម្ដេច ?
-
តើ យ៉ូសែប ស្ម៊ីធ បានប្រើផ្ទាំងមាសសម្រាប់សេចក្ដីល្អយ៉ាងដូចម្ដេច ?
សូមលើកទូរសព្ទដៃមួយឡើង ឬដាក់បង្ហាញរូបភាពទូរសព្ទដៃមួយ ហើយប្រាប់សិស្សថា ព្រះបានប្រទានបច្ចេកវិទ្យាដល់ពួកគេ ។
-
តើយើងអាចប្រើបច្ចេកវិទ្យាសម្រាប់សេចក្ដីល្អយ៉ាងដូចម្ដេច ?
-
តើក្មេងជំទង់អាចត្រូវបានល្បួងឲ្យប្រើបច្ចេកវិទ្យាដោយខុសឆ្គងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតដោយស្ងៀមស្ងាត់ចំពោះសំណួរខាងក្រោមនេះ ។
-
តើអ្នកកំពុងប្រើប្រាស់បច្ចេកវិទ្យាតាមរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអ្នកប្រើដែរឬទេ ?
សូមលើកទឹកចិត្តសិស្សឲ្យបើកចិត្តទទួលយកចំណាប់អារម្មណ៍អំពីរបៀបដែលពួកគេអាចទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។ សូមពិចារណាចែកចាយថា ដូចដែលព្រះអម្ចាស់បានណែនាំ យ៉ូសែប ស្ម៊ីធ ឲ្យប្រើផ្ទាំងមាសសម្រាប់សេចក្ដីល្អដែរ នោះទ្រង់អាចជួយយើងឲ្យធ្វើដូចគ្នាជាមួយនឹងបច្ចេកវិទ្យា ។
ការណែនាំដែលបានបំផុសគំនិត
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យរៀនពីការណែនាំដែលបានបំផុសគំនិតដោយព្រះអម្ចាស់អំពីការទទួលខុសត្រូវលើបច្ចេកវិទ្យា ។
របៀបមួយដែលអ្នកអាចសិក្សាផ្នែកខាងក្រោមគឺបំបែកសិស្សជាពីរក្រុម ។ សូមចែកផ្នែកមួយឲ្យក្រុមនីមួយៗ ។ សូមអញ្ជើញសិស្សឲ្យសិក្សាផ្នែករបស់ពួកគេរៀងៗខ្លួន សូមសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេចំពោះសំណួរទាំងនោះ ហើយត្រៀមខ្លួនបង្រៀនអ្វីដែលពួកគេរៀន ។
ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាផ្នែកណាមួយដែលពួកគេមានចំណាប់អារម្មណ៍ច្រើន ។
ការទទួលខុសត្រូវលើបច្ចេកវិទ្យា
ផ្នែកទី ១ ។ ការចំណាយពេលប្រើបច្ចេកវិទ្យាដោយឈ្លាសវៃ
នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះអម្ចាស់ប្រើពាក្យ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » និង « បង្ខាត » ។
-
តើអ្នកគិតថា ពាក្យទាំងនេះមានន័យដូចម្ដេច ?
សូមអានបទគម្ពីរខាងក្រោម ហើយជញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់បង្រៀនអំពីការឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ និងការបង្ខាត ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៧–២៨; ៦០:១៣; ៦៨:៣១; ៧៥:៣ ។
-
តើអ្នកនឹងសង្ខេបអ្វីដែលព្រះអម្ចាស់បង្រៀនយ៉ាងដូចម្ដេច ?
( នៅក្នុងចំណោមសេចក្តីពិតមួយចំនួន អ្នកអាចសង្កេតឃើញអ្វីមួយដូចខាងក្រោមនេះ ៖ ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យយើងឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយមិនបង្ខាតពេលវេលារបស់យើងឡើយ ) ។
-
តើយើងអាចដឹងថា បើយើងខ្ជះខ្ជាយពេលវេលារបស់យើងជាមួយបច្ចេកវិទ្យាដោយរបៀបណា ?
សូមសិក្សាសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយរកមើលការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដោយឈ្លាសវៃ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
[ បុគ្គល ] ម្នាក់ដែលមិនទាន់ពេញវ័យ ឬមានការយល់ខុសអាចចំណាយពេលវេលាមិនសមហេតុផលក្នុងការលេងហ្គេម មើលវីដេអូ ឈែតតាមអនឡាញ ឬតាមរបៀបផ្សេងទៀតដែលអនុញ្ញាតឲ្យឌីជីថលគ្រប់គ្រងរឿងទាំងឡាយតាមដែលមាន ។ ដំបូងឡើយ ការចំណាយពេលវេលានោះអាចហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់អ្វីទេ ដោយគ្រាន់តែគិតថា ត្រូវការពេលពីរបីនាទីដើម្បីដកឃ្លាពីតម្រូវការការងារប្រចាំថ្ងៃដ៏មមាញឹកប៉ុណ្ណោះ ។ ប៉ុន្តែឱកាសសំខាន់ៗត្រូវបានខកខានសម្រាប់ការអភិវឌ្ឍ និងការកែលម្អជំនាញទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ។ … បន្ដិចម្ដងៗ ការកម្សាន្តដែលហាក់ដូចជាគ្មានកំហុសអ្វីសោះអាចក្លាយជាទម្រង់នៃការធ្វើជាទាសករដ៏អាក្រក់ ។ ( ដេវីឌ អេ បែដណា « Things as They Really Are » Ensign ខែមិថុនា ឆ្នាំ២០១០ ទំព័រ២១ )
-
តើមនុស្សប្រើហេតុផលអ្វីខ្លះដើម្បីបង្ហាញពីការខ្ជះខ្ជាយពេលវេលាលើបច្ចេកវិទ្យា ?
-
តើអ្វីដែលជួយអ្នកឲ្យចៀសវាងពីការខ្ជះខ្ជាយពេលវេលារបស់អ្នកទៅលើបច្ចេកវិទ្យា ?
-
តើអ្នកអាចដាក់បញ្ចូលព្រះអម្ចាស់យ៉ាងដូចម្ដេចក្នុងការខិតខំរបស់អ្នកដើម្បីប្រើបច្ចេកវិទ្យាដោយឈ្លាសវៃ ?
ផ្នែកទី ២ ។ ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយល្អ
-
តើអ្នកជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយអ្វីខ្លះជាប្រចាំ ?
-
តើបទពិសោធន៍របស់អ្នកបានបង្រៀនអ្នកអ្វីខ្លះ ដែលអាចជួយអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកធ្វើការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ ?
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៣–២៤; មាត្រានៃសេចក្ដីជំនឿ ១:១៣ និង មរ៉ូណៃ ៧:១២–១៧ ដោយរកមើលសេចក្តីពិតដែលអាចជួយយើងវិនិច្ឆ័យរឿងល្អ និងរឿងអាក្រក់បាន ។
-
តើអ្នករកឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ?
( ក្នុងចំណោមសេចក្ដីពិតមួយចំនួន អ្នកអាចកំណត់សេចក្ដីពិតមួយដូចតទៅ ៖ អ្វីដែលពង្រឹង និងបញ្ចុះបញ្ចូលឲ្យធ្វើល្អគឺមកពីព្រះ ) ។
-
តើអ្នកអាចទទួលបានអត្ថប្រយោជន៍យ៉ាងណាពីការអនុវត្តសេចក្ដីពិតនេះ ពេលអ្នកជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយណាដែលត្រូវប្រើ ?
អែលឌើរ ដេវីឌ អេ បែដណាបានអញ្ជើញយើងឲ្យសួរខ្លួនឯងនូវសំណួរខាងក្រោមអំពីប្រព័ន្ធផ្សព្វផ្សាយដែលយើងប្រើ ៖
តើការប្រើបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗអញ្ជើញ ឬរារាំងភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់អ្នកដែរឬទេ ? ( ដេវីឌ អេ បែដណា « Things as They Really Are » Ensign ខែមិថុនា ឆ្នាំ២០១០ ទំព័រ២៣ )
-
តើអ្នកអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធនៅពេលអ្នកធ្វើការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយដោយរបៀបណា ?
-
តើអ្វីជួយអ្នកឲ្យចៀសវាងពីប្រភេទប្រព័ន្ធផ្សព្វផ្សាយដែលអាចនាំអ្នកចេញឆ្ងាយពីព្រះអង្គសង្គ្រោះ ?
នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ ការណ៍នេះអាចធ្វើបានជាថ្នាក់ទាំងមូល ឬដោយចាប់គូសិស្សជាមួយសិស្សម្នាក់ទៀតដែលបានសិក្សាផ្នែកផ្សេងគ្នា ។ បន្ទាប់ពីសិស្សបង្រៀនគ្នាហើយ សូមពិចារណាអញ្ជើញពួកគេឲ្យអនុវត្តជំនាញមួយ ឬទាំងពីរខាងក្រោម ដើម្បីជួយពួកគេប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ។ សម្រាប់ជំនួយបន្ថែម អ្នកគួរណែនាំសិស្សទៅកាន់ធនធាន « ការទទួលខុសត្រូវលើបច្ចេកវិទ្យា » ដែលមាននៅលើ ChurchofJesusChrist.org ។
ការដាក់ផែនការទុកជាមុនអាចជួយយើងទទួលខុសត្រូវលើបច្ចេកវិទ្យាបាន
ដើម្បីជួយសិស្សអនុវត្តអ្វីដែលពួកគេរៀន សូមជួយពួកគេអនុវត្តជំនាញខាងក្រោមនេះ ៖
កំណត់ឲ្យច្បាស់ ៖ ការដាក់ផែនការអំពីរបៀបដែលយើងនឹងប្រើប្រាស់បច្ចេកវិទ្យាអាចជួយយើងឲ្យឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយមិនបង្ខាតពេលវេលារបស់យើងឡើយ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ នៅពេលដាក់ផែនការមួយ ។
គំរូ ៖ ផ្តល់គំរូមួយដល់សិស្សដោយអញ្ជើញពួកគេឲ្យគិតពីរបៀបដែលពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាដោយជោគជ័យ ។ អ្នកអាចធ្វើដូចនេះបានដោយសួរ ៖
-
តើមានវិធីណាខ្លះដែលអ្នកអាចរៀបចំផែនការទុកជាមុនដើម្បីទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ?
ចម្លើយមួយចំនួនដែលអាចមានគឺ ៖
-
សូមពិចារណាពីរបៀបដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យអ្នកប្រើបច្ចេកវិទ្យា ។
-
មានគោលបំណងមួយមុនពេលអ្នកប្រើបច្ចេកវិទ្យា ( ឧទាហរណ៍ ទាក់ទងមិត្តភក្តិតាមទូរសព្ទរបស់អ្នក ) ។
-
កំណត់ពេលវេលាប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា ។
-
បង្កើតកន្លែងដែលគ្មានឧបករណ៍ ដូចជាបន្ទប់គេង និងបន្ទប់ទឹករបស់អ្នក ។
-
សាកទូរសព្ទរបស់អ្នកនៅកន្លែងសម្រាប់គ្រួសារនៅពេលយប់ ឆ្ងាយពីគ្រែរបស់អ្នក ។
-
ប្រើតម្រងដែលរារាំងមាតិកាមិនសមរម្យ ឬមិនមានសុវត្ថិភាព ។
-
-
ហេតុអ្វីបានជាអ្នកគិតថា ការមានផែនការមួយអាចធ្វើឲ្យមានការខុសប្លែក ?
អនុវត្ត ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីដាក់ផែនការមួយអំពីរបៀបដែលពួកគេនឹងទទួលខុសត្រូវលើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ ។
សូមពិចារណាសួរថា តើសិស្សណាម្នាក់នឹងស្ម័គ្រចិត្តចែកចាយផែនការរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ដែរឬទេ ។
ការផ្អាកអាចជួយឲ្យយើងទទួលខុសត្រូវលើបច្ចេកវិទ្យា
ដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលត្រូវធ្វើនៅពេលពួកគេជួបប្រទះនឹងប្រព័ន្ធផ្សព្វផ្សាយមិនសមរម្យ ជំនាញខាងក្រោមអាចមានអត្ថប្រយោជន៍ ៖
កំណត់ឲ្យច្បាស់ ៖ នៅពេលយើងជួបប្រទះនឹងប្រព័ន្ធផ្សព្វផ្សាយមិនសមរម្យ យើងអាចផ្អាក និងសម្រាកពីការប្រើប្រាស់បច្ចេកវិទ្យា ។
គំរូ ៖ ផ្តល់គំរូមួយដល់សិស្សដោយចែកចាយជំហានទាំងបីខាងក្រោម ដែលអាចជួយពួកគេឲ្យផ្អាក និងឈប់សម្រាកពីបច្ចេកវិទ្យា នៅពេលពួកគេជួបប្រទះនឹងប្រព័ន្ធផ្សព្វផ្សាយមិនសមរម្យ ។ អ្នកក៏អាចណែនាំសិស្សទៅរកធនធាន « Taking Charge of Technology » សម្រាប់ជំនួយបន្ថែមជាមួយនឹងកិច្ចការនេះផងដែរ ។
-
ទទួលស្គាល់វា ៖ នៅពេលអ្នកឃើញ មាតិកាមិនសមរម្យ ឬដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ឯកោ ឬមិនស្រួលចិត្ត អ្នកអាចនិយាយថា « វាមិនត្រឹមត្រូវទេ » ។ អារម្មណ៍ទាំងនេះអាចជាការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
-
ជ្រើសរើសជម្រើសដ៏ប្រសើរមួយ ៖ អ្នកអាចបិទឧបករណ៍ ឬបិទការជូនដំណឹង ។ អ្នកអាចចេញទៅខាងក្រៅ ឬទៅបន្ទប់ផ្សេងទៀត ដោយគ្មានឧបករណ៍ ។ អ្នកអាចគិតអំពីព្រះយេស៊ូវគ្រីស្ទ ឬចងចាំបទគម្ពីរមួយដែលចូលចិត្តដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់ជាមួយអ្នក ។
-
ភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ ៖ អ្នកអាចនិយាយជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារអំពីអារម្មណ៍របស់អ្នកបាន ។ អ្នកអាចអធិស្ឋានទៅព្រះវរបិតាសួគ៌ ។
អនុវត្ត ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីដែលពួកគេអាចផ្អាក និងសម្រាកនៅពេលពួកគេជួបប្រទះនឹងប្រព័ន្ធផ្សព្វផ្សាយមិនសមរម្យ ។
ប្រសិនបើសិស្សចង់ ពួកគេអាចចែកចាយគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់បាន ។
ចែកចាយអ្វីដែលអ្នកបានរៀន
-
តើរឿងអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ ដែលអ្នកមិនចង់បំភ្លេច ?
សូមបញ្ចប់មេរៀននេះដោយថ្លែងទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់អាចជួយយើងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព និងប្រកបដោយប្រាជ្ញា ។