« ការយល់ដឹងពីបរិបទនៃព្រះគម្ពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការយល់ដឹងពីបរិបទនៃព្រះគម្ពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧៣ ៖ ជំនាញសិក្សាព្រះគម្ពីរ
ការយល់ដឹងពីបរិបទនៃព្រះគម្ពីរ
ការយល់ដឹងអំពីបរិបទនៃព្រះគម្ពីរ ជួយយើងឲ្យស្គាល់ពីគោលបំណងរបស់អ្នកនិពន្ធដ៏បំផុសគំនិត ។ ការណ៍នេះអាចធ្វើឲ្យការយល់ដឹងរបស់យើងអំពីពាក្យសម្តីរបស់ពួកលោកមានកាន់តែជ្រាលជ្រៅ ហើយជួយយើងឲ្យស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់យើង ។ គោលបំណងមេរៀននេះ គឺដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលបរិបទនៃព្រះគម្ពីរ អាចធ្វើឲ្យការសិក្សាព្រះគម្ពីរកាន់តែមានអត្ថន័យ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រូបភាពទាំងមូល
សូមចាប់ផ្តើមថ្នាក់ដោយការបង្ហាញរូបភាពខាងក្រោមម្ដងមួយៗ ហើយសួរសំណួរដែលមានបន្ទាប់នេះ ។ ជាជម្រើស សិស្សអាចសរសេរចំណងជើងសម្រាប់រូបភាពទាំងនេះ នៅពេលអ្នកបង្ហាញរូបភាពម្ដងមួយៗ ។ បន្ទាប់មក ពួកគេអាចពិភាក្សាអំពីរបៀបដែលចំណងជើងនេះបានផ្លាស់ប្តូរ បន្ទាប់ពីពួកគេបានឃើញរូបភាពទាំងមូល ។
ជំនួសឲ្យការប្រើរូបភាពខាងក្រោមនេះ សិស្សអាចជ្រើសរើសរូបថតមួយសន្លឹកពីក្នុងរូបថតកាមេរ៉ានៅលើទូរសព្ទរបស់ពួកគេ ពង្រីកឲ្យឃើញតែមួយផ្នែកប៉ុណ្ណោះនៃរូបភាពនោះ ហើយអញ្ជើញដៃគូម្នាក់ឲ្យទាយពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនោះ ។ បន្ទាប់មក ពួកគេអាចបង្រួមវិញ និងសួរថា តើការយល់ដឹងរបស់សិស្សផ្សេងទៀតបានផ្លាស់ប្តូរយ៉ាងដូចម្ដេចដែរ ។
-
តើមានអ្វីកំពុងកើតឡើងនៅក្នុងរូបភាពនេះ ?
-
តើការយល់ដឹងរបស់យើងផ្លាស់ប្ដូរយ៉ាងដូចម្ដេច នៅពេលយើងមើលឃើញរូបភាពទាំងមូល ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍នានាមកពីជីវិតរបស់ពួកគេ នៅពេលដែលការមើលឃើញរូបភាពបន្ថែមទៀត ធ្វើឲ្យមានភាពខុសគ្នា ។ ឧទាហរណ៍មួយចំនួនដែលអាចលើកឡើងបាន អាចរួមមានការផ្ញើសារ ឬការចុះផ្សាយអ្វីមួយមុនពេលមានព័ត៌មានលម្អិតទាំងអស់ ការវិនិច្ឆ័យនរណាម្នាក់ដោយមិនដឹងពីដំណើររឿងរបស់ពួកគេ ឬការសន្និដ្ឋានមិនត្រឹមត្រូវចេញពីរូបភាពដែលបានកាត់‑ត ។
-
តើរឿងនេះទាក់ទងនឹងការសិក្សាព្រះគម្ពីររបស់យើងដោយរបៀបណា ?
នៅពេលសិស្សឆ្លើយសំណួរនេះ សូមវាយតម្លៃការយល់ដឹងរបស់ពួកគេអំពីបរិបទដែលទាក់ទងនឹងការសិក្សាព្រះគម្ពីរ ។ ដោយផ្អែកលើការវាយតម្លៃរបស់អ្នកអំពីការយល់ដឹងរបស់ពួកគេ សូមពិចារណាប្រើប្រាស់ផ្នែកខាងក្រោមនេះទាំងអស់ ឬតែតាមផ្នែកខ្លះក៏បាន ។
កំណត់និយមន័យ ៖ ការយល់ដឹងពីបរិបទ
សូមពិចារណាសរសេរពាក្យ បរិបទ នៅលើក្ដារខៀន ។
យើងអាចមិនដឹងពីព័ត៌មានលម្អិតសំខាន់ៗ ហើយមិនមានការយល់ដឹងពេញលេញអំពីអ្វីដែលកំពុងកើតឡើងទេ បើគ្មានបរិបទទេនោះ ។
-
តើអ្នកនឹងផ្ដល់និយមន័យនៃពាក្យ បរិបទ យ៉ាងដូចម្ដេច ?
សូមពិចារណាសរសេរចម្លើយរបស់សិស្សដាក់នៅលើក្ដារខៀន ។ តាមការចាំបាច់ សូមចែកចាយនិយមន័យនៃពាក្យបរិបទដូចខាងក្រោម ៖
បរិបទគឺជាសាវតារឿង ស្ថានភាព និងមជ្ឈដ្ឋានជុំវិញព្រឹត្តិការណ៍ដែលកើតឡើង ដែលអាចធ្វើឲ្យយើងយល់បានកាន់តែច្បាស់អំពីអ្វីដែលកំពុងកើតឡើង ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីអែលឌើរ ដេវីដ អេ បែដណា ទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) ៖
« ខ្ញុំមានគន្លឹះមួយ ដែលខ្ញុំយល់ពីព្រះគម្ពីរបាន ។ ខ្ញុំសួរថា តើអ្វីទៅជាសំណួរដែលបានទាញឲ្យមានចម្លើយនេះ ឬដែលបានបណ្ដាលឲ្យព្រះយេស៊ូវមានបន្ទូលនូវរឿងប្រៀបប្រដូចនេះ ? » ( History of the Church ទំព័រ ៥:២៦១ ) ។ ដូច្នេះ ការខិតខំយល់ពីសំណួរដែលបានកើតមុនវិវរណៈ រឿងប្រៀបប្រដូច ឬស្ថានភាពជាក់លាក់មួយ អាចជួយយើងឲ្យទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅមួយអំពីព្រះគម្ពីរ ។ ( ដេវីឌ អេ បែដណា នៅក្នុង « Witnesses of the Prophet Joseph Smith » Ensign ខែ មករា ឆ្នាំ ២០០៩ ទំព័រ ១៥ )
-
តើការរៀនពីបរិបទនៃព្រះគម្ពីរជួយអ្នកឲ្យយល់ពីមេរៀនដែលបរិបទនោះបង្រៀនយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីភាពញឹកញាប់ដែលពួកគេខិតខំដើម្បីដឹងពីសាវតារឿង និងមជ្ឈដ្ឋាននេះ ។ សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សមួយ ឬពីរនាទី ដើម្បីជញ្ជឹងគិតពីរបៀបដែលការរៀនពីបរិបទនៃព្រះគម្ពីរបានផ្ដល់ពរជ័យ ឬអាចផ្ដល់ពរជ័យដល់ពួកគេនៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេបាន ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិត ឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
គំរូ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១
ខាងក្រោមនេះគឺជាគំរូមួយនៃរបៀបដែលការយល់ដឹងពីបរិបទ អាចធ្វើឲ្យការសិក្សាព្រះគម្ពីរកាន់តែមានអត្ថន័យ ។ ប្រសិនបើអ្នកចង់ អ្នកអាចជ្រើសរើសខគម្ពីរផ្សេងទៀតដើម្បីប្រើជាគំរូរបស់អ្នកបាន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧–៨ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់ យ៉ូសែប ស្ម៊ីធ ។
-
នៅក្នុងខគម្ពីរទាំងនេះ តើមានអ្វីខ្លះដែលមានអត្ថន័យចំពោះអ្នក ?
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ដើម្បីពិភាក្សាអំពីចម្លើយចំពោះសំណួរខាងក្រោមនេះ ។ សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីមួយអំពីធនធាននានា ដែលជួយយើងឲ្យរៀនអំពីបរិបទ ។
-
តើមានឧបករណ៍ ឬធនធានណាខ្លះ ដែលអាចជួយយើងឲ្យរៀនអំពីបរិបទនៃបទគម្ពីរនេះ និងបទគម្ពីរផ្សេងទៀតបាន ?
សិស្សអាចនឹងរាយបញ្ជីធនធានមួយចំនួនដូចតទៅនេះ ៖ ក្បាលកណ្ឌ ឬក្បាលជំពូក ខគម្ពីរជុំវិញ សេចក្ដីអធិប្បាយព្រះគម្ពីរ សៀវភៅសិក្សា សុន្ទរកថាដែលបានថ្លែងដោយថ្នាក់ដឹកនាំសាសនាចក្រ និង ដំណើររឿងក្នុងព្រះគម្ពីរសម្រាប់កុមារ ។
អ្នកប្រហែលជាចង់លើកឡើងថា ធនធានជាក់លាក់មួយចំនួនដែលមានសម្រាប់ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា និងប្រវត្តិសាសនាចក្រ រួមមាន ពួកបរិសុទ្ធ ភាគ ១ និង Revelations in Context ។ ប្រសិនបើសិស្សចង់ដឹងបន្ថែមទៀត អ្នកអាចបង្ហាញពីរបៀបដែលសិស្សអាចចូលប្រើធនធានទាំងនេះនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អបាន ។ សូមធានាដល់សិស្សថា ទោះជាការសិក្សាប្រភពផ្សេងៗអាចមានប្រយោជន៍ក៏ដោយ ក៏ទម្លាប់សាមញ្ញនៃការអានក្បាលកណ្ឌមុននឹងពួកគេសិក្សា អាចធ្វើឲ្យការសិក្សាព្រះគម្ពីរកាន់តែមានអត្ថន័យបានដែរ ។ ចំណុចនេះគឺជាការផ្តោតសំខាន់នៃមេរៀននេះ ។
សូមអានក្បាលកណ្ឌទី ១២១ ដោយស្វែងរកព័ត៌មានដែលនឹងជួយយើងឲ្យយល់ពីខគម្ពីរទាំងនេះបានកាន់តែប្រសើរជាងមុន ។ អ្នកក៏អាចចង់អាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:១–៦ ដើម្បីទទួលបានការយល់ដឹងបន្ថែមទៀតផងដែរ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧–៨ ឡើងវិញ ដោយមានការយល់ដឹងអំពីបរិបទនៅក្នុងចិត្ត ។
-
តើបរិបទនេះជួយធ្វើឲ្យការយល់ដឹងរបស់អ្នកអំពីសារលិខិតរបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យ យ៉ូសែប នៅក្នុងខគម្ពីរទាំងនេះ កាន់តែស៊ីជម្រៅដោយរបៀបណា ?
-
តើការយល់ដឹងថ្មីនេះធ្វើឲ្យខគម្ពីរទាំងនេះកាន់តែមានអត្ថន័យចំពោះអ្នកយ៉ាងដូចម្ដេច ?
នៅពេលសិស្សឆ្លើយ សូមស្វែងរកវិធីដើម្បីគូសបញ្ជាក់ ឬសួរថា តើបរិបទនេះបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ។ ឧទាហរណ៍ ព្រះអម្ចាស់សព្វព្រះទ័យប្រទានសេចក្ដីសុខសាន្ដ ទស្សនវិស័យ និងការសន្យាមួយអំពីពរជ័យនៅអនាគតកាលនៅក្នុងគ្រាលំបាកដល់ព្យាការី យ៉ូសែប ស៊្មីធ ។ ការយល់ដឹងពីបរិបទនេះជួយយើងឲ្យដឹងថា ព្រះអម្ចាស់អាចប្រទានសេចក្តីសុខសាន្ដ និងការណែនាំដល់យើងនៅក្នុងជីវិតរបស់យើងបានផងដែរ ។
អនុវត្តការយល់ដឹងពីបរិបទនៃព្រះគម្ពីរ
ដើម្បីជួយសិស្សឲ្យអនុវត្តការយល់ដឹងពីបរិបទ សូមពិចារណាបង្ហាញសេចក្ដីយោងបទគម្ពីរ និងសំណួរខាងក្រោមដាក់នៅលើក្ដារខៀន ។ អ្នកអាចឲ្យសិស្សអានសេចក្ដីយោងបទគម្ពីរមួយ ឬច្រើនជាដៃគូ ហើយសរសេរនូវអ្វីដែលពួកគេបានរៀនមកពីបទគម្ពីរនេះនៅចំកណ្តាលក្រដាសមួយសន្លឹក ។ បន្ទាប់មក ពួកគេអាចអានក្បាលកណ្ឌនេះ ជាមួយនឹងខគម្ពីរដែលមាននៅជុំវិញនោះ ។ នៅជុំវិញអ្វីដែលពួកគេបានសរសេររួចហើយ ពួកគេអាចគូរ ឬសរសេរអ្វីមួយដែលសង្ខេបពីបរិបទនេះ ( រូបភាពធំជាងនេះ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣:៦–៩
គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១–២
គោលលទ្ធិ និងសេចក្តីសញ្ញា ២៨:២, ៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៣–៥
គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:២២–២៣
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើមានប្រយោជន៍ សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖
-
តើបរិបទនៃកណ្ឌនេះធ្វើឲ្យការយល់ដឹងរបស់អ្នក អំពីអ្វីដែលអ្នកបានរៀននៅក្នុងខគម្ពីរទាំងនេះមានកាន់តែស៊ីជម្រៅដោយរបៀបណា ?
-
តើបរិបទជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ឬព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
បើពេលវេលាអនុញ្ញាត សិស្សអាចអនុវត្តជំនាញនេះដោយប្រើកណ្ឌ ឬជំពូកបច្ចុប្បន្នមួយនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេបាន ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីរបៀបដែលការសិក្សាបរិបទ អាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ និងរបៀបដែលពួកគេអាចកែលម្អការសិក្សាព្រះគម្ពីររបស់ពួកគេ តាមរយៈការអនុវត្តជំនាញនេះ ។
នៅពេលសិស្សអនុវត្តជំនាញសិក្សាព្រះគម្ពីរនេះនៅសប្ដាហ៍ខាងមុខ សូមពិចារណាស្វែងរករបៀបដើម្បីឲ្យពួកគេចែកចាយនូវការយល់ដឹងនានា ដែលពួកគេបានរៀនជាមួយនឹងសិស្សក្នុងថ្នាក់ ដែលជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋានក្នុងថ្នាក់នាពេលអនាគត ។