« មេរៀនទី ១៧០—ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ ៖ ការរៀនស្វែងយល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧០ ៖ ជំនាញសិក្សាព្រះគម្ពីរ
ការរៀនស្វែងយល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
ការរៀនស្វែងយល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានរក្សាទុកសេចក្ដីពិតនៃដំណឹងល្អ—គោលលទ្ធិ និងគោលការណ៍ដ៏នៅអស់កល្បជានិច្ចនៃដំណឹងល្អរបស់ទ្រង់—ដែលនាំយើងឲ្យចូលទៅកាន់តែជិតទ្រង់ ហើយមានសារៈសំខាន់សម្រាប់ការរីកចម្រើន និងសេចក្ដីសង្គ្រោះរបស់យើង ។ មេរៀននេះអាចជួយបង្កើនសមត្ថភាពរបស់អ្នកដើម្បីស្វែងរកសេចក្តីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ ហើយចូលទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រឿងប្រៀបប្រដូចនឹងគ្រាប់ត្បូង
បើវីដេអូខាងក្រោមនេះមិនមានទេ សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការបង្ហាញរូបភាពខាងលើ ហើយសុំឲ្យសិស្សស្រមៃមើលថា មាននរណាម្នាក់កំពុងស្វែងរក និងរកមើលគ្រាប់ត្បូងនៅតាមឆ្នេរខ្សាច់ ។ សូមសួរសំណួរថា « តើការស្វែងរកបទគម្ពីរអាចដូចជាការស្វែងរកគ្រាប់ត្បូងនៅលើខ្សាច់យ៉ាងដូចម្ដេច ? »
សូមមើលវីដេអូ « The Parable of the Gems » ( ៦:៤៧; សូមមើលចាប់ពីនាទីទី ២:១៣ ដល់នាទីទី ៤:២០ ) ហើយសូមសញ្ជឹងគិតពីរបៀបដែលដំណើររឿងនេះមានសភាពដូចនឹងការសិក្សាព្រះគម្ពីររបស់យើង ។
បើអ្នកមិនអាចបង្ហាញវីដេអូនេះបានទេ សូមរំលងសំណួរទីមួយនៃសំណួរខាងក្រោមនេះ ។ អ្នកក៏អាចផ្លាស់ប្តូរបានផងដែរនូវសំណួរចុងក្រោយទៅជា « តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីពិនិត្យ និងកោតសរសើរដល់គ្រាប់ត្បូងទាំងនោះ ? »
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះនៅក្នុងវីដេអូនេះ ?
-
តើខ្សាច់អាចនឹងតំណាងឲ្យអ្វី ? តើគ្រាប់ត្បូងអាចនឹងតំណាងឲ្យអ្វី ?
-
តើក្មេងស្រីរូបនេះបានធ្វើអ្វីដើម្បីរៀន ឬកោតសរសើរចំពោះគ្រាប់ត្បូងដែលនាងបានរកឃើញ ?
សូមពិចារណាពន្យល់ដូចតទៅនេះតាមពាក្យពេចន៍ផ្ទាល់របស់អ្នក ៖
គោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អអាចនឹងដូចជាគ្រាប់ត្បូងនៅក្នុងការប្រៀបធៀប ។ គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗនៃព្រះគម្ពីរ គឺដើម្បីបង្រៀនគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ គោលលទ្ធិគឺជាសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាមូលដ្ឋានដែលគ្មានការប្រែប្រួល ។ គោលការណ៍នៃដំណឹងល្អគឺជាគោលការណ៍ណែនាំដែលផ្អែកលើគោលលទ្ធិ ដែលបុគ្គលម្នាក់ៗអាចទទួលយក ដើម្បីជួយពួកគេនៅពេលធ្វើការសម្រេចចិត្ត ។ គោលលទ្ធិ និងគោលការណ៍ដ៏សំខាន់បំផុតដែលយើងរៀនពីព្រះគម្ពីរជួយយើងឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងយល់ពីរបៀបងាកទៅកាន់វត្តមានរបស់ទ្រង់ទាំងទ្វេវិញ ។
នៅក្នុងសៀវភៅណែនាំនេះ នៅពេលខ្លះអ្នកនឹងឃើញមានការអញ្ជើញសិស្សឲ្យស្វែងរក « សេចក្ដីពិត » ។ នេះគឺជារបៀបដ៏សាមញ្ញមួយនៃការនិយាយអំពីគោលការណ៍ ឬសេចក្តីថ្លែងការណ៍អំពីគោលលទ្ធិ ។ សូមអញ្ជើញសិស្សឲ្យវាយតម្លៃលើរបៀបដែលពួកគេអាចស្វែងរកសេចក្ដីពិតបានយ៉ាងងាយស្រួល ( គោលការណ៍ ឬសេចក្តីថ្លែងការណ៍ពីគោលលទ្ធិ ) ចេញពីព្រះគម្ពីរ ។
-
តើសេចក្តីថ្លែងការណ៍ខាងក្រោមមួយណា ដែលតំណាងឲ្យទំនុកចិត្តរបស់អ្នកលើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសេចក្តីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរបានល្អបំផុតនោះ ?
-
គ្មានទំនុកចិត្តទាល់តែសោះ
-
មានទំនុកចិត្តបន្តិច
-
មានទំនុកចិត្តយ៉ាងខ្លាំង
-
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ សូមពិចារណាសួរថា ហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនោះ ។ សូមរកមើលរបៀបនានាក្នុងមេរៀនទាំងមូល ដើម្បីជួយពួកគេឲ្យមានទំនុកចិត្តកាន់តែខ្លាំង នៅពេលពួកគេព្យាយាមស្វែងរកសេចក្តីពិតនៃដំណឹងល្អ ។
កំណត់និយមន័យ
សូមផ្តល់សំណៅចែកដែលភ្ជាប់មកជាមួយនេះឲ្យទៅសិស្ស ។ សូមអានសំណៅនេះរួមគ្នាក្នុងថ្នាក់ ។ សូមផ្តល់ការពន្យល់បន្ថែមទាំងឡាយណាដែលអ្នកគិតថាអាចសំខាន់ដើម្បីស្វែងយល់ពីជំនាញនេះ ។
ការរៀនស្វែងយល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
គោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អមួយចំនួន គឺត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទគម្ពីរនេះ ។ គោលលទ្ធិ និងគោលការណ៍ផ្សេងទៀតអាចនឹងមានបង្កប់ន័យនៅក្នុងដំណើររឿងនេះ ហើយរកឃើញតែតាមរយៈការសិក្សាព្រះគម្ពីរទាំងមូល ជំពូកមួយ ឬខគម្ពីរតែមួយគត់ប៉ុណ្ណោះ ។ អ្នកអាចអនុវត្តតាមជំហានសំខាន់ៗខាងក្រោមនៅគ្រប់ពេលដែលអ្នកសិក្សាព្រះគម្ពីរ ដើម្បីជួយឲ្យអ្នកស្វែងរកសេចក្តីពិតនៃដំណឹងល្អឃើញ ៖
-
អានយឺតៗ និងដោយប្រុងប្រយ័ត្ន ។
-
ស្វែងរកសេចក្ដីពិតដែលបានលើកឡើងយ៉ាងច្បាស់ៗ ។ ជួនកាល ទាំងនេះមានការចង្អុលប្រាប់នៅពេលដែលអ្នកនិពន្ធប្រើពាក្យពេចន៍ដូចជា « ដូច្នេះហើយយើងឃើញថា » « ដូច្នេះ » « ហេតុដូច្នេះហើយ » ឬ « មើលចុះ » ។
-
រកមើលសេចក្ដីពិតដែលទាក់ទង ។ អ្នកអាចស្វែងរកសេចក្ដីពិតទាំងនេះតាមរយៈការសួរខ្លួនឯងនូវសំណួរនានាដូចខាងក្រោមនេះ ៖
-
តើមានគំនិត ពាក្យពេចន៍ ឃ្លាដ៏សំខាន់ណាមួយ—ជាពិសេសចំណុចណាមួយដែលជួយអ្នកឲ្យស្គាល់ព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់ ឬព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បានកាន់តែច្បាស់ ?
-
តើមានទំនាក់ទំនងអ្វីខ្លះរវាងមូលហេតុ និងលទ្ធផលក្នុងដំណើររឿងនេះ ?
-
តើអ្វីទៅជាសីលធម៌ ឬគំនិតអប់រំនៃដំណើររឿងនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថា អ្នកនិពន្ធបញ្ចូលព្រឹត្តិការណ៍ ឬវគ្គបទគម្ពីរទាំងនេះ ?
-
-
សរសេរនូវពាក្យពេចន៍ផ្ទាល់ខ្លួនអ្នកអំពីអ្វីដែលអ្នកបានរកឃើញ ហើយគូសចំណាំពាក្យទាំងនេះនៅក្នុងបទគម្ពីរដែលបង្រៀនអំពីវា ។
-
ជញ្ជឹងគិតពីមូលហេតុដែលសេចក្ដីពិតនេះមានសារៈសំខាន់ចំពោះអ្នក ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សូមជញ្ជឹងគិត [ និង ] ពិសោធន៍រាល់ពាក្យពេចន៍នីមួយៗ រាល់គ្រាប់ត្បូងខាងព្រះគម្ពីរនីមួយៗ ។ … កាន់វាឲ្យចំពន្លឺ និងបើកវា មើល និងស្វែងយល់អ្វីទៅជាចំណាំងផ្លាត និងអ្វីទៅជាចំណាំងបែរ ។ … ការពិសោធន៍បែបនេះអាចនឹងរកឃើញកំណប់ទ្រព្យដែលលាក់ទុកក្នុងវាលមួយ គុជដែលមានតម្លៃមហាសាល ។ ( « Students Need Teachers to Guide Them » [ សុន្ទរកថាទៅកាន់អ្នកអប់រំខាងសាសនាក្នុងប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៩២ ] ទំព័រ ៤ )
គំរូ
សូមពិចារណាធ្វើគំរូពីរបៀបធ្វើការពិសោធន៍ជាថ្នាក់ ដោយការធ្វើតាមជំហានទាំងឡាយនៅក្នុងសំណៅចែកនេះ ។ សូមឲ្យសិស្សដឹងថា ពួកគេនឹងមានឱកាសសាកល្បងវាដោយខ្លួនឯងនៅពេលក្រោយទៀត ។ សូមពិចារណាគូររូបត្បួងមួយនៅលើក្ដារខៀន ។ ក្រៅពីនេះ សូមសរសេរសេចក្ដីពិតនានាដែលសិស្សបានស្វែងរក ។ ការប្រើពាក្យពេចន៍របស់សិស្សគឺជាវិធីដ៏ល្អមួយដើម្បីស្ថាបនាទំនុកចិត្តរបស់ពួកគេក្នុងការចូលរួមនៅក្នុងថ្នាក់ ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ យឺតៗ និងប្រុងប្រយ័ត្ន ។
-
ស្វែងរកសេចក្ដីពិតដែលបានលើកឡើងយ៉ាងច្បាស់ៗ ។
សិស្សអាចនឹងរកឃើញនូវគោលលទ្ធិមួយដូចជា តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ។
-
សូមរកមើលសេចក្ដីពិតដែលបានបង្កប់ន័យ ដោយការសួរសំណួរមួយចំនួនដែលបានរាយបញ្ជីនៅក្នុងសំណៅចែកនេះ ។
ជាការឆ្លើយតបទៅនឹងសំណួរទីមួយនៅលើសំណៅចែកនេះ សិស្សអាចនឹងរកឃើញសេចក្ដីពិតនេះ ៖ យើងអាចប្រែចិត្ត ហើយមកឯព្រះគ្រីស្ទ ពីព្រោះទ្រង់បានរងទុក្ខជំនួសអំពើបាប និងការឈឺចាប់របស់យើង ហើយទីបំផុតទ្រង់បានសុគតសម្រាប់យើង ។
ប្រសិនបើសិស្សសម្គាល់ឃើញហេតុ និងផលនៅក្នុង ខទី ១០ និង ១១ នោះពួកគេអាចនឹងមើលឃើញសេចក្ដីពិតនេះ ៖ ដោយសារតម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ទើបព្រះយេស៊ូវគ្រីស្ទស្ម័គ្រព្រះទ័យទទួលរងទុក្ខបែបនោះ ដើម្បីឲ្យយើងអាចប្រែចិត្ត ហើយមករកទ្រង់បាន ។
ប្រសិនបើសិស្សពិចារណាសំណួរចុងក្រោយ នោះពួកគេអាចមើលឃើញសេចក្តីពិតនេះ ៖ ព្រះយេស៊ូវគ្រីស្ទ ព្រះប្រោសលោះរបស់យើងចង់ឲ្យយើងដឹងថា តើយើងសំខាន់ចំពោះទ្រង់ប៉ុណ្ណា ។
សូមសរសេរសេចក្ដីពិតដែលអ្នកបានរកឃើញនៅលើក្រដាសមួយសន្លឹក នៅគែមទំព័រព្រះគម្ពីររបស់អ្នក ឬជាចំណាំនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ អ្នកប្រហែលជាចង់គូសចំណាំពាក្យពេចន៍ដែលបង្រៀនពីសេចក្តីពិតនេះនៅក្នុងព្រះគម្ពីរផងដែរ ។
សូមចំណាយពេលខ្លះដើម្បីជញ្ជឹងគិតពីមូលហេតុដែលសេចក្ដីពិតដែលអ្នកបានរកឃើញនេះ អាចនឹងមានសារៈសំខាន់ចំពោះអ្នក ។ សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតអំពីសេចក្ដីពិតដែលអ្នកបានរកឃើញ ។ សំណួរបីខាងក្រោមនេះអាចមានប្រយោជន៍ ៖
-
ហេតុអ្វីបានជាសេចក្ដីពិតនេះអាចត្រូវបានចាត់ថាជាគ្រាប់ត្បូង ?
-
តើសេចក្តីថ្លែងការណ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើវាអាចជួយអ្នកនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ នៅពេលដែលពួកគេស្ដាប់ឮអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេគិត និងសញ្ជឹងគិត នោះវាអាចលើកទឹកចិត្តឲ្យពួកគេគិតកាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរនេះ ។
អនុវត្ត
សូមអញ្ជើញសិស្សឲ្យធ្វើសកម្មភាពដូចខាងក្រោមនេះរៀងៗខ្លួន ។ សិស្សអាចបំពេញសកម្មភាពនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬបើអ្នកចង់ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយសិស្សផ្សេងទៀតនៅក្នុងសកម្មភាពខាងក្រោម នៅលើសន្លឹកក្រដាសផ្សេងគ្នា ។ ពួកគេអាចប្រើសំណៅចែកដែលបានផ្ដល់ឲ្យដើម្បីជួយដល់ពួកគេបាន ។
សម្រាប់ការអនុវត្តជាក់ស្ដែង សូមធ្វើសកម្មភាពដូចខាងក្រោមនេះ ៖
-
សូមគូររូបត្បូងពីរគ្រាប់ ។
-
នៅពេលអ្នកសិក្សាយ៉ាងហោចណាស់វគ្គបទគម្ពីរចំនួនពីរនៅខាងក្រោម ឬវគ្គបទគម្ពីរផ្សេងទៀតដែលជាជម្រើសអ្នក សូមសរសេរ ៖ « គ្រាប់ត្បូង » នៃសេចក្ដីពិតមួយដែលអ្នករកឃើញសម្រាប់វគ្គបទគម្ពីរនីមួយៗ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០; ៨:២–៣; ១៨:១៥–១៦; ១៩:១៦–១៩; ២១:៤–៦; ៤៩:១៥–១៧; ៥៨:៤២–៤៣; ៧៦:២២–២៤; ១៣១:១–៤; ១៣៥:៣ ។
-
សូមសរសេរពីមូលហេតុដែលសេចក្ដីពិតនីមួយៗជាគ្រាប់ត្បូងខាងវិញ្ញាណសម្រាប់អ្នក ។ សូមបញ្ចូលអ្វីដែលវាបង្រៀនអ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលវាអាចជួយអ្នកបាននៅសព្វថ្ងៃនេះ ។
បើសិស្សបានបញ្ចប់សកម្មភាពនៅលើក្រដាសផ្សេងគ្នា នោះពួកគេអាចផ្លាស់ប្តូរក្រដាសពួកគេជាមួយសិស្សៗផ្សេងទៀត ហើយចែកចាយអំពីអ្វីដែលពួកគេបានរៀនពីគ្នាទៅវិញទៅមក ។ លើសពីនេះ សិស្សអាចនឹងកំណត់គ្រាប់ត្បូងខាងវិញ្ញាណដែលពួកគេមានអារម្មណ៍ថាមានអត្ថន័យជាពិសេសសម្រាប់យុវវ័យបច្ចុប្បន្ននេះ ហើយធ្វើបញ្ជីពីត្បូងទាំងនោះនៅលើក្ដារខៀន ។
ដោយផ្អែកលើបទពិសោធន៍អ្នកនៅថ្ងៃនេះ ហេតុអ្វីបានជាអ្នកអាចចង់រកមើល និងជញ្ជឹងគិតពីសេចក្ដីពិតនៅពេលដែលអ្នកកំពុងសិក្សា ?
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀបដែលអ្នកចង់រកមើលសេចក្ដីពិត នៅពេលដែលអ្នកសិក្សាដំណឹងល្អ ។ របៀបមួយដែលអ្នកអាចធ្វើការណ៍នេះបាន គឺត្រូវស្វែងយល់ និងជញ្ជឹងគិតយ៉ាងហោចណាស់ពីសេចក្ដីពិតមួយក្នុងមួយថ្ងៃពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកអាចពិចារណាសរសេរសេចក្ដីពិតដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ឬនៅក្នុងទិន្នានុប្បវត្តិព្រះគម្ពីរ ។
សូមពិចារណាអញ្ជើញសិស្សម្នាក់ក្នុងមួយថ្ងៃសម្រាប់មេរៀនបន្ទាប់ជាច្រើនទៀត ឲ្យចែកចាយត្បូងបទគម្ពីរមួយដែលពួកគេបានរកឃើញនៅក្នុងការសិក្សារបស់ពួកគេ ។ សិស្សអាចធ្វើការណ៍នេះបានដោយការចែកចាយគំនិតខាងបទគម្ពីរ ដែលជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋានរបស់ពួកគេ ។ សូមរកមើលឱកាសផ្សេងទៀតនៅក្នុងមេរៀននាពេលអនាគតដើម្បីឲ្យសិស្សបន្តអនុវត្តជំនាញដ៏សំខាន់នេះ ។