ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ « ព្រះយេស៊ូវ​គ្រីស្ទ ‹ មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច › »


« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវ​គ្រីស្ទ « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច » › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះគ្រីស្ទ​គង់​ជាមួយ​នឹង​កុមារី​ម្នាក់

ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត ដោយ អានី ហ៊ែនរី

ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា

ហេព្រើរ ១–៦

ព្រះយេស៊ូវ​គ្រីស្ទ « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច » ។

សូម​ពិចារណា​ចែកចាយ​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នូវ​ចំណាប់​អារម្មណ៍​មួយ​ចំនួន ដែល​បងប្អូន​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី ហេព្រើរ ១–៦ ។ ការធ្វើ​បែបនេះ​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែងរក​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន ដែល​ជារឿយៗ​មិន​បាន​ចែកចាយ​អ្វី​នៅក្នុង​ថ្នាក់ អាច​គ្រាន់តែ​ត្រូវការ​ការអញ្ជើញ​ជាក់លាក់​មួយ និង​ពេលវេលា​ត្រៀមខ្លួន​បន្តិច​ប៉ុណ្ណោះ ។ បងប្អូន​អាច​ទាក់ទង​ទៅ​ពួកគេ​ពីរបី​នាក់ មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​មុន ហើយ​សូម​ឲ្យ​ពួកគេ​មក​កាន់​ថ្នាក់រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ខគម្ពីរ​មួយ​មកពី ហេព្រើរ ១–៦ ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ហេព្រើរ ១–៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏នៅ​អស់កល្ប​ជានិច្ច » ។

  • តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទគម្ពីរ ដែល​មាន​អត្ថន័យ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ជាមួយ​គ្រួសារ​នៅ​សប្ដាហ៍​នេះ​តាម​របៀប​ណា ? សូម​ពិចារណា​បង្កើត​ជួរឈរ​ចំនួន​ប្រាំ​នៅលើ​ក្ដារខៀន ដើម្បី​តំណាង​ឲ្យ​ប្រាំ​ជំពូក​ដំបូង​នៅក្នុង​គម្ពីរ ហេព្រើរ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅក្នុង​ជួរឈរ​ដែល​សមរម្យ នូវ​ឃ្លា​ចេញ​មកពី​ជំពូក​ទាំងនេះ​ដែល​បាន​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​លេខ​ខគម្ពីរ ត្រង់​កន្លែង​ដែល​ពួកគេ​បាន​រកឃើញ​ឃ្លា​នីមួយៗ​នោះ ។ តើ​ការស្គាល់​រឿង​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ ជះ​ឥទ្ធិពល​ដល់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ និង​ឆន្ទៈ​ដើម្បី​ដើរតាម​ទ្រង់​យ៉ាង​ដូចម្ដេច​ដែរ ?

ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨

ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​រឿង​គ្រប់យ៉ាង ដើម្បី​ទ្រង់​អាច​យល់ ហើយ​ជួយ​យើង នៅពេល​ដែល​យើង​រងទុក្ខ​បាន ។

  • ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨ អាច​ជួយ​មនុស្ស​ដែល​សង្កេត​ឃើញ​ការរងទុក្ខ​នៅក្នុង​ពិភពលោក​នេះ ហើយ​ងឿង​ឆ្ងល់​ថា តើ​ព្រះ​បាន​ញាណដឹង ឬ​ខ្វល់​ព្រះទ័យ​ដែរ​ឬទេ ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ខគម្ពីរ​ទាំងនេះ ដើម្បី​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​ជួយ​បាន​សម្រាប់​សំណួរ​បែប​នេះ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​នឹង​ការរង​ទុក្ខ​របស់​មនុស្ស​លោក ? វា​ក៏អាច​មាន​ប្រយោជន៍​ផងដែរ ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំរូ​មកពី​បទគម្ពីរ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គាំទ្រ និង​លួងលោម​ដល់​មនុស្ស​នៅក្នុង​ការរងទុក្ខ​របស់​ពួកគេ ( សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ឬ​សូម​បង្ហាញ​វីដេអូ « Mountains to Climb » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​បាន នៅពេល​យើង​ជួប​នឹង​ឧបសគ្គ​ពិបាកៗ ។

ហេព្រើរ ៣:៧៤:២

ពរជ័យ​របស់​ព្រះ​មាន​សម្រាប់​អស់អ្នក​ដែល « កុំ​ឲ្យ​តាំង​ចិត្ត [ របស់​ពួកគេ ] រឹងរូស » ។

  • ហេព្រើរ ៣ និង  មាន​នូវ​ការអង្វរ​មួយ​ទៅកាន់​ពួកបរិសុទ្ធ កុំ​ឲ្យ​តាំងចិត្ត​រឹងរូស ហើយ​បដិសេធ​ពរជ័យ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ប្រទាន​ដល់​ពួកគេ​ឡើយ ។ នៅពេល​បងប្អូន និង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អាន ហេព្រើរ ៣:៧៤:២ សូម​ពិភាក្សា​អំពី​វិធី​នានា​ដែល​បទពិសោធន៍​របស់​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ អាច​អនុវត្ត​បាន​ចំពោះ​យើង​នា​សព្វថ្ងៃនេះ ដូចជា​វា​បាន​អនុវត្ត​ចំពោះ​ពួកសាសន៍​ហេព្រើរ​នៅក្នុង​សាសនាចក្រ​កាលពី​បុរាណ​ដែរ ( សូមមើល​ឯកសារ​សិក្សា​អំពី​ខគម្ពីរ​ទាំងនេះ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រក្សា​ដួងចិត្ត​របស់​យើង​ឲ្យ​ទន់ភ្លន់ និង​ឆ្លើយតប​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់​នោះ ? ( សូមមើល សុភាសិត ៣:៥–៦; អាលម៉ា ៥:១៤–១៥; អេធើរ ៤:១៥ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ ឬ​មនុស្ស​ដទៃ​ដែល​ពួកគេ​ស្គាល់​មាន​ពរជ័យ ដោយសារ​ពួកគេ​មាន​ដួងចិត្ត​ទន់ទាប និង​ចិត្ត​សោក​សង្រេង ។

ហេព្រើរ ៥:១–៥

អស់អ្នក​ដែល​បម្រើ​នៅក្នុង​នគរ​របស់​ព្រះ​ត្រូវតែ​បាន​ហៅ​ដោយ​ព្រះ ។

  • សារលិខិត​នៅក្នុង ហេព្រើរ ៥ អំពី​អ្នកកាន់​បព្វជិតភាព​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ អាច​អនុវត្ត​បាន​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ត្រូវបាន​ញែកចេញ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ដើម្បី​បម្រើ​នៅក្នុង​ការហៅ​របស់​សាសនាចក្រ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀន​អំពី​អត្ថន័យ​នៃ​ការត្រូវ « ព្រះ​ទ្រង់​ហៅ​ដូចជា​លោក​អើរ៉ុន » សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើងវិញ​នូវ​ដំណើររឿង​របស់​អើរ៉ុន​ទទួល​បាន​ការហៅ​របស់​លោក​នៅក្នុង និក្ខមនំ ៤:១០–១៦, ២៧–៣១; ២៨:១ ។ តើ​ការយល់ដឹង​អ្វីខ្លះ​ចេញពី​ដំណើររឿង​នេះ​ដែល​ជួយ​យើងឲ្យ​យល់ពី ហេព្រើរ ៥:១–៥ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ការបញ្ជាក់​ថា នរណាម្នាក់​ត្រូវបាន​ហៅ​ដោយ​ព្រះ​ឲ្យ​បំពេញ​ការហៅ​ជាក់លាក់​មួយ—ប្រហែល​រួមមាន​ខ្លួនគេ​ផងដែរ ។ តើ​ការបញ្ជាក់​នោះ​បាន​ជួយ​ពួកគេ​ឲ្យ​គាំទ្រ​ដល់​បុគ្គល​នេះ​នៅក្នុង​ការហៅ​របស់​គាត់ ឬ​នាង​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

រូបភាព
ម៉ូសេ​តែងតាំង​អើរ៉ុន

« គ្មាន​អ្នកណា​លើកខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួយ៉ាង​ដូចជា​លោក​អើរ៉ុន » ( ហេព្រើរ ៥:៤ ) ។ ម៉ូសេ​ហៅ​អើរ៉ុន​ឲ្យ​ធ្វើ​ការងារ​បម្រើ ដោយ ហារី អាន់ឌើរសុន

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

គំរូ​ក្នុង​បទគម្ពីរ​អំពី​មនុស្ស​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លួងលោម ។

  • យ៉ូហាន ៨:១–១១ ៖ ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត​ស្ត្រី​ដែល​គេ​បាន​នាំខ្លួន​មក​ដោយសារ​អំពើ​កំផិត ។

  • យ៉ូហាន ១១:១–៤៦ ៖ ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត​ម៉ារា និង​ម៉ាថា បន្ទាប់ពី​ប្អូនប្រុស​របស់​ពួកគេ ឡាសារ បាន​ស្លាប់ ។

  • អេណុស ១:៤–៦ ៖ ព្រះអម្ចាស់​បាន​អភ័យទោស​ដល់​អំពើបាប​របស់​អេណុស ហើយ​បាន​ដកយក​កំហុស​របស់​លោក​ចេញ ។

  • ម៉ូសាយ ២១:៥–១៥ ៖ ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​របស់​ពួកសាសន៍​លេមិន ដើម្បី​ពួកគេ​បាន​សម្រាល​បន្ទុក​របស់​ប្រជាជន​លឹមហៃ ។

  • ម៉ូសាយ ២៤:១៤–១៥ ៖ ព្រះអម្ចាស់​បាន​ពង្រឹង​ប្រជាជន​របស់​អាលម៉ា ដើម្បី​ពួកគេ​អាច​ទ្រាំទ្រ​នឹង​បន្ទុក​របស់​ពួកគេ​បាន ។

  • អេធើរ ១២:២៣–២៩ ៖ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​លួងលោម​ដល់​មរ៉ូណៃ ។

  • នីហ្វៃ​ទី​៣ ១៧:៦–៧ ៖ ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ពួកសាសន៍​នីហ្វៃ​ពី​ទុក្ខ​វេទនា​របស់​ពួកគេ ។

  • គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៧–១០ ៖ ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត យ៉ូសែប ស្ម៊ីធ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៣:១៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្កើត​បរិយាកាស​ខាង​វិញ្ញាណ​មួយ ។ នៅពេល​បងប្អូន​បង្កើត​បរិយាកាស​ដ៏​សុខសាន្ត ហើយ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​មួយ​នៅក្នុង​ថ្នាក់រៀន​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​កាន់តែ​ងាយ​នឹង​ប៉ះ​ដួងចិត្ត​នៃ​សមាជិក​ដែល​បងប្អូន​បង្រៀន ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​យាង​អញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ឲ្យ​ចូល​មក​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន ? តើ​បងប្អូន​អាច​រៀបចំ​កៅអី​ឡើងវិញ ឬ​ប្រើ​រូបភាព ឬ​តន្ត្រី​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បាន​ដែរ​ឬទេ ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។