ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃ​ទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ « ព្រះយេស៊ូវគ្រីស្ទ ‹ មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច › »


« ថ្ងៃ​ទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃ​ទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារី​ម្នាក់

ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត ដោយ អានី ហ៊ែនរី

ថ្ងៃ​ទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា

ហេព្រើរ ១–៦

ព្រះយេស៊ូវគ្រីស្ទ « ជា​មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច »

ការកត់ត្រា​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ​ជួយ​បងប្អូន​ឲ្យ​ទទួលស្គាល់​អ្វី​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ចង់​បង្រៀន​ដល់​បងប្អូន ។ ការ​ធ្វើ​សកម្មភាព​ទៅតាម​ចំណាប់អារម្មណ៍​របស់​បងប្អូន​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​បងប្អូន​ថា ការ​បំផុសគំនិត​ទាំងនោះ​គឺ​ជា​ការ​ពិត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

យើង​ម្នាក់ៗ​ត្រូវ​លះបង់​អ្វី​មួយ​ដើម្បី​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—មិន​ថា​ជា​ទម្លាប់អាក្រក់ ជំនឿ​មិន​ត្រឹមត្រូវ ទំនាក់ទំនង​ដែល​ពុំ​ល្អ ឬ​អ្វីៗ​ផ្សេងទៀត​នោះទេ ។ សម្រាប់​សាសន៍ដទៃ​នៅក្នុង​សាសនាចក្រ​គ្រិស្ដសាសនា​ពី​ដើម ជា​ញឹកញាប់ ការប្រែចិត្ត​ជឿ​មាន​ន័យ​ថា​ជា​ការបោះបង់​ចោល​ព្រះ​ក្លែងក្លាយ​ផងដែរ ។ សម្រាប់​ពួក​ហេព្រើរ ( ឬ​សាសន៍​យូដា ) ការប្រែចិត្តជឿ​បាន​បង្ហាញ​ឲ្យឃើញ​ថា បើ​មិន​ពិបាក​ច្រើន​ទេ ក៏​វា​មាន​ភាព​កាន់​តែ​ស្មុគស្មាញ​បន្ដិច​ដែរ ។ យ៉ាង​ណាក្ដី ជំនឿ និង​ទំនៀមទម្លាប់​ដែល​ពួកគេ​អនុវត្ត​តាម​នោះ​បាន​ចាក់​ឫស​នៅ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ពិត និង​ការ​បង្រៀន​របស់​ពួក​ព្យាការី​របស់​ទ្រង់​ដែល​មាន​តាំង​រាប់ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ពួក​សាវក​បាន​បង្រៀន​ថា ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា ឥឡូវ​នេះ​ក្រឹត្យវិន័យ​ធំជាង​នោះ​គឺ​ជា​បទដ្ឋាន​សម្រាប់​ពួក​អ្នក​ជឿ ។ តើ​ការ​ទទួល​យក​គ្រិស្ដសាសនា​មានន័យ​ថា​ពួក​ហេព្រើរ​ត្រូវ​លះបង់​សេចក្តីជំនឿ និង​ប្រវត្តិ​កាល​ពី​មុន​របស់​ពួកគេ​មែន​ដែរ​ឬ​ទេ ? សំបុត្រ​ទៅកាន់​ពួក​ហេព្រើរបាន​ព្យាយាម​ជួយ​ដោះ​ស្រាយ​ចម្ងល់​បែបនេះ​ដោយ​ការ​បង្រៀន​ថា ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ពួកព្យាការី និង​ពិធីបរិសុទ្ធ​ទាំងឡាយ​គឺ​សំខាន់​ទាំងអស់ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មហិមា​ជាង ( សូមមើល ហេព្រើរ ១:១–៤; ​៣:១–៦​; ៧:២៣–២៨ ) ។ តាម​ពិត រឿង​ទាំង​អស់​នេះ​ចង្អុល​បង្ហាញ និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ថា​ជា​ព្រះរាជបុត្រា​របស់ព្រះ និង​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ដែល​ពួក​សាសន៍​យូដា​បាន​ទន្ទឹង​រង់ចាំ​នោះ ។

នៅក្នុង​ជំនាន់​ដើម​ទាំងនោះ និង​នៅ​សព្វថ្ងៃ​នេះ ការ​ប្រែចិត្តជឿ​មានន័យ​ថា​ជា​ការធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​កណ្ដាល​នៃ​ការថ្វាយ​បង្គំ​របស់​យើង និង​ជីវិត​របស់​យើ​ង ។ វា​មាន​ន័យ​ថា ការតោងជាប់​ទៅនឹង​សេចក្ដីពិត ហើយ​បោះបង់​អ្វី​ដែល​រំខាន​យើង​ឲ្យ​ឃ្លាត​ពី​ទ្រង់ ដ្បិត​ទ្រង់​គឺ​ជា « មេ​បង្កើត នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ » ( ហេព្រើរ ៥:៩ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​នរណា​បាន​សរសេរ​សំបុត្រ​ទៅកាន់​សាសន៍​ហេព្រើរ ?

អ្នក​ប្រាជ្ញ​មួយចំនួន​មាន​ចម្ងល់​ថា​តើ​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅកាន់​ពួក​ហេព្រើរ​ឬ​អត់ទេ ។ រចនាបទ​អក្សរសាស្ត្រ​របស់​គម្ពីរ​ហេព្រើរ​មាន​លក្ខណៈ​ផ្សេង​ពី​សំបុត្រ​ដទៃៗទៀត​របស់​ប៉ុល ហើយ​នៅ​ក្នុង​សំបុត្រ​ដើម​បំផុត​នៃ​អត្ថបទ​នោះ​ពុំ​មាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​គំនិត​យោបល់​ដែល​បាន​បង្ហាញ​នៅ​ក្នុង​គម្ពីរ​ហេព្រើរ​មាន​លក្ខណៈ​ចុះសម្រុង​នឹង​ការ​បង្រៀន​ដទៃទៀត​របស់​ប៉ុល​នៅ​ក្នុងការ​រក្សា​ទំនៀមទម្លាប់​របស់​អ្នកកាន់គ្រិស្ដសាសនា នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ទទួល​យក​ជា​ទូទៅ​ថា ប៉ុល​មាន​ជាប់ទាក់ទង​នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​នេះ ។

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សំបុត្រ​របស់​ប៉ុល » ។

ហេព្រើរ ១–៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « រូបភាព​នៃ​អង្គ​ទ្រង់ » របស់​ព្រះវរបិតាសួគ៌ ។

ពួក​យូដា​ជា​ច្រើន​បាន​រក​ឃើញ​ថា វា​មាន​ការ​លំបាក​ដើម្បី​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ សូម​កត់សម្គាល់​ពី​របស់​ដែល​សំបុត្រ​ទៅកាន់​ពួក​ហេព្រើរ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន​ជំពូក​ទាំង​ប្រាំ​ដំបូង នោះ​បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​នៃ​ព្រះបរមងារ តួនាទី គុណលក្ខណៈ និង​កិច្ចការ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បងប្អូន​រកឃើញ​មាន​លើកឡើង ។ តើ​រឿង​ទាំងនេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ? តើ​ពួកគេ​បង្រៀន​បងប្អូន​អំពី​ព្រះវរបិតាសួគ៌​យ៉ាង​ណា​ខ្លះ ?

តើ​សេចក្ដីថ្លែងការណ៍​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដូច​ខាង​ក្រោម​នេះ​ជួយ​ផ្ដល់ជា​ការ​យល់​ដឹង​បន្ថែម​ដល់​បងប្អូន​អំពី​ការ​បង្រៀន​ទាំងឡាយ​នៅក្នុង​ជំពូក​ទាំង​នេះ​យ៉ាង​ណា​ខ្លះ ? « ព្រះយេស៊ូវ … បាន​យាង​មក​ធ្វើ​ឲ្យ​ការមើល​ឃើញ​របស់​មនុស្ស​អំពី​ព្រះ​បាន​កាន់តែ​ច្បាស់​ឡើង ហើយ​បាន​ទូល​អង្វរ​ជាមួយ​ពួកគេ ឲ្យ​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​ពួកគេ នៅពេល​ទ្រង់​តែងតែ​ស្រឡាញ់ ហើយ​នឹង​ស្រឡាញ់​ពួកគេ​ជាប់​ជានិច្ច ។ … ដូច្នេះ ការ​ចែក​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ—គឺ​ជា​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះបិតា​ទ្រង់ » ( « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ ) ។

ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨

ព្រះយេស៊ូវគ្រីស្ទ​បាន​រង​ទុក្ខ​គ្រប់​យ៉ាង ដើម្បី​ទ្រង់​អាច​យល់ ហើយ​ជួយ​ខ្ញុំ ពេល​ដែល​ខ្ញុំ​រងទុក្ខ ។

តើ​បងប្អូន​មានអារម្មណ៍​ថា​បងប្អូន​អាច « មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន » ហើយ​ស្វែងរក​សេចក្ដីមេត្តា​ដែរ​ឬទេ ? ( ហេព្រើរ ៤:១៦ ) ។ សារលិខិត​មួយ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​កាន់​ពួក​ហេព្រើរ គឺ​ថា​ទោះ​ជា​យើង​មាន​អំពើបាប និង​ភាព​កំសោយ​ក្ដី ក៏​យើង​អាច​ទៅ​រក​ព្រះ ហើយ​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់​ដែរ ។ តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅក្នុង ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨ ដែល​ពង្រឹង​ដល់​ទំនុកចិត្ត​របស់​បងប្អូន​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​បងប្អូន​ក្នុង​ឧបសគ្គ​នៃ​ជីវិតរមែង​ស្លាប់​របស់​បងប្អូន​បាន ? សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​មួយ​អំពី​គំនិត និង​អារម្មណ៍​របស់​បងប្អូន​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​បងប្អូន ។

សូមមើល​ផងដែរ ម៉ូសាយ ៣:៧–១១; អាលម៉ា ៧:១១–១៣; ៣៤; ម៉ាថាយ អេស ហូឡិន « The Exquisite Gift of the Son » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៥–៤៧ ។

ហេព្រើរ ៣:៧៤:១១

ពរជ័យ​របស់​ព្រះ​មាន​សម្រាប់​អស់​អ្នក​ដែល « ពុំ​រឹងរូស​ក្នុង​ដួងចិត្ត [ របស់ពួកគេ ] » ។

តាមរយៈ​ការ​ប្រាប់​រឿង​អំពី​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ឡើង​វិញ នោះ​ប៉ុល​បាន​សង្ឃឹម​ថា​នឹង​បញ្ចុះបញ្ចូល​ពួក​សាសន៍​យូដា​ឲ្យ​ចៀសវាង​ពី​កំហុស​ឆ្គង​របស់​ពួក​ជីដូនជីតា​ពួកគេ​ដែល​បាន​ធ្វើ—ដោយ​បដិសេធ​ពរជ័យ​របស់​ព្រះ ដោយសារ​តែ​ការ​ឥតជំនឿ ។ ( បងប្អូន​អាច​អាន​រឿង​ដែល​ប៉ុល​បាន​ប្រាប់​នៅ​ក្នុង ជនគណនា ១៤:១–១២, ២៦–៣៥ ) ។

សូម​ពិចារណា​អំពី​របៀប​ដែល ហេព្រើរ ៣:៧៤:១១ អាច​នឹង​អនុវត្ត​ចំពោះ​បងប្អូន ។ ដើម្បី​ធ្វើ​ដូច​នេះ បងប្អូន​អាច​ពិចារណា​សំណួរ​ទាំង​នេះ ៖

  • តើ​ពួកសាសន៍​អ៊ីស្រាអែល​បាន​បះបោរ​នឹង​ព្រះអម្ចាស់​យ៉ាង​ដូច​ម្ដេច ? ( សូមមើល ហេព្រើរ ៣:៨–១១ ) ។ តើ​លទ្ធផល​នៃ​ការ​មាន​ចិត្ត​រឹងរូស​មាន​អ្វីខ្លះ ?

  • តើ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ចិត្ត​របស់​ខ្ញុំ​ប្រែជា​រឹងរូស​នៅពេល​ណា ? តើ​មាន​ពរជ័យ​ណា​ខ្លះ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​ដល់​ខ្ញុំ តែ​ខ្ញុំ​ពុំ​បាន​ទទួល​ដោយសារ​តែ​ការ​ខ្វះ​ជំនឿ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើត​ចិត្ត​ទន់ភ្លន់ និង​ទន់ទាប ? ( សូមមើល អេធើរ ៤:១៥; សុភាសិត ៣:៥–៦; អាលម៉ា ៥:១៤–១៥ ) ។

សូមមើលផងដែរ នីហ្វៃទី១ ២:១៦; ១៥:៦–១១; យ៉ាកុប ១:៧–៨; អាលម៉ា ១២:៣៣–៣៦; នែល អេហ្វ ម៉ារីអូត « Yielding Our Hearts to God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣០–៣២ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ហេព្រើរ ១:៨–៩ ។តើ​មាន​វិធីណា​ខ្លះ​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត ហើយ​ស្អប់​សេចក្ដីទុច្ចរិត ? បើ​យើង​មាន​បំណងប្រាថ្នា​ឥត​សុចរិត តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្លាស់ប្ដូរ​វា ?

ហេព្រើរ ២:១–៤ ។តើ​បងប្អូន​គិត​ដល់​គោលបំណង​មេរៀន​មួយ​ដែល​អាច​ជួយ​គ្រួសារ​បងប្អូនឲ្យ​យល់​ពី​អត្ថន័យ​ដើម្បី​រក្សា​ភាព​រឹងមាំ​ទៅ​លើ​សេចក្ដីពិត​ដំណឹងល្អ « ដែល​យើង​បាន​ស្ដាប់​ឮ » ដែរឬទេ ? បងប្អូន​អាច​បង្ហាញ​អំពី​រឿង​នេះ​ដោយ​វត្ថុ​មួយ​ដែល​ពិបាក​នឹង​កាន់​យ៉ាង​ណែន ។ តើ​ការ​ខិតខំ​របស់​យើង​ដើម្បី​រក្សា​ទីបន្ទាល់​របស់​យើង​ប្រៀប​ដូចជា​ការ​ចាប់​កាន់ ហើយ​តោង​ជាប់​ទៅ​នឹង​វត្ថុ​នេះ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ប្រាកដ​ថា « សេចក្តី​ដែល​យើង​រាល់​គ្នា​បាន​ឮ » ពុំ​បាន​« រសាត់ » ចេញ​ពី​យើង​ទៅ​ដោយ​របៀប​ណា ? ( ខទី ១ ) ។

ហេព្រើរ ២:៩–១០ ។ដើម្បី​រុករក​មើល​ឃ្លា « មេ​នៃ​សេចក្តី​សង្គ្រោះគេ » បងប្អូន​អាច​ចាប់​ផ្ដើម​ដោយ​ពិភាក្សា​ថា តើ​មេទ័ព​ធ្វើ​អ្វីខ្លះ ។ តើ​សេចក្ដី​សង្គ្រោះ​មាន​ន័យ​ដូចម្តេច ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​មេទ័ព​មួយ​ចំពោះ​ពួក​យើង និង​សេចក្ដីសង្គ្រោះ​របស់​ពួកយើង​យ៉ាង​ដូចម្ដេច ?

ហេព្រើរ ៥:១–៥ ។ខគម្ពីរ​ទាំងនេះ​អាច​ជួយ​បងប្អូនឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​អត្ថន័យ​នៃ​ការត្រូវ​បាន​ហៅ​ពី​ព្រះ​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិអំណាច ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​ការទទួល និង​ការ​បំពេញ​ការ​ហៅ​បម្រើ ?

រូបភាព
ម៉ូសេ​តែងតាំង​អើរ៉ុន

« គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន » ( ហេព្រើរ ៥:៤ ) ។ ម៉ូសេ​ហៅ​អើរ៉ុន​ឲ្យ​ធ្វើ​ការងារបម្រើ ដោយ ហារី អាន់ឌើរសិន

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុកតម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ខ្ញុំ​ត្រូវការ​ទ្រង់ជានិច្ច » ទំនុក​តម្កើង ល.រ. ៤៧ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ព្យាយាម​អនុវត្ត​វិធីសាស្ដ្រ​សិក្សា​ផ្សេងៗ ។ ជាជាង​សិក្សា​ព្រះគម្ពីរ​តាម​របៀប​ដដែលៗ​រហូត​នោះ សូមពិចារណា​អំពី​គំនិត​យោបល់​ក្នុង​ការ​សិក្សា​តាម​វិធីសាស្ដ្រ​ផ្សេងៗ ។ សម្រាប់​ជា​គំនិត​យោបល់​មួយចំនួន សូមមើល « គំនិត​យោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » នៅ​ដើម​ដំបូង​នៃ​សៀវភៅ​សិក្សា​នេះ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ពន្លឺ​នៃ​លោកិយ ដោយ វ៉លធើរ រ៉េន