ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន ៖ « ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ »


« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី​២; ទីតុស; ភីលេម៉ូន ៖ ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ស្ត្រី​បីនាក់​កំពុង​ដើរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២៣–២៩ ខែ តុលា

ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ »

ពេល​ខ្លះ​វា​អាច​ជួយ​បាន​ច្រើន ពេល​បងប្អូន​មាន​ចម្ងល់​មួយ ឬ​ច្រើន​នៅ​ក្នុង​គំនិត​មុន​ពេល​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​របស់​បងប្អូន ។ សូម​យាង​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​បងប្អូន​ទៅ​រក​ចម្លើយ​នៅពេល​បងប្អូន​សិក្សា ហើយ​កត់ត្រា​ចំណាប់អារម្មណ៍​នានា​ដែល​បងប្អូន​បាន​ទទួល ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅក្នុង​សំបុត្រ​របស់​ប៉ុល​ដែល​បាន​សរសេរ​ទៅកាន់​ធីម៉ូថេ ទីតុស និង​ភីលេម៉ូន យើង​ទទួល​បាន​ពន្លឺមួយ​នៅក្នុង​ដួងចិត្ត​របស់​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ។ មិនដូចជា​សំបុត្រ​ផ្សេងៗ​ទៀត​ដែល​ប៉ុល​បាន​សរសេរ​ទៅកាន់​ក្រុមជំនុំ​ទាំងមូល​នោះ​ទេ សំបុត្រ​ទាំងនេះ​ត្រូវ​បាន​សរសេរ​ទៅ​កាន់​បុគ្គល​ម្នាក់ៗ—ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​ប៉ុល និង​ជា​សហការី​នៅក្នុង​កិច្ចការ​របស់​ព្រះ—ហើយ​ការ​អាន​សំបុត្រទាំងនោះ​គឺ​ដូចជា​ស្ដាប់​ការ​សន្ទនា​មួយ​ដូច្នោះ​ដែរ ។ យើង​មើល​ឃើញ​ប៉ុល​លើក​ទឹកចិត្ត​ធីម៉ូថេ និង ទីតុស ដែល​ជា​អ្នកដឹកនាំ​ក្រុមជំនុំ​ពីររូប នៅក្នុងការ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ពួកលោក​ផងដែរ ។ យើង​ឃើញ​លោក​អង្វរ​ដល់​ភីលីម៉ូន​ដែលជា​មិត្ត​របស់​លោក​ឲ្យ​ផ្សះផ្សា​នឹង​បងប្អូន​ពួក​បរិសុទ្ធ​ម្នាក់ ហើយ​ប្រព្រឹត្ត​នឹង​លោក​ដូចជា​បងប្អូន​ប្រុស​ក្នុង​ដំណឹងល្អ​ម្នាក់​ដូច្នោះដែរ ។ ពាក្យ​សម្ដី​របស់​ប៉ុល​ពុំ​បាន​និយាយ​មក​កាន់​យើង​ចំៗ​នោះទេ ហើយ​លោក​ពុំ​ដែល​រំពឹង​ថា​មាន​មនុស្ស​ជា​ច្រើន​នឹង​អាន​វា​នៅ​ថ្ងៃ​មួយ​នោះដែរ ។ ប៉ុន្ដែ​យើង​រក​ឃើញនៅក្នុង​សំបុត្រ​ទាំងនេះ​នូវការ​ប្រឹក្សា និង​ការលើកទឹកចិត្ត​ដល់​យើង មិន​ថា​ការ​បម្រើ​ផ្ទាល់​ខ្លួន​របស់​យើង​នៅក្នុង​សាសនាចក្រ​ជា​អ្វី​នោះទេ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​ធីម៉ូថេ និង​ទីតុស​ជា​នរណា ?

ធីម៉ូថេ និង​ទីតុស បាន​បម្រើ​ជាមួយ​ប៉ុល​នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្សព្វផ្សាយសាសនា​ខ្លះៗ ។ អំឡុង​ការ​បម្រើ​របស់​ពួកលោក ពួកលោក​បាន​ទទួល​ការ​គោរព និង​ការ​ទុក​ចិត្ត​មកពី​ប៉ុល ។ ធីម៉ូថេ​ក្រោយ​មក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ​មួយរូប​នៅ​ក្រុង​អេភេសូរ ហើយ​ទីតុស ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នកដឹកនាំ​នៅ​កោះ​ក្រេត ។ នៅក្នុង​សំបុត្រ​ទាំងនេះ ប៉ុល​បាន​ផ្ដល់​ការណែនាំ និង​ការលើក​ទឹកចិត្ត​ដល់ ធីម៉ូថេ និង ទីតុស ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​របស់​ពួកលោក ដែល​រួមមាន​ទាំង​ការ​ផ្សាយ​ដំណឹងល្អ និង​ការ​ហៅ​ពួកបុរស​ឲ្យ​បម្រើ​ជា​ប៊ីស្សព​ផងដែរ ។

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សំបុត្រ​របស់​ប៉ុល » « ធីម៉ូថេ » « ទីតុស » ។

រូបភាព
អ្នក​ផ្សព្វផ្សាយសាសនា​ពីរនាក់​កំពុង​និយាយ​ទៅកាន់​បុរសម្នាក់

« កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។

ធីម៉ូថេ ទី១ ៤:១០–១៦

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ។

ធីម៉ូថេ​មាន​វ័យ​ក្មេង ប៉ុន្តែ​ប៉ុល​បាន​ដឹង​ថា​គាត់​អាច​ធ្វើជា​អ្នកដឹកនាំ​សាសនាចក្រ​ដ៏​ល្អ​ម្នាក់​ដោយ​ពុំ​គិត​ពី​វ័យ​របស់​គាត់​ឡើយ ។ តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​ប៉ុល​បាន​ផ្ដល់​ទៅ​ឲ្យ​ធីម៉ូថេ​នៅក្នុង ធីម៉ូថេ ទី១ ៤:១០–១៦ ? តើ​ការ​ប្រឹក្សា​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ដឹកនាំ​អ្នកដទៃ​មក​រក​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

សូម​មើល​ផងដែរ អាលម៉ា ១៧:១១ ។

ធីម៉ូថេ ទី២

« ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច​សេចក្តី​ស្រឡាញ់ និង ប្រាជ្ញា​នឹង​ធឹង​វិញ » ។

ធីម៉ូថេ ទី២ ត្រូវ​បានគេ​ជឿ​ថា ជា​សំបុត្រ​ចុង​ក្រោយ​ដែល​ប៉ុល​បាន​សរសេរ ហើយ​វា​ហាក់ដូចជា​លោក​បាន​ដឹង​ថា​ពេលវេលា​របស់​លោក​នៅលើ​ផែនដី​គឺ​មាន​រយៈពេល​ខ្លី​ណាស់ ( សូមមើល ធីម៉ូថេ ទី២ ៤:៦–៨ ) ។ តើ​ធីម៉ូថេ​អាច​មាន​អារម្មណ៍​យ៉ាង​ណា ដែល​ដឹង​ថា​មិនយូរ​ទៀតទេ លោក​នឹង​មិន​មាន​អ្នក​ណែនាំ និង​អ្នកដឹកនាំ​ដែល​គាត់​ទុកចិត្ត​ទៀត​នោះ ? តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​ដើម្បី​លើកទឹកចិត្ត​លោក ? បងប្អូន​ក៏​អាច​អាន​ដោយ​ដាក់​ឧបសគ្គ និង​ការភ័យខ្លាច​របស់​បងប្អូន​ផ្ទាល់​ក្នុង​គំនិត​ផងដែរ ។ តើ​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម និង​ការលើក​ទឹកចិត្ត​អ្វីខ្លះ ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បងប្អូន​នៅក្នុង ធីម៉ូថេ ទី២ ?

សូមមើល​ផងដែរ ខេលី អរ ចនសុន « Enduring Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១២–១៤ ។

ធីម៉ូថេ ទី២ ៣

ការ​រស់នៅ​តាម​ដំណឹងល្អ​ផ្ដល់​នូវសុវត្ថិភាព​ពី​គ្រោះ​ថ្នាក់​ខាងវិញ្ញាណ​នៅ​ថ្ងៃចុង​ក្រោយ ។

យើង​កំពុង​រស់នៅ​ក្នុង​ថ្ងៃ « ជាន់ក្រោយបង្អស់ » ដែល​ប៉ុល​បាន​និយាយ ហើយ « គ្រា​លំបាក​ណាស់ » បាន​មក​ដល់ ( ធីម៉ូថេ ទី២ ៣:១ ) ។ នៅពេល​បងប្អូន​អាន ធីម៉ូថេ ទី២ ៣ សូម​កត់ត្រា​ការលំបាកៗ​នៅ​ថ្ងៃ​ជាន់​ក្រោយ​ដែល​បាន​លើក​ឡើង​នោះ ( សូមមើល​ផងដែរ ធីម៉ូថេ ទី១ ៤:១–៣ ) ៖

តើ​បងប្អូន​អាច​គិត​អំពី​ឧទាហរណ៍​នៃ​គ្រា​លំបាកៗ​ទាំងនេះ​នៅ​ក្នុង​ពិភពលោក​ជុំវិញ​បងប្អូន—ឬ​នៅ​ក្នុង​ជីវិត​បងប្អូន​ផ្ទាល់​បាន​ឬទេ ? តើ​គ្រាលំបាកៗ​ទាំងនេះ ដូច​ជា​មនុស្ស​ដែលបាន​ពិពណ៌នា​នៅក្នុង ខទី ៦ « ចូល​ទៅ​ក្នុង​ផ្ទះ [ របស់​បងប្អូន ] ហើយ​នាំ [ បងប្អូន ] ទាំង​ល្បួង » យ៉ាង​ដូចម្ដេច ? តើ​ដំបូន្មាន​អ្វី​ខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង ធីម៉ូថេ ទី២ ៣ និង​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​សំបុត្រ​ទាំងនេះ ដែល​អាច​ថែរក្សា​បងប្អូន និង​គ្រួសារ​បងប្អូន​ឲ្យ​មាន​សុវត្ថិភាព​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ទាំងនេះ ? ( ជា​ឧទាហរណ៍ សូមមើល ធីម៉ូថេ ទី១ ១:៣–១១; ធីម៉ូថេ ទី២ ២:១៥–១៦; ទីតុស ២:១–៨ ) ។

តើ​ភីលេម៉ូន​ជា​នរណា ?

ភីលេម៉ូន​គឺ​ជា​អ្នកាន់​គ្រិស្ដសាសនា​ម្នាក់​ដែល​បាន​ផ្លាស់ប្រែ​ចិត្តជឿ​មក​ក្នុង​ដំណឹងល្អ​តាមរយៈ​ប៉ុល ។ ភីលេម៉ូន​ជា​ម្ចាស់​នៃ​ទាសករ​ម្នាក់​ឈ្មោះ​អូនេស៊ីម ដែល​ជាក់ស្ដែង​បាន​រត់គេច​ទៅ​ក្រុងរ៉ូម ។ នៅ​ទីនោះ​អូនេស៊ីម​បាន​ជួប​នឹង​ប៉ុល ហើយ​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ។ ប៉ុល​បាន​បញ្ជូន​អូនេស៊ីម​ត្រឡប់​ទៅ​ភីលេម៉ូន​វិញ​ជាមួយ​នឹង​សំបុត្រ​មួយ ដែល​លើកទឹកចិត្ត​ដល់​ភីលេម៉ូន​ឲ្យ​ទទួល​យក​អូនេស៊ីម « តែ​មិន​មែន​ដូច​ជា​បាវ​បម្រើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បម្រើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួនភ្ងា​វិញ » ( ភីលេម៉ូន ១:១៦ ) ។

ភីលេម៉ូន

សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ប្រព្រឹត្ត​ចំពោះ​អ្នក​ផ្សេង​ទៀត​ដូចជា​បងប្អូន​ប្រុសស្រី ។

នៅពេល​បងប្អូន​អាន​សំបុត្រ​របស់​ប៉ុល​ដល់​ភីលេម៉ូន សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​បងប្អូន​អាច​អនុវត្ត​ដំបូន្មាន​នេះ​ទៅ​នឹង​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​មនុស្ស​ដទៃទៀត ។ ខាងក្រោម​នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដែល​បងប្អូន​អាច​ពិចារណ ៖

  • ខទី ១–៧ ៖ តើ​ពាក្យ​អ្នក « ធ្វើ​ការ​ជា​មួយ » និង « គូកន​តយុទ្ធ​ជា​មួយ » ផ្ដល់​យោបល់​ដល់​បងប្អូន​អំពី​ទំនាក់ទំនង​យ៉ាង​ដូច​ម្ដេច​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ ? តើ​បងប្អូន​ធ្លាប់​ទទួល​អារម្មណ៍ « បាន​ស្បើយ​ល្ហែ » ដោយសារ​តែ​បងប្អូន​ប្រុសស្រី​នៅក្នុង​ព្រះគ្រីស្ទ​នៅពេល​ណា ?

  • ខទី ៨–១៦ ៖ តើ​ពាក្យ « បង្គាប់ » និង « អង្វរ » មាន​ន័យ​យ៉ាងណា ? ហេតុអ្វី​ប៉ុល​បាន​ជ្រើសរើស​ដើម្បី អង្វរ ភីលេម៉ូន​ជាជាង បង្គាប់ គាត់​ទៅវិញ ? តើ​ប៉ុល​បាន​សង្ឃឹម​នឹង​សម្រេច​បាន​អ្វី ដោយ​ការបញ្ជូន​អូនេស៊ីម​ត្រឡប់​ទៅ​ភីលេម៉ូន​វិញ ?

  • ខទី ១៦ ៖ តើ​ការធ្វើ​ជា « ប្អូន [ ប្រុសស្រី ] ស្ងួនភ្ងា​វិញ … ក្នុង​ព្រះអម្ចាស់​ផង » មានន័យ​យ៉ាង​ណា ? តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​បងប្អូន​ត្រូវ​ទទួល​តាម​របៀប​នេះ​ដែរ​ឬ​ទេ ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ធីម៉ូថេ ទី១ ២:៩–១០ ។តើ « តែង [ ខ្លួន​យើង ] … ដោយ​ការ​ប្រព្រឹត្ត​ល្អ » មានន័យ​យ៉ាង​ណា ? តើ​ការ​ប្រព្រឹត្តល្អ​មួយចំនួន​ដែល​គ្រួសារ​របស់​យើង​អាច​ធ្វើ​នៅ​សប្ដាហ៍​នេះ​មាន​អ្វីខ្លះ ? បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយបទ​ជាមួយ​គ្នា​អំពី​ការប្រព្រឹត្ត​ល្អ ដូចជា « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ? » ( ទំនុកតម្កើង ល.រ. ១៣៨ )។

ធីម៉ូថេ ទី១ ៤:១២ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យមាន​បំណង​ប្រាថ្នា « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » សូម​ពិចារណា​ធ្វើ​ការ​អញ្ជើញ​ពួកគេ​ឲ្យ​គូររូប​មនុស្ស​ដែល​បាន​ធ្វើ​គំរូ​ល្អ​ចំពោះ​ពួកគេ ។ តើ​មនុស្ស​ទាំងនេះ​បាន​បំផុសគំនិត​ដល់​យើង​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? សារលិខិត​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន « Be an Example and a Light » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦–៨៨ ) អាច​ផ្ដល់​គំនិត​មួយ​ចំនួន​ពី​របៀប​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ដទៃ​ទៀត ។

ធីម៉ូថេ ទី១ ៦:៧–១២ ។តើ​បងប្អូន​គិត​ថា ហេតុអ្វី « ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ? តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ចំពោះ​ការ​ផ្ដោត​ជីវិត​របស់​យើង​ទៅ​លើ​ប្រាក់ ឬ​ទ្រព្យសម្បត្តិ​នោះ ? តើ​យើង​អាច​បាន​អរសប្បាយ​នឹង​ពរជ័យ​ដែល​យើង​មាន​យ៉ាង​ដូចម្ដេច ?

ធីម៉ូថេ ទី២ ៣:១៤–១៧ ។យោង​តាម​ខគម្ពីរ​ទាំងនេះ តើពរជ័យ​អ្វីខ្លះ​នឹង​កើត​មាន​ដល់​អ្នកទាំងឡាយ​ដែល​ដឹង ហើយ​សិក្សា​បទគម្ពីរ ? ប្រហែលជា​សមាជិក​គ្រួសារ​មួយចំនួន​អាច​ចែកចាយ​បទគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា « មានប្រយោជន៍ » ជា​ពិសេស ។

ភីលេម៉ូន ១:១៧–២១ ។តើ​ប៉ុល​មាន​ឆន្ទៈ​ធ្វើ​អ្វីខ្លះ​សម្រាប់​អេនូស៊ីម ? តើ​ការណ៍​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ព្រះអម្ចាស់​បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​សម្រាប់​យើង​ដោយ​របៀប​ណា ? ( សូម​មើល​ផង​ដែរ ធីម៉ូថេ ទី១ ២:៥–៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣–៥ ) ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ុល និង​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « រះ​ឡើង » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៦ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​គោលលទ្ធិ​ឲ្យ​ច្បាស់លាស់ ហើយ​សាមញ្ញ ។ ដំណឹង​ល្អ​របស់​ព្រះអម្ចាស់​គឺ​ស្រស់ស្អាត​នៅ​ក្នុង​ភាព​សាមញ្ញ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៥៧ ) ។ ជាជាង​ព្យាយាម​ដើម្បី​កម្សាន្ដ​ដល់​គ្រួសារ​របស់​បងប្អូន​ជាមួយ​នឹង​មេរៀន​ដែល​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ជា​ច្រើន​នោះ សូម​ព្យាយាម​បង្រៀន​គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​សាមញ្ញ​វិញ ( សូមមើល ធីម៉ូថេ ទី១ ១:៣–៧ ) 

រូបភាព
កុមារ​ពីរ​នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

« តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង » ( ធីម៉ូថេ ទី២ ៣:១៥ ) ។