ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ « សម្ដេច​សង្ឃ​ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក »


« ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ សម្ដេច​សង្ឃ​ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ម៉ិលគីស្សាដែក​កំពុង​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន ។ អំណោយ​របស់​វិចិត្រករ

ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា

ហេព្រើរ ៧–១៣

« សម្តេច​សង្ឃ​ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក »

នៅពេល​បងប្អូន​អាន ហេព្រើរ ៧–១៣ បងប្អូន​អាច​ទទួល​បាន​ចំណាប់អារម្មណ៍​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​កត់ត្រា​វា​ទុក ឧទាហរណ៍ បងប្អូន​អាច​កត់ត្រា​វា​នៅក្នុង​គម្រោងមេរៀន​នេះ​នៅ​លើ​រឹមទំព័រ​ព្រះគម្ពីរ​របស់​បងប្អូន ឬ​នៅ​ក្នុង​សៀវភៅ​កត់ត្រា ឬ​សៀវភៅកំណត់​សិក្សា​មួយ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជួនកាល​ពួកបរិសុទ្ធ​ស្មោះត្រង់ត្រូវ​រងការ « ត្មះតិះដៀល ហើយ​ធ្វើ​ទុក្ខ » ដែល​អាច​រញ្ជួយ​ដល់​ទំនុកចិត្ត​របស់​ពួកគេ ( សូមមើល ហេព្រើរ ១០:៣២–៣៨ ) ។ ប៉ុល​បាន​ដឹងថា ពួក​យូដា​ដែល​បាន​ប្រែចិត្តជឿ​លើ​គ្រិស្ដសាសនា​កំពុង​ជួប​នូវការ​បៀតបៀន​យ៉ាង​ដំណំ​ដោយសារ​តែ​ជំនឿ​ថ្មី​របស់​ពួកគេ ។ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ លោក​បានរំឭក​ពួកគេ​អំពី​ទំនៀមទម្លាប់​ដ៏​យូរ​អង្វែង​របស់​ពួក​អ្នក​ជឿ​ដ៏​ស្មោះត្រង់​មកពី​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់​ពួកគេ ដូចជា ៖ អេបិល ហេណុក ណូអេ អ័ប្រាហាំ សារ៉ា យ៉ូសែប និង​ម៉ូសេ—« ស្មរ​បន្ទាល់​មួយ​ហ្វូង​ធំ » ដែល​ថា​ការ​សន្យា​របស់​ព្រះ​គឺជាការពិត ហើយ​មាន​តម្លៃ​ដើម្បី​រង់ចាំ ( សូមមើល ហេព្រើរ ១១; ១២:១ ) ។ ទំនៀមទម្លាប់​នេះ​ក៏​ជា​របស់​បងប្អូន​ដែរ ។ កេរមរតក​នៃ​សេចក្ដីជំនឿ​នេះ​ត្រូវបាន​ចែកចាយ​ដោយ​អស់​អ្នក​ដែល​រំពឹង​មើល « ដល់​ព្រះយេស៊ូវ [ ជា ] មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » ( ហេព្រើរ ១២:២ ) ។ ដោយសារ​តែ​ទ្រង់ នៅពេល​ណា​ដែល​មារសត្រូវ​ធ្វើ​ឲ្យ​យើង​ចង់ « ថយ​ទៅ​វិញ » នោះ​យើងអាច « ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះត្រង់ និង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្តី​ជំនឿ » ទៅ​វិញ ( ហេព្រើរ ១០:២២, ៣៨ ) ។ ចំពោះ​យើង ក៏​ដូចជា​ពួក​បរិសុទ្ធ​ជំនាន់​បុរាណ​ផងដែរ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក » ( ហេព្រើរ ៩:១១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហេព្រើរ ៧

បព្វជិតភាព​ម៉ិលគីស្សាដែក​ចង្អុល​បង្ហាញ​ខ្ញុំ​ឲ្យ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ ពួក​សាសន៍​យូដា​បាន​អនុវត្ត​បព្វជិតភាព​លេវី ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​បព្វជិតភាព​អើរ៉ុន​ផងដែរ ។ ប៉ុន្តែ​ដោយសារ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ក៏​មាន​បព្វជិតភាព​ម៉ិលគីស្សាដែក​ដែលខ្ពស់​ជាង ដែលវា​បាន​ផ្ដល់នូវ​ពរជ័យ​កាន់​តែ​មហិមា ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​បព្វជិតភាព​ម៉ិលគីស្សាដែក​មកពី ហេព្រើរ ៧ ? សូម​ចងចាំ​ថា គោលបំណង​នៃ​សំបុត្រ​នេះ—ក៏​ដូចជា​ព្រះគម្ពីរ​ទាំងអស់​ដែរ—គឺ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​បងប្អូន​អាច​កត់សម្គាល់​ពី​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ។

នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​អំពី​សេចក្ដីពិត​ផ្សេងៗ​ទៀត ដែល​បងប្អូន​អាច​រក​ឃើញ ៖

តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​បាន​ទទួល​មកពី​បព្វជិតភាព​ម៉ិលគីស្សាដែក និង « ពិធី​បរិសុទ្ធ​ទាំង​ឡាយ » នោះ ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០ ) ។ តើ​បព្វជិតភាព​ម៉ីលគីស្សាដែក​បាន​ជួយ​បងប្អូន​ឲ្យ​មក​រក​ព្រះគ្រីស្ទ​តាម​របៀប​ណា ?

សូមមើល​ផងដែរ អាលម៉ា ១៣:១–១៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៣៦–៤៦; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « បព្វជិតភាព​ម៉ិលគីស្សាដែក »; « ម៉ិលគីស្សាដែក » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩–៧២ ។

ហេព្រើរ ៩; ១០:១–២២

ពិធីបរិសុទ្ធ​ពី​ជំនាន់​បុរាណ និង​សម័យទំនើប​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​អ្នក​អាន​គម្ពីរហេព្រើរ​ពី​ដើម​ក្នុង​សំបុត្រ​នេះ ច្បាស់​ជា​ស្គាល់​ច្បាស់​អំពី​រោងឧបោសថ​ពីបុរាណ និង​ពិធីបរិសុទ្ធ​នានា​ដែល​ប៉ុល​បាន​ពិពណ៌នា ។ ប៉ុន្តែ​មាន​ពួកគេ​មួយចំនួន​ពុំ​បាន​ទទួល​ស្គាល់​ពេញលេញ​ថា គោលបំណង​នៃ​ពិធីបរិសុទ្ធ​ទាំងនេះ​ចង្អុល​បង្ហាញ​ទៅ​រក​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

នៅ​ជំនាន់​ព្រះគម្ពីរ​ប៊ីប នៅ​ក្នុង​ថ្ងៃ​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ​ដែល​ហៅ​ថា ថ្ងៃ​នៃ​ដង្វាយធួន សង្ឃជាន់​ខ្ពស់​ម្នាក់​បាន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​បរិសុទ្ធ​បំផុត ( ឬ​បរិសុទ្ធ​នៃ​អស់​ទាំង​បរិសុទ្ធ​បំផុត ) នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​យេរូសាឡិម ហើយ​បូជា​សត្វពពែ ឬ​សត្វចៀម​ដើម្បី​ធ្វើ​ឲ្យធួន​ចំពោះ​អំពើបាប​នៃ​អ៊ីស្រាអែល ។

នៅពេល​បងប្អូន​អាន​ពី​ការពិពណ៌នា​របស់​ប៉ុល​អំពី​ពិធីបរិសុទ្ធ​ទាំងនេះ សូម​រកមើល​និមិត្តរូប និង​ការបង្រៀន​ទាំងឡាយ ដែល​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ។

ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​យើង​ចូលរួម​នៅ​សព្វថ្ងៃ​នេះ គឺ​ខុសគ្នា​ពី​ពិធី​បរិសុទ្ធ​ទាំងនោះ​នៅក្នុង​ជំនាន់​របស់​ប៉ុល ប៉ុន្តែ​គោលបំណង​របស់​វា​គឺ​ដូច​គ្នា ។ តើ​ពិធី​បរិសុទ្ធ​សព្វថ្ងៃ​នេះ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​បងប្អូន​យ៉ាង​ដូចម្តេច ?

ដើម្បី​រៀន​បន្ថែម​អំពី​ពិធីការ​របស់​ពួកសាសន៍​យូដា​ពី​ជំនាន់​បុរាណ និង​និមិត្តរូប​របស់​វា សូម​មើល​វីដេអូ « The Tabernacle » និង « Sacrifice and Sacrament » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ហេព្រើរ ១១

សេចក្ដីជំនឿ​តម្រូវ​ឲ្យ​មាន​ការ​ទុកចិត្ត​ទៅ​លើ​ការ​សន្យា​របស់​ព្រះ ។

បើ​មនុស្ស​ម្នាក់​បាន​សូម​ឲ្យ​បងប្អូន​ឲ្យ​និយមន័យ​នៃ​ពាក្យ​សេចក្ដី​ជំនឿ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ ? ស៊ីស្ទើរ អាននី ស៊ី ភិនហ្គ្រី បាន​ទាញ​យក​ភាសា​ចេញពី ហេព្រើរ ១១ ដើម្បី​ផ្ដល់​និយមន័យ​នេះ​អំពី​សេចក្ដី​ជំនឿ​ថា​ជា ៖ « សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ជឿ​ការបញ្ចុះបញ្ចូល​អំពី​ការសន្យា​ទាំងឡាយ​ដែល​មើល​ឃើញ ‹ ពី​ចម្ងាយ › ប៉ុន្តែ​វា​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ក្នុង​ជីវិត​នេះ » ( « Seeing the Promises Afar Off » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១៤ ) ។

សូម​ពិចារណា​ធ្វើ​ការ​បង្កើត​និយមន័យ​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីជំនឿ នៅពេល​បងប្អូន​ពិចារណា​អំពី​គំនិត​យោបល់​នៅក្នុង ហេព្រើរ ១១ ។ តើ​គំរូ​នៃ​មនុស្ស​ដែល​បាន​លើក​ឡើង​នៅក្នុង​ជំពូក​នេះ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​សេចក្ដីជំនឿ ? ( សូមមើល​ផងដែរ អេធើរ ១២:៦–២២ ) ។

តើ​ការសន្យា​អ្វី​ខ្លះ​ដែល​បងប្អូន​មើលឃើញ « ពីចម្ងាយ » ? តើ​បងប្អូន​អាច​បង្ហាញ​ព្រះអម្ចាស់​ថា បងប្អូន « ទទួល​គំនាប់ » ដោយ​របៀប​ណា ? ( ហេព្រើរ ១១:១៣ ) ។

សូមមើល​ផងដែរ អាលម៉ា ៣២:២១, ២៦–៤៣; ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៦–៣៨; Gospel Topics « Faith in Jesus Christ » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ហេព្រើរ ១០:៣២–៣៦ ។បងប្អូន​អាច​នឹង​អញ្ជើញសមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ​នៅពេល​ពួកគេ​ទទួល​អារម្មណ៍ « បំភ្លឺ » ដោយ​សេចក្ដីពិត ។ តើ​បទពិសោធន៍​ទាំងនេះ​អាច​ជួយ​យើង « កុំ​បោះបង់​ចោល​ទំនុកចិត្ត [ របស់​យើង ] » នៅ​ក្នុង​គ្រា​នៃ​ការ​សាកល្បង ឬ​ការសង្ស័យ​យ៉ាង​ដូចម្ដេច ?

ហេព្រើរ ១១ ។តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​បងប្អូន​ឲ្យ​រៀន​មកពី​គំរូ​ស្មោះត្រង់​ដែល​បាន​ប្រាប់​នៅក្នុង ហេព្រើរ ១១ យ៉ាង​ដូចម្ដេច ? វា​អាច​ជា​ការសប្បាយ​រីករាយ​ដើម្បី​ធ្វើ​ការ​សម្ដែង​ពី​ដំណើររឿង​នៃ​គំរូ​មួយចំនួន​ទាំងនេះ ។ បងប្អូន​អាច​រំឭក​រឿង​ទាំងនេះ​នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ឬ​ប្រហែលជា​គ្រួសារ​របស់​បងប្អូន​អាច​ពិភាក្សា​អំពី​គំរូ​របស់​មនុស្ស​ស្មោះត្រង់​ដទៃទៀត​ដែលបងប្អូន​ស្គាល់—រួមមានទាំង​ជីដូនជីតា អ្នកដឹកនាំ​សាសនាចក្រ និង​សមាជិក​ក្នុង​សហគមន៍​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​ច្រៀង​បទចម្រៀង​មួយ​បទ​អំពី​សេចក្ដី​ជំនឿ ដូចជា​បទ « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ) ។

ហេព្រើរ ១២:២ ។យោងតាម​ខគម្ពីរ​នេះ ហេតុអ្វី​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ស៊ូទ្រាំ​នឹង​ការឈឺចាប់ និង​ការ​រងទុក្ខ​នៅ​លើ​ឈើ​ឆ្កាង​ដូច្នេះ ? តើ​រឿង​នេះ​បង្រៀន​យើង​អំពី​របៀប​ដែល​យើងអាច​ស៊ូទ្រាំ​ការសាកល្បង​របស់​យើង​អ្វីខ្លះ ? ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់​នូវ​ការ​យល់​ដឹង​ដ៏​ជា​ជំនួយ​មួយ​ចំនួន​អំពី​ខគម្ពីរ​នេះ​នៅ​ក្នុង​សារលិខិត​របស់លោក « Joy and Spiritual Survival » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ។

ហេព្រើរ ១២:៥–១១ ។ហេតុអ្វី​ព្រះអម្ចាស់​វាយ​ផ្ចាល និង​កែតម្រូវ​យើង ? តើ​យើង​កត់សម្គាល់​អ្វី​ខ្លះ នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​មើល​ទៅ​ការ « ផ្ចាញ់ផ្ចាល » ? តើ​ខគម្ពីរ​ទាំងនេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​ផ្ដល់ ឬ​ទទួល​ការផ្ជាញ់ផ្ចាល​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យប្រើ ៖ « ជំនឿ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​តន្ត្រី​ដើម្បី​យាង​ព្រះវិញ្ញាណ​មក ហើយ​រៀន​អំពី​គោលលទ្ធិ ។ គណៈប្រធានទីមួយ​បាន​មាន​ប្រសាសន៍​ថា « តន្ត្រី​មាន​ឥទ្ធិពល​ដែល​គ្មាន​ដែនកំណត់​ដើម្បី​ជំរុញ [ យើង ] ឆ្ពោះ​ទៅ​រក​ជីវភាព​ខាង​វិញ្ញាណ​…​កាន់​តែ​មហិមា » ( « អារម្ភកថា​របស់​គណៈប្រធាន​ទីមួយ » ទំនុកតម្កើង ទំព័រ x ) ។ ប្រហែលជា​មាន​ចម្រៀង​មួយ​អំពី​សេចក្ដីជំនឿ ដូចជា​បទ « ស្មោះ​នឹង​ជំនឿ » ( ទំនុកតម្កើង ល.រ. ១៦០ ) នឹង​បំពេញ​បន្ថែម​ទៅ​លើ​ការ​ពិភាក្សា​ជា​គ្រួសារ​អំពី ហេព្រើរ ១១ ។

រូបភាព
គំរូ​ទីក្រុង​យេរូសាឡិម​សម័យ​បុរាណ

និមិត្តរូប និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ពីបុរាណ​បាន​បង្រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ។