ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ « ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »


« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ ‹ ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ

ព្រះគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ រ៉ូប៊ើត ធី បារែត

ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា

ពេត្រុស ទី១ និង ទី២

« ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »

សូម​ចងចាំ​ថា គោលបំណង​របស់​បងប្អូន​គឺ​ដើម្បី​បង្រៀន​មនុស្ស ពុំមែន​គ្រាន់តែ​បង្ហាញ​មេរៀន​មួយ​នោះ​ទេ ។ នៅពេល​បងប្អូន​អាន សំបុត្រ​របស់​ពេត្រុស សូម​គិត​អំពី​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ ។ តើ​មាន​គោលការណ៍​អ្វីខ្លះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ចំណងជើង​ថា ពេត្រុស ទី១ និង ពេត្រុស ទី២ នៅលើ​ក្ដារខៀន ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក​សំបុត្រ​ទាំងនេះ​ឡើងវិញ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅក្រោម​ចំណងជើង​ទាំងនេះ​នូវ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែល​ពួកគេ​បាន​រកឃើញ​ថា​វា​មាន​អត្ថន័យ ។ បន្ទាប់​មក សូម​ប្រើ​បញ្ជី​នេះ​ដើម្បី​អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ពេត្រុស ទី១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧; ៤:១២–១៩

ខ្ញុំ​អាច​រកឃើញ​សេចក្តីអំណរ​នៅក្នុង​គ្រាលំបាក និង​ការសាកល្បង​បាន ។

  • វិធី​មួយ​ទៀត​ដើម្បី​រំឭក​ពាក្យ​ទូន្មាន​របស់​ពេត្រុស​នៅក្នុង ពេត្រុស ទី១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧ និង ៤:១២–១៩ គឺ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ហើយ​ជា​អ្នក​ដែល​កំពុង​ជួប​ការសាកល្បង​មួយ ។ សូម​ទុក​ពេល​នៅក្នុង​ថ្នាក់​ឲ្យ​ពួកគេ​សរសេរ​សំបុត្រ​មួយ​ទៅកាន់​បុគ្គល​នោះ ដោយ​រួម​បញ្ចូល​ទាំង​សេចក្ដីពិត​មកពី​ខគម្ពីរ​ទាំងនេះ ដែល​នឹង​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–៨; ១២៣:១៧ ) ។ បន្ទាប់​មក សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​សេចក្ដីពិត ដែល​ពួកគេ​បាន​ជ្រើសរើស ។

ពេត្រុស ទី១ ១:១៣–២០; ២:១–១២

យើង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា « សាសន៍​របស់​ព្រះ » ។

  • ការបង្រៀន​របស់​ពេត្រុស​នៅក្នុង ពេត្រុស ទី១ ១:១៣–២០ និង ២:១–១២ អាច​ជា​ការរំឭក​ដ៏បំផុស​គំនិត​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទតមើល​មក​យើង—ដែល​ជា​ប្រជាជន​របស់​ទ្រង់—និង​អ្វី​ដែល​ទ្រង់​រំពឹង​ទុក​ពីយើង ។ ប្រហែល​ជា​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ខគម្ពីរ​ទាំងនេះ ដោយ​រកមើល​ការពិពណ៌នា​អំពី​អត្ថន័យ​នៃ​ការធ្វើជា « សាសន៍​របស់​ព្រះ » ( ពេត្រុស ទី១ ២:១០ ) រួចហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បងប្អូន​អាច​ពន្យល់​ថា ពាក្យ « ដ៏ជា​កេរ្តិ៍អាករ​នៃ​ព្រះ » នៅក្នុង ពេត្រុស ទី១ ២:៩ មាន​ន័យ​ថា « បាន​ទិញ » ឬ « បាន​រក្សាទុក » ( សូមមើល ខទី ៩ ) ។ តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះ​មាន​ព្រះទ័យ​ចំពោះ​យើង និង​របៀប​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រស់នៅ ?

ពេត្រុស ទី១ ៣:១៨–២០; ៤:៦

ដំណឹងល្អ​ត្រូវបាន​ប្រកាស​ដល់​មរណជន ដើម្បី​ពួកគាត់​អាច​ទទួលបាន​ការកាត់​សេចក្ដី​ដោយ​យុត្តិធម៌ ។

  • សំបុត្រ​ទីមួយ​របស់​ពេត្រុស មាន​សេចក្ដីយោង​មួយ​ក្នុង​ចំណោម​សេចក្ដីយោង​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពិភព​វិញ្ញាណ បន្ទាប់ពី​ការសុគត​របស់​ទ្រង់—ជា​ព្រឹត្តិការណ៍​មួយ​ដែល​វិវរណៈ​សម័យ​ទំនើប​ជួយ​យើង​ឲ្យ​យល់​បាន​កាន់តែ​ពេញលេញ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ពិភព​វិញ្ញាណ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​បទគម្ពីរ​ដូច​តទៅ​នេះ ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដាក់​នៅលើ​ក្ដារខៀន ៖ យ៉ូហាន ៥:២៥; ពេត្រុស ទី១ ៣:១៨–២០; ៤:៦; អាលម៉ា ៤០:៧–១៤, ២១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១១–៣២ ( សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​អំពី​ការយាង​ទៅកាន់​ពិភព​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ ? តើ​ចំណេះដឹង​នេះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មាន​អារម្មណ៍​អំពី​ព្រះ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ពេត្រុស ទី២ ១:១–១១

តាមរយៈ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​អភិវឌ្ឍ​និស្ស័យ​ជា​ព្រះ​របស់​យើង​បាន ។

  • ដើម្បី​លើក​ទឹកចិត្ត​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​នៅក្នុង​ការខិតខំ​របស់​ពួកគេ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​ពី​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ ដែល​បាន​ពិពណ៌នា​នៅក្នុង ពេត្រុស ទី២ ១:១–១១ ។ សូម​ពិចារណា​សរសេរ​គុណសម្បត្តិ​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​និយមន័យ​វា ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការអភិវឌ្ឍ​គុណសម្បត្តិ​មួយ នាំ​ទៅរក​ការអភិវឌ្ឍ​គុណសម្បត្តិ​ផ្សេងទៀត ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ពិចារណា​ថា តើ​គុណសម្បត្តិ​ណាមួយ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

រូបភាព
ព្រំ​ដែល​ត្បាញ​យ៉ាង​លំបាក

គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​នីមួយៗ​ដែល​យើង​អភិវឌ្ឍ ជួយ​យើង​ឲ្យ​ត្បាញ​ព្រំ​ខាង​វិញ្ញាណ​មួយ​នៃ​ភាពជា​សិស្ស ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

កិច្ចការ​នៃ​ការប្រោសលោះ​មរណជន​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​ព្រះគ្រីស្ទ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន ៖

« តើ​អ្វីជា​ជោគវាសនា​របស់​មនុស្ស​រាប់រយ​កោដិ​នាក់ ដែល​បាន​រស់នៅ និង​បាន​ស្លាប់​ដោយ​មិនបាន​ដឹង​អំពី​ព្រះយេស៊ូវ​នោះ ? ជាមួយ​នឹង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នូវ​ការយល់ដឹង​អំពី​របៀប​ដែល​មរណជន​ដែល​ពុំបាន​ជ្រមុជទឹក ត្រូវបាន​ប្រោសលោះ និង​របៀប​ដែល​ព្រះ​អាច​ជា​ព្រះ ‹ ដ៏​ល្អ​ឥតខ្ចោះ ហើយ​ត្រឹមត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​ផង › [ អាលម៉ា ៤២:១៥ ] ។

« កាល​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ព្រះយេស៊ូវ​បាន​ព្យាករ​ថា ទ្រង់​ក៏​នឹង​ប្រកាស​ដល់​មរណជន​ផងដែរ [ សូម​មើល យ៉ូហាន ៥:២៥ ] ។ ពេត្រុស​ប្រាប់​យើង​ថា ការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ពេល​នៃ​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ និង​ការរស់​ឡើងវិញ [ សូមមើល ពេត្រុស ទី១ ៣:១៨–១៩ ] ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ឃើញ​នៅក្នុង​ការនិមិត្ត​ថា ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ពិភព​វិញ្ញាណ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៣០, ៣៣ ] ។ …

« ការថប់​បារម្ភ​របស់​យើង​ដើម្បី​ប្រោសលោះ​មរណជន ព្រមទាំង​ពេលវេលា និង​ធនធាន​ដែល​យើង​បាន​ប្រើ​សម្រាប់​ការតាំងចិត្ត​នោះ គឺជា​ការបង្ហាញ​មួយ​អំពី​សាក្សី​របស់​យើង​ទាក់ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ លើស​អ្វីៗ​ទាំងអស់ ។ វា​បង្កើត​ជា​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដ៏​មាន​អានុភាព​ដែល​យើង​អាច​ធ្វើ​បាន ស្ដីពី​បុគ្គលិក​លក្ខណៈ និង​បេសកកម្ម​ជា​ព្រះ​របស់​ទ្រង់ ។ ទីមួយ វា​ថ្លែង​ទីបន្ទាល់​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ទីពីរ គឺ​អំពី​ឥទ្ធិពល​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ដង្វាយធួន​របស់​ទ្រង់ ទីបី វា​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​ប្រភព​ដ៏​រឹងមាំ​នៃ​សេចក្ដី​សង្គ្រោះ ទីបួន គឺថា ទ្រង់​បាន​ស្ថាបនា​លក្ខខណ្ឌ​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ទីប្រាំ គឺថា​ទ្រង់​នឹង​យាងមក​ម្ដងទៀត » ( « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៩–១០ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្រៀន​ពី « ហេតុអ្វី » ។ « ពេលខ្លះ​អ្នក​រៀន—ជាពិសេស​យុវវ័យ—ងឿង​ឆ្ងល់​អំពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​ទាក់ទង​នឹង​ពួកគេ ឬ​ហេតុអ្វី​ក៏​ពួកគេ​គួរ​គោរព​តាម​បទបញ្ញត្តិ​ជាក់លាក់​នានា ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​ពួកគេ​យល់​អំពី​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សុភមង្គល​នៃ​កូនចៅ​របស់​ទ្រង់ នោះ​មូលហេតុ​នានា​ចំពោះ​គោលការណ៍​ដំណឹងល្អ និង​បទបញ្ញត្តិ​ទាំងឡាយ​នឹង​ប្រែក្លាយ​ទៅជា​មាន​ភាពកាន់តែ​ច្បាស់លាស់ ហើយ​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​ការគោរព​តាម​កាន់តែ​ខ្លាំង​ឡើង » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២០ ) ។