ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស ៖ « ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ »


« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស ៖ ‹ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុងគង់ ព្រះភក្រ្តិញញឹមជាមួយ​កូនក្មេង

សេចក្ដី​ស្រឡាញ់​ដ៏ល្អ​ឥតខ្ចោះ ដោយ ឌែល ផាសិន

ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ

យ៉ូហាន ទី១–ទី៣; យ៉ូដាស

« ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ »

តើ​ប្រធានបទ និង​គោលការណ៍​អ្វីខ្លះ ដែល​បងប្អូន​ចាប់​អារម្មណ៍ នៅពេល​បងប្អូន​អាន​គម្ពីរ យ៉ូហាន ទី១–ទី៣ និង យូដាស ? តើ​បងប្អូន​អាច​ប្រើ​វា ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​បីបួន​នាក់​ឲ្យ​ចែកចាយ​ប្រធានបទ ឬ​សេចក្ដីពិត​ជាក់លាក់ ដែល​ពួកគេ​ចាប់​អារម្មណ៍ នៅពេល​ពួកគេ​បាន​សិក្សា សំបុត្រ​របស់​យ៉ូហាន និង​គម្ពីរ យូដាស ។ តើ​សារលិខិត​អ្វីខ្លះ​មកពី​សំបុត្រ​ទាំងនេះ​ទាក់ទង​នឹង​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ខ្លាំង​បំផុត ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ទី១ ១:៥–១០; ២:៣–១១; ៣:១–៣; ៤:៧–២១; ៥:១–៣

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ពន្លឺ និង​សេចក្ដី​ស្រឡាញ់ ។

  • តើ​បងប្អូន​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្គាល់​ពន្លឺ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ​តាម​របៀប​ណា ? បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការសរសេរ​ពាក្យ ពន្លឺ និង សេចក្ដី​ស្រឡាញ់ ដាក់​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ពាក្យ​ផ្សេងទៀត​ដែល​មាន​នៅក្នុង​គំនិត នៅពេល​ពួកគេ​គិត​អំពី​ពាក្យ​ទាំងពីរ​នេះ ។ បន្ទាប់មក សមាជិក​ម្នាក់ៗ​ក្នុង​ថ្នាក់​អាច​សិក្សា​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ហើយ​រកមើល​អ្វីមួយ ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ពន្លឺ និង​សេចក្ដី​ស្រឡាញ់ ៖ យ៉ូហាន ទី១ ១:៥–១០; ២:៣–១១; ៣:១–៣; ៤:៧–១២; ៤:១៦–២១; ៥:១–៣ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ចែកចាយ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​ទទួល​បាន​នូវ​ពន្លឺ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ផងដែរ ។

  • បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលទៅ​ភ្លើង​នៅលើ​ពិដាន ឬ​ពន្លឺ​កាត់​តាម​បង្អួច​មួយ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ពន្លឺ​ខាង​រូបកាយ ។ តើ​ពន្លឺ​ខាង​រូបកាយ​ប្រៀប​បាន​នឹង​ពន្លឺ​ខាង​វិញ្ញាណ​តាម​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​អាច​សិក្សា​បទគម្ពីរ​ដូច​តទៅ​នេះ ដើម្បី​ស្វែងរក​ការយល់ដឹង​បន្ថែម​អំពី​របៀប​ដែល​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ប្រទាន​ពន្លឺ​មកក្នុង​ជីវិត​របស់​យើង ៖ ទំនុក​តម្កើង ២៧:១; យ៉ូហាន ១:៤–៥; យ៉ូហាន ទី១ ១:៥–៧; នីហ្វៃ​ទី៣ ១១:១១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦–១៣ និង​ទំនុក​តម្កើង​អំពី​ពន្លឺ ដូចជា​បទ « ទ្រង់​ជា​ពន្លឺ​ខ្ញុំ » ( ទំនុក​តម្កើង ល.រ. ៣៩ ) ។ សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​នឹង​ការស្វែងរក និង​ការទទួល​ពន្លឺ​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។

យ៉ូហាន ទី១ ២:១៨–២៨; ៤:៣; យ៉ូហាន ទី២ ១:៧–១១; យ៉ូហាន ទី៣ ១:៩–១១; យូដាស

យើង​ត្រូវតែ « [ កាន់ខ្ជាប់ ] ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ » ។

  • ការបង្រៀន​របស់​យ៉ូហាន និង យូដាស អំពី​ការក្បត់​សាសនា​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​របៀប​ដើម្បី​រក្សា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យបាន​រឹងមាំ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​រក​ការពិពណ៌នា​អំពី​ការបង្រៀន​ខុសឆ្គង ឬ​ការក្បត់​សាសនា​នៅក្នុង យ៉ូហាន ទី១ ២:១៨–២៣, ២៦–២៨; ៤:៣; យ៉ូហាន ទី២ ១:៧–១១; យ៉ូហាន ទី៣ ១:៩–១១ ហើយ​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ស្រាវជ្រាវ​រក​ការពិពណ៌នា​បែបនេះ​នៅក្នុង​គម្ពីរ យូដាស ។ ឬ​ពួកគេ​អាច​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ៖ តើ​យ៉ូហាន និង យូដាស កំណត់​អត្ថន័យ​អ្នកទទឹង​នឹង​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នកទទឹង​នឹង​ព្រះគ្រីស្ទ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើ​មាន​អ្វីមួយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ទំនង​ជា​អនុវត្ត​ជាពិសេស​ចំពោះ​ឧបសគ្គ​ដែល​យើង​ជួប​នៅ​សព្វថ្ងៃ​នេះ​ដែរ​ឬ​ទេ ? តើ​ការ « [ កាន់ខ្ជាប់ ] ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ » មាន​ន័យ​ដូចម្តេច ? ( យ៉ូហាន ទី២ ១:៩ ) ។

  • យូដាស​ប្រើ​និមិត្តរូប​ដ៏គួរ​ឲ្យចាប់​អារម្មណ៍ ដើម្បី​ពិពណ៌នា​អំពី​ពួក​គ្រូបង្រៀន​ក្លែងក្លាយ ឬ​អស់​អ្នក​ដែល « ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់ » ( យូដាស ១:១០ ) ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​គូរ​រូប​មួយ​ចំនួន ដែល​បាន​ពិពណ៌នា​នៅក្នុង យូដាស ១:១២–១៣ ដាក់​នៅលើ​ក្ដារខៀន កាល​សមាជិក​ក្នុង​ថ្នាក់​ដទៃ​ទៀត​ទស្សន៍ទាយ​ថា តើ​ឃ្លា​មួយណា ដែល​សមាជិក​ក្នុង​ថ្នាក់​នោះ​កំពុង​គូរ ។ តើ​រូបភាព​ទាំងនេះ​តំណាង​ឲ្យ​ពួក​គ្រូបង្រៀន​ក្លែងក្លាយ និង​អ្នកទទឹង​នឹង​ព្រះគ្រីស្ទ​តាម​របៀប​ណា ? ឧទាហរណ៍ តើ​ការអនុវត្ត​ខុសឆ្គង​បង្កើត « ដុំ​ស្មោកគ្រោក ក្នុង​ពេល​ដែល [ យើង ] បរិភោគ ជាមួយ​គ្នា​ដោយ​ស្រឡាញ់ » តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ខ្លួន​យើង​ប្រឆាំង​នឹង « មនុស្ស​ចំអក » ? ( សូមមើល យូដាស ១:១៨–២១ ) ។ ហេតុអ្វី​យូដាស​បាន​ណែនាំ​ថា យើង​ត្រូវ « មាន​ចិត្ត​អាណិត​អាសូរ » ( យូដាស ១:២២ ) ចំពោះ​អ្នក​ដែល​សើច​ចំអក​ដល់​ដំណឹងល្អ ?

រូបភាព
ម្តាយកំពុង​ជួយ​កូន​​អាន​ព្រះគម្ពីរ

« គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួកកូន​ខ្ញុំ​កំពុងតែ​ប្រព្រឹត្ត​តាម​សេចក្តីពិត​នោះ​ឯង » ( យ៉ូហាន ទី៣ ១:៤ ) ។

យ៉ូហាន ទី៣ ១:១–៤

អំណរ​កើតឡើង នៅពេល​យើង​ជួយ​មនុស្ស​ដទៃ​ឲ្យ « ប្រព្រឹត្ត​តាម​សេចក្ដីពិត » ។

  • ប្រហែល​ជា​មាន​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ដែល​អាច​យល់ពី​អ្វី​ដែល​យ៉ូហាន​កំពុង​មាន​អារម្មណ៍ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា លោក « គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ » ជាង​ការស្ដាប់ឮ​ថា កៃយុស ( « កូន » របស់​លោក​ម្នាក់ ) បាន​ប្រព្រឹត្ត​តាម​សេចក្ដីពិត​នោះ​ទេ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការស្ដាប់​ឮ​បទពិសោធន៍​របស់​គ្នា​ទៅវិញ​ទៅមក ។ ប្រហែល​ជា​បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការអាន​រួមគ្នា​ក្នុង យ៉ូហាន ទី៣ ១:១–៤ និង​បទគម្ពីរ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ប្រភព​នៃ​អំណរ​ដ៏​ពិត ? សមាជិក​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន​ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នកផ្សព្វផ្សាយ​សាសនា ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​គ្រូបង្រៀន នៅពេល​ពួកគេ​បាន​ដឹង​ថា មនុស្ស​ដែល​ពួកគេ​បាន​បង្រៀន​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដីពិត ។ បងប្អូន​អាច​ទាក់ទង​ទៅ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ពីមុន​ថ្នាក់​ចាប់ផ្ដើម ហើយ​សូមឲ្យ​ពួកគេ​យក​រូបថត​របស់​មនុស្ស​ដែល​ពួកគេ​បាន​ជួយ​នាំ​មក​កាន់​ព្រះគ្រីស្ទ ហើយ​ប្រាប់​អំពី​បទពិសោធន៍​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

បទគម្ពីរ​អំពី​ការជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដីពិត ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អធិស្ឋាន​សម្រាប់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​ឲ្យ​ពេត្រុស​ដែរ​( សូមមើល លូកា ២២:៣២ ) បងប្អូន​គួរតែ​អធិស្ឋាន​តាម​ឈ្មោះ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ដោយ​ខិតខំ​យល់​អំពី​សេចក្ដី​ត្រូវការ​ជាក់លាក់​របស់​ពួកគេ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ នោះ​ព្រះវរបិតាសួគ៌​នឹង « រៀបចំ​ដួងចិត្ត​របស់​ពួកគេ » ( អាលម៉ា ១៦:១៦ ) ហើយ​ជួយ​បងប្អូន​ឲ្យ​ស្គាល់​អ្វី​ដែល​ត្រូវ​បង្រៀន ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។