ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ ៖ « គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម »


« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ ៖ ‹ គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គង់​ក្នុង​ចំណោម​ផ្កាយ​ទាំងពួង

សិល្បៈ​រួមគ្នា​ដោយ អេរិក ចនសុន ៖ ក្រុមប្រឹក្សា​ដ៏ធំ ដោយ រ៉ូប៊ើត ធី បារែត; រូប​បណ្ដុំ​ផ្កាយ​បញ្ចេញ​រស្មី​របស់​ភ្នាក់ងារ​លំហ​អាកាស​សហព័ន្ធ​អឺរ៉ុប

ថ្ងៃទី ១១–១៧ ខែ ធ្នូ

វិវរណៈ ៦–១៤

« គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម »

យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា​គម្ពីរ វិវរណៈ គឺជា « គម្ពីរ​ដ៏​ច្បាស់​បំផុត​មួយ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក » ( នៅក្នុង Journal, December 1842–June 1844; Book 2, 10 March 1843–14 July 1843 ទំព័រ ៩៨ នៅលើ​គេហទំព័រ JosephSmithPapers.org ) ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សេចក្ដីពិត​ដ៏ច្បាស់​ទាំងឡាយ​នៅក្នុង​ជំពូក​ទាំងនេះ​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ដល់​ការយល់ដឹង​មួយ​ចំនួន ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​សិក្សា វិវរណៈ ៦–១៤ សូម​សរសេរ​លេខ​ពី ៦ ដល់ ១៤ ដាក់​នៅលើ​ក្ដារខៀន ។ សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅក្បែរ​លេខ​នោះ នូវ​ការយល់ដឹង​នានា​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ជំពូក​ដែល​ត្រូវគ្នា​នោះ ដែល​ទាក់ទង​នឹង​នរណាម្នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

វិវរណៈ ៦

ព្រះយេស៊ូវ​គ្រីស្ទ​បើក​ត្រា​នៃ​គម្ពីរ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រមៃ​ឃើញ​គម្ពីរ​ដែល​មាន​ត្រា​ប្រាំពីរ ( សូមមើល វិវរណៈ ៥:១ ) បងប្អូន​អាច​ពន្យល់​ថា រមូរ​ពីបុរាណ​ត្រូវបាន​បិទត្រា​ដោយ​ដីឥដ្ឋ ឬ​ក្រមួន​ជាញឹកញាប់ ។ ចិញ្ចៀន ឬ​ត្រា​នឹង​សង្កត់​លើ​ដីឥដ្ឋ ឬ​ក្រមួន​នោះ មុនពេល​វា​ឡើង​រឹង ដែល​ជា​សញ្ញា​ប្រាប់​ពី​សិទ្ធិ​អំណាច​របស់​បុគ្គល ដែល​បាន​បិទត្រា​លើ​រមូរ​នោះ ហើយ​កុំឲ្យ​មនុស្ស​ដែល​គ្មាន​សិទ្ធិ​អំណាច​មកបើក​វា​មើល​ឡើយ ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​យោបល់ ឬ​ចំណាប់​អារម្មណ៍​នានា​ដែល​ពួកគេ​មាន​ខណៈ​ដែល​កំពុង​អាន​អំពី​គម្ពីរ​នេះ​នៅក្នុង វិវរណៈ ៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦–៧ និង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ហេតុអ្វី​បងប្អូន​គិត​ថា វា​សំខាន់​ដើម្បី​ដឹងពី​អត្ថន័យ​ជា​និមិត្តរូប​នៃ​គម្ពីរ​នេះ ? ហេតុអ្វី​បងប្អូន​គិត​ថា វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​គឺជា​ព្រះ​តែមួយ​អង្គ​គត់​ដែល​អាច​បើក​ត្រា​នីមួយៗ​នៃ​គម្ពីរ​នេះ​បាន ? ( សូមមើល វិវរណៈ ៥:១–៩ ) ។

វិវរណៈ ៧–១១

« នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា » ។

  • វិវរណៈ ៧–១១ អាច​ពិបាក​យល់​ណាស់ ។ ពរជ័យ​មួយ​នៃ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​គឺ​ថា សមាជិក​ក្នុង​ថ្នាក់​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​យល់ពី​បទគម្ពីរ ។ បងប្អូន​អាច​ធ្វើបញ្ជី​មួយ​អំពី​សំណួរ ដែល​សមាជិក​ក្នុង​ថ្នាក់​មាន​អំពី​ជំពូក​ទាំងនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការយល់ដឹង​នានា​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់—អស់​អ្នក​ដែល​អាច​មាន​អារម្មណ៍​ថា​ចេះដឹង​ច្រើន និង​អស់​អ្នក​ដែល​អាច​មាន​អារម្មណ៍​ថា ពួកគេ​មិន​សូវ​ដឹង​ច្រើន—ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​ជំពូក​ទាំងនេះ ។

  • បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ តាមរយៈ​ការសួរ​សមាជិក​ក្នុង​ថ្នាក់​ថា តើ​ពួកគេ​បាន​រកឃើញ​ប្រធានបទ​ដដែលៗ​អ្វី​នៅក្នុង វិវរណៈ ៧–១១ ។ ពួកគេ​អាច​ចែកចាយ​ខគម្ពីរ ដែល​ថ្លែងពី​ប្រធានបទ​ទាំងនេះ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ថា ប្រធានបទ​ទាំងនេះ​គឺ​សំខាន់ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ នោះ​បងប្អូន​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​អាន​ក្នុង វិវរណៈ ១១:១៥–១៧ ។ តើ​ពួកគេ​រកឃើញ​ប្រធានបទ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​តើ​ប្រធានបទ​នេះ​បាន​បង្ហាញ​ឡើង​នៅក្នុង​ខគម្ពីរ​ផ្សេងទៀត​នៅក្នុង វិវរណៈ ៧–១១ ដោយ​របៀប​ណា ? ទោះបីជា​ជំពូក​ទាំងនេះ​ពិពណ៌នា​អំពី​សង្គ្រាម និង​គ្រោះកាច​ក្ដី តើ​យើង​រកឃើញ​អ្វីខ្លះ ដែល​ផ្ដល់​ដល់​យើង​នូវ​សេចក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

វិវរណៈ ១២–១៤

យើង​យកឈ្នះ​សាតាំង « ដោយសារ​ឈាម​នៃ​កូនចៀម ហើយ​ដោយសារ​សេចក្តី​បន្ទាល់​របស់ [ យើង ] » ។

  • ការរៀនសូត្រ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌​អាច​ជួយ​យើង​ឲ្យ​យល់​បាន​កាន់តែ​ច្បាស់​អំពី​ជីវិត​នៅលើ​ផែនដី ។ សមាជិក​ក្នុង​ថ្នាក់​អាច​អាន ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧–១១ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ហើយ​កំណត់​ពី​របៀប​ដែល​យើង​យកឈ្នះ​លើ​សាតាំង និង​ពលបរិវា​របស់​វា ។ តើ​ការយល់ដឹង​ផ្សេងទៀត​អ្វីខ្លះ ដែល​យើង​ទទួល​បាន​មកពី​ប្រធានបទ​ស្ដីពី​សង្គ្រាម​នៅ​ស្ថានសួគ៌​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយGospel Topics ? ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើ​យើង​រៀន​បាន​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​មារសត្រូវ​បាន ?

  • សង្គ្រាម​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​ត្រូវបាន​ពិពណ៌នា​នៅក្នុង វិវរណៈ ១៣–១៤ ។ តើ ជំពូក ១៣ បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​នាគ​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នេះ ? ស្របតាម ជំពូក ១៤ តើ​កូនចៀម​ប្រយុទ្ធ​នឹង​សង្គ្រាម​នេះ​ដូចម្ដេច​ដែរ ? វា​អាច​គួរឲ្យ​ចាប់​អារម្មណ៍ ពេល​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដែល​ក្រុម​នីមួយៗ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នេះ​ស្របតាម​ជំពូក​ទាំងពីរ​នេះ ។ តើ​យើង​ឃើញ​មាន​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​អ្វីខ្លះ ?

  • តើ​ឃ្លា​ថា កូនចៀម « ត្រូវ​គេ​សម្លាប់​តាំងពី​កំណើត​លោកិយ​មក » មាន​ន័យ​ដូចម្ដេច ? ( វិវរណៈ ១៣:៨; សូមមើល​ផងដែរ វិវរណៈ ៥:៦ ) ។ សូម​ពិចារណា​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ ដោយ​ការអាន ម៉ូសាយ ៣:១៣ និង ម៉ូសេ ៧:៤៧ រួមគ្នា​ក្នុង​ថ្នាក់ ។ តើ​ការយក​ឈ្នះ​លើ​សាតាំង « ដោយសារ​ឈាម​នៃ​កូនចៀម » មាន​ន័យ​ដូចម្ដេច ? ( វិវរណៈ ១២:១១ ) ។

វិវរណៈ ១៤:៦–៧

« ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត … មាន​ដំណឹងល្អ​ដ៏នៅ​អស់កល្ប​ជានិច្ច » ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ឲ្យ​រៀន​ពី​ទេវតា​ផ្សេងៗ ដែល​បាន​ស្ដារ​ឡើងវិញ​នូវ « ដំណឹងល្អ​ដ៏នៅ​អស់កល្ប​ជានិច្ច​សម្រាប់ … មនុស្ស​នៅ​ផែនដី » ( វិវរណៈ ១៤:៦ ) ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៣៦–៤០ បង្រៀន​យើង​អ្វីខ្លះ​អំពី វិវរណៈ ១៤:៦–៧ ? តើ​យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ទេវតា ដែល​បាន​លើកឡើង​នៅក្នុង វិវរណៈ ១៤:៦–៧ ដោយ​របៀប​ណា ? បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « The Work of These Last Days » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ផងដែរ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ការនិយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ « ទោះជា​វា​ជា​រឿង​ធម្មតា​ដែល​បងប្អូន​ចង់​ឆ្លើយ​គ្រប់​សំណួរ​ក៏ដោយ ក៏​នៅក្នុង​ស្ថានភាព​ខ្លះ វា​សមរម្យ​ដើម្បី​និយាយ​ដោយ​សាមញ្ញ​ថា ‹ ខ្ញុំ​មិនដឹង​ទេ ។ ចូរ​យើង​សិក្សា​សំណួរ​នោះ​ដោយ​ខ្លួនឯង​នៅ​សប្ដាហ៍​នេះ ហើយ​យើង​អាច​ពិភាក្សា​វា​នៅពេល​ក្រោយ​បាន › » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២៤ ) ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ស្វែងរក​ចម្លើយ​នៅក្នុង​បទគម្ពីរ និង​ធនធាន​ផ្សេងទៀត​ក្នុង​សាសនាចក្រ ។