ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ ៖ « ឯ​អ្នកណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំងនេះ​ទុកជា​មរតក »


« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ ៖ ‹ ឯ​អ្នកណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំងនេះ​ទុកជា​មរតក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២២១ )

« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​រាក់ទាក់​នឹង​មនុស្ស​នៅឯ​ការយាង​មកជា​លើក​ទីពីរ​របស់​ទ្រង់

ទីក្រុង​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ ខេត ឡាសុន

ថ្ងៃទី ២៥–៣១ ខែ ធ្នូ

វិវរណៈ ១៥–២២

« ឯ​អ្នកណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំងនេះ​ទុកជា​មរតក »

តើ​ចម្បាំង​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ វិវរណៈ បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្រះគ្រីស្ទ​នៅលើ​ផែនដី​នេះ ? បន្ទាប់​ពី​ពិចារណា​អំពី​គោលការណ៍​នេះ សូម​ពិចារណា​អំពី​សេចក្ដី​ត្រូវការ​របស់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ តើ​សេចក្ដីពិត​អ្វីខ្លះ​មកពី វិវរណៈ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការជ្រើសរើស​សុចរិត​បាន ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅពេល​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​សិក្សា​ដល់​ចុងបញ្ចប់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ បាន​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់ និង​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

វិវរណៈ ១៧–១៨

យើង​ត្រូវតែ​ញែកខ្លួន​យើង​ចេញពី​សេចក្ដី​ទុច្ចរិត​នៃ​ពិភពលោក​នេះ ។

  • ជាពិសេស វា​ពុំ​មែនជា​រឿង​ដ៏រីករាយ​ដើម្បី​អាន​អំពី​សេចក្ដី​ទុច្ចរិត និង​ការធ្លាក់​នៃ​ទីក្រុង​បាប៊ីឡូន​នៅក្នុង វិវរណៈ ១៧–១៨ នោះ​ទេ ប៉ុន្តែ​វា​គឺជា​ចំណេះដឹង​មួយ​ដែរ ដោយសារ​ទីក្រុង​បាប៊ីឡូន​អាច​ជា​និមិត្តរូប​មួយ​នៃ​ពិភពលោក​ដ៏ទុច្ចរិត​ដែល​យើង​រស់នៅ​សព្វថ្ងៃ​នេះ ។ ប្រហែល​ជា​បងប្អូន​អាច​បែងចែក​ជំពូក​ទាំងនេះ​ទៅក្នុង​ចំណោម​សមាជិក​ក្នុង​ថ្នាក់ ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដូចជា​សំណួរ​ទាំងនេះ ៖ ហេតុអ្វី​បានជា​មនុស្ស​បាន​ខិត​ទៅរក​ទីក្រុង​បាប៊ីឡូន ឬ​រឿង​ខាង​លោកិយ ? ហេតុអ្វី​ទីក្រុង​បាប៊ីឡូន​គឺជា​ទីក្រុង​ដ៏​គ្រោះថ្នាក់ ? តើ​នឹង​មាន​អ្វីខ្លះ​កើតឡើង​ចំពោះ​ទីក្រុង​បាប៊ីឡូន ? តើ​យ៉ូហាន​បាន​ផ្ដល់​ការព្រមាន​អ្វីខ្លះ ដើម្បី​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ជោគវាសនា​របស់​ទីក្រុង​បាប៊ីឡូន ?

  • បន្ទាប់​ពី​អាន វិវរណៈ ១៨:៤ ហើយ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​អាច « ចេញ​ពី » ទីក្រុង​បាប៊ីឡូន ហើយ « កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើបាប​វា​ឡើយ » ។ ពួកគេ​អាច​ចែកចាយ​បទគម្ពីរ ឬ​សារលិខិត​មកពី​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​តតាំង​នឹង​ការល្បួង​របស់​ទីក្រុង​បាប៊ីឡូន ឬ​ពិភពលោក​នេះ ។ សូម​ពិចារណា​មើល​វីដេអូ « Dare to Stand Alone » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​គំនិត​អំពី​របៀប​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទាំងពីរ ដែល​អែលឌើរ ឃុក បាន​លើកឡើង​មក ។ តើ​យើង « ចេញពី » ក្រុង​បាប៊ីឡូន​ក្នុង​ន័យ​ដូចម្ដេច​ដែរ ? ( ឧទាហរណ៍ សូមមើល អេសាយ ៥២:១១; គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១០ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ដទៃទៀត​ឲ្យ​ធ្វើ​ដូចគ្នា ?

វិវរណៈ ១៩–២០

យើង​អាច​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង​ថ្ងៃ​នៃ​ការកាត់​សេចក្ដី ។

  • ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ហៅជា​ញឹកញាប់​ថា « ថ្ងៃ​ធំ​គួរ​ស្ញែងខ្លាច​របស់​ព្រះយេហូវ៉ា » ( យ៉ូអែល ២:៣១ ) ហើយ​ដោយ​ផ្អែកលើ វិវរណៈ ១៩–២០ វា​ហាក់​ដូចជា​ការពិពណ៌នា​ដ៏​ល្អ​មួយ ។ សូម​សរសេរ​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​ពិពណ៌នា​ក្នុង វិវរណៈ ១៩:៥–២០:១៥ ដាក់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​ខគម្ពីរ ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ។ ហេតុអ្វី​ព្រឹត្តិការណ៍​ទាំងនេះ​ត្រូវបាន​ហៅថា ថ្ងៃ​ធំ​គួរ​ស្ញែងខ្លាច ? តើ​យើង​រៀន​បាន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អស់អ្នក​ដែល​ដើរតាម​ទ្រង់ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​បាន​នៅពេល​នេះ ដើម្បី​បាន​នៅក្នុង​ចំណោម​អស់អ្នក​ដែល​នឹង​រីករាយ​នៅ​គ្រា​នៃ​ការយាង​មក​របស់​ទ្រង់ ?

  • ដើម្បី​បំផុស​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​សៀវភៅ​ជីវិត និង​ការជំនុំ​ជម្រះ​ចុងក្រោយ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើ​សៀវភៅ​សាមញ្ញ​មួយ​ក្បាល ដោយ​ការបត់​ក្រដាស​មួយ​សន្លឹក​ទៅ​ជា​បួន ។ បន្ទាប់មក ពួកគេ​អាច​អាន វិវរណៈ ២០:១២–១៥; នីហ្វៃ​ទី​២ ៩:១៤; ២៩:១១ ហើយ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​ចង់​ឲ្យគេ​កត់ត្រា​ទុក​អំពី​ពួកគេ​នៅក្នុង​សៀវភៅ​ជីវិត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ការណ៍​ទាំងនោះ​នៅក្នុង​សៀវភៅ​របស់​ពួកគេ ហើយ​សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​សរសេរ ។ តើ​យើង​អាច​ធ្វើ​ការជ្រើសរើស​អ្វីខ្លះ​បាន​នៅពេល​នេះ ដើម្បី​ឲ្យ​ការណ៍​ទាំងនេះ​នឹង​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​សៀវភៅ​ជីវិត ? ដើម្បី​ជួយ​សមាជិក​ក្នុងថ្នាក់​កុំឲ្យ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត អំពី​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​ផ្ទាល់ សូម​ពិចារណា​ចែកចាយ​ការប្រឹក្សា​មកពី​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) ។

រូបភាព
ព្រះយេស៊ូវ​ជាមួយ​នឹង​ប្រជាជន​នៅក្នុង​ពន្លឺ​ខាង​ស្ដាំ​ព្រះហស្ដ​ទ្រង់ និង​ប្រជាជន​នៅ​ទីងងឹត​នៅ​ខាង​ឆ្វេង​ព្រះហស្ត​ទ្រង់

ការជំនុំ​ជម្រះ​ចុងក្រោយ ដោយ ចន ស្កត

វិវរណៈ ២១:១–២២:៥

ប្រសិនបើ​យើង​ស្មោះត្រង់ នោះ​យើង​នឹង​មាន​ពរ​ជាមួយ​នឹង​សិរីល្អ​សេឡេស្ទាល ។

  • ទោះជា​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​ព្យាករ​ថា នឹង​ពោរពេញ​ដោយ​អំពើទុច្ចរិត និង​មហន្តរាយ​ក្ដី ក៏​រង្វាន់​ដែល​យ៉ូហាន​បាន​ឃើញ​សម្រាប់​ពួកអ្នក​ស្មោះត្រង់​គឺ​លើសពី​សេចក្តី​ឈឺចាប់ ដែល​ចាប់ផ្ដើម​ឲ្យ​មាន​គ្រា​នោះ​ទៅ​ទៀត ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រុករក​សេចក្ដី​សន្និដ្ឋាន​ដ៏​មាន​ន័យ​នេះ​ចំពោះ វិវរណៈ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​សាឡើង​វិញ​ក្នុង វិវរណៈ ២១:១–២២:៥ ដោយ​រកមើល​ឃ្លា​ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ខិតខំ​ស្វែងរក​សិរីល្អ​សេឡេស្ទាល ។ តើ​មាន​ការសន្យា​អ្វីខ្លះ ដែល​បាន​ធ្វើឡើង​ដល់​ពួកអ្នក​ស្មោះត្រង់ ? តើ​ការពិពណ៌នា​នេះ​ជួយ​យើង​យ៉ាង​ដូចម្ដេច​ខ្លះ នៅពេល​យើង​ជួប​ប្រទះ​នឹង​ឧបសគ្គ និង​ការសាកល្បង​បច្ចុប្បន្ន​របស់​យើង ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការជ្រើសរើស​យក​សេចក្ដី​សុចរិត​ជាជាង​ជ្រើស​យក​សេចក្ដី​ទុច្ចរិត​របស់​បាប៊ីឡូន ។

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​បង្រៀន ៖

« យើង​មិន​អាច​ចៀសវាង​ពី​ពិភពលោក​នេះ​បាន​ទេ ។ ការដើរ​ចេញ​ពុំមែន​ជា​ចម្លើយ​នោះ​ឡើយ ។ នៅក្នុង​ន័យ​វិជ្ជមាន​មួយ ការបរិច្ចាគ​របស់​យើង​ទៅកាន់​ពិភពលោក​នេះ គឺជា​ផ្នែក​មួយ​នៃ​ឧបសគ្គ​របស់​យើង ហើយ​វា​គឺជា​រឿង​ចាំបាច់ ដូច្នេះ​យើង​ត្រូវ​អភិវឌ្ឍ​ទេពកោសល្យ​របស់​យើង ។ …

… សមាជិក​សាសនាចក្រ​ចាំបាច់​ត្រូវ​ចូលរួម​ចំណែក​នៅក្នុង​ពិភពលោក​នេះ​តាម​របៀប​វិជ្ជមាន​មួយ ។ ដូច្នេះ តើ​យើង​ធ្វើឲ្យ​មាន​តុល្យភាព​រវាង​សេចក្ដី​ត្រូវការ​ដើម្បី​បរិច្ចាគ​ដល់​ពិភពលោក​នេះ​ដោយ​វិជ្ជមាន និង​មិន​ខិត​ទៅរក​អំពើបាប​នៃ​ពិភពលោក​នេះ​តាម​របៀប​ណា ? [ សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១០; ៥៩:៩ ] ។ មាន​នូវ​គោលការណ៍​ពីរ​យ៉ាង ដែល​នឹង​ធ្វើឲ្យ​មាន​ការខុសប្លែក​មួយ​យ៉ាង​ខ្លាំង ។

  1. សូមឲ្យ​មនុស្ស​ទូទៅ​ដឹង​ថា បងប្អូន​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់ ដែល​មាន​ការតាំងចិត្ត​ខ្ពស់ ។

  2. សូម​មាន​ទំនុក​ចិត្ត​ចំពោះ​ជំនឿ​របស់​បងប្អូន ហើយ​រស់នៅ​តាម​វា » ( « Lessons from the Old Testament: In the World but Not of the World » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៦ ទំព័រ ៥៤–៥៥ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​អ្នកដទៃ ។ « មនុស្ស​ទំនង​ជា​ធ្វើការ​ផ្លាស់ប្ដូរ​ដ៏​មាន​អត្ថន័យ​នៅក្នុង​ជីវិត​ពួកគេ នៅពេល​ការផ្លាស់ប្ដូរ​ទាំងនោះ​កើត​ចេញ​មកពី​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ នៅពេល​បងប្អូន​ផ្ដល់​ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព ចូរ​ប្រាកដ​ថា បងប្អូន​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ទាំងឡាយ​ដែល​បងប្អូន​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។