ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ « សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ »


« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ ‹ សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
កូនចៀម​ដេកលើ​វាលស្មៅ

ថ្ងៃទី ៤–១០ ខែ ធ្នូ

វិវរណៈ ១–៥

« សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ »

ការទទួល​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វ​ព្រះទ័យ​ចង់​បង្រៀន​ដល់​បងប្អូន ។ ការកត់ត្រា និង​ការធ្វើតាម​ចំណាប់​អារម្មណ៍​ទាំងនោះ​បង្ហាញ​ថា បងប្អូន​ឲ្យ​តម្លៃ​វា ហើយ​មាន​បំណង​ប្រាថ្នា​ចង់​ទទួល​បាន​វា​បន្ថែម​ទៀត ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

នៅពេល​បងប្អូន​ចាប់ផ្ដើម​ការពិភាក្សា នោះ​វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​សារលិខិត​មួយ​ចំនួន ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​គម្ពីរ វិវរណៈ នៅអំឡុង​ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ ឧទាហរណ៍ តើ​ពួកគេ​បាន​រៀនសូត្រ​អ្វីខ្លះ អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​សង្គ្រោះ​បុត្រា​បុត្រី​របស់​ទ្រង់ ? តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​នេះ ? សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បន្ដ​រកមើល​សារលិខិត​សំខាន់ៗ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នៅពេល​ពួកគេ​បន្ដ​អាន​គម្ពីរ វិវរណៈ នៅឯ​គេហដ្ឋាន ។ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ម៉ោង​បង្រៀន​ក្រោយៗ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

វិវរណៈ ១

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់​នៃ​ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ។

  • និមិត្តរូប និង​និមិត្ត​សញ្ញា​នៅក្នុង វិវរណៈ ១ ថ្លែង​ទីបន្ទាល់​យ៉ាង​ច្បាស់ៗ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ឃ្លា​មួយ​ចំនួន​មកពី វិវរណៈ ១ ដែល​រួមមាន​នូវ​និមិត្តរូប ឬ​និមិត្ត​សញ្ញា ហើយ​ចែកចាយ​អ្វី​ដែល​ឃ្លា​នីមួយៗ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ តើ​ពួកគេ​រៀន​អ្វីខ្លះ​មកពី​និមិត្ត​សញ្ញា​ទាំងនេះ អំពី​របៀប​ដែល​ព្រះគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វថ្ងៃ​នេះ ? តើ​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​ព្រះអង្គ​សង្គ្រោះ ស្រដៀង​គ្នា​នឹង​ការពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០:១–៤ តាម​របៀប​ណា ?

វិវរណៈ ២–៣

ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួកយើង​ដោយ​ផ្ទាល់ ហើយ​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​នានា​របស់​យើង ។

  • ការអាន​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​សាខា​ផ្សេងៗ​នៅក្នុង​សាសនាចក្រ ដែល​មាន​នៅក្នុង វិវរណៈ ២–៣ អាច​ជួយ​ធានា​ដល់​សមាជិក​ក្នុង​ថ្នាក់​ជាថ្មី​ថា ព្រះអង្គ​សង្គ្រោះ​ទ្រង់​ជ្រាប​ពី​ពួកគេ ។ ប្រហែលជា​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ត្រួសៗ​ក្នុង​ជំពូក​ទាំងនេះ ដើម្បី​ស្វែងរក​ភស្ដុតាង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជ្រាបពី​ការសាកល្បង និង​ចំណុច​ខ្លាំង​នៃ​សាខា​នីមួយៗ ។ ពួកគេ​ក៏អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ពី​កាលៈទេសៈ​ពិសេស​របស់​ពួកគេ​ម្នាក់ៗ​ផងដែរ ។ តើ​ការប្រឹក្សា​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​ទាំងនោះ ដែល​វា​ក៏អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​របស់​យើង​ផងដែរ ?

  • នៅក្នុង​ជំពូក​ដដែល​នេះ ព្រះអម្ចាស់​បាន​ធ្វើ​ការសន្យា​ដ៏បំផុស​គំនិត​ដល់​អស់​អ្នក​ដែល​យកឈ្នះ​លើ​ការសាកល្បង ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើការ​ជា​ដៃគូ​ដើម្បី​ស្រាវជ្រាវ​នៅក្នុង វិវរណៈ ២–៣ រកមើល​ការសន្យា​របស់​ព្រះអម្ចាស់ ។ ពួកគេ​ក៏អាច​គូរ​រូបភាព ដើម្បី​តំណាង​ឲ្យ​ការសន្យា​ទាំងនេះ​មួយ​ចំនួន​បាន​ផងដែរ បន្ទាប់​មក សូម​ចែកចាយ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ តើ​ការសន្យា​ទាំងនេះ​បំផុស​គំនិត​យើង​ឲ្យ​បន្ត​ខិតខំ​យកឈ្នះ​លើ​ការសាកល្បង និង​ភាពទន់ខ្សោយ​របស់​យើង​ផ្ទាល់​តាម​របៀប​ណា ?

វិវរណៈ ៥

មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតាសួគ៌​អាច​កើតឡើង​បាន ។

  • តើ​មេរៀន​ប្រើ​វត្ថុ​មួយ​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់ពី​និមិត្ត​សញ្ញា​នៅក្នុង វិវរណៈ ៥ អំពី​ការដែល​ព្រះអង្គ​សង្គ្រោះ​បើក​ក្រាំង​ដែល​បាន​បិទត្រា​ដែរ​ឬ​ទេ ? បងប្អូន​អាច​យក​ស្ករគ្រាប់​ដែល​ដាក់​នៅក្នុង​ប្រអប់​មួយ​ចាក់សោ​បិទ​ជិត មក​ចែកចាយ​ដល់​សមាជិក​ក្នុង​ថ្នាក់​បាន ។ ពីមុន​ចាប់ផ្ដើម​ថ្នាក់ សូម​ឲ្យ​កូនសោ​ទៅ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ដោយ​សម្ងាត់ ។ សូម​ពិពណ៌នា​ទៅកាន់​សមាជិក​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​មាន​នៅក្នុង​ប្រអប់​នោះ ហើយ​អនុញ្ញាត​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​បី​បួន​នាក់ ព្យាយាម​បើក​ប្រអប់​នោះ​ពីមុខ​សមាជិក​ក្នុង​ថ្នាក់ ដែល​មាន​កូនសោ​ដើម្បី​ចាក់​បើក​វា ។ បន្ទាប់​មក សមាជិក​ក្នុង​ថ្នាក់​អាច​ប្រៀបធៀប​មេរៀន​ប្រើ​វត្ថុ​នេះ ទៅនឹង វិវរណៈ ៥ ។ សំណួរ​ដូច​តទៅ​នេះ​អាច​ជួយ​បាន ៖ តើ​សេចក្ដី​សង្គ្រោះ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ ប្រៀប​បាន​នឹង​ប្រអប់​ដែល​បាន​ចាក់សោ​ជាប់ ឬ​ក្រាំង​ដែល​បាន​បិទត្រា​ជិត​តាម​របៀប​ណា ? ហេតុអ្វី​បានជា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​តែមួយ​គត់ ដែល​អាច​បើក​ត្រា​នេះ​បាន ? ( សូមមើល​សេចក្ដី​ដកស្រង់​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

  • ប្រៀប​បាន​នឹង​មនុស្ស​ដែល​សប្បាយ​រីករាយ ដែល​បាន​លើកឡើង​នៅក្នុង វិវរណៈ ៥ ដែរ សព្វថ្ងៃ​នេះ​យើង​ក៏​អាច​បន្លឺ​សំឡេង​របស់​យើង​ឡើង ដើម្បី​សរសើរ​ព្រះអង្គ​សង្គ្រោះ ជា​អង្គ​ដែល​មាន​ភាពស័ក្ដិសម​ដើម្បី​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​យើង​ដូចគ្នា ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​ច្រៀង​ទំនុក​តម្កើង​ចំណូលចិត្ត​មួយ​រួមគ្នា អំពី​ការសរសើរ​ដល់​ព្រះអង្គ​សង្គ្រោះ ដូចជា​បទ « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់ » ( ទំនុក​តម្កើង ល.រ. ២៧ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​កំណត់​សេចក្ដីពិត​នានា ដែល​ទំនុក​តម្កើង​នេះ​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​យើង​ឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វីខ្លះ​រវាង​សារលិខិត​ក្នុង​ទំនុក​តម្កើង​របស់​យើង​អំពី​ការសរសើរ និង​ការប្រកាស​នៅក្នុង វិវរណៈ ៥:៩–១៤ ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​មួយ​អង្គ​គត់​ដែល​អាច​ធួន​សម្រាប់​យើង​បាន ។

ដោយ​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​មនុស្ស​លោក​គ្រប់រូប ទោះ​ជា​ទ្រង់​បាន​ធួន​សម្រាប់​អំពើបាប​របស់​ពួកគេ​ក្ដី ។ នៅក្នុង​ដំណើរការ​នេះ ទ្រង់​នឹង​ត្រឡប់​ទៅ​ព្រះវរបិតា ដោយ​មាន​សិរីល្អ​ទាំងអស់​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​នេះ​ឯង ។

« ដង្វាយធួន​ដ៏គ្មាន​ទីបញ្ចប់​របស់​ព្រះគ្រីស្ទ​នេះ​គឺ​អាច​កើតឡើង​បាន ដោយសារ (១) ទ្រង់​គឺជា​អង្គ​តែ​មួយ​ដែល​គ្មាន​អំពើបាប​ដែល​រស់នៅ​លើ​ផែនដី ហេតុដូច្នេះ​ហើយ​ទ្រង់​មិន​បាន​រង​នូវ​ការស្លាប់​ខាង​វិញ្ញាណ​ដែល​កើតឡើង​ដោយសារ​អំពើបាប​ទេ (២) ទ្រង់​គឺជា​បុត្រ​ស្ងួនភ្ងា​តែមួយ​អង្គ​គត់​របស់​ព្រះវរបិតា ដូច្នេះ​ហើយ​ទ្រង់​បាន​មាន​នូវ​លក្ខណៈ​ជា​ព្រះ​ដែល​បាន​ប្រទាន​អំណាច​ឲ្យ​ទ្រង់​យកឈ្នះ​លើ​ការស្លាប់​ខាង​រូបកាយ និង (៣) ជាក់ស្តែង ទ្រង់​គឺជា​អង្គ​ដែល​មាន​ភាពរាបសា​គ្រប់គ្រាន់ ហើយ​មាន​ព្រះទ័យ​យល់ព្រម​នៅក្នុង​ក្រុមប្រឹក្សា​នៅ​ជីវិត​មុន​ផែនដី ដើម្បី​តែងតាំង​ទុក​ជាមុន​សម្រាប់​ការបម្រើ​នេះ » ( « The Atonement of Jesus Christ » Liahona ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​បទគម្ពីរ និង​ពាក្យសម្ដី​នៃ​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ « ព្រះអម្ចាស់​បាន​បង្គាប់​យើង​ឲ្យ ‹ បង្រៀន​គ្នា​ទៅវិញ​ទៅមក​នូវ​គោលលទ្ធិ​នៃ​នគរ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៧ ] ហើយ​ប្រើ​បទគម្ពីរ​ដើម្បី ‹ បង្រៀន​អំពី​គោលការណ៍​នៃ​ដំណឹងល្អ [ របស់ទ្រង់ ] › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១២ ] ។ បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង​ពួកសាវក​ថ្ងៃ​ចុងក្រោយ​គឺជា​ប្រភព​នៃ​សេចក្ដីពិត ដែល​យើង​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២១ ) ។