ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃ​ទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ « ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »


« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
យុវវ័យ​កំពុង​សម្អាត​ជញ្ជាំង

ថ្ងៃទី ១៣–១៩ ខែ វិច្ឆិកា

យ៉ាកុប

« ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ »

ពីមុន​អាន​គម្រោង​មេរៀន​នេះ សូម​អាន សំបុត្រ​របស់​យ៉ាកុប ហើយ​យកចិត្ត​ទុកដាក់​ទៅលើ​ការបំផុស​គំនិត​ដែល​បងប្អូន​ទទួល​បាន ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ ដែល​នឹង​ផ្ដល់​ពរជ័យ ហើយ​ស្អាង​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ខគម្ពីរ​មកពី​យ៉ាកុប ដែល​វា​បំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើជា​អ្នក « ប្រព្រឹត្ត​តាម​ព្រះបន្ទូល » ( យ៉ាកុប ១:២២ ) ។ ប្រសិនបើ​វា​ពុំមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​ទេ នោះ​ពួកគេ​ក៏អាច​ចែកចាយ​អំពី​កិច្ចការ​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា ពួកគេ​ត្រូវតែ​ធ្វើ​ផងដែរ ទាំង​ផ្ទាល់ខ្លួន ឬ​ជា​ក្រុមគ្រួសារ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ាកុប ១:៥–៦

នៅពេល​យើង​ទូល​សូម​ព្រះ​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះ​នឹង​ប្រទាន​ដោយ​សន្ធា​ឥត​បន្ទោស​ផង ។

  • គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង យ៉ាកុប ១:៥–៦ បាន​ដឹកនាំ​យ៉ូសែប ស្ម៊ីធ ឲ្យ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក ហើយ​វា​អាច​ផ្ដល់​ពរជ័យ​ដល់​យើង​ម្នាក់ៗ​តាម​វិធី​ផ្សេងៗ​ផងដែរ ។ ប្រហែលជា​បងប្អូន​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​សំណួរ​ទាំងនេះ​ដោយ​ស្ងៀមស្ងាត់ ៖ តើ យ៉ាកុប ១:៥–៦ មាន​ឥទ្ធិពល​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​បងប្អូន ? តើ​បទពិសោធន៍​របស់ យ៉ូសែប ស្ម៊ីធ​ជាមួយ​នឹង​ខគម្ពីរ​ទាំងនេះ​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ការស្វែងរក​ប្រាជ្ញា​ចំពោះ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ? ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១០–១៧ ) ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​បងប្អូន​ថា « ទីបន្ទាល់​អំពី​យ៉ាកុប​នោះ [ គឺ ] ពិត​មែន » ?យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៦ ) ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត​ដែល​ពួកគេ​មាន បន្ទាប់​ពី​ពិចារណា​អំពី​សំណួរ​ទាំងនេះ​ហើយ ។

  • ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​រៀបរាប់​អំពី យ៉ាកុប ១:៥–៦ ជា​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់​បាន ។ តើ​ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​យល់ពី​ខគម្ពីរ​ទាំងនេះ​បាន​កាន់តែ​ច្បាស់​ដោយ​របៀប​ណា ? បងប្អូន​គួរតែ​ពិភាក្សា​រួមគ្នា​អំពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន​មកពី​ខគម្ពីរ​ទាំងនេះ​ផងដែរ ។

យ៉ាកុប ១:២–៤; ៥:៧–១១

ប្រសិនបើ​យើង​ស៊ូទ្រាំ​ដោយ​អំណត់ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ទៅរក​ភាពល្អ​ឥតខ្ចោះ ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ការបង្រៀន​របស់​យ៉ាកុប ស្ដីពី​ការអត់ធ្មត់​នៅក្នុង​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ពួកគេ​ត្រូវ​មាន​ការអត់ធ្មត់ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​បទពិសោធន៍​នោះ ។ បន្ទាប់​មក ពួកគេ​អាច​ស្រាវជ្រាវ​ក្នុង យ៉ាកុប ១:២–៤; ៥:៧–១១ រកមើល​គោលការណ៍​ដែល​ទាក់ទង​ទៅនឹង​បទពិសោធន៍​របស់​ពួកគេ​បាន ។ ពួកគេ​ក៏អាច​រកឃើញ​គោលការណ៍​ដែល​អាច​អនុវត្ត​បាន​នៅក្នុង​វីដេអូ « Continue in Patience » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​នៅក្នុង​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Continue in Patience » ( Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦–៥៩ ) ផងដែរ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការអត់ធ្មត់ នៅពេល​ពួកគេ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ។ តើ​អ្វីខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​មាន​ការអត់ធ្មត់ ?

យ៉ាកុប ១:៣–៨, ២១–២៥; ២:១៤–២៦

« សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ។

  • វិធី​មួយ​ដើម្បី​ពិភាក្សា​ពី​ការបង្រៀន​របស់​យ៉ាកុប​អំពី​សេចក្ដី​ជំនឿ និង​ការអនុវត្ត គឺ​បំបែក​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ទៅ​ជា​ពីរ​ក្រុម—ក្រុម​មួយ​រុករក​ហេតុផល​ដែល​សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​ការប្រព្រឹត្ត ហើយ​ក្រុម​មួយ​ទៀត​រុករក​ហេតុផល​ដែល​ការប្រព្រឹត្ត​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន ពួកគេ​អាច​អាន ម៉ាថាយ ៧:២១–២៣; យ៉ាកុប ១:៦–៨, ២១–២៥; ២:១៤–២៦ និង យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:១៩ ។ បន្ទាប់មក ក្រុម​នីមួយៗ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ពិភាក្សា​អំពី​ហេតុផល​ដែល​សេចក្ដី​ជំនឿ និង​ការប្រព្រឹត្ត​គឺជា​រឿង​ចាំបាច់ ។

    រូបភាព
    អ័ប្រាហាំ​កំពុង​អធិស្ឋាន​នៅក្រៅ​ត្រសាល​របស់​លោក

    « អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក » ( យ៉ាកុប ២:២៣ ) ។ អ័ប្រាហាំ​នៅលើ​វាល​ទំនាប​ម៉ាមរេ ដោយ ហ្រ្គេន រ៉មនី ខ្លសិន

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​ឃ្លា​ដែល​គួរតែ​ចងចាំ​ថា « សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ( យ៉ាកុប ២:២៦ ) បងប្អូន​អាច​សរសេរ​ប្រយោគ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន​បាន ៖ សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម​គឺ​ដូចជា ដែល​គ្មាន  ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​វិធី​ប្រកប​ដោយ​ការច្នៃ​ប្រឌិត ដើម្បី​បំពេញ​ប្រយោគ​នេះ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​សរសេរ​គំនិត​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ត​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

យ៉ាកុប ២:១–៩

ក្នុង​នាម​ជា​ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្រឡាញ់​មនុស្ស​គ្រប់រូប ទោះជា​ស្ថានភាព​របស់​ពួកគេ​យ៉ាង​ណា​ក្ដី ។

  • ដើម្បី​ជួយ​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ដល់​មនុស្ស​គ្រប់រូប ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ ឬ​រូបរាង​ខាងក្រៅ​របស់​ពួកគេ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្ដូរ​វេន​គ្នា​អាន​ខគម្ពីរ​នៅក្នុង យ៉ាកុប ១:៩–១១; ២:១–៩; ៥:១–៦ ។ សូម​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ការ « រើស​មុខ​គេ » មានន័យ​ដូចម្ដេច ? ( យ៉ាកុប ២:៩ ) ។ ហេតុអ្វី​ពេលខ្លះ​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​មាន​ប្រាក់ មាន​កេរ្ដិ៍ឈ្មោះ ឬ​អំណាច ខុសពី​អ្នក​ដែល​គ្មាន​អ្វី​ទាំងអស់ ? តើ​យើង​អាច​ចៀសវាង​ការប្រព្រឹត្ត​ចំពោះ​មនុស្ស​ផ្សេងៗគ្នា​ខុសគ្នា ដោយ​ផ្អែក​ទៅលើ​ស្ថានភាព​របស់​ពួកគេ​ដោយ​របៀប​ណា ? តើ​ពួក​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ដ៏​ស្មោះត្រង់​គឺ​ពិតជា​អ្នកមាន​ជាងគេ​បំផុត​តាម​របៀប​ណា ? ( សូមមើល យ៉ាកុប ២:៥ ) ។

យ៉ាកុប ៣

ពាក្យ​សម្ដី​ដែល​យើង​ប្រើ​មាន​អានុភាព​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ឈឺចាប់ ឬ​មាន​ពរជ័យ ។

  • រូបភាព​ដ៏មាន​អានុភាព​ដែល​យ៉ាកុប​បាន​ប្រើ​អាច​ផ្ដល់​ជា​ការរំឭក និង​ការលើក​ទឹកចិត្ត​ឲ្យ​យើង​ប្រើប្រាស់​ពាក្យ​សម្ដី—ទាំង​ការនិយាយ និង​ការសរសេរ—ដើម្បី​លើកស្ទួយ​មនុស្ស​ដទៃ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើល​ត្រួសៗ​ក្នុង យ៉ាកុប ៣ ដោយ​រកមើល​ការប្រៀបធៀប​ដែល​យ៉ាកុប​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​ពាក្យ​សម្ដី​អាច​ធ្វើឲ្យ​អ្នកដទៃ​ឈឺចាប់ ឬ​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។ សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​អាច​រីករាយ​នឹង​ការគូរ​ជា​រូបភាព នៃ​អ្វី​ដែល​ពួកគេ​ពួកគេ​បាន​រកឃើញ​ផងដែរ ។ តើ​ការប្រៀបធៀប​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​សេចក្ដី​ណែនាំ​របស់​យ៉ាកុប​នៅក្នុង​ជំពូក​នេះ​តាម​របៀប​ណា ? ឧទាហរណ៍ តើ​ពាក្យ​សម្ដី​របស់​យើង​ប្រៀប​បាន​នឹង​ភ្លើង​តាម​របៀប​ណា ? ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​បទពិសោធន៍ ដែល​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ភាសា ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​របៀប ដែល​ពួកគេ​អាច​អនុវត្ត​តាម​ពាក្យ​ទូន្មាន​របស់​យ៉ាកុប ។

ការកែលម្អ​ការបង្រៀន​របស់​យើង

លើក​ទឹកចិត្ត​ឲ្យ​មាន​បរិយាកាស​មួយ​ប្រកប​ដោយ​ការគោរព ។ « សូម​ជួយ​សិស្ស​ក្នុងថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​ថា ពួកគេ​ម្នាក់​ជះឥទ្ធិពល​លើ​ព្រះវិញ្ញាណ​នៅក្នុង​ថ្នាក់រៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួយ​បងប្អូន​បង្កើត​នូវ​បរិយាកាស​បើក​ទូលាយ មាន​សេចក្ដី​ស្រឡាញ់ និង​មាន​ការគោរព ដើម្បី​គ្រប់គ្នា​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ការចែកចាយ​បទពិសោធន៍ សំណួរ និង​ទីបន្ទាល់​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។