គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ៖ « នៅ​លើ​អ្នក​ជាពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ »


« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ៖ « នៅ​លើ​អ្នក​ជាពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១

រូបភាព
ទន្លេ​សុសគ្វីហាណា

ថ្ងៃទី ៨–១៤ ខែ កុម្ភៈ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥

« នៅ​លើ​អ្នក​ជាពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ »

ដូច​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​បានបំភ្លឺ​គំនិត​របស់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​ ស្ដីពី​បទគម្ពីរ​ ទ្រង់ក៏​អាច​បំផុស​គំនិត​របស់​អ្នក​ផងដែរ នៅពេល​អ្នក​សិក្សា ​គោលលទ្ធិ និង សេចក្ដីសញ្ញា ១២–១៣ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ប្រកប​ដោយ​ការ​អធិស្ឋាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វិធីមួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចែកចាយ​គឺ​ការ​សួរ​សិស្ស​ពី​របៀប​ដែល​ពួកគេ​សិក្សា​បទគម្ពីរ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​គំនិត​យោបល់​នៅ​ក្នុង​បទគម្ពីរ​នា​សប្ដាហ៍​នេះ ?

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣

បព្វជិតភាព​អើរ៉ុន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ យ៉ូហាន បាទីស្ទ ។

  • វិធីមួយ​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ពិត​នៅ​ក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣​ គឺ​ការ​សុំ​ឲ្យ​សិស្ស​និយាយ​ពី​រ​បៀប​ដែល​កណ្ឌ​នេះ​អាច​ជួយ​យុវវ័យ​ឲ្យ​យល់ដឹង​កាន់​តែ​ប្រសើរ​អំពី​បព្វជិតភាព​អើរ៉ុន ។ តើ ​កណ្ឌ​ទី ១៣ បង្រៀន​អ្វីខ្លះ​អំពី​បព្វជិតភាព​អើរ៉ុន​ដែល​យុវជន និង​យុវនារី​គួរ​យល់ដឹង ? ដើម្បី​ទុក​ឱកាស​មួយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូល​រួម អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ​ជា​គូ រួចហើយ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គ្នា​​ដល់​សិស្ស​ដទៃ​ទៀត ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ពី​ធនធាន​ដែល​អាច​ជួយ​ពន្យល់​ពី​ឃ្លា​មួយ​ចំនួន​នៅ​ក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​ការ​សិក្សា​ធនធាន​ទាំង​នេះ ។ ដើម្បី​បំផុស​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​ស្ដីពី​ពាក្យ​កូនសោ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​នេះ អ្នក​អាច​ដាក់​បង្ហាញ​កូន​សោ​មួយ​ចង្កោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​គ្នា​ថាតើ​កូនសោ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ។ សេចក្ដី​ពន្យល់​មក​ពី ស៊ិស្ទើរ រស់ និង​អែលឌើរ ឌេល ជី រេនឡាន់ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ជួយ​បាន​ដែរ ។ តើ​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ពរជ័យ​អ្វីខ្លះ ? តើ​ជីវិត​របស់​​យើង​មាន​ភាព​ខុស​គ្នា​បែបណា បើ​គ្មាន​ពរជ័យ​ទាំង​នេះ​ ?

  • ផ្នែក​មួយ​នៃ​ភាព​ស្រស់​ស្អាត​ស្ដីពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញគឺ​ថា ដំណឹងល្អ​ធ្វើ​ឲ្យ​យើង​ចូល​ប្រឡូក​នៅ​ក្នុង​កិច្ចការ​ដូច​គ្នានឹង​កិច្ចការ​ដែល​បុរស​ស្ត្រី​នៅ​ក្នុង​បទគម្ពីរ​បាន​ធ្វើ​ដែរ ៖ គឺ​ការ​ស្ថាបនា​នគរ​ព្រះ​នៅ​លើ​ផែនដី ។ ក្នុង​ន័យ​មួយ ការណ៍​នេះ​ធ្វើ​ឲ្យ​យើងក្លាយ​ជា « ពួក​អ្នក​បម្រើដូច » ពួកគេ​ដែរ ។ តើ​ការ​ក្លាយ​ជា​អ្នក​បម្រើ​ម្នាក់​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​មាន​ន័យ​ដូច​ម្ដេច ?ម៉ាថាយ៣:១៣-១៧, លូកា ១:១៣-១៧, ៣:២-២០អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​អំពី​កិច្ចការ​ដែល​យ៉ូហាន​ បាទីស្ទ បាន​ធ្វើ ។

    រូបភាព
    យ៉ូសែប ស៊្មីធ កំពុង​ជ្រមុជទឹក​ឲ្យ អូលីវើរ ខៅឌើរី

    យ៉ូសែប ស៊្មីធ ជ្រមុជទឹក​ឲ្យ អូលីវើរ ខៅឌើរី ដោយ ឌេល ផាសុន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

ពិធី​បរិសុទ្ធ​ផ្ដល់​សិទ្ធិ​ឲ្យ​យើង​ទទួលបាន​ព្រះ​ចេស្ដា​របស់​ព្រះ ។

  • ដើម្បីទុក​ពេល​ឲ្យ​សិស្ស​ថ្លែង​ទីបន្ទាល់​ដល់​គ្នា​ទៅ​វិញទៅ​មក​អំពី​ពរជ័យ​ដែល​កើត​ចេញ​ពី​ការ​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ រួម​ទាំង​កំណត់ចំណាំ​​នៅ ​ខទី ៧១ ផង​ដែរ ដោយ​រក​មើល​ពរជ័យ​ដែល​យ៉ូសែប និង​អូលីវើរ​បាន​ទទួល បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​ និង​ពិធី​តែងតាំង​បព្វជិតភាព​របស់​ពួកលោក ។ តើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ផ្ដល់​អនុភាព​ខាង​វិញ្ញាណ​តាម​របៀបណា ? បន្ទាប់​មក សិស្ស​អាច​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះដែល​កើត​ចេញ​មក​ពី​ការ​ទទួល​បាន​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក ពិធី​សាក្រាម៉ង់ ឬ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • សិស្ស​អាច​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​បង្កើត​តារាង​មួយ​ដែល​បង្ហាញ​ពី​ពរជ័យ​ដែល​កើត​ចេញ​ពី​ពិធី​បរិសុទ្ធនៃ​បព្វជិតភាព ។ ឧទាហរណ៍ អ្នក​អាចសរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​ចំណងជើង​ថា ពិធីបរិសុទ្ធ និងពរជ័យ ។ សិស្ស​អាច​ស្រាវ​ជ្រាវ​បទគម្ពីរ​ដូច​តទៅ​នេះ ដើម្បី​បំពេញតារាង​នោះ ៖ យ៉ូហាន ១៤:២៦, កិច្ចការ ២:៣៨, គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩-២២, ១៣១:១-៤, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។ ពួកគេ​ក៏​អាច​ដាក់​បញ្ចូល​នូវ​ពរជ័យ​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ទទួល ដោយសារ​តែ​ពិធី​បរិសុទ្ធ​ទាំង​នេះ​ផងដែរ ។ ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា នៅ​ពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា ពិធី​បរិសុទ្ធ​ដែល​ពួកគេ​បាន​ទទួល​បាន​នាំយក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​មក​ក្នុង​ជិវិត​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

តើ​កូនសោ​បព្វជិតភាព​គឺជា​អ្វី ?

អែលឌើរ ឌែល ជី រ៉ង់ឡាន់ និង​ភរិយា​របស់​លោក រស់ បាន​ផ្ដល់​ការ​ពន្យល់​នេះ​អំពី​កូនសោ​បព្វជិតភាព ។

« ពាក្យ​ថា កូនសោ​បព្វជិតភាព ត្រូវ​បាន​ប្រើ​តាម​វិធី​ពីរ​យ៉ាង ។ វិធី​ទីមួយសំដៅ​ទៅ​លើ​សិទ្ធិ​ ឬ​ឯកសិទ្ធិ​ជាក់​លាក់​មួយ​ដែល​បាន​ប្រគល់​ដល់​អស់​អ្នក​ដែល​ទទួល​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​មិលគីស្សាដែក ។ … ឧទាហរណ៍ ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ទទួល​កូនសោ​ទាំងឡាយ​នៃ​ការបម្រើ​នៃ​ពួកទេវតា និងកូនសោ​នៃដំណឹងល្អ​នៃ​ការប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការជ្រមុជ​សម្រាប់​ការផ្តាច់​បាប ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១, ៨៤:២៦–២៧ ) ។ ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ទទួល​កូនសោ​នៃ​អាថ៌កំបាំង​នៃ​នគរ កូនសោ​នៃ​ចំណេះដឹង​អំពីព្រះ និង​កូនសោ​នៃ​រាល់​ពរជ័យ​ខាង​វិញ្ញាណ​ក្នុង​សាសនាចក្រ​( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩, ១០៧:១៨ ) ។ …

« វិធី​ទីពីរ​ដែល​ពាក្យ កូនសោ​បព្វជិតភាព ត្រូវ​បាន​ប្រើ​សំដៅ​ទៅ​លើ​ភាព​ជា​អ្នក​ដឹកនាំ ។ ថ្នាក់​ដឹកនាំ​បព្វជិតភាព​ទទួល​កូនសោ​បព្វជិតភាព​បន្ថែម ជា​សិទ្ធិ​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​ផ្នែក​អង្គការ​មួយ​របស់​សាសនាចក្រ ឬ​កូរ៉ុម​មួយ ។ ដោយសារ​ហេតុ​នេះហើយ កូនសោ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច និង​អំណាច​ដើម្បី​ណែនាំ ដឹកនាំ ហើយ​គ្រប់​គ្រង​នៅ​ក្នុង​សាសនាចក្រ » ​( The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ​ ២០១៨ ] ទំព័រ ២៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​​ទីបន្ទាល់​​របស់​​អ្នក​ឲ្យ​បាន​​​ញឹកញាប់ ។ « សាក្សី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដ៏ស្មោះ​របស់អ្នក​អាច​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​មួយ​ទៅលើ​អ្នក​ទាំងឡាយ​ដែលអ្នក​បង្រៀន ។ … វា​ពុំ​ត្រូវការ​ឲ្យ​មាន​ពេល​វេលា​ច្រើន ឬ ការស្ទាត់​ជំនាញ​ឡើយ » ( ការ​បង្រៀន តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១១ ) ។ សូម​ពិចារណា​ចែក​ចាយ​សាក្សី​របស់​អ្នក​ផ្ទាល់​អំពី​បព្វជិតភាព​អើរ៉ុន នៅ​ពេល​អ្នក​ពិភាក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣ ។