គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ ៖ « នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ »


« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ ៖ « ‹ នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
ទន្លេ​សុសគ្វីហាណា

ថ្ងៃទី ៨–១៤ ខែ កុម្ភៈ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២–១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

« នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ »

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ទទួល​ចំណេះដឹង​បន្ថែម នៅពេល​ពួកគាត់​បាន​អធិស្ឋាន​អំពី​សេចក្ដីពិត ដែល​ពួកគាត់​បាន​រៀន​ពីក្នុង​ព្រះគម្ពីរ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ) ។ តើ​បងប្អូន​នឹង​ធ្វើ​តាម​គំរូ​របស់​ពួកគាត់​យ៉ាង​ដូចម្ដេច ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មនុស្ស​ជាច្រើន​ទូទាំង​ពិភពលោក​ប្រហែល​ជា​មិនធ្លាប់​បាន​ឮ​អំពី​កន្លែង​មួយ ដែល​ហៅ​ថា​ភូមិ​ហាម៉ូនី រដ្ឋ​ផេនសិលវេញ៉ា​ទេ ។ ប៉ុន្ដែ​ជាញឹកញាប់ ព្រះអម្ចាស់​ជ្រើសរើស​ទីតាំង​មិន​សូវ​ល្បី​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​នគរ​របស់​ទ្រង់ ។ នៅ​តំបន់​ព្រៃ​ក្បែរ​ភូមិ​ហាម៉ូនី នៅ​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បាន​បង្ហាញ​កាយ​ដែល​បាន​រស់ឡើង​វិញ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ លោក​បាន​ដាក់​ដៃ​នៅលើ​ក្បាល​ពួកគាត់ ហើយ​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​ពួកគាត់ ដោយ​ហៅ​ពួកគាត់​ថា​ជា « ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣:១ ) ។

ដើម្បី​ត្រូវបាន​ចាត់ទុក​ជា​ពួក​អ្នក​បម្រើ​ជាមួយ​យ៉ូហាន បាទីស្ទ ដែល​បាន​ជ្រមុជ​ទឹក​ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការយាង​មក​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ៣:១–៦, ១៣–១៧ ) នោះ​ត្រូវ​មាន​ចិត្តរាបសា ហើយ​ប្រហែល​ជា​លោក​បាន​សរសើរ​យ៉ាង​ខ្លាំង​ដល់​បុរស​វ័យ​ក្មេង​ទាំងពីរ​រូប​នេះ​ក្នុង​វ័យ​ម្ភៃ​ប្លាយ​របស់​គេ ។ នៅពេល​នោះ យ៉ូសែប និង អូលីវើរ​មិន​សូវ​មាន​ឈ្មោះ​ល្បីល្បាញ​ដូចជា​ភូមិ​ហាម៉ូនី​ដែរ ។ ប៉ុន្ដែ​ការបម្រើ​នៅក្នុង​កិច្ចការ​របស់​ព្រះ​តែងតែ​ផ្ដោត​លើ​របៀប​ដែល​យើង​បម្រើ ពុំ​មែន​ថា​តើ​នរណា​ខ្លះ​មើល​ឃើញ​នោះ​ទេ ។ មិន​ថា​ការរួម​ចំណែក​របស់​បងប្អូន​តូច ឬ​មើល​មិន​ឃើញ​យ៉ាង​ណា​ទេ​ពេលខ្លះ បងប្អូន​ក៏​ជា​អ្នកបម្រើ​ម្នាក់​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​ផងដែរ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ១២

ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ជួយ​បង្កើត​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន ។

យ៉ូសែប ណាយ សុញ្ញ័រ និង​ភរិយា​របស់​លោក ផលី បាន​ជួប​នឹង​យ៉ូសែប ស៊្មីធ​ក្នុង​វ័យ ២០ ឆ្នាំ នៅពេល​លោក​បាន​ចាប់ផ្ដើម​ធ្វើការ​នៅ​ចម្ការ​របស់​ពួកគេ​ក្នុង​ភូមិ​ខូលស្វីល ក្រុង​នូវ យ៉ោក ។ យ៉ូសែប ណាយ​បាន​ពិពណ៌នា​ពី​លោក​ថា​ជា​អ្នកធ្វើការ​ដ៏​ល្អ​បំផុត ដែល​គាត់​ធ្លាប់​បាន​ជួប ។ គាត់​ជឿ​លើ​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ អំពី​ផ្ទាំង​ចំណារ​មាស ហើយ​បាន​នាំ​ផលី​ទៅ​លេង​យ៉ូសែប ស្ម៊ីធ ខណៈ​លោក​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន​នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ហាម៉ូនី រដ្ឋ​ផេនសិលវេញ៉ា ។ នាង​បាន​ជឿ​ភ្លាម​មួយរំពេច ។ ពេញ​មួយ​ជីវិត​របស់​ពួកគេ យ៉ូសែប និង​ផលី​បាន​បន្ដ​ស្មោះត្រង់​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ សមាជិក​គ្រួសារ​ណាយ​ជាង ៦០ នាក់​បាន​ចូលរួម ហើយ​បាន​ជួយ​ស្ថាបនា​សាសនាចក្រ​នៅ​ទីក្រុង​នូវ យ៉ោក រដ្ឋ​អូហៃអូ រដ្ឋ​មីសសួរី ទីក្រុង​ណៅវូ និង​ទីបញ្ចប់​នៅ​ទីក្រុង​សលត៍ លេក ។

យ៉ូសែប ណាយ​បាន​ចង់​ដឹង​អំពី​របៀប​ដែល​គាត់​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ចម្លើយ​របស់​ព្រះអម្ចាស់ ( ឥឡូវ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២ ) អនុវត្ត​ចំពោះ « អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា ចង់​នាំ និង​តាំង​កិច្ចការ​នេះ​ឡើង » ( ខទី ៧ )​—រួមទាំង​បងប្អូន​ផងដែរ ។ តើ « ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​នូវ​គតិ​នៃ​ក្រុង​ស៊ីយ៉ូន » ( ខ​ទី ៦ ) មានន័យ​ដូចម្ដេច​ចំពោះ​បងប្អូន ? តើ​គោលការណ៍ និង​គុណលក្ខណៈ​អ្វីខ្លះ​នៅ​ក្នុង ខទី ៧–៩ ដែល​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ការណ៍​នេះ ?

សូមមើល​ផងដែរ « The Knight and Whitmer Families » Revelations in Context ទំព័រ ២០–២៤ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣

បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ស្ដារ​ឡើងវិញ​ដោយ​យ៉ូហាន បាទីស្ទ ។

តែ​ក្នុង​មួយ​ប្រយោគ​ប៉ុណ្ណោះ យ៉ូហាន បាទីស្ទ​បាន​បើក​សម្ដែង​សេចក្ដីពិត​ជាច្រើន​អំពី​បព្វជិតភាព​អើរ៉ុន ។ សូម​សរសេរ​ពី​អ្វីៗ​គ្រប់យ៉ាង​ដែល​បងប្អូន​បាន​រៀន​មកពី​កណ្ឌ​នេះ ( រួម​ទាំង​ពី​ក្បាល​កណ្ឌ​ផងដែរ ) ។ បងប្អូន​អាច​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​សិក្សា​ឃ្លា​មួយ​ចំនួន ដែល​បងប្អូន​រកឃើញ ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ចាប់ផ្ដើម ៖

តើ​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​បាន​ទទួល​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន ?

រូបភាព
យូសែប ស៊្មីធ ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ អូលីវើរ ខៅឌើរី

យូសែប ស៊្មីធ ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ អូលីវើរ ខៅឌើរី ដោយ ឌេល ផាសិន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

ពិធីបរិសុទ្ធ​នាំ​ឲ្យ​ខ្ញុំ​មាន​ព្រះចេស្ដា​របស់​ព្រះ ។

ស៊ិស្ទើរ ខារ៉ូល អិម ស្ទីហ្វិន អតីត​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា ៖ « ពិធី​បរិសុទ្ធ​បព្វជិតភាព និង​សេច​ក្ដី​សញ្ញា​ទាំង​នេះ ធ្វើ​ឲ្យ​យើង​ទទួល​បាន​ពរជ័យ​ពេញលេញ ដែល​ព្រះ​សន្យា ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​បំពាក់​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ​នូវ​ព្រះចេស្ដា ដែល​ជា​ព្រះចេស្ដា​នៃ​ព្រះ ព្រមទាំង​ជា​ឱកាស​ឲ្យ​យើង​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទៀត​ផង » ( « តើ​យើង​ដឹង​ថា យើង​មាន​អ្វី​ទេ ? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២ )។

កាល​បងប្អូន​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ រួមទាំង​កំណត់​ចំណាំ​នៅ​ចុង​បញ្ចប់​ខទី ៧១ សូម​ពិចារណា​ពី​អ្វី​ដែល​បាន​បំផុស​គំនិត​យ៉ូសែប និង អូលីវើរ​ឲ្យ​សួរ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​កត់ត្រា​ពរជ័យ​ដែល​កើត​មាន​ដល់​ពួកគាត់ ក្រោយពី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព ។ សូម​ពិចារណា​អាន​កំណត់ហេតុ​ដែល​បងប្អូន​អាច​បាន​សរសេរ ក្រោយពី​ទទួល​បាន​ពិធីបរិសុទ្ធ ឬ​កត់ត្រា​អនុស្សាវរីយ៍​របស់​បងប្អូន​អំពី​ព្រឹត្តិការណ៍​ទាំងនោះ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​បងប្អូន​បាន​ទទួល​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០–២២; Saints ១:៦៥–៦៧ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២:៨ ។ហេតុអ្វី​លក្ខណៈ​ចរិត​ដែល​មាន​នៅក្នុង​ខគម្ពីរ​នេះ​ចាំបាច់ នៅពេល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ។តើ​អ្វី​ទៅ​ដែល​អាច​កសាង​សេចក្ដី​ជំនឿ​របស់​គ្រួសារ​បងប្អូន​លើ​ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ? វីដេអូ « Restoration of the Aaronic Priesthood » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ គំនូរ​ដែល​មាន​ក្នុង​គម្រោង​មេរៀន​នេះ​អាច​ជួយ​គ្រួសារ​បងប្អូន ឲ្យ​ស្រមៃ​ពី​ការស្ដារ​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន ។ តើ​ពួកគេ​ចូលចិត្ត​គូរ​រូប​ព្រឹត្តិការណ៍ ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៤ ដែរ​ឬ​ទេ ? ពួកគេ​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​អំណាច​នៃ​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។

សូមមើល​ផងដែរ « Priesthood Restoration Site » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ។តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​ក្នុង​ការស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​យ៉ាង​ដូចម្តេច ? ប្រហែល​នៅពេល​បងប្អូន​អាន​រួម​គ្នា បងប្អូន​អាច​ធ្វើ​ឲ្យ​វា​ទៅជា​ទម្លាប់​ជា​ប្រចាំ​មួយ ដើម្បី​ឈប់​ហើយ​សួរ​ថា តើ​មាន​នរណាម្នាក់​មាន​សំណួរ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​អាន​ឬ​ទេ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧១, កំណត់ចំណាំ ។តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​របស់​បងប្អូន​ចាប់អារម្មណ៍​អំពី​ពាក្យ​សម្ដី​របស់ អូលីវើរ ខៅឌើរី ? តើ​មាន​អ្វីខ្លះ​ដែល​ជា « ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន » របស់​គ្រួសារ​បងប្អូន ?

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ។តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​យ៉ូសែប និង​អូលីវើរ ? តើ​ព្រះវិញ្ញាណ​បាន​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​យល់​ពី​បទគម្ពីរ និង​អររីករាយ​នៅ​ក្នុង​ព្រះអម្ចាស់​នៅពេល​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « បព្វជិតភាព​បាន​ស្ដារ​ឡើង​វិញ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦០ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សិក្សា​ប្រធានបទ​មួយ ។ ជា​ក្រុម​គ្រួសារ សូម​ជ្រើសរើស​ប្រធានបទ​មួយ​ដែល​បងប្អូន​ចង់​សិក្សា​លម្អិត​បន្ថែម​ទៀត ។ ឧទាហរណ៍ សប្ដាហ៍​នេះ​បងប្អូន​អាច​ប្រើ Topical Guideសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយscriptures.ChurchofJesusChrist.org ) ដើម្បី​ស្វែង​រក​បទគម្ពីរ​អំពី​បព្វជិតភាព​អើរ៉ុន ។

រូបភាព
យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​យ៉ូសែប ស្ម៊ីធ

នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​លីនដា ឃើរលី គ្រីស្ទានសិន