ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ៖ « ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ » ។ អេធើរ ១២–១៥


« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ៖ ‹ ដោយសារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ › ។ អេធើរ ១២–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ អេធើរ ១២–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
អេធើរ​ចូលទៅ​ក្នុង​រូង​ភ្នំ

Ether Hiding in the Cavity of a Rock [ អេធើរ​លាក់​ខ្លួន​នៅក្នុង​រូង​ថ្ម ] ដោយ ហ្គែរី អើណេស ស្ម៊ីធ

ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ៖ « ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ »

អេធើរ ១២–១៥

ការព្យាករ​របស់​អេធើរ​ទៅកាន់​ពួក​សាសន៍​យ៉ារេឌ​គឺ « ធំ ហើយ​អស្ចារ្យ » ( អេធើរ ១២:៥ ) ។ លោក « បាន​ប្រាប់​ពួកគេ​នូវ​ការណ៍​ទាំងអស់ ចាប់​តាំង​ពី​ដើម​កំណើត​របស់​មនុស្ស​មក » ( អេធើរ ១៣:២ ) ។ លោក​បាន​ព្យាករ​ពី « សម័យ​នៃ​ព្រះគ្រីស្ទ » និង​ក្រុង​យេរូសាឡិម​ថ្មី​នៅ​ថ្ងៃចុង​ក្រោយ ( អេធើរ ១៣:៤ ) ។ ហើយ​លោក​ថ្លែង​អំពី​សេចក្ដី « សង្ឃឹម​ជា​ប្រាកដ​ថា​នឹង​បាន​ពិភព​លោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅទៀត មែនហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ » ( អេធើរ ១២:៤ ) ។ ប៉ុន្តែ​ពួក​សាសន៍​យ៉ារេឌ​បាន​បដិសេធ​ពាក្យ​សម្ដី​របស់​លោក ជាញឹកញាប់​មនុស្ស​បាន​បដិសេធ​ការព្យាករ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​ដូច​នៅពេល​បច្ចុប្បន្ន​នេះ ដោយសារ​ហេតុ​ផល​ដូចគ្នា​នោះ​ផងដែរ—« ពីព្រោះ​ពួកគេ​ពុំ​បាន [ ឃើញ ] » ( អេធើរ ១២:៥ ) ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ជឿ​ទៅលើ​ការសន្យា ឬ​ការព្រមាន​អំពី​រឿង​ទាំងឡាយ​ដែល​យើង​មើល​ពុំឃើញ វា​ក៏​ដូចជា​អេធើរ​ត្រូវ​ប្រើ​សេចក្ដី​ជំនឿ​ដើម្បី​ព្យាករ​អំពី « ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ » ទៅ​កាន់​ប្រជាជន​ដែល​ពុំ​ជឿ​ដូច្នោះដែរ ។ មរ៉ូណៃ​ត្រូវ​ប្រើ​សេចក្តី​ជំនឿ​ដើម្បី​ទុកចិត្ត​ថា ព្រះអម្ចាស់​អាច​ដក​យក « ភាពទន់ខ្សោយ​ខាង​ការសរសេរ » របស់​លោក​ចេញ ហើយ​បង្វែរ​ទៅ​ជា​ភាពខ្លាំង​ពូកែ​វិញ​បាន ( សូមមើល អេធើរ ១២:២៣–២៧ ) ។ គឺ​សេចក្ដី​ជំនឿ​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង « ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ » ( អេធើរ ១២:៤ ) ។ ហើយ​វា​គឺជា​សេចក្ដី​ជំនឿ​បែប​នេះ​ហើយ​ដែល « ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ » ( អេធើរ ១២:៣ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អេធើរ ១២

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បាន ។

វា​ជា​រឿង​ធម្មតា​នៅសព្វថ្ងៃ​នេះ ដូច​នៅ​ក្នុង​ជំនាន់​របស់​អេធើរ​ដែរ ព្រោះ​មនុស្ស​ចង់​ឃើញ​ភស្តុតាង​មុន​នឹង​ជឿ​លើ​ព្រះ និង​ព្រះចេស្តា​របស់​ទ្រង់ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី អេធើរ ១២:៥–៦ អំពី​គំនិត​នេះ ?

នៅ​ពេល​ដែល​បងប្អូន​អាន អេធើរ ១២ បងប្អូន​អាច​កត់​សម្គាល់​រៀងរាល់​ពេល​ដែល​បងប្អូន​រក​ឃើញ​ពាក្យ « សេចក្តី​ជំនឿ » ។ សូម​ពិចារណា​ពី​អ្វី​ដែល​ករណី​នីមួយៗ​បង្រៀន​អំពី​សេចក្ដី​ជំនឿ ។ សំណួរ​ទាំងនេះ​អាច​ជួយ​បាន ៖ តើ​សេចក្តី​ជំនឿ​គឺជា​អ្វី ? តើ​ការអនុវត្ត​សេចក្ដីជំនឿ​មាន​ន័យ​ដូចម្ដេច ? តើ​ផលផ្លែ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អ្វីខ្លះ ? បងប្អូន​ក៏​អាច​កត់ត្រា​ផងដែរ​នូវ​គំនិត​របស់​បងប្អូន​អំពី​សាក្សី​ដែល​បងប្អូន​បាន​ទទួល « ក្រោយពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ( អេធើរ ១២:៦ ) ។

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤ ។

សូម​ឲ្យ​អ្នក​ដទៃ​ចែកចាយ ហើយ​ពេល​ខ្លះ​បង្រៀន ។ សិស្ស​រៀន​បាន​ល្អ​បំផុត​នៅ​ពេល​ពួកគេ​មាន​ឱកាស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ឬ​ក៏​បង្រៀន​ជា​ផ្លូវការ ។ មិន​ថា​នៅ​គេហដ្ឋាន ឬ​នៅឯ​ព្រះវិហារ​នោះទេ សូម​ពិចារណា​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​រួម​ទាំង​យុវវ័យ​ផងដែរ ធ្វើ​ការ​បង្រៀន​ផ្នែក​មួយ​នៃ​មេរៀន ។

អេធើរ ១២:១–៩, ២៨, ៣២

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន «​ សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​លើស​លែង​ទៅទៀត » ដល់​យើង ។

បន្ថែម​ពី​លើ​ការ​យល់​ដឹង​ដ៏​ជ្រាល​ជ្រៅ​អំពី​សេចក្តី​ជំនឿ អេធើរ ១២ ក៏​មាន​ការនិយាយ​ជា​ច្រើន​អំពី​សេចក្តី​សង្ឃឹម​ផង​ដែរ ។ សូម​ឲ្យ​សំណួរ​ទាំងនេះ​ណែនាំ​ការ​សិក្សា​របស់​បងប្អូន ៖

  • តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​អេធើរ​ត្រូវតែ « សង្ឃឹម​ជា​ប្រាកដ​ថា​នឹង​បាន​ពិភព​លោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅទៀត » ? ( សូម​មើល អេធើរ ១២:២–៥ ) ។

  • តើ​គោលបំណង​នៃ​យុថ្កា​គឺ​ជា​អ្វី ? ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​យុថ្កា​ជួយ​ដល់​ទូក​ដែរ តើ​សេចក្តី​សង្ឃឹម​ជួយ​ដល់​ព្រលឹង​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ( សូមមើល អេធើរ ១២:៤ ) ។

  • តើ​យើង​គួរ​សង្ឃឹម​ចង់​បាន​អ្វី ? ( សូមមើល អេធើរ ១២:៤; មរ៉ូណៃ ៧:៤១ ) ។

  • តើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់ « សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​លើស​លែង​ទៅទៀត » ដោយ​របៀប​ណា ? ( អេធើរ ១២:៣២ ) ។

សូមមើល​ផងដែរ មរ៉ូណៃ ៧:៤០–៤១; ជែហ្វ្រី អ័រ ហូឡិន « A Perfect Brightness of Hope » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១–៨៤ ។

អេធើរ ១២:២៣–២៩

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយជា​ទៅ​ខ្លាំង​ពូកែ​ចំពោះ​ខ្ញុំ​បាន ។

នៅពេល​យើង​អាន​ការសរសេរ​ដ៏​មាន​អានុភាព​របស់​មរ៉ូណៃ វា​ងាយ​នឹង​ភ្លេច​ថា លោក​បាន​បារម្ភ​អំពី « ភាពទន់​ខ្សោយ​ខាង​ការសរសេរ » របស់​លោក ហើយ​ភ័យខ្លាច​ថា​ប្រជាជន​នឹង​ចំអក​ចំពោះ​ពាក្យ​របស់​លោក ( សូមមើល អេធើរ ១២:២៣–២៥ ) ។ ប្រសិន​បើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ព្រួយ​បារម្ភ​អំពី​ភាព​ទន់​ខ្សោយ​របស់​បងប្អូន​ផ្ទាល់ សូម​អាន​ការតស៊ូ​របស់​មរ៉ូណៃ និង​ការឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ—នៅ​ក្នុង អេធើរ ១២:២៣–២៩ ។ បងប្អូន​ក៏​អាច​ពិចារណា​ពី​គ្រា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ភាព​ទន់​ខ្សោយ​របស់​បងប្អូន ហើយ​ធ្វើ​ឲ្យ​បងប្អូន​រឹងមាំ​ផងដែរ—ទោះ​ជា​ទ្រង់​មិន​បាន​ដក​វា​ចេញ​ទាំង​ស្រុង​ក៏​ដោយ ។ សូម​គិត​ពី​ភាព​ទន់ខ្សោយ​ដែល​បងប្អូន​កំពុង​ពុះពារ​នៅពេល​បច្ចុប្បន្ន​នេះ​ផងដែរ ។ តើ​បងប្អូន​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី « ធ្វើឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ » ? ( អេធើរ ១២:២៧ ) ។

សូម​ពិចារណា​ស្រាវជ្រាវ​ក្នុង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ដើម្បី​មើល​ពី​របៀប​ដែល​អ្នក​ដទៃ​នៅ​ក្នុង​ព្រះគម្ពីរ​បាន​ទទួល​កម្លាំង​តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

សូម​មើល​ផង​ដែរ Gospel Topics « Grace » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « ទ្រង់​ជា​ពន្លឺ​ខ្ញុំ » ទំនុក​តម្កើង ល.រ. ៣៩ ។

អេធើរ ១៣:១៣–២២; ១៤–១៥

ការបដិសេធ​ព្យាការី​របស់​ព្រះអម្ចាស់​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។

ការធ្វើ​ជា​ស្ដេច​នៃ​ពួកសាសន៍​យ៉ារេឌ​តាម​ប្រវត្តិសាស្ត្រ វាជា​តំណែង​ដ៏​គ្រោះថ្នាក់​មួយ ។ រឿង​នេះ​គឺ​ពិត​ជាពិសេស​ចំពោះ កូរីអានទុមើរ ផងដែរ​នៅពេល​មនុស្ស​ជាច្រើន « ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​…​ស្វែងរក​បំផ្លាញ​ទ្រង់ » ( អេធើរ ១៣:១៥–១៦ ) ។ នៅក្នុង អេធើរ ១៣:១៥–២២ សូម​កត់សម្គាល់​អំពី​អ្វី​ដែល កូរីអានទុមើរ បាន​ធ្វើ​ដើម្បី​ការពារ​ខ្លួន និង​អ្វី​ដែល​ព្យាការី​អេធើរ​បាន​ប្រឹក្សា​ដល់​ទ្រង់​ឲ្យ​ធ្វើ​ជំនួស​វិញ ។ នៅពេល​បងប្អូន​អាន​គម្ពីរ​អេធើរ​ទាំងអស់ សូម​ពិចារណា​អំពី​លទ្ធផល​នៃ​ការបដិសេធ​ពួក​ព្យាការី ។ តើ​មាន​អ្វី​កើតឡើង​ចំពោះ​មនុស្ស​នៅពេល « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ [ ឈប់ ] តស៊ូ​ជាមួយ​នឹង​ពួកគេ​ទៀត » ? ( អេធើរ ១៥:១៩ ) ។ តើ​ព្រះអម្ចាស់​អាច​សព្វព្រះទ័យ​ឲ្យ​បងប្អូន​រៀន​អ្វីខ្លះ​ចេញពី​ដំណើររឿង​ទាំងនេះ ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ ដើម្បី​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អេធើរ ១២:៦–២២

សេចក្តី​ជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វី​ដែល​ខ្ញុំ​មើល​មិន​ឃើញ ។

  • សូម​ពិចារណា​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ថា​តាម​បងប្អូន « សេចក្តី​ជំនឿ​គឺ​ជា​អ្វី​ដែល​សង្ឃឹម​ចង់បាន ហើយ​មើល​មិន​ឃើញ » មកពី អេធើរ ១២:៦ ។ កូនៗ​របស់​បងប្អូន​អាច​រីករាយ​ក្នុង​ការ​មើល​រូបភាព​ដែល​បង្ហាញ​ពី​គំរូ​នៃ​សេចក្តី​ជំនឿ​នៅក្នុង អេធើរ ១២:១៣–១៥, ១៩–២១ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៧៨, ៨៥ និង ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ពន្យល់​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើររឿង​នីមួយៗ ។ នេះ​ជា​សំណួរ​មួយ​ចំនួន​ដែល​ជួយ​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​គំរូ​នៃ​សេចក្ដី​ជំនឿ​ទាំង​នេះ ៖

    • តើ​មនុស្ស​ទាំង​នេះ​សង្ឃឹម​ចង់​បាន​អ្វី ?

    • តើ​សេចក្តី​ជំនឿ​របស់​ពួកគេ​ត្រូវ​បាន​សាកល្បង​ដោយ​របៀបណា ?

    • តើ​មាន​អ្វី​បាន​កើត​ឡើង​ដោយសារ​តែ​សេចក្តី​ជំនឿ​របស់​ពួកគេ ?

    បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​ផង​ដែរ ។

អេធើរ ១២:៤, ៣២

សេចក្ដី​សង្ឃឹម​គឺ​ដូចជា​យុថ្កា​សម្រាប់​ព្រលឹង​របស់​ខ្ញុំ ។

  • ដើម្បី​យល់​អំពី​អ្វី​ដែល អេធើរ ១២:៤ បង្រៀន​អំពី​សេចក្ដី​សង្ឃឹម បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព​ទូក​មួយ និង​យុថ្កា​មួយ ។ តើ​ហេតុអ្វី​ទូក​ត្រូវការ​យុថ្កា ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ទូក​គ្មាន​យុថ្កា​ទេ​នោះ ? នៅពេល​បងប្អូន​អាន អេធើរ ១២:៤ ជាមួយ​គ្នា សូម​និយាយ​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​ជួយ​ដល់​យើង ដូចជា​យុថ្កា​ជួយ​ដល់​ទូក​អ៊ីចឹង​ដែរ ។ សូម​អញ្ជើញ​ឲ្យ​កូនៗ​របស់​បងប្អូន​គូរ​រូបភាព​ទូក និង​យុថ្កា ដើម្បី​ពួកគេ​អាច​បង្រៀន​អ្នកដទៃ​អំពី​សេចក្តី​សង្ឃឹម​បាន ។

  • បើ​កូនៗ​របស់​បងប្អូន​ត្រូវការ​និយមន័យ​នៃ សេចក្ដី​សង្ឃឹម សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​និយមន័យ​មួយ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សង្ឃឹម, សេចក្ដី​សង្ឃឹម » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ យោង​ទៅ​តាម​និយមន័យ​នេះ និង អេធើរ ១២:៤, ៣២ តើ​យើង​គួរ​សង្ឃឹម​ចង់​បាន​អ្វី ? ( សូមមើល​ផងដែរ មរ៉ូណៃ ៧:៤០–៤២ ) ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​ពាក្យ​ផ្សេង​ទៀត​សម្រាប់​ពាក្យ សេចក្តី​សង្ឃឹម រួម​ជាមួយនឹង​ពាក្យ​ទាំងឡាយ​ដែល​មាន​ន័យ​ផ្ទុយ​នឹង​ពាក្យ សេចក្តី​សង្ឃឹម ផងដែរ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក​នូវ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​មួយ​ចំនួន ដែល​ផ្ដល់​ឲ្យ​បងប្អូន​នូវ​សេចក្ដី​សង្ឃឹម​ផង​ដែរ ។

អេធើរ ១២:២៣–២៩

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ​បាន ។

  • ជួនកាល​កុមារ​ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ គឺ​ដូចជា​មរ៉ូណៃ​បាន​ជួប​ដែរ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​មរ៉ូណៃ​មាន​អារម្មណ៍​បែប​នេះ​នៅ​ក្នុង អេធើរ ១២:២៣–២៥ ហើយ​សួរ​ពួកគេ​ថា តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ​ដែរ​ឬ​ទេ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ខទី ២៦–២៧ ដើម្បី​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​លើក​ទឹកចិត្ត​ដល់​មរ៉ូណៃ ។

  • ប្រហែល​កូនៗ​របស់​បងប្អូន​អាច​គូរ​រូប​អ្វី​ដែល​ទន់ខ្សោយ និង​អ្វី​ដែល​រឹងមាំ ។ បន្ទាប់​មក ពួកគេ​អាច​បន្ថែម​ពាក្យ និង​ឃ្លា​មួយ​ចំនួន​មកពី អេធើរ ១២:២៣–២៩ ទៅលើ​រូបគំនូរ​របស់​ពួកគេ ដែល​បង្រៀន​ពួកគេ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​បង្វែរ​ភាព​ទន់ខ្សោយ​របស់​យើង​ឲ្យ​ទៅ​ជា​ខ្លាំង​ពូកែ​វិញ​បាន ។ សូម​លើក​ទឹកចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​ពី​ភាព​ទន់ខ្សោយ​មួយ​ដែល​ពួកគេ​អាច​មាន ហើយ​បន្ទាប់​មក សូម​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រែវា​ឲ្យ​ទៅជា​ខ្លាំង​ពូកែ​វិញ ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន​ឲ្យ​រឹងមាំ​ល្មម​ដើម្បី​ធ្វើ​កិច្ចការ​ដែល​លំបាកៗ​បាន​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
អេធើរ​លុត​ជង្គង់​នៅឯ​ច្រកចូល​រូងភ្នំ

Marvelous Were the Prophecies of Ether [ ការព្យាករ​របស់​អេធើរ​គឺ​អស្ចារ្យ​ណាស់ ] ដោយ វ៉លធើរ រ៉េន