ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ១៦–២២ ខែ ធ្នូ ៖ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ។ មរ៉ូណៃ ១០


« ថ្ងៃទី ១៦–២២ ខែ ធ្នូ ៖ ‹ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ › ។ មរ៉ូណៃ ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ មរ៉ូណៃ ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ

That Ye May Know [ ដើម្បី​ឲ្យ​ឯង​បាន​ដឹង ] ដោយ ហ្គែរី អិល ខាប

ថ្ងៃទី ១៦–២២ ខែ ធ្នូ ៖ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ »

មរ៉ូណៃ ១០

ព្រះគម្ពីរ​មរមន​ចាប់ផ្ដើម​ដោយ​ការសន្យា​របស់​នីហ្វៃ ដើម្បី​បង្ហាញ​យើង​ថា « សេចក្ដី​មេត្តា​ករុណាដ៏​ទន់ភ្លន់​ទាំងឡាយ​នៃ​ព្រះអម្ចាស់ មាន​មក​លើ​ជន​ទាំងអស់​ណា​ដែល​ព្រះ​ទ្រង់​បាន​រើស ដោយសារ​សេចក្ដី​ជំនឿ​របស់​គេ » ( នីហ្វៃ​ទី​១ ១:២០ ) ។ ព្រះគម្ពីរ​នេះ​បញ្ចប់​ដោយ​ការអញ្ជើញ​ស្រដៀង​គ្នា​មួយ​មកពី​មរ៉ូណៃ ៖ « សូម​ឲ្យ​អ្នករាល់គ្នា​នឹកឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាងណា » ( មរ៉ូណៃ ១០:២–៣ ) ។ តើ​គំរូ​អ្វីខ្លះ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ដែល​បងប្អូន​បាន​ឃើញ​នៅក្នុង​ព្រះគម្ពីរ​មរមន ? បងប្អូន​អាច​ជញ្ជឹង​គិត​ពី​មាគ៌ា​ដ៏​មេត្តា​ករុណា​ដែល​ព្រះ​បាន​ដឹកនាំ​គ្រួសារ​របស់​លីហៃ​ឲ្យ​ឆ្លងកាត់​ទីរហោស្ថាន ហើយ​ឆ្លងកាត់​ទឹក​ដ៏​ធំ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់ ដែល​ទ្រង់​បាន​បង្ហាញ​ដល់​អេណុស នៅពេល​ព្រលឹង​របស់​លោក​ស្រេកឃ្លាន​នូវ​ការអភ័យ​ទោស ឬ​សេចក្ដី​មេត្តា​ករុណា​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​អាលម៉ា ជា​សត្រូវ​ដ៏​ល្វីងជូរចត់​របស់​សាសនាចក្រ ដែល​បាន​ប្រែក្លាយ​ជា​អ្នកការពារ​ដែល​ពុំ​ចេះ​ខ្លាច​ម្នាក់ ។ ឬ​គំនិត​របស់​បងប្អូន​អាច​ងាក​ទៅរក​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ ដែល​បាន​បង្ហាញ​ព្រះកាយ​ដល់​ប្រជាជន នៅពេល​ទ្រង់​បាន​ព្យាបាល​ជំងឺ​របស់​ពួកគេ ហើយ​បាន​ប្រទានពរ​ដល់​កូន​តូចៗ​របស់​ពួកគេ​ផងដែរ ។ ប្រហែល​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​អ្វីៗ​ទាំងអស់​នេះ​អាច​រំឭក​បងប្អូន​ថា « តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាងណា » ចំពោះ​បងប្អូន ដ្បិត​ព្រះគម្ពីរ​មរមន​គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ទទួល​យក​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ—ជា​ការអញ្ជើញ​ដែល​បង្ហាញ​យ៉ាង​សាមញ្ញ​នៅក្នុង​ពាក្យ​សម្ដី​លា​របស់​មរ៉ូណៃ​ថា « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

មរ៉ូណៃ ១០:៣–៧

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ដឹង​សេចក្តី​ពិត​គ្រប់យ៉ាង​ទាំងអស់​បាន​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ការសន្យា​នៅក្នុង មរ៉ូណៃ ១០:៣–៧ បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ។ តើ​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ? នៅពេល​បងប្អូន​អាន មរ៉ូណៃ ១០:៣–៧ សូម​ពិចារណា​អាន​ដោយ​យកចិត្ត​ទុកដាក់​ជាង​កាល​ពី​មុន ។ បងប្អូន​អាច​ពិនិត្យ​មើល​ឃ្លា​នីមួយៗ ហើយ​សូម​សួរ​សំណួរ​ខ្លួន​ឯង​ថា ៖ តើ​វា​មាន​ន័យ​យ៉ាងណា ? តើ​ខ្ញុំ​អាច​ធ្វើ​ការណ៍​នេះ​បាន​កាន់តែ​ល្អ​ប្រសើរ​ដោយ​របៀបណា ? តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​នឹង​ការណ៍​នេះ?

នៅ​ពេល​ដែល​បងប្អូន​ពិចារណា​អំពី​ការស្វែងរក​សេចក្ដី​ពិត​ខាង​វិញ្ញាណ​របស់​បងប្អូន នោះ​វា​អាច​ជួយ​ឲ្យ​យើង​រៀន​ពី​របៀប​ដែល​អ្នក​ដទៃ​បាន​រក​ឃើញ​សេចក្ដី​ពិត​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អែលឌើរ ម៉ាទីអាស ហ៊ែលដ៍ បាន​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​លោក​កាល​នៅជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ ( សូម​មើល « Seeking Knowledge by the Spirit » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣១–៣៣ ) ។ អែលឌើរ ដាវីឌ អែហ្វ អ៊ីវីនស៍ បាន​រៀបរាប់​អំពី​បទពិសោធន៍​របស់​លោក ក្នុងនាមជា​អ្នក​ដែល​បាន​ធំ​ឡើង​នៅ​ក្នុង​សាសនាចក្រ ប៉ុន្តែ​នៅ​តែ​មាន​សំណួរ ( សូម​មើល « The Truth of All Things » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៨–៧០ ) ។ សូម​ពិចារណា​អាន​សារលិខិត​មួយ ឬ​ទាំង​ពីរ​នេះ ហើយ​សរសេរ​អ្វី​ដែល​បងប្អូន​រៀន​មកពី​ការស្វែងរក​សេចក្ដីពិត​របស់​ពួកលោក ដែល​ជួយ​បងប្អូន​ជាមួយ​នឹង​ការស្វែងរក​សេចក្ដីពិត​របស់​បងប្អូន​ផ្ទាល់ ។

បងប្អូន​ក៏​អាច​ស្វែងយល់​អំពី​អ្វី​ដែល​ព្រះ​បាន​បង្រៀន​អំពី​សេចក្ដី​ពិត ដោយ​ការអាន​វគ្គ​បទគម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ផងដែរ « ពិត, សេចក្ដី​ពិត » ( បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​បទគម្ពីរ​ណាខ្លះ​ដែល​មើល​ទៅ​ដូចជា​គួរឲ្យ​ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​បងប្អូន ? ប្រហែល​ជា​បងប្អូន​អាច​ជ្រើស​រើស​បទគម្ពីរ​មួយ​ដើម្បី​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ទៀត ដែល​កំពុង​ស្វែងរក​សេចក្ដី​ពិត​តាមរយៈ​ព្រះវិញ្ញាណ​ផង​ដែរ ។

សូមមើល​ផងដែរ ហែនរី ប៊ី អាវរិង « The Faith to Ask and then to Act » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៧៤–៧៦; « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ ទំនុក​តម្កើង ទំព័រ ៨២; Gospel Topics « Seek Truth and Avoid Deception » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ ការប្រែចិត្ត​ជឿ​ទៅលើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យថា ការដឹង​អំពី​ដំណឹងល្អ​ផង និង​ការរស់នៅ​តាម​ដំណឹងល្អ​ផង ។ បងប្អូន​ទំនង​ជា​នឹង​ធ្វើ​សកម្មភាព​ទៅលើ​អ្វី​ដែល​បងប្អូន​រៀន ប្រសិន​បើ​បងប្អូន​សរសេរ​វា​ទុក ។ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន សូម​អញ្ជើញ​មនុស្ស​ដែល​បងប្អូន​បង្រៀន​ឲ្យ​កត់​ត្រា​នូវ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា​របស់​ពួកគេ ។

មរ៉ូណៃ ១០:៨–២៥

ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ។

មាន​វិធី​ជាច្រើន​យ៉ាង​ដែល​មនុស្ស​ម្នាក់​អាច​នឹង « បដិសេធ​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ … » ( មរ៉ូណៃ ១០:៨ ) ។ មនុស្ស​ខ្លះ​បដិសេធ​ថា​អំណោយ​ទាន​ទាំងនេះ​ពុំ​មាន​ទេ ។ ហើយ​មាន​អ្នកខ្លះ​ទៀត​បដិសេធ​អំណោយ​ទាន​របស់​ពួកគេ​ដោយ​ការមិន​ខ្វល់ ឬ​ពុំ​អភិវឌ្ឍ​អំណោយទាន​ទាំងនោះ ។ នៅពេល​បងប្អូន​អាន មរ៉ូណៃ ១០:៨–២៥ សូម​ស្វែងរក​មើល​សេចក្ដីពិត​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​រកឃើញ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​បងប្អូន ហើយ​ប្រើ​វា​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។ សំណួរ​ដូច​នេះ​អាច​ជួយ​បាន ៖ តើ​អំណោយ​ទាន​ខាង​វិញ្ញាណ​មាន​អ្វី​ខ្លះ ? តើ​អំណោយ​ទាន​នេះ​ត្រូវ​បាន​ឲ្យ​ទៅ​នរណា ? តើ​ហេតុអ្វី​យើង​ទទួល​បាន​អំណោយទាន​នេះ ? តើ​យើង​ទទួល​បាន​អំណោយទាន​ទាំងនេះ​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​គិត​ពី​គំរូ​របស់​មនុស្ស​ដែល​ប្រើ​អំណោយ​ទាន​ដែល​បាន​រាយ​នៅក្នុង មរ៉ូណៃ ១០:៩–១៦ នេះ​បាន​ដែរឬ​ទេ ?

មរ៉ូណៃ ១០:៣០–៣៣

ខ្ញុំ​អាច​បាន​ល្អ​ឥតខ្ចោះ​បាន​តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដំបូន្មាន​របស់​មរ៉ូណៃ​ឲ្យ « ចូរ​មករក​ព្រះគ្រីស្ទ » មាន​ន័យ​លើសពី​ការរៀនសូត្រ និង​ការគិត​អំពី​ទ្រង់​ទៅទៀត ។ ប៉ុន្តែ នេះ​គឺជា​ការអញ្ជើញ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​នៅក្នុង​ន័យ​ដ៏​ពេញលេញ​ទាំង​ស្រុង—ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ នៅពេល​បងប្អូន​អាន មរ៉ូណៃ ១០:៣០–៣៣ សូម​កត់​ចំណាំ​ឃ្លា​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​មក​រក​ព្រះគ្រីស្ទ របៀប​ដែល​វា​អាច​ធ្វើ​ទៅបាន និង​លទ្ធផល​ក្នុង​ការធ្វើ​ដូច្នេះ ។

សូម​ក្រឡេក​មើល​ការ​សិក្សា​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ហើយ​សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​មាន​អារម្មណ៍ និង​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ តើ​ព្រះ​គម្ពីរ​មរមន​បាន​ជួយ​បងប្អូន​ឲ្យ​មក​រក​ទ្រង់​ដោយ​របៀបណា ? តើ​ព្រះគម្ពីរ​មរមន​បាន​ជួយ​បងប្អូន​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​គុណ​របស់​ទ្រង់​ទាំង​ស្រុង​ដោយ​របៀបណា ? តើ​ព្រះគម្ពីរ​មរមន​បាន​ជួយ​បងប្អូន « ​កុំ​ឲ្យ​បដិសេធ » ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? សូម​ពិចារណា​ចែកចាយ​នូវ​សាក្សី​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​នរណា​ម្នាក់​ដែល​ត្រូវការ​ស្តាប់​វា ដោយ​រួម​ទាំង​មនុស្ស​ជា​ទី​ស្រឡាញ់ និង​មិត្តភក្តិ​ដែល​ប្រហែល​ជា​មិន​បាន​ដឹង​ពី​សារលិខិត​នៃ​ព្រះគម្ពីរ​មរមន​ផងដែរ ។

សូម​មើល​ផងដែរ « Moroni Invites All to Come unto Christ » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

មរ៉ូណៃ ១០:៣–៤

ខ្ញុំ​អាច​ដឹង​ដោយ​ខ្លួនឯងថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ទទួល​ការអញ្ជើញ​របស់​មរ៉ូណៃ​ដើម្បី​ទូល​សួរ​ព្រះ​ថា តើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​អត់​ដោយ​របៀប​ណា ? សូម​ពិចារណា​ផ្តល់​ក្រដាស​ដល់​ពួកគេ​ដោយ​មាន​ពាក្យ អាន, នឹកឃើញ, រំពឹង​ពិត និង សួរ នៅលើ​ក្រដាស​ទាំង​នោះ ។ កូនៗ​របស់​បងប្អូន​អាច​រកឃើញ​ពាក្យ​ទាំងនេះ​នៅក្នុង មរ៉ូណៃ ១០:៣–៤ ។ តើ​យើង​គួរ​អាន នឹកឃើញ រំពឹង​គិត និង​សួរ​អំពី​អ្វីខ្លះ ដើម្បី​ទទួល​បាន ឬ​ពង្រឹង​នូវ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគម្ពីរ​មរមន ? កូនៗ​របស់​បងប្អូន​ក៏អាច​រក​មើល​ភាព​ស្រដៀង​គ្នា​រវាង​ខគម្ពីរ​ទាំង​នេះ និង​បទចម្រៀង « ស្វែងរក គិត អធិស្ឋាន » បាន​ផងដែរ ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។

  • កូនៗ​របស់​បងប្អូន​អាច​ប្រើ​រូបភាព​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​មេរៀន​នេះ ដើម្បី​និយាយ​អំពី​មរ៉ូណៃ​ដែល​បាន​កប់​ផ្ទាំង​មាស ( សូម​មើល​ផង​ដែរ « ជំពូក​ទី ៥៤ ៖ ការសន្យា​នៃ​ព្រះគម្ពីរ​មរមន » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៥៦ ) ។ កុមារ​តូចៗ​អាច​រីករាយ​នឹង​ការសម្តែង​ធ្វើ​ជា​មរ៉ូណៃ​ដែល​កំពុង​សរសេរ​នៅលើ​ផ្ទាំង​ចំណារ ហើយ​កប់​ផ្ទាំង​ទាំងនោះ ។ សូម​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​សក្ខីភាព​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន ។

មរ៉ូណៃ ១០:៨–១៩

ព្រះវរបិតា​សួគ៌​ប្រទាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ បងប្អូន​អាច​សរសេរ​លេខ ៩ ដល់ ១៦ នៅ​លើ​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ខ្ចប់​ក្រដាស​នីមួយៗ​ឲ្យ​ដូច​ជា​អំណោយ​មួយ ។ កូនៗ​របស់​បងប្អូន​អាច​ប្តូរវេន​គ្នា​បើក​អំណោយ​ទាំងនោះ ហើយ​អាន​ខគម្ពីរ​មកពី មរ៉ូណៃ ១០:៩–១៦ ដែល​ត្រូវ​គ្នា​ទៅនឹង​លេខ​នោះ ហើយ​កំណត់​ពី​អំណោយ​ទាន​ខាង​វិញ្ញាណ​នីមួយៗ ។ បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ព្រះ​វរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រើ​អំណោយ​ទាន​ទាំង​នេះ ដើម្បី​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ បងប្អូន​ក៏​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​កត់​ចំណាំ​នូវ​អំណោយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ពួកគេ​ផង​ដែរ ។

មរ៉ូណៃ ១០:៣២–៣៣

ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មក​រក​ទ្រង់ ។

  • តើ​កូនៗ​របស់​បងប្អូន​ដឹង​ពី​អត្ថន័យ​នៃ​ការមក​រក​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? ប្រហែលជា​បងប្អូន​អាច​អាន មរ៉ូណៃ ១០:៣២ ហើយ​អញ្ជើញ​ពួកគេ​ឲ្យថា​ឃ្លា​នេះ​ឡើងវិញ​ជាមួយ​បងប្អូន ។ បន្ទាប់មក ពួកគេ​អាច​បិទ​ភ្នែក​អំឡុងពេល​បងប្អូន​ដាក់​រូបភាព​ព្រះយេស៊ូវ​នៅ​កន្លែង​ណា​មួយ​នៅក្នុង​បន្ទប់ ។ បន្ទាប់​មក សូម​អនុញ្ញាត​ឲ្យ​ពួកគេ​បើក​ភ្នែក ដើរ​រក​រូបភាព​នោះ ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​រូបភាព​នោះ ហើយ​និយាយ​អំពី​របៀប​ដែល​យើង​អាច​មក​រក​ព្រះ​គ្រីស្ទ ។ ប្រហែល​ជា​វា​នឹង​ជួយ​ដោយ​សរសេរ​សំណួរ​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​មក​រក​ព្រះ​គ្រីស្ទ ? សូម​ជួយ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ក្នុង មរ៉ូណៃ ១០:៣២–៣៣ ដើម្បី​ស្វែងរក​ចម្លើយ​ដែល​អាច​មាន ( សូម​មើល​ផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣–៤ ) ។ សូម​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​បញ្ជី​អំពី​អ្វី​ដែល​ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ និង​អ្វី​ដែល​ទ្រង់​សន្យា​ថា​នឹង​ធ្វើ​សម្រាប់​យើង ។

  • ប្រហែលជា​កូនៗ​របស់​បងប្អូន​រីករាយ​នឹង​ធ្វើ និង​តុបតែង​ស្លាក​ឈ្មោះ​រាង​បេះដូង​ដែល​សរសេរ​ឃ្លា​ថា « ខ្ញុំ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​ខ្ញុំ » ( សូមមើល មរ៉ូណៃ ១០:៣២ ) ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​យើង​បង្ហាញ​ព្រះ​ថា យើង​ស្រឡាញ់​ទ្រង់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
មរ៉ូណៃ​កំពុង​កប់​ផ្ទាំង​ចំណារ​មាស

ពីមុនពេល​កប់​បញ្ជី​នេះ មរ៉ូណៃ​បាន​អញ្ជើញ​យើង​ឲ្យ « នឹក​ឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ណា » ( មរ៉ូណៃ ១០:៣ ) ។