« ថ្ងៃទី ៩–១៥ ខែ ធ្នូ ៖ ‹ សូមឲ្យព្រះគ្រីស្ទលើកកូនឡើង › ។ មរ៉ូណៃ ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ៩–១៥ ខែ ធ្នូ ។ មរ៉ូណៃ ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ៩–១៥ ខែ ធ្នូ ៖ « សូមឲ្យព្រះគ្រីស្ទលើកកូនឡើង »
មរ៉ូណៃ ៧–៩
ពីមុនមរ៉ូណៃបានបញ្ចប់កំណត់ត្រាដែលយើងស្គាល់សព្វថ្ងៃនេះ ថាជាព្រះគម្ពីរមរមនដោយពាក្យសម្ដីចុងក្រោយផ្ទាល់របស់លោក លោកបានចែកចាយសារលិខិតចំនួនបីមកពីឪពុករបស់លោក មរមន ៖ ការថ្លែងទៅកាន់ « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ដ » ( មរ៉ូណៃ ៧:៣ ) និងសំបុត្រពីរច្បាប់ដែលបានសរសេរទៅកាន់មរ៉ូណៃ ។ ប្រហែលជាមរ៉ូណៃបានដាក់បញ្ចូលសារលិខិតទាំងនេះនៅក្នុងព្រះគម្ពីរមរមន ដោយសារតែលោកបានមើលឃើញជាមុននូវភាពស្រដៀងគ្នារវាងគ្រាលំបាកៗនៃជំនាន់របស់លោក និងជំនាន់របស់យើង ។ នៅពេលពាក្យទាំងនេះត្រូវបានសរសេរ ប្រជាជននីហ្វៃកំពុងងាកចេញពីព្រះអង្គសង្រ្គោះ ។ ពួកគេជាច្រើន « អត់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក » ហើយពេញចិត្តនៅក្នុង « អ្វីៗសព្វយ៉ាង លើកលែងតែអំពើល្អប៉ុណ្ណោះ » ( មរ៉ូណៃ ៩:៥, ១៩ ) ។ ហើយមិនតែប៉ុណ្ណោះ មរមននៅតែរកឃើញបុព្វហេតុនៃសេចក្តីសង្ឃឹម ដោយបង្រៀនយើងថា សេចក្តីសង្ឃឹមមិនមានន័យថាមិនខ្វល់ខ្វាយ ឬឆោតល្ងង់អំពីបញ្ហារបស់ពិភពលោកនោះទេ ។ សេចក្តីសង្ឃឹមមានន័យថា ការមានសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលព្រះចេស្តារបស់ទ្រង់គឺអស្ចារ្យ និងអស់កល្បអស់កាលជាងបញ្ហាទាំងនេះទៅទៀត ។ វាមានន័យថា « [ ការ ] ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( មរ៉ូណៃ ៧:១៩ ) ។ វាមានន័យថា ការទុកដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ « និងសេចក្ដីសង្ឃឹមចំពោះសិរីល្អរបស់ទ្រង់ និងចំពោះជីវិតដ៏នៅអស់កល្បជានិច្ចស្ថិតនៅក្នុងគំនិតរបស់កូនជារៀងរហូតតទៅ » ( មរ៉ូណៃ ៩:២៥ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ពន្លឺនៃព្រះគ្រីស្ទជួយខ្ញុំឲ្យដឹងពីសេចក្ដីពិតពីកំហុសឆ្គង ។
មនុស្សជាច្រើនឆ្ងល់ថា « តើយើងអាចដឹងយ៉ាងដូចម្ដេចថាតើចំណាប់អារម្មណ៍នេះមកពីព្រះ ឬមកពីគំនិតផ្ទាល់ខ្លួនរបស់យើងនោះ ? » ឬក៏ « ដោយមានការបោកបញ្ឆោតច្រើននៅសព្វថ្ងៃនេះ តើយើងអាចដឹងថាតើអ្វីត្រូវ ឬខុសដោយរបៀបណា ? » ពាក្យសម្ដីរបស់មរមននៅក្នុង មរ៉ូណៃ ៧ ផ្ដល់ដល់យើងនូវគោលការណ៍ជាច្រើនដែលយើងអាចប្រើបាន ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងនេះ ។ សូមរកមើលគោលការណ៍ទាំងនេះជាពិសេសនៅក្នុង ខទី ១២–២០ ។ បងប្អូនប្រហែលជាអាចប្រើសេចក្តីពិតទាំងនេះ ដើម្បីជួយបងប្អូនឲ្យវាយតម្លៃសារលិខិតដែលបងប្អូនជួប និងបទពិសោធន៍ដែលបងប្អូនមាននៅក្នុងសប្តាហ៍នេះ ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពន្លឺ, ពន្លឺនៃព្រះគ្រីស្ទ » នៅលើបណ្ណាល័យដំណឹងល្អ; « Patterns of Light: Discerning Light » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាច « ក្ដាប់ជាប់នូវគ្រប់អ្វីៗដែលល្អ » បាន ។
មរមនបានសួរសំណួរមួយដែលហាក់ដូចជាសំខាន់ជាពិសេសនៅសព្វថ្ងៃនេះ ៖ « ធ្វើម្ដេចឲ្យអ្នករាល់គ្នាមានលទ្ធភាព ហើយក្ដាប់ [ ឲ្យ ] ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អបាន ? » ។ ( មរ៉ូណៃ ៧:២០ ) ។ បន្ទាប់មក ទ្រង់បានបង្រៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ។ នៅពេលបងប្អូនអាន ខទី ២០–៤៨ សូមស្វែងរករបៀបដែលគុណលក្ខណៈនីមួយៗជួយបងប្អូនឲ្យរកឃើញ និង « ក្ដាប់ជាប់ » នូវសេចក្តីល្អដែលបានមកពីព្រះយេស៊ូវគ្រីស្ទ ។ តើហេតុអ្វីគុណលក្ខណៈទាំងនេះចាំបាច់សម្រាប់សិស្សរបស់ព្រះយរស៊ូវគ្រីស្ទ ?
សូមមើលផងដែរ « Mormon’s Teachings about Faith, Hope, and Charity » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
រូបភាពរូបតំណាងថ្នាក់សិក្ខាសាលា « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។
មរមនបានសង្កេតឃើញថា សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទនាំយើងឲ្យមានសេចក្ដីសប្បុរស ។ ប៉ុន្ដែតើអ្វីទៅជាសេចក្ដីសប្បុរស ? បងប្អូនអាចសរសេរ សេចក្ដីសប្បុរសគឺ … បន្ទាប់មក សូមអាន មរ៉ូណៃ ៧:៤៤–៤៨ ដោយរកមើលពាក្យ ឬឃ្លាដែលអាចបំពេញប្រយោគនេះបាន ។ នៅពេលបងប្អូនបញ្ចប់ សូមពិចារណាជំនួសពាក្យ សេចក្ដីសប្បុរស ដោយព្រះនាម ព្រះយេស៊ូវគ្រីស្ទ ។ តើការណ៍នេះបង្រៀនអ្វីដល់បងប្អូនអំពីព្រះអង្គសង្គ្រោះ ? តើព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់ដោយរបៀបណា ? សូមគិតអំពីគំរូទាំងឡាយមកពីព្រះគម្ពីរ និងមកពីជីវិតរបស់បងប្អូនផ្ទាល់ ។
ប្រធាន ដាល្លិន អេក អូក បានសង្កេតឃើញថា ៖ « មូលហេតុដែលសេចក្ដីសប្បុរសមិនផុតរលត់ ហើយមូលហេតុដែលសេចក្ដីសប្បុរសមានទំហំមហិមាជាងការប្រព្រឹត្តល្អយ៉ាងខ្លាំងនោះ … គឺថាសេចក្ដីសប្បុរសគឺជា ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › [ មរ៉ូណៃ ៧:៤៧ ] គឺវាពុំមែនជាទង្វើមួយទេ ប៉ុន្តែវាជាស្ថានភាព ឬសភាពមួយទៅវិញ ។ … សេចក្ដីសប្បុរសគឺជាអ្វីមួយដែលមនុស្សម្នាក់អាចប្រែក្លាយទៅជា » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ ) ។ ដោយមានសេចក្តីថ្លែងការណ៍នេះក្នុងចិត្ត បងប្អូនអាចអានសារលិខិតមកពីអែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ « Pure Love: The True Sign of Every True Disciple of Jesus Christ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨១–៨៣ ) ។ តើសេចក្ដីសប្បុរសប៉ះពាល់ដល់ភាពជាសិស្សរបស់បងប្អូនយ៉ាងដូចម្ដេច ? តើបងប្អូនអាច « តោងជាប់សេចក្ដីសប្បុរស » ដោយរបៀបណា ? ( ខទី ៤៦ ) ។
សូមមើលផងដែរ កូរិនថូស ទី១ ១៣:១–១៣; អេធើរ ១២:៣៣–៣៤; « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ទំនុកតម្កើង ល.រ. ១៩៥; « Charity: An Example of the Believers » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ; Gospel Topics « Charity » នៅលើបណ្ណាល័យដំណឹងល្អ ។
សូមបង្រៀនមេរៀនដោយប្រើវត្ថុ ។ ប្រហែលជាការគិតអំពីកៅអីជើងបីអាចជួយបងប្អូនឲ្យយល់ថែមទៀត អំពីទំនាក់ទំនងរវាងសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស ( សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ) ។
កំហឹងនាំឲ្យមានទុក្ខសោក និងទុក្ខវេទនា ។
ផ្ទុយពីសារលិខិតនៃសេចក្ដីស្រឡាញ់របស់មរមននៅក្នុង មរ៉ូណៃ ៧:៤៤–៤៨ សំបុត្រទីពីររបស់មរមនទៅកាន់មរ៉ូណៃបានដាក់បញ្ចូលនូវការព្រមានប្រឆាំងនឹងអ្វីដែលមនុស្សជាច្រើនមានបញ្ហាជាមួយនៅសព្វថ្ងៃនេះ—គឺកំហឹង ។ យោងទៅតាម មរ៉ូណៃ ៩:៣–៥ តើកំហឹងរបស់ពួកសាសន៍នីហ្វៃមានផលវិបាកអ្វីខ្លះ ? តើការព្រមានអ្វីខ្លះដែលយើងអាចយកចេញពី ខទី ៣–៥, ១៨–២០, ២៣ ?
សូមមើលផងដែរ ហ្គរដុន ប៊ី ហ៊ិងគ្លី « Slow to Anger » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦២–៦៦ ។
ខ្ញុំអាចមានសេចក្តីសង្ឃឹមទៅលើព្រះគ្រីស្ទបាន មិនថាខ្ញុំស្ថិតក្នុងស្ថានភាពបែបណានោះទេ ។
បន្ទាប់ពីការពិពណ៌នាអំពីអំពើទុច្ចរិតដែលលោកបានមើលឃើញ មរមនបានប្រាប់ដល់កូនប្រុសរបស់លោកកុំឲ្យសោកសៅឡើយ ។ តើអ្វីខ្លះធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីសារលិខិតរបស់មរមនអំពីសេចក្ដីសង្ឃឹម ? តើព្រះគ្រីស្ទ « លើក [ បងប្អូន ] ឡើង » មានន័យយ៉ាងណាចំពោះបងប្អូន ? តើគុណលក្ខណៈរបស់ព្រះគ្រីស្ទ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ទ្រង់អ្វីខ្លះដែល « ស្ថិតនៅក្នុងគំនិត » របស់បងប្អូន ហើយផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូន ? ( មរ៉ូណៃ ៩:២៥ ) ។
សូមមើលផងដែរ រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្ដី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ប្រសិនបើខ្ញុំមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចធ្វើអ្វីទាំងអស់ដែលទ្រង់តម្រូវឲ្យខ្ញុំធ្វើបាន ។
-
សូមពិចារណាមើលរូបភាពមួយចំនួនជាមួយគ្នា ដែលបង្ហាញនរណាម្នាក់ពីព្រះគម្ពីរដែលសម្រេចបានអ្វីមួយដែលសំខាន់ ( សូមមើលឧទាហរណ៍ សៀវភៅរូបភាពដំណឹងល្អ ល.រ. ១៩ ៧០ ៧៨ ៨១ ) ។ តើការមានសេចក្តីជំនឿលើព្រះគ្រីស្ទបានធ្វើឲ្យមានភាពខុសគ្នានៅក្នុងគំរូទាំងនេះដោយរបៀបណា ? បងប្អូន និងកូនៗរបស់បងប្អូនអាចអាន មរ៉ូណៃ ៧:៣៣ ដោយស្វែងរកអ្វីដែលយើងអាចធ្វើបាន នៅពេលយើងមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនក៏អាចចែកចាយបទពិសោធន៍ជាមួយគ្នាផងដែរ នៅពេលព្រះប្រទានពរដល់បងប្អូនឲ្យមានអំណាចដើម្បីធ្វើតាមព្រះទ័យរបស់ទ្រង់ ។
សេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទអាចផ្តល់សេចក្តីសង្ឃឹមដល់ខ្ញុំ ។
-
នៅពេលបងប្អូនអាន មរ៉ូណៃ ៧:៤១ ឲ្យកូនៗរបស់បងប្អូនស្ដាប់ ប្រហែលជាពួកគេអាចលើកដៃឡើង នៅពេលពួកគេស្តាប់ឮអ្វីដែលមរមនបាននិយាយថា យើងគួរតែមានសេចក្តីសង្ឃឹមលើវា ។ សូមប្រាប់ពួកគេអំពីសេចក្តីសង្ឃឹមដែលបងប្អូនមានដោយសារតែព្រះយេស៊ូវគ្រីស្ទ ។
-
បងប្អូន និងកូនៗរបស់បងប្អូនក៏អាចគិតអំពីនរណាម្នាក់ ដែលអាចមានការលំបាកជាមួយនឹងអ្វីមួយផងដែរ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចគូររូបភាពមួយសម្រាប់បុគ្គលនោះ ដែលអាចរំឭកគាត់អំពីការមានសេចក្តីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំអាចមានសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទបាន ទោះបីនៅក្នុងការសាកល្បងលំបាកៗក្ដី ។
-
ដើម្បីបង្រៀនកូនៗរបស់បងប្អូនអំពីសេចក្ដីសង្ឃឹមនៅលើព្រះយេស៊ូវគ្រីស្ទ បងប្អូនដាក់ទឹកឲ្យពេញកែវថ្លាមួយ ហើយទម្លាក់វត្ថុពីរទៅក្នុងកែវនោះ—វត្ថុមួយទៀតអណ្តែតលើទឹក វត្ថុមួយលិចទៅក្នុងទឹក ។ នៅពេលបងប្អូនអានជាមួយគ្នាក្នុង មរ៉ូណៃ ៧:៤០–៤១ និង ៩:២៥–២៦ កូនៗរបស់បងប្អូនអាចស្វែងរកអ្វីដែលសេចក្តីសង្ឃឹមអាចជួយដល់យើងបាន ។ បន្ទាប់មក ពួកគេអាចប្រៀបធៀបវត្ថុដែលអណ្តែតលើទឹកទៅនឹងមនុស្សម្នាក់ដែលមានសេចក្តីសង្ឃឹមលើព្រះគ្រីស្ទ ។ តើព្រះគ្រីស្ទ « លើក [ យើង ] ឡើង » នៅពេលយើងប្រឈមមុខទៅនឹងការសាកល្បងលំបាកៗដោយរបៀបណា ? សូមជួយកូនៗរបស់បងប្អូនឲ្យគិតអំពីរបៀបនានាដែលពួកគេអាចរក្សាព្រះអង្គសង្គ្រោះ និងការបង្រៀនដ៏លើកទឹកចិត្តរបស់ទ្រង់ឲ្យ « ស្ថិតនៅក្នុងគំនិត [ របស់ពួកគេ ] ជារៀងរហូតតទៅ » បាន ។
« សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។
-
បទចម្រៀងអំពីសេចក្តីស្រឡាញ់ដូចជាបទ « ចូរអ្នកស្រឡាញ់គ្នា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៤ ) អាចចាប់ផ្ដើមការពិភាក្សាមួយអំពីនិយមន័យនៃសេចក្តីសប្បុរសបាន ។ បងប្អូនអាចអាន ឬសង្ខេប មរ៉ូណៃ ៧:៤៧ ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យគូររូបភាពខ្លួនឯងដែលបង្ហាញសេចក្ដីស្រឡាញ់ដល់នរណាម្នាក់ ។ សូមផ្តល់យោបល់ឲ្យពួកគេដាក់រូបភាពនោះនៅកន្លែងដែលវានឹងរំឭកពួកគេឲ្យស្រឡាញ់មនុស្សដទៃ ដូចព្រះយេស៊ូវស្រឡាញ់ដែរ ។
-
តើបងប្អូនអាចបំផុសគំនិតកូនៗរបស់បងប្អូនឲ្យស្វែងរក និងអភិវឌ្ឍសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេបានដោយរបៀបណា ? ប្រហែលបងប្អូនអាចពួកគេឲ្យគិតអំពីរបៀបនានាដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្តីសប្បុរស ( សូមមើលឧទាហរណ៍ លូកា ២៣:៣៤; យ៉ូហាន ៨:១–១១; អេធើរ ១២:៣៣–៣៤ ) ។ តើយើងអាចធ្វើតាមគំរូរបស់ទ្រង់បានដោយរបៀបណា ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំខែនេះ ។
រូបភាពបញ្ឈរព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ ដោយ ហែនរិច ហូហ្វម៉ាន់