ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ៨–១៤ ខែ មេសា ៖ « ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​ពួកយើង » ។ យ៉ាកុប ៥–៧


« ថ្ងៃទី ៨–១៤ ខែ មេសា ៖ ‹ ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​ពួកយើង › ។ យ៉ាកុប ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ៨–១៤ ខែ មេសា ៖ យ៉ាកុប ៥–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
មនុស្ស​កំពុង​ធ្វើការ​នៅ​ព្រៃ​នៃ​ដើម​អូលីវ

Allegory of the Olive Tree [ រឿង​ប្រៀប​ធៀប​អំពី​ដើម​អូលីវ ] ដោយ ប្រាត ធៀរ

ថ្ងៃទី ៨–១៤ ខែ មេសា ៖ « ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​ពួកយើង »

យ៉ាកុប ៥–៧

មាន​មនុស្ស​ជាច្រើន​ដែល​ពុំ​ទាន់​បាន​ឮ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បើសិនជា​បងប្អូន​មាន​អារម្មណ៍​លើសលប់​ពី​ភាព​ធំធេង​នៃ​កិច្ចការ​នៃ​ការប្រមូលផ្ដុំ​ពួកគេ​មក​ក្នុង​សាសនាចក្រ​នៃ​ព្រះអម្ចាស់ នោះ​អ្វី​ដែល​យ៉ាកុប​និយាយ​អំពី​ដើម​អូលីវ​នៅក្នុង យ៉ាកុប ៥ មាន​ការរំឭក​បញ្ជាក់​មួយ​ថា ៖ ចម្ការ​ទំពាំង​បាយជូរ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រទាន​ដល់​ពួក​យើង​ម្នាក់ៗ​នូវ​តំបន់​តូច​មួយ​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់—ជាគ្រួសារ​យើង រង្វង់​មិត្តភក្ដិ​របស់​យើង ដែន​មាន​ឥទ្ធិពល​របស់​យើង ។ ហើយ​ពេល​ខ្លះ​បុគ្គល​ដំបូង​គេ​ដែល​យើង​ជួយ​ប្រមូល​ផ្ដុំ គឺ​ជា​ខ្លួន​យើង​ផ្ទាល់ ។ ប៉ុន្តែ​យើង​ពុំ​ធ្វើ​តែ​ឯង​នៅ​ក្នុង​កិច្ចការ​នេះ​ទេ ដ្បិត​ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​ក៏​ធ្វើការ​ជាមួយ​នឹង​ពួក​អ្នកបម្រើ​របស់​ទ្រង់​ដែរ ( សូមមើល យ៉ាកុប ៥:៧២ ) ។ ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ពួកគេ​ម្នាក់ៗ​ឲ្យ​ស្ដាប់​ឮ​ដំណឹងល្អ​របស់​ទ្រង់ សូម្បីតែ​មនុស្ស​ដែល​ធ្លាប់​បដិសេធ​ទ្រង់​កាល​ពី​អតីតកាល​ក្ដី ( សូមមើល យ៉ាកុប ៤:១៥–១៨ ) ។ បន្ទាប់មក នៅពេល​កិច្ចការ​ធ្វើបាន​ចប់​សព្វគ្រប់​ហើយ នោះ​មនុស្ស​ទាំងអស់​ដែល​បាន « ធ្វើការ​យ៉ាង​ព្យាយាម​ជាមួយ​នឹង [ ទ្រង់ ] …នឹង​មាន​អំណរ​ជាមួយ​នឹង [ ទ្រង់ ] ដោយសារ​តែ​ផ្លែឈើ​នៃ​ចម្ការ​របស់ [ ទ្រង់ ] » ( យ៉ាកុប ៥:៧៥ ) ។

សូមមើល​ផងដែរ « Jacob Teaches about the Gathering of Israel » ( វីដេអូ ) បណ្ណាល័យ​ដំណឹង​ល្អ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

យ៉ាកុប ៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ម្ចាស់​ចម្ការ ។

យ៉ាកុប ៥ គឺជា​ដំណើររឿង​ដែល​មាន​អត្ថន័យ​ជា​និមិត្តរូប ។ ដំណើររឿង​នេះ​ពិពណ៌នា​អំពី​ដើម និង​ផ្លែ និង​អ្នក​ធ្វើ​ចម្ការ ប៉ុន្តែ​អត្ថន័យ​ពិត​គឺ​អំពី​អន្តរកម្ម​របស់​ព្រះ​ជាមួយ​ប្រជារាស្រ្ត​របស់​ទ្រង់​នៅក្នុង​ប្រវត្តិ​សាស្រ្ត​ទេ ។ ដូច្នេះ ពេល​បងប្អូន​អាន​ដំណើររឿង​គោលៗ​នេះ សូម​គិត​អំពី​កិច្ចការ​មួយ​ចំនួន​នៅក្នុង​ដំណើររឿង​ដែល​អាច​ធ្វើជា​និមិត្តរូប​ឲ្យ ។

ឧទាហរណ៍ ប្រសិនបើ​ចម្ការ​តំណាង​ឲ្យ​ពិភពលោក​នេះ ហើយ​ដើម​អូលីវ​ស្រុក​តំណាង​ឲ្យ​អ៊ីស្រាអែល ( ឬ​អស់​អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ; សូម​មើល យ៉ាកុប ៥:៣ ) តើ​ដើម​អូលីវ​ព្រៃ​តំណាង​ឲ្យ​អ្វី ? តើ​ដើម​ល្អ និង​ផ្លែ​មិន​ល្អ​តំណាង​ឲ្យ​អ្វី ? តើ​បងប្អូន​មើល​ឃើញ​មាន​និមិត្តរូប​អ្វី​ខ្លះ​ទៀត ?

ទោះបីជា យ៉ាកុប ៥ បង្រៀន​អំពី​ប្រជាជាតិ និង​សតវត្សរ៍​នៅក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​ក្ដី វា​ក៏​បង្រៀន​អំពី​បងប្អូន និង​ជីវិត​របស់​បងប្អូន​ផងដែរ ។ តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​រក​ឃើញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង យ៉ាកុប ៥ ?

ប្រហែល​អ្វី​ដែល​សំខាន់​បំផុត យ៉ាកុប ៥ បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​រកមើល​ទ្រង់​នៅពេល​ដែល​បងប្អូន​អាន ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ទ្រង់ ឧទាហរណ៍​នៅក្នុង ខទី ៤០–៤១, ៤៦–៤៧ ?

ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម​អំពី យ៉ាកុប ៥ សូមមើល​ដ្យាក្រាម​នៅចុង​បញ្ចប់​នៃគម្រោង​មេរៀន​នេះ ។

យ៉ាកុប ៥:៦១–៧៥

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជាមួយ​ទ្រង់​នៅក្នុង​ចម្ការ​របស់​ទ្រង់ ។

« ពួក​អ្នក​បម្រើ​ផ្សេងៗ​ទៀត » ( យ៉ាកុប ៥:៧០ ) ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ រួមមាន​មនុស្ស​ដូចជា​បងប្អូន​ផងដែរ ។ តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង យ៉ាកុប ៥ ជា​ពិសេស ខទី ៦១–៦២ និង ៧០–៧៥ អំពី​ការធ្វើការ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ទ្រង់​តាមរយៈ​ការជួយ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ?

នៅពេល​បងប្អូន​អាន​អំពី « លើក​ចុង​ក្រោយ​បង្អស់ » ដែល​ព្រះអម្ចាស់​ធ្វើការ​នៅក្នុង​ចម្ការ​របស់​ទ្រង់ តើ​អ្វី​ទៅ​ដែល​បំផុសគំនិត​របស់​បងប្អូន​ឲ្យ​បម្រើ​ព្រះអម្ចាស់ « ធ្វើ​ការ​ដោយ​សមត្ថ​ភាព​របស់​បងប្អូន » ? ( យ៉ាកុប ៥:៧១ ) ។ ប្រហែល​ជា​បងប្អូន​អាច​គិត​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​បងប្អូន​មាន​អារម្មណ៍​ថា​មាន​អំណរ​ខណៈពេល​បម្រើ​ដល់​ព្រះអម្ចាស់​នៃ​ចម្ការ—ឧទាហរណ៍ តាមរយៈ​ការ​ចែកចាយ​ដំណឹងល្អ ការ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ការ​ពង្រឹង​អ្នក​ដទៃ ។ បងប្អូន​ក៏​អាច​ស្វែងយល់​ពី​ឧ​ទាហរណ៍​ដែល​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ចែកចាយ​នៅក្នុង​សារលិខិត​របស់​លោក​ផងដែរ « Simply Beautiful—Beautifully Simple »( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៤៧–៥០ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « រាល់​ពេល ដែល​បងប្អូន​ធ្វើ អ្វី​មួយ ដើម្បី​ជួយ នរណា​ម្នាក់—នៅទាំង​សងខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ វា​សាមញ្ញ​ដូច្នោះ​ឯង » ( « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពិចារណា​ចាប់ផ្តើម​បញ្ជី​គំនិត​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ចេញពី​បញ្ជី​របស់​បងប្អូន តើ​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​នឹង​ឲ្យ​បងប្អូន​ធ្វើអ្វី​នៅក្នុង​ចម្ការ​របស់​ទ្រង់​នៅ​ថ្ងៃនេះ ? យោងតាម ខទី ៧៥ តើ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​យើង​សម្រាប់​ការបម្រើ​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់​ដោយ​របៀបណា ?

សូមមើល​ផងដែរ « អ៊ីស្រាអែល​អើយ​ព្រះ​កំពុងហៅ » ទំនុក​តម្កើង ល.រ. ៧; « Old Testament Olive Vineyard » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Gathering Israel » « Inviting All to Receive the Gospel of Jesus Christ » « Participating in Temple and Family History Work » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

បង្រៀន​គោលលទ្ធិ សូម​ធ្វើឲ្យ​ប្រាកដ​ថា ការពិភាក្សា​របស់​បងប្អូន​ផ្ដោតលើ​គោលលទ្ធិ​គ្រឹះ​នៅក្នុង​ព្រះគម្ពីរ ។ បងប្អូន​អាច​ធ្វើ​វា​បាន​ដោយ​ការអាន​ព្រះគម្ពីរ​ជា​មួយគ្នា ហើយ​បន្ទាប់មក​ចែកចាយ​ដល់​គ្នា​ទៅវិញ​ទៅមក​នូវ​សេចក្ដីពិត​ដែល​បងប្អូន​រកឃើញ ព្រមទាំង​បទពិសោធន៍​ជាមួយនឹង​ការរស់នៅ​តាម​សេចក្ដីពិត​ទាំងនោះ ។

យ៉ាកុប ៦:៤–៥

ព្រះអម្ចាស់​ចងចាំ​ប្រជារាស្រ្ត​របស់​ទ្រង់​ដោយ​ក្តី​ស្រឡាញ់ និង​មេត្តាករុណា ។

អត្ថន័យ​មួយ​នៃ​ពាក្យ តោងជាប់ គឺ​ការប្រកាន់ខ្ជាប់ ឬ​ជាប់​ទៅ​នឹង​អ្វី​មួយ​យ៉ាងម៉ឺងម៉ាត់ ជិតស្និទ្ធ និង​មិន​ងាករេ ។ តើ​អត្ថន័យ​នោះ​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​យល់​ពី យ៉ាកុប ៦:៤–៥ ដោយ​របៀប​ណា ? នៅក្នុង​ដំណើររឿង​នៃ​ដើម​អូលីវ តើ​ព្រះអម្ចាស់​នៃ​ចម្ការ​បាន​ប្រទាន « ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា » របស់​ទ្រង់​ដោយ​របៀប​ណា ? ( សូមមើល ឧទាហរណ៍ យ៉ាកុប ៥:៤៧, ៥១, ៦០–៦១, ៧១–៧២ ) ។ តើ​ទ្រង់​បាន​ធ្វើ​ដូចនេះ​ចំពោះ​បងប្អូន​ដោយ​របៀប​ណា ?

យ៉ាកុប ៧:១–២៣

ខ្ញុំ​អាច​មាន​ជំហរ​រឹងមាំ នៅពេល​អ្នក​ដទៃ​ជំទាស់​នឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ​ជាមួយ សេរេម គឺ​មាន​ជាញឹកញាប់​នៅ​ពេល​សព្វថ្ងៃ​នេះ ៖ មនុស្ស​កំពុង​ព្យាយាម​បំផ្លាញ​សេចក្តី​ជំនឿ​នៅលើ​ព្រះ​គ្រីស្ទ ។ តើ​យ៉ាកុប​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច នៅ​ពេល​សេចក្ដី​ជំនឿ​របស់​លោក​ត្រូវ​បាន​គេ​វាយ​ប្រហារ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​ការ​ឆ្លើយ​តប​របស់​លោក ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​នាពេល​ឥឡូវ​នេះ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពេល​ដែល​សេចក្ដី​ជំនឿ​របស់​បងប្អូន​ត្រូវ​គេ​ជំទាស់ ?

សូមមើល​ផងដែរ ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩; « Sherem Denies Christ » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ាកុប ៥

ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់​លើ​ប្រជារាស្រ្ត​របស់​ទ្រង់ ។

  • តើ​បងប្អូន​អាច​ចែកចាយ​ពី​ដំណើររឿង​ដើម​អូលីវ តាម​របៀប​ដែល​កូនៗ​របស់​បងប្អូន​អាច​យល់​បាន​ដោយ​របៀបណា ? របៀប​មួយ​គឺ​ទៅ​ដើរ​មើល​ដើមឈើ​នៅ​ខាងក្រៅ ហើយ​រំឭក​ដំណើររឿង​សំខាន់ៗ​ដោយ​សង្ខេបៗ​ឡើងវិញ ។ តើ​ព្រះអម្ចាស់​នៃ​ចម្ការ​បាន​ធ្វើ​អ្វី​សម្រាប់​ដើមឈើ​របស់​ទ្រង់ ? តើ​យើង​អាច​ធ្វើ​ដូច​ជា​អ្នក​ធ្វើការ​ក្នុង​ដំណើររឿង​នេះ ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​បាន​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

  • យ៉ាកុប​បាន​ចែកចាយ​ដំណើររឿង​នៃ​ដើមអូលីវ ដើម្បី​អញ្ជើញ​ប្រជាជន​របស់​លោក​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ វា​ក៏​អាច​ធ្វើ​ដូច​គ្នា​សម្រាប់​កូនៗ​របស់​បងប្អូន​ផងដែរ ។ ប្រហែលជា​បងប្អូន​អាច​សង្ខេប​ដំណើររឿង​នេះ​ដោយ​ប្រើ​ខគម្ពីរ ដូចជា យ៉ាកុប ៥:៣–៤, ២៨–២៩, ៤៧ និង ៧០–៧២ ( សូមមើល​ផងដែរ « Old Testament Olive Vineyard » [ វីដេអូ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ បន្ទាប់​មក បងប្អូន ឬ​កូនៗ​របស់​បងប្អូន​អាច​អាន​ក្នុង យ៉ាកុប ៥:១១, ៤១, ៤៧ និង ៧២ ដោយ​ស្វែងរក​អ្វី​ដែល​បង្ហាញ​ថា តើ​ម្ចាស់​ចម្ការ ( ព្រះយេស៊ូវ​គ្រីស្ទ ) ខ្វល់​ព្រះទ័យ​អំពី​ដើម​ទាំងអស់​យ៉ាងណា​ទៅ ។ តើ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង ?

យ៉ាកុប ៦:៤–៥

ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​អត់ទោស​ឲ្យ​ខ្ញុំ នៅពេល​ខ្ញុំ​ប្រែចិត្ត ។

  • យ៉ាកុប ៦:៤–៥ មាន​សារលិខិត​សំខាន់​មួយ​សម្រាប់​យើង នៅពេល​យើង​ធ្វើការ​ជ្រើសរើស​ខុស ។ ប្រហែលជា​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​វា ។ តើ​ពាក្យ​ណា​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផ្តល់​ឲ្យ​យើង​នូវ​សេចក្តី​សង្ឃឹម​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះ ? ដំណើររឿង​របស់​អែលឌើរ អាឡែន ឌី ហែនី អំពី​ការប្រឡាក់​ក្នុង​រណ្តៅ​ភក់ នៅក្នុង​សារលិខិត​របស់​លោក « Remembering in Whom We Have Trusted » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១២១–២២ ) អាច​ជួយ​បាន ។ តើ​ដំណើររឿង​នេះ និង យ៉ាកុប ៦:៤–៥ បង្រៀន​យើង​អ្វីខ្លះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ការសង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ ?

យ៉ាកុប ៧:១–២៣

ខ្ញុំ​អាច​ឈរ​ការពារ​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ពិត ។

  • តើ​បងប្អូន​អាច​បំផុសគំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​ឈរ​ការពារ​សេចក្ដីពិត​ដូច​យ៉ាកុប​បានធ្វើ​ដោយ​របៀប​ណា ? កូនៗ​របស់​បងប្អូន​អាច​មើល​វីដេអូ « Chapter 10: Jacob and Sherem » ( បណ្ណាល័យ​ដំណឹង​ល្អ ) និង​សម្តែង​តាម​នូវ​អន្តរកម្ម​រវាង​យ៉ាកុប និង​សេរេម ដោយ​ប្រើ យ៉ាកុប ៧:១–២៣ ទុក​ជា​ការណែនាំ ។ តើ​យ៉ាកុប​ឈរ​ការពារ​ចំពោះ​អ្វី​ដែល​លោក​ដឹង​ថា​ត្រឹម​ត្រូវ​ដោយ​របៀបណា ? សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ពួកគេ​ឈរ​ការពារ​អ្វី​ដែល​ត្រូវ ឬ​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់ ។ ប្រហែលជា​ពួកគេ​ក៏​អាច​ច្រៀង​ចម្រៀង​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន ដូចជា​សេចក្តី​ក្លាហាន​របស់​យ៉ាកុប​ដែរ « ឈរ​ដោយ​សុចរិត » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨១ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។