ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ មេសា ៖ « ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់ » ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន


« ថ្ងៃទី ១៥–២១ ខែ មេសា ៖ ‹ ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់ › ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១៥–២១ ខែ មេសា ។ អេណុស–ពាក្យ​សម្ដី​នៃ​មរមន » ចូរ​មក​តាម​ខ្ញុំ—គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
កុមារា​អេណុស​នៅ​ជាមួយ​ឪពុក​របស់​លោក យ៉ាកុប និង​ម្ដាយ

Jacob and Enos [ យ៉ាកុប និង អេណុស ] ដោយ ស្កត ស្នូ

ថ្ងៃទី ១៥–២១ ៖ « ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់ »

អេណុស–ពាក្យ​សម្ដី​នៃ​មរមន

ទោះបីជា អេណុស បាន​ចូល​ក្នុង​ព្រៃ​ទៅ​បរបាញ់​សត្វ​ដើម្បី​បំពេញ​ការស្រេកឃ្លាន​ខាង​រូបកាយ​ក្តី ក៏​នៅទី​បំផុត​លោក​បាន​នៅ​ទីនោះ​ពេញ​មួយ​ថ្ងៃ ហើយ​រហូត​ដល់​យប់​ដែរ ដោយសារ​តែ « ព្រលឹង​ស្រេកឃ្លាន » របស់​លោក ។ ការស្រេកឃ្លាន​នេះ​បាន​ធ្វើ​ឲ្យ​អេណុស « [ លោក ] ស្រែក​អំពាវនាវ​យ៉ាង​ខ្លាំង លុះ​ត្រា​បាន​ឮ​ដល់​ស្ថានសួគ៌ » ។ លោក​បាន​ពិពណ៌នា​បទពិសោធន៍​នេះ​ថា​ជា​ការពុះពារ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ ( សូមមើល អេណុស ១:២–៤ ) ។ តាមរយៈ​អេណុស យើង​រៀន​ថា ការអធិស្ឋាន​គឺជា​ការ​ខិតខំ​ដោយ​ស្មោះសរ​ដើម្បី​ចូល​ទៅជិត​ព្រះ ហើយ​ខិតខំ​ស្វែងយល់​អំពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​អធិស្ឋាន​តាម​របៀប​នេះ នោះ​បងប្អូន​នឹង​បាន​ដឹង​កាន់តែ​ខ្លាំង ដូចជា​អេណុស​បាន​ដឹង​ផងដែរ​ថា ព្រះ​ទ្រង់​ស្តាប់​ឮ​បងប្អូន ហើយ​ទ្រង់​ពិត​ជា​យក​ព្រះទ័យ​ទុកដាក់​នឹង​បងប្អូន មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន និង​សូម្បី​តែ​សត្រូវ​របស់​បង​ប្អូន​ក្ដី ( សូមមើល អេណុស ១:៤–១៧ ) ។ នៅពេល​បងប្អូន​ដឹងពី​ព្រះហឫទ័យ​របស់​ទ្រង់ នោះ​បងប្អូន​អាចធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់​កាន់តែ​ប្រសើរឡើង ។ ដូចជា​មរមន​ដែរ បងប្អូន​អាច « ពុំ​ដឹង​នូវ​គ្រប់​ការណ៍​ទាំងអស់​ទេ …​ហេតុ​ដូច្នោះ​ហើយ ទ្រង់​បាន​ធ្វើ​ការ​ក្នុង [ បងប្អូន ] ដើម្បី​ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឫទ័យ​ទ្រង់ » ( ពាក្យ​សម្ដី​នៃ​មរមន ១:៧ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អេណុស ១:១–១៧

ព្រះនឹងស្តាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

បទពិសោធន៍​របស់​បងប្អូន​ជាមួយ​នឹង​ការអធិស្ឋាន​អាច​មិន​សូវ​ខ្លាំង​ដូច​ការអធិស្ឋាន​របស់​អេណុស​ទេ ប៉ុន្តែ​វា​ពុំ​មែន​មិន​សូវ​មាន​អត្ថន័យ​នោះទេ ។ នេះគឺជា​សំណួរ​មួយ​ចំនួន​ដែល​ត្រូវគិត នៅពេល​បងប្អូន​សិក្សា អេណុស ១:១–១៧ ៖

  • តើ​មាន​ពាក្យសម្ដី​អ្វីខ្លះ​ដែល​ពិពណ៌នា​អំពី​កិច្ចខិតខំ​របស់​អេណុស​នៅពេល​លោក​អធិស្ឋាន ?

  • តើ​ការអធិស្ឋាន​របស់​អេណុស​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច​ពី ខទី ៤ ដល់​ទី ១១ ?

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ​ពី​អេណុស ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​កែលម្អ​ការ​អធិស្ឋាន​របស់​ខ្ញុំ​បាន ?

សូម​មើល​ផងដែរ « Enos Prays Mightily » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ, « ពេល​អធិស្ឋាន​ជា​ពេល​ត្រេកអរ » ទំនុក​តម្កើង ល.រ. ៨១ ។

ការចែកចាយ​សំណួរ​ពិភាក្សា ។ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​អ្នក​ដទៃ សូម​ពិចារណា​ដាក់​សំណួរ​ដែល​បងប្អូន​ចង់​ពិភាក្សា​នៅ​កន្លែង​ដែល​ងាយមើល​ឃើញ ដើម្បី​ឲ្យ​បងប្អូន​គ្រប់គ្នា​បាន​ឃើញ​សំណួរ​ទាំងនោះ ។ ការណ៍នេះ​ជួយ​មនុស្ស​ឲ្យ​ពិចារណា​សំណួរ និង​ផ្តល់​ចម្លើយ​ដែល​បំផុសគំនិត​បន្ថែម​ទៀត ។

អេណុស ១:១–៤

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​ឥទ្ធិពល​សម្រាប់​សេចក្តី​ល្អ​ដល់​គ្រួសារ​ខ្ញុំ ។

ប្រហែលជា​មាន​នរណា​ម្នាក់​នៅក្នុង​គ្រួសារ​របស់​បងប្អូន​ដែល​បងប្អូន​ចង់​ជួយ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ប៉ុន្តែ​បងប្អូន​ឆ្ងល់​ថា​តើ​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដែរ​ឬ​អត់ ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​មកពី អេណុស ១:១–៤ អំពី​ឥទ្ធិពល​របស់​យ៉ាកុប​ចំពោះ​អេណុស​ជា​កូនប្រុស​របស់​លោក ? ឧទាហរណ៍ តើ​ឃ្លា « តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់ » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? តើ​បងប្អូន​អាច​អញ្ជើញ​ឥទ្ធិពល​របស់​ទ្រង់​មកក្នុង​គេហដ្ឋាន​របស់​បងប្អូន​ដោយ​របៀប​ណា ?

នៅពេល​បងប្អូន​គិត​អំពី​គ្រួសារ​របស់​បងប្អូន សូម​ពិចារណា​សំណួរ និង​ធនធាន​ទាំងនេះ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ចែកចាយ​ដំបូន្មាន​ដ៏​មាន​សារៈប្រយោជន៍​សម្រាប់​ក្រុមគ្រួសារ​នៅក្នុង « In Praise of Those Who Save » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៨០ ) ។ តើ​សារលិខិត​របស់​លោក​បាន​បំផុសគំនិត​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង​គ្រួសារ​របស់​បងប្អូន ? ( សូមមើល​ជា​ពិសេស​ផ្នែក​ដែល​មាន​ចំណងជើង​ថា « Saving Our Families » ) ។

សូមមើល​ផងដែរ Gospel Topics « Family » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Home and Family—Through Small Things » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អេណុស ១:១–១៨

ខ្ញុំ​អាច​ទទួល​បាន​ការអភ័យទោស នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ។

មាន​ពេលខ្លះ បងប្អូន​ប្រហែលជា​ឆ្ងល់​ថា​តើ​អំពើ​បាប​របស់​បងប្អូន​ត្រូវ​បាន​អត់​ទោស​ឲ្យ​ឬ​អត់ សូម្បីតែ​បន្ទាប់ពី​បងប្អូន​បាន​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងនោះ​ក៏​ដោយ ។ តើ​បងប្អូន​ទទួល​បាន​ការយល់​ដឹង​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់​អេណុស​នៅក្នុង អេណុស ១:១–៨ ? តើ​អេណុស​បាន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​លោក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន និង​ក្រោយពេល​លោក​បាន​ទទួល​ការអភ័យទោស​ដោយ​របៀបណា ?

យ៉ារ៉ុម–អោមណៃ

នៅពេល​ខ្ញុំ​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នោះ​ព្រះ​នឹង​ប្រទានពរ​ដល់​ខ្ញុំ ។

ទាំង​ព្រះគម្ពីរ​យ៉ារ៉ុម និង​ព្រះគម្ពីរ​អោមណៃ មាន​ពិពណ៌នា​អំពី​ទំនាក់ទំនង​រវាង​សេចក្ដី​សុចរិត និង​សេចក្ដីរុងរឿង ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី យ៉ារ៉ុម ១:៧–១២; អោមណៃ ១:៥–៧, ១២–១៨ ? តើ​និយមន័យ​អំពី​សេចក្ដីរុងរឿង​របស់​លោកិយ​ខុសគ្នា​ពី​និយមន័យ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? តើ​ព្រះអម្ចាស់​ជួយ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​រុងរឿង​ដោយ​របៀប​ណា ? ( សូមមើល អាលម៉ា ៣៧:១៣; ៤៨:១៥–១៦ ) ។

អោមណៃ ១:២៥–២៦

« សូម​មក​ឯ​ព្រះគ្រីស្ទ​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ។

ការអញ្ជើញ « សូម​មក​ឯព្រះគ្រីស្ទ » លេចឡើង​ជារឿយៗ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ តាមពិត គោលបំណង​សំខាន់​មួយ​នៃ​គម្ពីរ​ទាំងនេះ​គឺ​ដើម្បី​ផ្ដល់​ការអញ្ជើញ​នេះ​ដល់​មនុស្ស​គ្រប់​រូប ។ នៅពេល​បងប្អូន​អាន អោមណៃ ១:២៥–២៦ តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​បងប្អូន​រកឃើញ​ដែល​ពិពណ៌នា​អំពី​របៀប​មក​រក​ព្រះគ្រីស្ទ ? តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី​មករក​ទ្រង់​កាន់តែ​ពេញលេញ ?

រូបភាព
មរមន​កំពុង​ចងក្រង​ផ្ទាំង​ចំណារ​មាស

Mormon Compiling the Plates [ មរមន​កំពុង​ចងក្រង​ផ្ទាំង​ចំណារ ] ដោយ ហ៊ហេ កូកូ

ពាក្យ​សម្ដី​នៃ​មរមន ១:១–៨

ព្រះ​នឹង​ធ្វើការ​តាមរយៈ​ខ្ញុំ នៅពេល​ខ្ញុំ​ធ្វើ​តាម​ការណែនាំ​របស់​ទ្រង់ ។

មូលហេតុ​មួយ​ដែល​ព្រះអម្ចាស់​បាន​បំផុសគំនិត​មរមន​ឲ្យ​បញ្ចូល​ផ្ទាំង​តូចៗ​របស់​នីហ្វៃ​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​ដោយសារ​ព្រះ​បាន​ជ្រាប​ថា ទំព័រ​ដែល​បាន​បកប្រែ​ចំនួន ១១៦ ដំបូង​នឹង​ត្រូវ​បាត់បង់ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០; ពួក​បរិសុទ្ធ ភាគ ១ ជំពូក​ទី ៥ ) ។ ហេតុអ្វី​បាន​ជា​បងប្អូន​មាន​អំណរគុណ ដែល​មរមន​បាន​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់​ឲ្យ​បញ្ចូល​សំណេរ​ទាំងនេះ ( រួមមាន នីហ្វៃ​ទី ១ ទៅដល់​អោមណៃ ) ? តើ​មូលហេតុ​អ្វីខ្លះ​ដែល​មរមន​បាន​ផ្តល់​ឲ្យ​សម្រាប់​ការបញ្ចូល​គម្ពីរ​ទាំងនេះ ? ( សូមមើល ពាក្យ​សម្ដី​នៃ​មរមន ១:៣–៧ ) ។ តើ​នៅ​ពេល​ណា​ដែល​បងប្អូន​ធ្លាប់​បានឃើញ​ព្រះ​ធ្វើ​ព្រះរាជកិច្ច​របស់​ទ្រង់​តាមរយៈ​បងប្អូន ឬ​មនុស្ស​ដទៃទៀត ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អេណុស ១:១–៥

ខ្ញុំ​អាច​ទូល​ទៅ​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​កាន់តែ​មានន័យ​ដោយ​របៀប​ណា ? សូម​ពិចារណា​បង្ហាញ​ពួកគេ​នូវ​រូបភាព​នៃ​ការអធិស្ឋាន​របស់​អេណុស ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​មើលឃើញ ។ បន្ទាប់មក ពួកគេ​អាច​បិទ​ភ្នែក​របស់​ពួកគេ ហើយ​ស្រមៃ​ថា ពួកគេ​កំពុង​ទូល​ទៅ​ព្រះវរបិតា​សួគ៌​ទល់​នឹង​ព្រះភ័ក្ត្រ​ទ្រង់ ។ តើ​ពួកគេ​ចង់​និយាយ​អំពី​អ្វីខ្លះ ? តើ​ទ្រង់​អាច​ចង់​មាន​ព្រះបន្ទូល​អ្វី​ទៅ​កាន់​ពួកគេ ?

  • នៅពេល​បងប្អូន​អាន​ឮៗ​នៅក្នុង អេណុស ១:១–៥ កុមារ​តូចៗ​អាច​សម្តែង​ធ្វើជា​អេណុស ដោយ​ធ្វើ​សកម្មភាព​បរបាញ់ លុតជង្គង់​អធិស្ឋាន​ជាដើម ។ កុមារ​ធំៗ​អាច​ស្តាប់​រក​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ការអធិស្ឋាន​របស់​អេណុស ។ តើ​ពាក្យ​ទាំងនេះ​ប្រាប់​យើង​អ្វី​ខ្លះ​អំពី​ការអធិស្ឋាន​របស់​អេណុស ? សូម​ចែកចាយ​បទពិសោធន៍​មួយ កាលដែល​ព្រលឹង​របស់​បងប្អូន « ស្រេក​ឃ្លាន » ហើយ​បងប្អូន « បាន​អំពាវនាវ​ដល់ » ព្រះអម្ចាស់ ( អេណុស ១:៤ ) ។

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

ក្នុង​នាម​ជាកូន​របស់​ព្រះ នោះ​យើង​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​បាន ។

អេណុស ១:២–១៦

ព្រះវរបិតាសួគ៌​ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ថា ព្រះវរបិតា​សួគ៌​នឹង​ស្តាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ​ដោយ​របៀបណា ? សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អ្វី​មួយចំនួន​ដែល​ពួកគេ​អធិស្ឋាន​ទូលសូម​តាម​ធម្មតា ។ បន្ទាប់មក បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែល​អេណុស​បាន​អធិស្ឋាន​នៅក្នុង អេណុស ១:២, ៩, ១៣–១៤ និង ១៦ ( សូមមើល​ផងដែរ « ជំពូកទី ១១ ៖ អេណុស » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៣០–៣១ ) ។

    តើ​លទ្ធផល​នៃ​ការអធិស្ឋាន​របស់​អេណុស​មាន​អ្វី​ខ្លះ ? ( សូមមើល ខទី ៦, ៩, ១១ ) ។

    តើ​យើង​រៀន​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់​អេណុស អំពី​របៀប​ដើម្បី​កែលម្អ​ការអធិស្ឋាន​របស់​យើង ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការអធិស្ឋាន​ជាមួយ​គ្នា ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦ ) ។ ប្រហែលជា​កូន​តូចៗ​របស់​បងប្អូន​អាច​លើក​ដៃ​របស់​ពួកគេ រាល់ពេល​ពួកគេ​បានឮ​ពាក្យ « អធិស្ឋាន » ឬ « ការអធិស្ឋាន » ឬ​ពាក្យ​មួយ​ផ្សេង​ទៀត​ដែល​ថា​ដដែលៗ ។ សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​វិធី​មួយ​ចំនួន​ដែល​ព្រះវរបិតា​សួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​បងប្អូន ។

ពាក្យ​សម្ដី​នៃ​មរមន ១:៣–៨

ខ្ញុំ​អាច​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ នៅពេល​ខ្ញុំស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • មរមន​បាន​ធ្វើ​តាម​ការណែនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បញ្ចូល​ផ្ទាំង​តូចៗ​របស់​នីហ្វៃ​ទៅក្នុង​ព្រះគម្ពីរ​មរមន ។ អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​បានសិក្សា​នៅក្នុង​ព្រះគម្ពីរ​មរមន​រហូត​មក​ដល់​ពេល​នេះ​នៅ​ឆ្នាំ​នេះ​បាន​មក​ដល់​យើង ដោយសារ​មរមន​បាន​ជ្រើសរើស​ស្តាប់​តាម​ព្រះវិញ្ញាណ ។ តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​រៀន​អំពី​ការស្តាប់​តាម​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្ដូរវេន​គ្នា​អាន​ខគម្ពីរ​ពី ពាក្យសម្តី​នៃ​មរមន ១:៣–៨ ។ បងប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​ពួកគេ​រៀន​មកពី​ខ​នីមួយៗ​បាន ។ បន្ទាប់មក​កូនៗ​របស់​បងប្អូន​អាច ៖

    • ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​មកពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​មរមន​ក្នុង​ឆ្នាំ​នេះ ( រូបភាព​មកពី ចូរ​មក​តាម​ខ្ញុំ អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​បាន ) ។

    • ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​បទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។

    • និយាយ​អំពី​បទពិសោធន៍​ដែល​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ផ្តល់​ពរ​ដល់​អ្នក​ផ្សេង​ទៀត ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
អេណុស​កំពុង​អធិស្ឋាន

អេណុស​កំពុង​អធិស្ឋាន ដោយ រ៉ូប៊ើត ធី បារ៉ែត