ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២២–២៨ ខែ មេសា ៖ « ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំងអស់ » ។ ម៉ូសាយ ១–៣


« ថ្ងៃទី ២២–២៨ ខែ មេសា ៖ ‹ ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំងអស់ › ។ ម៉ូសាយ ១–៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២២–២៨ ខែ មេសា ។ ម៉ូសាយ ១–៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ស្ដេច​បេនយ៉ាមីន​កំពុង​បង្រៀន​ដល់​រាស្ត្រ​ទ្រង់

Receiving the Teachings of King Benjamin [ ការទទួល​យក​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន ] ដោយ ម៉ារីអា អាឡិចហានដ្រា ហ្គីល

ថ្ងៃទី ២២–២៨ ខែ មេសា ៖ « ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំងអស់ »

ម៉ូសាយ ១–៣

នៅពេល​បងប្អូន​ឮ​ពាក្យ ស្ដេច បងប្អូន​អាច​គិត​អំពី​មកុដ បាវ​បម្រើ និង​បល្ល័ង្ក ។ នៅក្នុង ម៉ូសាយ ១–៣ បងប្អូន​នឹង​អាន​អំពី​ស្តេច​មួយ​អង្គ​ផ្សេងទៀត ។ ជាជាង​ការ​រស់នៅ​ដោយសារ​ការ​ធ្វើ​ការ​របស់​ប្រជាជន ស្ដេច​បេនយ៉ាមីន « បាន​ធ្វើ​ការ​ដោយ​ដៃ​របស់ [ ទ្រង់ ] » ( ម៉ូសាយ ២:១៤ ) ។ ជំនួស​ឲ្យ​អ្នក​ដទៃ​បម្រើ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​បម្រើ​ដល់​រាស្ត្រ​របស់​ទ្រង់ « អស់​ពី​សមត្ថភាព អស់ពី​គំនិត និង​អស់​ពី​កម្លាំង​ដែល​ព្រះអម្ចាស់ [ បាន ] ប្រទាន​មក​ឲ្យ [ ទ្រង់ ] » ( ម៉ូសាយ ២:១១ ) ។ ស្ដេច​អង្គ​នេះ​ពុំ​ចង់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ថ្វាយបង្គំ​ទ្រង់ទេ តែ​ទ្រង់​បាន​បង្រៀន​ពួកគេ​ឲ្យ​ថ្វាយ​បង្គំ​ស្តេច​សួគ៌ា​របស់​ពួកគេ​ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។ ស្តេច​បេនយ៉ាមីន​យល់​ថា​គឺ « ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​សោយរាជ្យ » ( ម៉ូសាយ ៣:៥ ) ដែល​បាន « យាង​ចុះ​មក​ពី​ស្ថានសួគ៌ » ហើយ « យាង​ចុះ​មក​ក្នុង​ចំណោម​រាស្ត្រ … ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​កូន​ចៅ​មនុស្ស ស្រប​តាម​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ » ( ម៉ូសាយ ៣:៥, ៩ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ម៉ូសាយ ១:១–៧

« ត្រូវ​ពិចារណា​មើល [ ព្រះគម្ពីរ ] ដោយ​ព្យាយាម » ។

នៅក្នុង​ខគម្ពីរ​ទាំងនេះ សូម​កត់សម្គាល់​ពី​របៀប​ដែល​កំណត់ត្រាដ៏​ពិសិដ្ឋ​នេះ​បាន​ផ្ដល់ពរ​ដល់​ប្រជារាស្រ្ត​របស់​ស្តេច​បេនយ៉ាមីន ។ តើ​ជីវិត​របស់​បងប្អូន​បាន​ប្រសើរ​ឡើង​ដោយ​របៀប​ណា ដោយសារ​បងប្អូន​មាន​គម្ពីរ​ទាំងនោះ ?

ម៉ូសាយ ២:១០–២៦

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ ខ្ញុំ​ក៏​កំពុង​បម្រើ​ដល់​ព្រះ​ផងដែរ ។

តើ​បងប្អូន​គិត​ថា ស្ដេច​បេនយ៉ាមីន​នឹង​មាន​បន្ទូល​អ្វីខ្លះ ប្រសិនបើ​បងប្អូន​សួរ​ដល់​ទ្រង់​ថា ហេតុអ្វី​ទ្រង់​បម្រើ « អស់​ពី​សមត្ថភាព អស់ពី​ចិត្ត និង​អស់​ពី​កម្លាំង​របស់​ទ្រង់ » ? ( ម៉ូសាយ ២:១១ ) ។ សូម​គិតអំពី​រឿងនេះ នៅពេល​បងប្អូន​អាន ម៉ូសាយ ២:១០–២៦ ។ តើ​ស្តេច​បេនយ៉ាមីន​បង្រៀន​អ្វីខ្លះ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​បម្រើ​អ្នក​ដទៃ​តាម​របៀប​ដែល​មានន័យ​ជាង​នេះ ? ឧទាហរណ៍ តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ដែល​ត្រូវ​ដឹង​ថា នៅពេល​បងប្អូន​បម្រើ​ដល់​អ្នក​ដទៃ នោះ​បងប្អូនក៏​កំពុង​បម្រើ​ដល់​ព្រះ​ផងដែរ ? ( សូមមើល ម៉ូសាយ ២:១៧ ) ។ សូម​ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ដែល​បងប្អូន​អាច​បម្រើ​នរណា​ម្នាក់​នៅ​ក្នុង​សប្តាហ៍​នេះ ។

សូម្បីតែ​ពេល​យើង​ដឹង​ថា យើង​គួរ​បម្រើ​អ្នក​ដទៃ​ក៏​ដោយ ក៏​ពេល​ខ្លះ​យើង​ប្រឈម​មុខ​នឹង​បញ្ហានានាផង​ដែរ ។ របៀប​មួយ​ទៀត​ដើម្បី​សិក្សា ម៉ូសាយ ២:១០–២៦ គឺ​ត្រូវ​បង្កើត​បញ្ជី​នៃ​សេចក្តីពិត​ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន ដែល​អាច​ជួយ​បងប្អូន​ឲ្យ​យក​ឈ្នះលើ​ឧបសគ្គ​នានា​ដែល​អាច​រារាំង​បងប្អូន​ពី​ការបម្រើ ។ តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​បងប្អូន​ថា អ្វី​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​គឺ​ជា​ការពិត ?

ប្រធាន ចយ ឌី ចូនស៍ បាន​ចែករំលែក​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​បានផ្លាស់ប្តូរ​របៀប​ដែល​គាត់​គិត​អំពី​ការបម្រើ​អ្នកដទៃ ។ សូម​អាន​អំពី​បទពិសោធន៍​នេះ​នៅក្នុង « For Him » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥០–៥២ ) ហើយ​គិត​អំពី​ឱកាស​បម្រើ​អ្នកដទៃ​ដែល​បងប្អូន​មាន ។ បងប្អូន​អាច​សរសេរ​បញ្ជី​មួយ​ចំនួន ហើយ​ជញ្ជឹងគិត​ពី​របៀប​ដែល​សារលិខិត​របស់​ប្រធាន ចូនស៍ រួម​ជាមួយនឹង ម៉ូសាយ ២:១៧ អាច​មាន​ឥទ្ធិពល​ទៅលើ​របៀប​ដែល​បងប្អូន​មាន​ឱកាស​ទាំងនេះ ។ ទំនុក​តម្កើង​ដូចជា​បទ « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( ទំនុក​តម្កើង ១៧ ) ឬ​វីដេអូ​ដូចជា « The Old Shoemaker » ( បណ្ណាល័យ​ដំណឹងល្អ ) អាច​ជួយ​បងប្អូន​ឲ្យ​គិត​ពី​ការយល់ដឹង​បន្ថែម​ទៀត​បាន ។

សូមមើល​ផងដែរ ម៉ាថាយ ២៥:៤០; « Faith Murray’s Story: Overcoming Adversity through Service » និង « King Benjamin Teaches about Serving God » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; គេហទំព័រ JustServe.org; Gospel Topics « Service » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

រូបភាព
ស្ត្រី​ពីរ​នាក់​កំពុង​ឱប​គ្នា

នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ ខ្ញុំ​ក៏​កំពុង​បម្រើ​ដល់​ព្រះ​ផងដែរ ។

ម៉ូសាយ ២:៣៨–៤១

សុភមង្គល​កើត​ចេញពី​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​សុភមង្គល​ដែល​បាន​មកពី​ការស្តាប់​បង្គាប់​ព្រះ​ដោយ​របៀប​ណា ? តើ​មាន​ឃ្លា​ណា​មួយ​នៅក្នុង ម៉ូសាយ ២:៣៨–៤១ ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ពន្យល់​ពី​មូលហេតុ ដែល​បងប្អូន​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

ម៉ូសាយ ៣:១–២០

ខ្ញុំ​អាច​ក្លាយទៅ​ជា​ពួកបរិសុទ្ធ​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដូចជា​ពួក​ព្យាការី​ទាំងអស់​ដែរ ស្ដេច​បេនយ៉ាមីន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដូច្នេះ​រាស្ត្រ​របស់​ទ្រង់ « នឹង​បាន​ទទួល​ការ​ផ្ដាច់​បាប​របស់​ខ្លួន ហើយ​នឹង​បាន​អររីករាយ​ដោយ​អំណរ​ដ៏​អតិបរមា » ( ម៉ូសាយ ៣:១៣ ) ។ ទាំងនេះ​គឺជា​សំណួរ​មួយចំនួន​ដើម្បី​ពិចារណា នៅពេល​បងប្អូន​អាន​ទីបន្ទាល់​របស់​ស្ដេច​បេនយ៉ាមីន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ូសាយ ៣:១–២០ ៖

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ?

  • តើ​ខ្ញុំ​រៀន​អ្វីខ្លះ​មកពី ម៉ូសាយ ៣:១៨–១៩ អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​ពួកបរិសុទ្ធ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្ដូរ​និស្ស័យ ហើយ​ប្រែក្លាយ​ជា​ពួកបរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

ម៉ូសាយ ៣:៥–២១

« ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា … នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌ » ។

តើ​ថាមពល​អគ្គិសនី​ផ្តល់​ឲ្យ​បងប្អូន​នូវ​សមត្ថភាព​ក្នុងការ​ធ្វើ​អ្វីខ្លះ ? តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសគ្នា​យ៉ាង​ណា​បើ​គ្មាន​ថាមពល​នេះ​ទេ​នោះ ? សំណួរ​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ជញ្ជឹងគិត​អំពី​ព្រះចេស្តា​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នាំមក​នៅក្នុង​ជីវិត​របស់​បងប្អូន​បាន ។

ទេវតា​ដែល​បាន​បង្ហាញ​កាយ​ដល់​ស្ដេច​បេនយ៉ាមីន​បាន​ហៅ​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា « ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា » ជា​ព្រះបរមងារ​ដែល​មានន័យ​ថា ទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្តា​ទាំង​អស់ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី ម៉ូសាយ ៣:៥–២១ អំពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​ប្រើ​ព្រះចេស្តា​នោះ ? តើ​បងប្អូន​បាន​ឃើញ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​នៃ​មនុស្ស​ដែល​នៅ​ជុំវិញ​បងប្អូន​ដោយ​របៀប​ណា ? តើ​ព្រះចេស្តា​របស់​ទ្រង់​អាច​ឲ្យ​បងប្អូន​ធ្វើ និង​ក្លាយ​ជា​អ្វី ? តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសគ្នា​យ៉ាង​ណា​បើ​គ្មាន​ថាមពល​នេះ​ទេ​នោះ ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសាយ ២:១១–១៨

នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ​គឺ​ខ្ញុំ​កំពុង​បម្រើ​ដល់​ព្រះ ។

  • ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​មាន​មកុដ​ដ៏​សាមញ្ញ​មួយ​ដែល​កូនៗ​របស់​បងប្អូន​អាច​ធ្វើបាន ។ ប្រហែលជា​ពួកគេ​ចង់​ប្ដូរវេន​ឈរ​លើ​កៅអី ឬ​ជើងម៉ា ហើយ​សម្តែង​ជា​ស្ដេច​បេនយ៉ាមីន ខណៈ​ដែល​បងប្អូន​ចែកចាយ​រឿង​ខ្លះៗ​ដែល​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់ ដែល​មាន​នៅក្នុង ម៉ូសាយ ២–៣ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​ពួកគេ​ចេញពី « ជំពូកទី ១២ ៖ ស្តេច​បេនយ៉ាមីន » ( ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៣២–៣៥ ) ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​ទិដ្ឋភាព​ទូទៅ​អំពី​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ផងដែរ ។

  • ម៉ូសាយ ២:១៧ អាច​ជា​ខគម្ពីរ​ដ៏​ល្អ​មួយ​សម្រាប់​កូនៗ​របស់​បងប្អូន​ដើម្បី​រៀន ។ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​អាន​វា​ម្តង​បន្តិចៗ ។ ឬ​បងប្អូន​អាច​សរសេរ​ខគម្ពីរ​នេះ ដោយ​មាន​ពាក្យ​គន្លឹះ​ជាច្រើន​ដែល​បាត់ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ស្វែងរក​ពាក្យ​ដែល​បាត់​នោះ ។ បន្ទាប់មក បងប្អូន​អាច​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន អំពី​មូលហេតុ​ដែល​ព្រះ​ចង់​ឲ្យ​យើង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។

  • បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្រាវជ្រាវ​នៅក្នុង ម៉ូសាយ ២:១១–១៨ ដើម្បី​ស្វែង​យល់​អំពី​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​ដើម្បី​បម្រើ​អ្នក​ដទៃ ។ បន្ទាប់មក កូនៗ​របស់​បងប្អូន​អាច​សរសេរ​នៅលើ​ស្លាក​ក្រដាស​នានា នូវ​វិធី​មួយ​ចំនួន​ដែល​ពួកគេ​អាច​បម្រើ​សមាជិក​គ្រួសារ​បាន ។ សូម​ដាក់​ក្រដាស​នៅក្នុង​ធុង​មួយ ដូចជាថង់ ឬ​ដប ដើម្បី​ឲ្យ​កូនៗ​របស់​បងប្អូន​អាច​រើស​យកក្រដាស​មួយ​ជា​រៀង​រាល់ថ្ងៃ ហើយ​ធ្វើ​ការបម្រើដល់​នរណា​ម្នាក់ ។

កុមារ​ទទួល​បាន​ប្រយោជន៍​មកពី​ការធ្វើ​សកម្មភាព​ដដែលៗ ។ សូម​កុំ​ខ្លាច​នឹង​ធ្វើ​សកម្មភាព​នានា​ច្រើន​ដង​ច្រើន​សា​ឡើយ ជា​ពិសេស​ជាមួយ​នឹង​កុមារ​តូចៗ ។ ការធ្វើ​សា​ឡើងវិញ​នឹង​ជួយ​កុមារ​ឲ្យ​ចងចាំ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

រូបភាព
កុមារ​កំពុង​បត់​ខោអាវ

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ថា យើង​អាច​បម្រើ​ព្រះ​បាន​តាមរយៈ​ការបម្រើ​​អ្នកដទៃ ។

ម៉ូសាយ ២:១៩–២៥

ពរជ័យ​ទាំងអស់​របស់​ខ្ញុំ​បាន​មក​ពី​ព្រះវរបិតាសួគ៌ ។

  • ការបម្រើ​របស់​ស្តេច​បេនយ៉ាមីន​ចំពោះ​ប្រជាជន​របស់​ទ្រង់ ត្រូវ​បាន​បំផុសគំនិត​ដោយ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​ទ្រង់​ចំពោះ​ព្រះ ។ តើ​បងប្អូន​នឹង​បំផុសគំនិត​ស្រដៀង​គ្នា​នេះ​ក្នុង​កូនៗ​របស់​បងប្អូន​ដោយ​របៀប​ណា ? បងប្អូន​អាច​អាន​ជាមួយ​គ្នា​ក្នុង ម៉ូសាយ ២:២១ ហើយ​ចាប់ផ្តើម​សរសេរ​បញ្ជី​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​យើង ។ បន្ទាប់មក ប្រហែលជា​បងប្អូន​អាច​បន្ថែម​ទៅក្នុង​បញ្ជី​ពរជ័យ​នោះ​នូវ​ពរជ័យ​ផ្សេងៗ​ទៀត​ដែល​កូនៗ​គិតដល់ ។

  • នេះ​ជា​ល្បែង​ដែល​បងប្អូន​អាច​លេង​បាន ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្គាល់​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌ ។ កុមារ​អាច​ហុច​រូបភាព​ព្រះអង្គ​សង្គ្រោះ​ទៅ​ជុំវិញ នៅពេល​ពួកគេ​ច្រៀង ឬ​ស្តាប់​បទចម្រៀង​អំពី​ការដឹងគុណ ( សូមមើល « ការដឹង​គុណ » នៅក្នុង​លិបិក្រម​ប្រធានបទ​នៃ សៀវភៅ​ចម្រៀង​កុមារ ) ។ សូម​ឈប់​ច្រៀង ឬ​ឈប់​ភ្លេង​ជា​ប្រចាំ ហើយ​អញ្ជើញ​អ្នក​ណា​ដែល​កាន់​រូបភាព​ឲ្យ​និយាយ​អំពី​ពរជ័យ​ដែល​ពួកគេ​មាន​អំណរគុណ ។ យោង​ទៅតាម ម៉ូសាយ ២:២២–២៤ តើ​យើង​អាច​បង្ហាញ​ថា យើង​ដឹងគុណ​ចំពោះ​ពរជ័យ​របស់​យើង​ដោយ​របៀប​ណា ?

ម៉ូសាយ ៣:៥–១០, ១៩

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

  • ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ប្រាប់​ស្តេច​បេនយ៉ាមីន​អំពី​សារៈសំខាន់​នៃ​សេចក្តីពិត​ស្តីអំពី​ព្រះជន្ម និង​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​រកមើល​រូបភាព​នៃ​ព្រឹត្តិការណ៍​មួយចំនួន​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ ៣:៥–១០ ( សូមមើល ឧទាហរណ៍ សៀវភៅរូបភាព​ដំណឹងល្អ ល.រ. ៣០, ៤១, ៤២, ៥៧៥៩ ) ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៣:៥–១០ កូនៗ​របស់​បងប្អូន​អាច​លើក​ដៃ​ពួកគេ​បាន នៅពេល​ដែល​ពួកគេ​ឮ​អ្វី​មួយ​នៅក្នុង​អត្ថបទ​ដែល​មាន​បង្ហាញ​នៅក្នុង​រូបភាព​ណា​មួយ ។

  • តើ​កូនៗ​របស់​បងប្អូន​ធ្លាប់​ជួយ​រៀបចំ​អាហារ​ដោយ​ប្រើ​រូបមន្ត​ធ្វើ​ម្ហូប​ដែរ​ឬ​ទេ ? ប្រហែលជា​បងប្អូន​អាច​និយាយ​អំពី​បទពិសោធន៍​នោះ ហើយ​ប្រើ ម៉ូសាយ ៣:១៩ ដើម្បី​ធ្វើ​ជា « រូបមន្ត » មួយ​ដែល​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់​តាម​របៀប​ណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ស្ដេច​បេនយ៉ាមីន​កំពុងផ្សាយ​ដំណឹងល្អ​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់

សុន្ទរកថា​របស់​ស្ដេច​បេនយ៉ាមីន ដោយ ជេរីមី វិនប៊ឺហ្គ