ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩ ៖ « ចូរ​អធិស្ឋាន​ជានិច្ច »


« នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩ ៖ ‹ ‘ចូរ​អធិស្ឋាន​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៨: ១៥–៣៩; ១៩: ១៩–២៩» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី ៣ ១៨:១៥-៣៩; ១៩:១៩–២៩

« ចូរ​អធិស្ឋាន​ជានិច្ច »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​អធិស្ឋាន​នៅទ្វីបអាមេរិក

មាន​មនុស្ស​ជាច្រើន​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ការអធិស្ឋាន​មួយចំនួន​អាច​មាន​អត្ថន័យ​ច្រើនជាង​ការអធិស្ឋាន​ផ្សេងទៀត ។ ព្រះ​យេស៊ូវ​គ្រីស្ទ​មិនមែន​គ្រាន់តែ​បង្រៀន​ដល់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ « អធិស្ឋាន​ទៅដល់​ព្រះវរបិតា​ជានិច្ច » នោះទេ ( នីហ្វៃទី ៣ ១៨:១៩ ) ប៉ុន្តែ​ទ្រង់​ក៏បាន​បង្ហាញ​ពួកគេ​អំពី​របៀប​អធិស្ឋាន​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​អធិស្ឋាន​ជានិច្ច ហើយ​ធ្វើ​ឲ្យ​ការអធិស្ឋាន​កាន់តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​បន្ថែមទៀតបាន ។

សូម​អធិស្ឋាន​សម្រាប់​សិស្ស​របស់អ្នក​ឲ្យបាន​ទៀងទាត់ ។ ព្រះវរបិតា​សួគ៌​ស្គាល់​សិស្ស​ម្នាក់ៗ​របស់អ្នក ។ នៅពេល​ដែល​អ្នក​អធិស្ឋាន​ទៅកាន់​ទ្រង់​អំពី​សិស្ស​របស់អ្នក នោះ​ទ្រង់​អាច​ជួយ​ដល់​អ្នក​ដឹង​អំពី​តម្រូវការ​របស់​ពួកគេ និង​បំផុសគំនិត​អ្នក​នូវ​វិធីនានា ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ ។ សូម​ស្តាប់​ការបំផុសគំនិត​ដែល​អាច​ទទួលបាន នៅពេល​ដែល​អ្នក​រៀបចំខ្លួន​ដើម្បី​បង្រៀន ឬ​នៅក្នុង​អំឡុងពេល​កំពុង​បង្រៀន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​មើល​សុន្ទរកថា​របស់​ប្រធាន អិម រ័សុល បាឡឺដ « Watch Ye Therefore, and Pray Always » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៧–៧៩ ) ដោយ​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយដល់​ពួកគេ​ជាមួយ​នឹង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

គំរូ

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន​ដោយ​ទុកចន្លោះ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ជាច្រើន​នាក់​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​នៅក្នុង​ចន្លោះ​នោះ ។

សូម​គិត​អំពី​ទេពកោសល្យ ជំនាញ ឬ​គុណសម្បត្តិ ដែល​អ្នកចង់​អភិវឌ្ឍ ។ សូម​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​អ្នកស្គាល់​ដែល​មាន​ទេពកោសល្យ ជំនាញ ឬ​គុណសម្បត្តិ​នោះ ។ ដោយ​ប្រើប្រាស់​គំនិត​ទាំងនេះ សូម​បំពេញ​ចន្លោះ​ខាងក្រោម​តាម​វិធីផ្សេងគ្នា​ពីរបី​ទៀត ៖

  • ប្រសិនបើ​ខ្ញុំ​ចង់រៀន​អំពី  ខ្ញុំនឹង​ធ្វើតាម​គំរូ​របស់ ដោយសារ  ។

សូម​ធ្វើ​លំហាត់​នេះ​ម្តងទៀត​ដោយ​បំពេញ​នៅ​ត្រង់​ចន្លោះ​ប្រយោគ​ទទេ​ទី​មួយ​ខាងក្រោម​នេះ ដោយ​សរសេរ​អំពី​អ្វីមួយ​ដែលអ្នក​ចង់រៀន​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ឆ្លើយ​អំពី​មូលហេតុ នៅ​ក្នុង​ចន្លោះ​ទទេ​នៅ​ចុងក្រោយ ។

  • ប្រសិនបើ​ខ្ញុំ​ចង់រៀន​អំពី  ខ្ញុំ​នឹងធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ  ។

នៅក្នុង​អំឡុងពេល​ការងារបម្រើ​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ប្រជាជន​តាមរយៈ​ព្រះបន្ទូល និង​គំរូ ។

សូមអាន នីហ្វៃទី ៣ ១៨:១៦, ២៤ ដោយ​រកមើល​អំពី​គំរូមួយ​ដែល​ព្រះយេស៊ូវ​បានធ្វើ ។

  • តើ​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ប្រជាជន​រៀន​អំពី​អ្វីខ្លះ​ចេញពី​គំរូ​របស់​ទ្រង់ ?

សិស្ស​អាច​ធ្វើ​ស្វ័យ​វាយតម្លៃ​ទៅលើ​ការអធិស្ឋាន​នៅក្នុង​ពេល​បច្ចុប្បន្ន​របស់​ពួកគេ ដោយ​ប្រើប្រាស់​រង្វាស់​ខាងក្រោម​នេះ ។ ការធ្វើ​ដូច្នេះ អាច​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​ដល់​ពួកគេ​ដឹង​អំពី​របៀប​នៃ​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អាចជួយ​ដល់​ពួកគេ​ឲ្យ​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់ពួកគេ​បាន​ប្រសើរឡើង ។

សូម​វាយតម្លៃ​ដោយ​ដាក់ពិន្ទុ​ទៅលើ​ចំណុច​ខាងក្រោម​ចាប់ពី​លេខ ១ ទៅដល់ ៥ ដោយ​លេខ ៥ គឺជា​កម្រិត​ពិន្ទុ​ខ្ពស់​បំផុត ៖

  • ខ្ញុំ​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ។

  • ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​ និង​ទទួល​បាន​នូវ​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយនឹង​ព្រះវរបិតាសួគ៌​នៅពេល​ខ្ញុំ​អធិស្ឋាន ។

  • ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ឲ្យ​បានប្រសើរ​ឡើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​ប្រឈមមុខ​ទូទៅ ដើម្បី​មាន​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ—ឧទាហរណ៍ ការរៀបចំ​ពេល​ដើម្បី​អធិស្ឋាន ការដឹង​អំពី​ពាក្យ​អ្វីខ្លះ​ដែល​ត្រូវនិយាយ ការទទួល​បាន​ចម្លើយ ឬ​បញ្ហា​ប្រឈមមុខ​នានា​ផ្សេងៗទៀត ។ បន្ទាប់មក សិស្ស​អាច​ស្វែងរក​ដំណោះស្រាយ​នៅពេល​ដែល​ពួកគេ​សិក្សា​បទគម្ពីរនេះ ។

នៅពេល​ដែល​អ្នក​បន្ត​សិក្សា នីហ្វៃទី ៣ ១៨ សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យដឹង​អំពីអ្វី ដែល​អ្នកអាច​ធ្វើបាន​ដើម្បី​កែលម្អ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់អ្នក​ឲ្យបាន​ប្រសើរឡើង ។ សូម​ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែល​អ្នក​ស្វែងរក​ការកែលម្អ ។

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន

សូម​អាន នីហ្វៃទី ៣ ១៨: ១៥, ១៨–២៣ រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។ អ្នក​ក៏អាច​អាន​ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន ចេញពី​ទេសនកថា​របស់​ទ្រង់​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង នីហ្វៃទី ៣ ១៣:៥–១៣ ផងដែរ ។

សិស្ស​អាច​បំពេញ​ប្រយោគ​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖

  • ខ្ញុំ​អាច​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន​បាន ដោយ …

សូម​ចំណាយពេល​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ឲ្យ​មាន​ការពិភាក្សា​ដោយ​ការស្ម័គ្រចិត្ត​ចំពោះ​អ្វី​ដែល​សិស្ស​មាន​អារម្មណ៍ថា ពួកគេ​ត្រូវការ ។ ឧទាហរណ៍ សិស្ស​នៅក្នុង​ថ្នាក់​ប្រហែលជា​ចំណាយ​ពេល​និយាយ អំពី​របៀប​ដែល​ការអធិស្ឋាន​ជួយ​ដល់​យើង​ទប់ទល់​ទៅនឹង​ការល្បួង របៀប​ដែល​ការអធិស្ឋាន​ផ្ដល់​ពរ​ដល់​ក្រុមគ្រួសារ ឬ​របៀប​ដែល​យើង​អាច​សុំ​ពរជ័យ​តាមរយៈ​ការអធិស្ឋាន ។ អ្នក​អាច​សិក្សា​បន្ថែម​ទៀត​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ អំពី​ការអធិស្ឋាន​នៅក្នុង លូកា ១១:១–១៣ បាន ។

អ្នក​ក៏​អាច​ប្រើប្រាស់​ឃ្លា​មួយចំនួន​នៅក្នុង​ផ្នែក « វិចារណកថា និង ព័ត៌មាន​សាច់រឿង » ធ្វើជា​ផ្នែក​នៃ​ការពិភាក្សា​បាន​ផងដែរ ។

  • តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​អំពី​ការអធិស្ឋាន​មួយណា ដែល​អ្នក​គិតថា​អាច​ជួយ​ដល់​អ្នក​បាន​ច្រើន​បំផុត ? ហេតុអ្វី ?

គំរូ​នៃ​ការអធិស្ឋាន​របស់​ព្រះអង្គសង្គ្រោះ

សូម​គិត​ស្រមៃមើល​ថា តើ​វា​នឹងមាន​លក្ខណៈ​បែបណា នៅពេល​ដែល​ឮ​ព្រះយេស៊ូវ​គ្រីស្ទ​អធិស្ឋាន​ឲ្យ​អ្នក​នោះ ។ តើ​អ្នក​គិត​ថា ទ្រង់​នឹង​អធិស្ឋាន​អំពី​អ្វីខ្លះ​ជំនួស​អ្នក ? សូម​គិត​អំពី​អារម្មណ៍​ទាំងឡាយ​ដែលអ្នក​អាចមាន និង​របៀប​ដែល​អារម្មណ៍​ទាំង​នោះ​អាច​មាន​ឥទ្ធិពល​ទៅលើ​ការអធិស្ឋាន​របស់អ្នក​ដោយផ្ទាល់ ។

អ្នក​អាច​បែងចែក​សិស្ស​នៅក្នុង​ថ្នាក់​ទៅជា​ក្រុម​តូចៗ ហើយ​ដាក់​ខគម្ពីរ​ខាងក្រោម​នេះ​ទៅ​ឲ្យ​ក្រុម​នីមួយៗ​ដើម្បី​អាន ហើយ​រាយការណ៍​អំពី​ចម្លើយ​នោះ​មកវិញ ។

សូម​ជួយដល់​សិស្ស​ឲ្យ​មើលឃើញ​ថា តើ​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ទៅដល់​នរណា តើ​ទ្រង់​បាន​អធិស្ឋាន​សម្រាប់នរណា ហេតុអ្វី​បាន​ជា​ទ្រង់​អធិស្ឋាន អាកប្បកិរិយា​របស់​ទ្រង់​នៅក្នុង​ពេល​អធិស្ឋាន និង​មាន​ច្រើនទៀត ។ មាន​វិធីមួយ​នៅក្នុង​ការធ្វើបែប​នេះ​បាន គឺ​ឲ្យ​សិស្ស​ឆ្លើយ​ទៅនឹង​សំណួរ ថា « នរណា ? » « អ្វី ? » « ហេតុអី ? » និង « ដោយ​របៀបណា ? »

នៅពេល​ដែល​ធ្វើការ​ពិភាក្សា​អំពី​មូលហេតុ ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន អ្នក​អាចជួយ​សិស្សឲ្យ​មើលឃើញ​ថា មាន​មូលហេតុ​មួយ​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន គឺ​ដើម្បី​ទាក់ទង​ជាមួយនឹង​ព្រះវរបិតា​របស់ទ្រង់ ដែល​ទ្រង់​ស្រឡាញ់ ។

អ្នក​អាច​បង្ហាញ​វីដេអូ « The Disciples Minister and Jesus Christ Prays for the People » ចាប់ពី​នាទី ទី ៣:០៥ ដល់​នាទី​ទី ៧:១៨ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgហើយ​អញ្ជើញ​សិស្ស​ឲ្យធ្វើ​តាម​គំរូ​បែបនេះ​នៅក្នុង​ខគម្ពីរ នីហ្វៃទី ៣ ១៩ ។

សូម​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖

  • ខ្ញុំ​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការអធិស្ឋាន​បាន ដោយ …

  • តើ​អ្នកបាន​រៀនសូត្រ​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះទ័យ​របស់​ព្រះអង្គសង្រ្គោះ​មាន​អំពី​អ្នក ?

  • តើ​អ្នក​គិតថា ការធ្វើតាម​គំរូ​របស់ទ្រង់​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ការអធិស្ឋាន​របស់អ្នក​ដោយ​របៀប​ណា ?

ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់យើង

សូម​ជួយដល់​សិស្ស​ឲ្យ​គិតអំពី​បទពិសោធន៍​ដ៏មាន​អត្ថន័យ ដែល​ពួកគេ​បានប្រើ​នៅក្នុង​ការអធិស្ឋាន ។ សិស្ស​អាច​គិត​អំពី​ពេល​ដែល​ពួកគេ​ប្រហែលជា​បាន​អធិស្ឋាន​ដើម្បី​ទប់ទល់​ទៅនឹង​ការល្បួង ឬ​បាន​អធិស្ឋាន​ទូលសុំ​ជំនួយ​ទៅលើ​បញ្ហា​មួយ ។ ពួកគេ​អាច​គិត​អំពី​ពេល​ដែល​គ្រួសារ​របស់​ពួកគេ​បានទទួល​ពរជ័យ​តាមរយៈ​ការអធិស្ឋាន នៅពេល​ដែល​ពួកគេ​បាន​អធិស្ឋាន​ឲ្យ​នរណាម្នាក់​ផ្សេងទៀត ឬ​នៅពេល​ដែល​ពួកគេ​បាន​សុំ​ពរជ័យ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប ដែល​ការអធិស្ឋាន​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។ សូម​រំឭក​ដល់​សិស្ស​កុំ​ឲ្យ​ចែកចាយ​បទពិសោធន៍​ណា​ដែល​ពិសិដ្ឋ ឬ​ឯកជន​ខ្លាំង​ពេក ។

សូម​ចែកចាយ​ជាមួយ​សិស្ស​អំពី​របៀប ដែល​អ្នក​បាន​ទទួល​ពរជ័យ នៅពេល​ដែល​អ្នកបាន​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ និង​ការបង្រៀន​របស់ទ្រង់​អំពី​ការអធិស្ឋាន ។ សូម​យោង​ទៅ​លើ​សេចក្ដីថ្លែង​ការណ៍ ដែលបាន​សរសេរ​រួចហើយ​នៅលើ​ក្ដារខៀន និង​ពិភាក្សា​អំពី​របៀប​ដែល​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ដោះស្រាយ​បញ្ហានានា​ដែល​ទាក់ទង​ទៅនឹង​ការអធិស្ឋាន​ដែលបាន​រៀបរាប់​ខាង​ដើម​មក ។

សូម​ជ្រើសរើស​យ៉ាងហោច​ណាស់​ការបង្រៀន​មួយ​របស់​ព្រះអង្គសង្គ្រោះ ឬ​អ្វីមួយ​ដែល​ទ្រង់​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការអធិស្ឋាន ដែលអ្នក​អាច​ដាក់បញ្ចូល​ទៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នកបាន ។ សូម​បង្កើត​ការរំឭក​មួយ ហើយ​ចាប់ផ្តើម​ធ្វើ​ការអនុវត្ត​នៅថ្ងៃនេះ ។ នៅពេល​ដែលអ្នក​ធ្វើ សូម​កត់សម្គាល់​អំពីរបៀប ដែល​ការអនុវត្ត​នោះ​ជួយ​ដល់​ការអធិស្ឋាន​របស់​អ្នក​ឲ្យ​កាន់តែ​មាន​អត្ថន័យ និង​របៀប​ដែល​ការអនុវត្ត​នោះ​មាន​ឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ ។

អ្នក​ប្រហែលជា​ចង់​ដាក់បញ្ចូល​អ្វីខ្លះ​បន្ថែមទៀត ដែល​អ្នកបាន​រៀន​នៅថ្ងៃនេះ​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុងនីហ្វៃ​ទី ៣ » ។

អ្នក​ប្រហែលជា​ចង់អញ្ជើញ​សិស្សឲ្យ​ដាក់បញ្ចូល​បន្ថែមទៀត​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុងនីហ្វៃ​ទី ៣ » ។