ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ១៧ ៖ « ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា »


« នីហ្វៃទី ៣ ១៧ ៖ ‹ ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា › » ព្រះគម្ពីរមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ១៧

« ដ្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួកអ្នក​រាល់គ្នា »

រូបភាព
ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ស្ត្រីម្នាក់

ទ្រង់​បាន​ចំណាយពេល​ពេញ​មួយថ្ងៃ​នៅ​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា វា​ដល់​ពេល​ដែល​ទ្រង់​ត្រូវ​យាងចេញ​ទៅហើយ ។ ប៉ុន្តែ​ទឹកភ្នែក និង​ការចង់​បាន​របស់​ប្រជាជន​ជាច្រើន ដែល​ចង់​ឲ្យ​ទ្រង់​គង់​នៅ​យូរ​បន្តិច​ទៀត បាន​ធ្វើ​ឲ្យ​ជ្រោតជ្រាប​ដល់​ព្រះហឫទ័យ​របស់ទ្រង់ ។ ដោយ​ការបង្ហាញ​ព្រះទ័យ​អាណិតអាសូរ​ដ៏​អស្ចារ្យ ទ្រង់​បាន​ព្យាបាល​ពួកគេ អធិស្ឋាន​ជាមួយ​នឹង​ពួកគេ ហើយ​បាន​ប្រទាន​ពរជ័យ​ដល់​កូនៗ​របស់​ពួកគេ​ម្តងម្នាក់ៗ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ទទួល​អារម្មណ៍​ពី​ចិត្ត​អាណិតអាសូរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នក ។

ការប្រើប្រាស់​វីដេអូ​អំពី​ព្រះគម្ពីរ​មរមន វីដេអូ​អំពី​ព្រះគម្ពីរ​មរមន​មាន​គោលបំណង​ជួយ​ដល់​សិស្ស​ឲ្យ​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ជាមួយនឹង​អត្ថបទ​សិក្សា​ព្រះគម្ពីរ​នេះ ។ វីដេអូ​ទាំងនេះ​មិនមាន​បំណង​មក​ជំនួស​ការអាន​ព្រះគម្ពីរ​នោះទេ ។ សូម​ធ្វើការ​សម្រេចចិត្ត​ដោយ​ភាពឆ្លាតវៃ​នៅពេល​ប្រើប្រាស់​វីដេអូ​នេះ ដើម្បី​ជួយ​បង្កើន​នូវ​បទពិសោធន៍​នៃ​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​ទៅ​លើ​បទគម្ពីរ​នេះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​ពួកគេ​ទទួល​បាន​នូវ​សេចក្ដីមេត្តា​ករុណា សេចក្ដីអាណិត​អាសូរ ឬ​សេចក្ដីស្រឡាញ់​មកពី​ព្រះ ។ សិស្ស​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​របៀប​ដែល​បទពិសោធន៍​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការយល់ឃើញ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ស្រមៃ​ថា​អ្នក​ទើបតែ បាន​ចំណាយ​ពេល​មួយថ្ងៃ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ហើយ ទ្រង់​បាន​ប្រកាសថា វា​ដល់ពេល​សម្រាប់​ទ្រង់​ត្រូវយាង​ចេញ​ទៅហើយ ។

ដើម្បី ជួយ​សិស្ស​ឲ្យ​មើលឃើញ​អំពី​ព្រឹត្តិការណ៍​នេះ អ្នក​អាច​បង្ហាញ​វីដេអូ « Jesus Christ and Angels Minister with Compassion » ( ១១:៥៩ ) ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី ទី ០:១២ ដល់​នាទី​ទី ១:៣០ ។

  • តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​បែបណា​នៅក្នុង​ស្ថានភាព​នេះ ?

សូម​ជួយ​សិស្ស​រំឭក​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​ចេញពី នីហ្វៃទី ៣ ១១–១៦ ។ ពួកគេ​អាច​រំឭក​ឡើងវិញ​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នៅក្រោម « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី ៣ » ។

មុនពេល​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម វា​អាច​នឹង​មាន​ប្រយោជន៍​នៅក្នុង​ការសុំ​សិស្ស​ឲ្យ​សរសេរ​រាយពាក្យ​នៅលើ​ក្ដារខៀន ដែល​ពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានធ្វើ ។

  • តើ​សកម្មភាព​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញពី​សេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះ​ពួក​សាសន៍នីហ្វៃ​ដោយ​របៀបណា ?

នៅ​ថ្ងៃ​នេះ​អ្នកនឹង​អាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ បាន​បង្ហាញ​អំពី​សេចក្តីមេត្តា​ដោយ​សេក្តីស្រឡាញ់​របស់ទ្រង់​នៅក្នុង​ចំណោម​ពួក​សាសន៍នីហ្វៃ ។ នៅពេល​ដែល​អ្នកសិក្សា សូម​គិត​ថាតើ​សកម្មភាព​មួយ​ណា​របស់​ទ្រង់​ដែល​បង្រៀន​អំពី​បុគ្គលិកលក្ខណៈ​របស់​ទ្រង់ ។ សូម​យកចិត្តទុក​ដាក់​ទៅលើ​អារម្មណ៍​របស់អ្នក​ដែលមាន​ចំពោះ​ទ្រង់ ។

វា​អាចជា​ប្រយោជន៍​ដើម្បី​ដឹងថា ព្រឹត្តិការណ៍​ទាំងអស់​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី ៣ ១១–១៧ បាន​កើតឡើង​នៅក្នុង​រយៈពេល​មួយថ្ងៃ ។

សូម​អាន នីហ្វៃទី ៣ ១៧:១–៦ ដោយ​រកមើល​នូវ​អ្វី​ដែល​អ្នក​អាច​សិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ព្រះបន្ទូល និង​សកម្មភាព​របស់ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សិស្ស​អាច​នឹង​រកឃើញ​នូវ​គោលការណ៍​មួយ​ស្រដៀងគ្នា​ទៅនឹង​គោលការណ៍​ខាងក្រោម ៖ តាមរយៈ​ការសញ្ជឹងគិត និង​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតា នោះ​យើង​រៀបចំ​ចិត្ត​គំនិត​របស់យើង ដើម្បី​ទទួលបាន​ការយល់ដឹង​កាន់តែច្រើន ។

ប្រសិនបើ​អ្នក​ចង់​អនុវត្ត​បន្ថែម​ទៀត​ទៅលើ​គោលការណ៍​នេះ សូមមើល​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

អ្នក​ប្រហែល​ជាបាន​​រកឃើញ​សេចក្តីពិត​មួយ​ដែល​ស្រដៀងគ្នា​ទៅនឹង​សេចក្ដីពិត​ខាងក្រោមនេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ពោរពេញ​ដោយ​ចិត្ត​អាណិតអាសូរ​ចំពោះ​រូបខ្ញុំ ។ សូម​ពិចារណា​កត់ត្រា​សេចក្ដីពិត​នេះ​នៅជិត ខទី ៦ ។

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

វា​មាន​ប្រយោជន៍​ក្នុង​ការសង្កេត​ថា ការប្រព្រឹត្ត​ដោយ​ចិត្ត​អាណិតអាសូរ​របស់​ព្រះយេស៊ូវ មិនមែន​ជា​ការបង្ហាញ​ឡើង​ម្តងម្កាល ឬ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ដោយ​ផ្អែក​លើ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​ចប់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការបង្ហាញ​ជា​រៀងរាល់​ថ្ងៃ អំពី​ការពិត​នៃ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ចំពោះ​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ រួម​ទាំង​ព្រះរាជ​បំណង​ដ៏​យូរ​អង្វែង​របស់​ទ្រង់​ក្នុង​ការជួយ​ដល់​ពួក​គេ ។ ( អូលីសេស សូរ៉េស « The Savior’s Abiding Compassion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៤ )

  • តាមគំនិត​យល់ឃើញ​របស់អ្នក តើ អែលឌើរ សូរ៉េស បង្រៀន អ្វីខ្លះ​អំពី​សេចក្តីអាណិតអាសូរ​ដ៏អង្វែង​របស់​ព្រះអង្គសង្គ្រោះ ?

សេចក្តី​អាណិត​អាសូរ​របស់​ព្រះអង្គ​សង្គ្រោះ

ផ្នែក​ដែលនៅ​សេសសល់​នៅក្នុងគម្ពីរ នីហ្វៃទី ៣ ១៧ បង្ហាញ​អំពី​លក្ខណៈ​នៃ​សេចក្តីអាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ចងចាំ​អំពីអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នៅក្នុង នីហ្វៃទី ៣ ១៧ ដែលបាន​កើតឡើង​ដោយសារ​ទ្រង់​បាន​ស្វែង​យល់ឃើញ​អំពី​សេចក្តីប្រាថ្នា​ដ៏សុចរិត​របស់​ពួក​សាសន៍នីហ្វៃ ហើយ​ទ្រង់​ពិត​ជា​ចង់​គង់នៅ​ជាមួយ​ពួកគេ និង​ប្រទានពរ​ដល់​ពួកគេ​ផងដែរ ។

គោលបំណង​នៃ​សកម្មភាព​ខាងក្រោម គឺ​ដើម្បី​ជួយ​ដល់​សិស្សឲ្យ​បង្កើត​សេចក្ដីស្រឡាញ់​ឲ្យ​កាន់តែ​ខ្លាំងឡើង​ចំពោះ​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការមើលឃើញ​អំពី​លក្ខណៈ​នៃ​សេចក្តីអាណិត​អាសូរ​របស់ទ្រង់ ។ សិស្ស​ប្រហែលជា​បាន​អនុវត្ត​ជំនាញ​នេះ​រួចហើយ នៅ​ខណៈពេល​ដែល​កំពុងសិក្សា នីហ្វៃទី ៣ ១១°។ ការ​អនុវត្ត​ជំនាញ​នេះ​ឡើងវិញ​ម្តង​ហើយ​ម្តងទៀត អាច​ជួយ​ដល់​សិស្ស​នៅក្នុង​ការ​បង្កើន​សមត្ថភាព​របស់​ពួកគេ​នៅក្នុង​ការប្រើប្រាស់​វា ។

សូម​បង្ហាញ​អំពី​សំណួរ និង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ណា​ដែល​ពួកគេ​ចង់​សិក្សា ហើយ​សុំ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ទៅលើ​សំណួរ​នេះ​នៅ​ពេល​ដែល​ពួកគេ​សិក្សា ។ សិស្ស​អាច​ឆ្លើយ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ​នៅក្រោម « ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី ៣ » ។

សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​រៀន​តែម្នាក់ឯង ឬ​ដោយ​ស្ងៀមស្ងាត់​ជាមួយដៃ​គូម្នាក់ ។

  • តើ​ពេលវេលា​មួយណា​ដែលមាន​លក្ខណៈពិសេស​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​អ្វីខ្លះ​បាន​ធ្វើ​ឲ្យ​អ្នកចាប់​អារម្មណ៍​ចំពោះ​របៀប​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ការងារបម្រើ ?

  • តើ​ព្រះបន្ទូល និង​សកម្មភាព​របស់ទ្រង់​មាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​របស់អ្នក​ចំពោះ​ទ្រង់​ដោយ​របៀប​ណា ?

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាង​ក្រោមនេះ ហើយ​ទុក​ពេល​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ទាំងនោះ​មុន​នឹងឆ្លើយ ។

  • ប្រសិនបើ​អ្នក​បាន​មាន​វត្តមាន​នៅ​ទីនោះ តើ​បទពិសោធន៍​នេះ​មាន​ឥទ្ធិពល​ចំពោះ​ទំនាក់ទំនង​របស់អ្នក ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទជា​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

  • តើ​អ្នក​គិតថា ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​នូវ​ចិត្ត​អាណិតអាសូរ​ចំពោះ​យើង​នៅថ្ងៃនេះ​ដោយ​របៀបណា ?

  • តើ​អ្នក​ទទួល​បាន​អារម្មណ៍​ជំរុញ​ទឹកចិត្ត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

ប្រសិនបើ​មាន​ពេល សូម​ពិចារណា​ច្រៀង​ទំនុកតម្កើង​អំពី​សេចក្ដីស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍​មួយចំនួន​រួមមាន « ព្រះយេស៊ូវ​អើយ​គ្រាន់តែ​នឹកឡើង » ( ទំនុកតម្កើង ល.រ. ៨០ ) « Precious Savior, Dear Redeemer » ( ទំនុកតម្កើង ល.រ. ១០៣ ) និង « ក្តីស្នេហ៍​ព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៥៩ ) ។

ប្រសិនបើ​មាន​ឱកាស​សមរម្យ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​អំឡុង​ពេល​សិក្សា​មេរៀន​នៅថ្ងៃនេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្វែងរក​ភស្តុតាង​អំពី​សេចក្តីអាណិត​អាសូរ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។