ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៤:១៧–៤១ ⁠៖ ជីវិតនេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ


« អាលម៉ា ៣៤:១៧–៤១ ⁠៖ ជីវិតនេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៤:១៧–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៤:១៧–៤១

ជីវិត​នេះ​គឺជា​ពេល​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ

រូបភាព
នាឡិកា​ខ្សាច់

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា⁠ តើ​ការជួប​ព្រះវរបិតាសួគ៌​បន្ទាប់​ពី​ជីវិត​នេះ​មាន​សភាព​បែប​ណា​ទៅ ? អាមូលេក បានរំឭក​ពួកសាសន៍​សូរាំ​ថា « ជីវិត​នេះ​គឺជា​ពេល​វេលា … ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ( អាលម៉ា ៣៤:៣២ ) និង​បានអង្វរ​កុំ​ឲ្យ​ពួកគេ​ពន្យារ​ពេល​ប្រែចិត្ត​របស់​ពួកគេ​ឡើយ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ខិតខំ​ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។

ជួយ​សិស្ស​ឲ្យ​មើល​ពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​ចង្អុលបង្ហាញ​ពួកគេ​ឲ្យ​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​កំពុង​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ សូម​ភ្ជាប់​សេចក្តីពិត​ទាំងនេះ​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ផ្តល់​ឧទាហរណ៍​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​អាច​ជួយ​សិស្ស​ឲ្យ​ទទួលបាន​ព្រះចេស្ដា សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ហើយ​ជ្រើសរើស​រស់នៅ​តាម​សេចក្តីពិត​ទាំងនេះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៤:៣២ ហើយ​គិត​អំពី​របៀប​ដែលពួកគេ​អាចធ្វើតាម​ការប្រឹក្សា​នៅក្នុង​ខគម្ពីរ​នេះ​បាន ។ ពួកគេអាច​សរសេរ​នូវ​របៀប​ខ្លះៗ​ដែលពួកគេ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ និង​ការផ្លាស់ប្ដូរ​ដែលពួកគេ​អាចធ្វើបាន ដែលនឹងជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បានកាន់តែ​ល្អ​ប្រសើរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សារៈសំខាន់​នៃ​ការប្រុងប្រៀប​ខ្លួន

សូម​គិត​អំពី​អ្វីមួយ​ដែល​អ្នក​ត្រូវ​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការណ៍​នោះ​នៅក្នុង​ជីវិត​របស់​អ្នក ដូចជា​ការប្រឡង ការសម្ដែង ឬ​ព្រឹត្តិការណ៍​កីឡា​អត្តពលកម្ម​ជាដើម ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សំណួរ​ដូច​ខាងក្រោម​នេះ​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ ។

  • តើ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់​ប្រើ​ដើម្បី​ជួយ​អ្នក​​ឲ្យ​ប្រុងប្រៀប​ខ្លួន ?

  • តើ​មាន​អ្វីខ្លះ​ដែល​បានធ្វើ ឬ​អាច​នឹង​ធ្វើ​ឲ្យ​ការប្រុងប្រៀប​ខ្លួន​មាន​ការលំបាក ?

សូម​រំឭក​ថា អាលម៉ា និងអាមូលេក​បានផ្សព្វផ្សាយ​ទៅ​កាន់​ពួកសាសន៍​សូរាំ​មួយក្រុម ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាលា​ប្រជុំ​ដោយសារ​តែ​ភាព​ក្រីក្រ​របស់​ពួកគេ ។ ពួកសាសន៍​សូរាំ​ទាំងនេះ​មិន​ធ្លាប់​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ពីមុន​មក​ទេ ( សូមមើល អាលម៉ា ៣១:១៦ ) ដូច្នេះ​ទើប អាលម៉ា និង អាមូលេក បាន​ទូន្មាន​ពួកគេ​ឲ្យ​បង្កើត​ឲ្យ​មាន​កន្លែង​នៅក្នុង​ចិត្ត​ពួកគេ ដើម្បី​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​រីកចម្រើន​ឡើង ( សូមមើល អាលម៉ា ៣២:២៧–២៨; ៣៤:៤–៦ ) ។ ពេល​កំពុង​បង្រៀន​មនុស្ស​ទាំងនេះ អាមូលេក​បានចែកចាយ​អ្វីមួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រុងប្រៀប​ខ្លួន ។

សូមអាន អាលម៉ា ៣៤:៣២ ដោយ​រកមើល​អ្វី​ដែល​អាមូលេក បានបង្រៀន ។

អ្នក​ប្រហែលជា​អាច​ចង់​សរសេរ​សេចក្តី​ថ្លែងការណ៍​ជា​អក្សរដិត​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​នៃ​សេចក្តីពិត​នេះ​នៅក្នុង ខទី ៣២ ។

ផ្ដើមចេញ​ពី​ការបង្រៀន​របស់​អាមូលេក យើង​ដឹង​ថា ជីវិត​នេះ​គឺជា​ពេល​សម្រាប់​យើង​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។

  • តើ​អាកប្បកិរិយា និង​ឥរិយាបថ​អ្វីខ្លះ​ដែល​អ្នក​រំពឹង​ចង់​បាន​ពី​នរណា​ម្នាក់​ដែល​កំពុង​ប្រុងប្រៀប​ខ្លួន​ដើម្បី​ទៅជួប​នឹង​ព្រះ ?

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ធ្វើ​ស្វ័យ​វាយតម្លៃ​ដោយ​ការពិចារណា​លើ​គំនិត​ដូច​ខាងក្រោម ។ ពុំ​ចាំបាច់​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​នោះ​ទេ ។

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹងគិត​អំពី​អារម្មណ៍​របស់​អ្នក​អំពី​ការត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។ សូម​ពិចារណា​ថា តើ​អ្នក​កំពុង​ព្យាយាម​មានភាព​ស័ក្តិសម​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ​ដែរ​ឬទេ និង​ថាតើ​អ្វី​ទៅ​ដែល​អាច​បង្វែរ​អ្នក​ពី​គោលដៅ​នោះ​បាន ។ នៅពេល​អ្នកបន្ត​សិក្សា សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រុងប្រៀប​ខ្លួន​ទៅ​ជួបព្រះ​បាន​កាន់តែ​ប្រសើរ ។

របៀប​នានា​ដែល​យើង​អាច​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ

ការបង្រៀន​ជាច្រើន​របស់​អាមូលេក នៅក្នុង អាលម៉ា ៣៤ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​ប្រុងប្រៀប​ខ្លួន​ឥឡូវ​នេះ​ដើម្បី​ទៅជួប​នឹង​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ខាងក្រោម ដោយ​រកមើល​ការបង្រៀន​នានា​ដែល​អាច​ជួយ​ឲ្យ​យើង​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។ សូម​បែងចែក​សិស្ស​ជា​ក្រុមតូចៗ ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​ខគម្ពីរ​ជាក់លាក់​ឲ្យ​សិក្សា​ជាមួយ​គ្នា ។ ឧទាហរណ៍ ក្រុម​មួយ​អាចសិក្សា ខទី ១៧–២៧⁠ ក្រុម​ផ្សេង​ទៀត​អាច​សិក្សា​ខគម្ពីរ ២៨–៣៤⁠ ហើយ​ក្រុម​មួយ​ផ្សេង​ទៀត​អាច​សិក្សា​ខគម្ពីរ ៣៧–៤១ ។

សូម​ពិភាក្សា​គ្នា​ជាមួយ​សិស្ស​អំពី​អ្វី​ដែល​ពួកគេ​បានស្វែងយល់ នៅពេល​ពួកគេ​សិក្សា​ខគម្ពីរ​ទាំងនេះ ។ សំណួរ​ខាងក្រោម​នេះ​អាច​យក​មក​ប្រើប្រាស់​ធ្វើ​ជា​ផ្នែកមួយ​នៃ​ការពិភាក្សា​នេះ​បាន ៖

  • តើ​អាមូលេក​បានបង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​នឹង​ជួយ​អ្នក​ឲ្យ​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ​បាន ?

  • តើ​ការអនុវត្ត​តាម​របៀប​នៃ​ការបង្រៀន​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ប្រុងប្រៀប​ខ្លួន​ឲ្យ​មាន​ភាព​ស័ក្តិសម​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​នៃ​ព្រះ​វិញ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ និង​ព្រះរាជបំណង​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចេញពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​ហើយ​នោះ ?

ឧទាហរណ៍​នៃ​ការឆ្លើយតប​ដែល​សិស្ស​អាច​នឹង​ផ្តល់​ចំពោះ​សំណួរ​ពីមុនៗ​មាន​ជា​អាទី៍​ថា ⁠យើង​អាច​ចូល​ទៅជិត​ព្រះ​បាន ទោះជា​យើង​នៅ​ទីណា ឬ​យើង​ចង់​ទូលសូម​អ្វី​ក៏ដោយ ( សូមមើល ខទី ១៧–២៧ ) ។ ⁠ពួកគេ​ក៏​អាច​នឹង​ចង្អុលបង្ហាញ​ផងដែរ​ថា តើ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទានពរ​ដល់​យើង​លឿន​ប៉ុនណា នៅពេល​យើង​ប្រែចិត្ត ( សូមមើល ខទី ៣១ ) ។

កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការប្រែចិត្ត ។

សូម​មើល​សេចក្តី​ថ្លែងការណ៍​របស់​អាមូលេក នៅក្នុង ខទី ៣៣ ៖ « កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ទុក​ដល់​ទី​អវសាន​នោះ​ឡើយ » ។ សូម​ពិចារណា​គូស​ចំណាំ​ខគម្ពីរ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

  • ហេតុអ្វី​មនុស្ស​ខ្លះ​ព្យាយាម​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត ?

សូម​អាន អាលម៉ា ៣៤:៣៣–៣៥⁠ ដោយ​រកមើល​មូលហេតុ​ដែល​អាមូលេក បាន​ដាស់តឿន​ថា ⁠យើង​មិន​ត្រូវ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ឡើយ ។

វា​អាច​មាន​ប្រយោជន៍​ក្នុងការ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់​ពី​សំណួរ ឬ​កង្វល់​របស់​នរណា​ម្នាក់​ដែល​អាច​មាន បន្ទាប់ពី​ការអាន​ខគម្ពីរ​ទាំងនេះ ។ សូម​ពិចារណា​រៀបរាប់​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន ។ នៅពេល​សិស្ស​សិក្សា​ធនធាន​ឯកសារ​ខាងក្រោម ពួកគេ​អាច​នឹង​រកឃើញ​ការបង្រៀន​នានា​ដែល​នឹង​ជួយ​ដោះស្រាយ​សំណួរ ឬ​កង្វល់​ទាំងនោះ​បាន ។

យើង​ត្រូវ​បាន​បង្រៀន​ថា ការប្រែចិត្ត​អាច​ធ្វើឡើង​ក្នុង​ពិភព​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:៣១, ៣៣, ៥៨ ) ។ ប៉ុន្តែ ព្យាការី​ក្នុង​ព្រះគម្ពីរ និង​នៅ​ថ្ងៃ​ចុងក្រោយ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដែល​យើង​ប្រែចិត្ត​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។ អែលឌើរ មែលវិន ជេ បាឡឺដ [ ឆ្នាំ ១៨៧៣–១៩៣៩ ] ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​បង្រៀន ៖

វា​ងាយ​ស្រួល​ជាង​ដើម្បី​យក​ឈ្នះ​អំពើបាប ហើយ​បម្រើ​ព្រះអម្ចាស់ នៅពេល​សាច់ និង​វិញ្ញាណ​នៅ​ផ្គុំ​គ្នា​តែ​មួយ ។ នេះ​គឺជា​ពេល​ដែល​មនុស្ស​អាច​សម្រប​ខ្លួន ហើយ​ទទួល​ឥទ្ធិពល​បាន​ច្រើន ។ … ជីវិត​នេះ​គឺ​ជា​ពេលវេលា​ដើម្បី​ប្រែចិត្ត ។ ( មែលវិន ជេ បាឡឺដ ៖ Crusader for Righteousness ( ឆ្នាំ ១៩៩៦ ) ទំព័រ ២១២–២១៣ បាន​ដកស្រង់​នៅក្នុង​សម្រង់​របស់ ដាល្លិន អេក អូក « Cleansed by Repentance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៤ )

  • តើ ខទី ៣៣–៣៥ និង​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​ឲ្យ​អ្នក​យល់​អ្វីខ្លះ អំពី​មូលហេតុ​ដែល​យើង​មិន​ត្រូវ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​របស់​យើង ?

ការប្រែចិត្ត​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រុងប្រៀប​ខ្លួន​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។ សូម​ចាំ​ថា ព្រះអម្ចាស់​ប្រទាន​សេចក្តីមេត្តា​ករុណា​ពេញ​ដោយ​ក្តីស្រឡាញ់​ដល់​អស់​អ្នក​ដែល​ខិតខំ​ប្រែចិត្ត សូម្បីតែ​នៅពេល​ដែល​ពួកគេ​ពិបាក​យកឈ្នះ​លើ​អំពើបាប​ក៏ដោយ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ពេលខ្លះ​នៅក្នុង​ការប្រែចិត្ត​យើង នៅក្នុង​ការខិតខំ​ប្រចាំ​ថ្ងៃ​របស់យើង​ដើម្បី​ក្លាយខ្លួន​ឲ្យ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ យើង​ឃើញ​ថា​ខ្លួន​យើង​កំពុង​តស៊ូ​ជំនះ​ម្តងហើយ​ម្តងទៀត​ជាមួយនឹង​ការលំបាក​ដដែលៗ ។ …. សូម​កុំ​បាក់ទឹកចិត្ត​ឡើយ ។ បើ​អ្នក​កំពុង​ខិតខំ និង​ធ្វើការ​ដើម្បី​ប្រែចិត្ត នោះ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ហើយ ។ ( នែល អិល អាន់ឌើរសិន « Repent …. That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤១ )

មុន​នឹង​សួរ​សំណួរ​ខាងក្រោម សូម​អញ្ជើញសិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​កំពុងគេច​ពី​ការប្រែចិត្ត ដោយសារ​ហេតុផល​ផ្សេងៗ ដូចជា⁠ ការខ្មាសអៀន ឬ​កង្វះ​ឆន្ទៈ​ផ្លាស់ប្តូរ ។

ការរៀបចំ​គំនិត​របស់​ពួកគេ​ដោយ​ឆ្លើយ​សំណួរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់ពួកគេ មុនពេល​មាន​ការពិភាក្សា​សំណួរ​ទាំងនេះ​ក្នុង​ថ្នាក់​រៀន អាច​មាន​ប្រយោជន៍​ណាស់​សម្រាប់​សិស្ស ។

  • តើ​អ្នក​អាច​នឹង​ចែកចាយ​អ្វីខ្លះ ចេញ​ពី​ការបង្រៀន​របស់​អាមូលេក​នៅក្នុង អាលម៉ា ៣៤:៣០–៣៨ ដែល​អាច​នឹង​ជួយ​នរណា​ម្នាក់​ដែល​មាន​ការល្បួង​ឲ្យ​រង់ចាំ​រហូត​ដល់​ពេលក្រោយ​នៃ​ជីវិត​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្តូរ ?

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា ការប្រែចិត្ត​មាន​តម្លៃ បើ​ទោះបីជា​មាន​ហេតុផល​ជាច្រើន​ដែល​បុគ្គល​នេះ​ប្រហែលជា​មាន ដើម្បី​មិន​ធ្វើ​ការប្រែចិត្ត​ក៏​ដោយ​នោះ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​នឹង​លើក​ទឹកចិត្ត​បុគ្គល​នេះ​ឲ្យ​ប្រែចិត្ត​ក្នុងពេល​ឆាប់ៗ និង​ញឹកញាប់ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​អ្នក​បានពិភាក្សា​នៅថ្ងៃនេះ និង​អំពី​ជំនួយ​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ផ្តល់​ឲ្យ​សិស្ស នៅពេល​ដែល​ពួកគេ​ព្យាយាម​ប្រុងប្រៀប​ខ្លួន​បន្ថែមទៀត​ដើម្បី​ទៅ​ជួប​នឹង​ព្រះ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បានរៀន​ហើយ និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ​ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ និង​មិន​បង្អង់​ពេល​ដើម្បី​ប្រើចិត្ត ។ សូម​គិត​អំពី​សកម្មភាព​ដែល​អ្នក​ចង់ធ្វើ ដោយសារតែ​អ្វី​ដែល​អ្នក​បានសិក្សា​នៅថ្ងៃនេះ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។