ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—« ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—‹ ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០

« ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

រូបភាព
ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង

នៅក្នុង​មេរៀនមុន⁠ អ្នក​បានរៀន​អំពី​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ មេរៀននេះ​អាចជួយសិស្ស​ឲ្យទន្ទេញសេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនោះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ដោយ​ប្រើ​វគ្គបទគម្ពីរ​នេះ ។

សូម​ជួយ​សិស្ស​ឲ្យ​រៀន​ប្រើប្រាស់ « គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » ។ សូម​ខិតខំ​យោងទៅ​គោលការណ៍​នានា​ឲ្យ​ចំៗ​ឈ្មោះ ដើម្បី​សិស្ស​ដឹង​នៅពេល​ណា និង​របៀប​ណា​ដែល​កំពុង​មាន​ការប្រើ​គោលការណ៍​នោះ​នៅក្នុង​ការពិភាក្សា​ក្នុងថ្នាក់ ។

ការរៀបចំ​​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​សេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​នឹង​ជួយ​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា⁠ ពួកគេ​មិន​អាច​ទទួលបាន​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​ពួកគេ​បាន​ឡើយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « អាលម៉ា ៣៤:១–១៧ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាលម៉ា ៣៤:៩–១០ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

តើ​អ្នក​ធ្លាប់​សម្គាល់ឃើញ​ថា ការយល់​អ្វីមួយ​ក្នុង​ចិត្ត​អ្នក​ងាយស្រួលជាង​ការនិយាយ​ពន្យល់​វា​ដែរ​ឬ​ទេ ?⁠ គោលបំណង​មួយ​នៃ​គោលបំណង​ចំណេះចំណាន​ខាងគោលលទ្ធិ⁠​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ពន្យល់​គោលលទ្ធិ​ដែល​ចេញ​មកពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នោះ​ដោយ​ពាក្យ​ពេចន៍​អ្នកផ្ទាល់ ។

នៅក្នុង​ការសិក្សា​ថ្មីៗ​របស់អ្នក​អំពី អាលម៉ា ៣៤:៩–១០ អ្នក​បានរៀនថា បើ​គ្មាន​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​មនុស្សលោក​ទាំងអស់​នឹង​មាន​ការវង្វេង​ជារៀង​រហូត ។

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ ជា​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់​តាមរយៈ​ការចែកចាយ​សេចក្ដីណែនាំ​ខាងក្រោម ។

សូម​ស្រមៃ​ថា អ្នក​បាន​មាន​ឱកាស​ពន្យល់​ពី​អត្ថន័យ​នៃ អាលម៉ា ៣៤:៩–១០ ទៅ​នរណា​ម្នាក់​ដែល​ដឹង​តិចតួច​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។⁠ សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិនិត្យមើល​ខគម្ពីរ​ទាំងនេះ​ឡើងវិញ ហើយ​គូសចំណាំ ឬ​សរសេរ​ចូល​នូវ​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​ចង់​ឲ្យ​បុគ្គល​នេះ​យល់ ។

នៅពេល​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ហើយ សូម​ពិចារណា​ដាក់​ពួកគេ​ជាគូៗ ឬ​ក្រុមតូចៗ ហើយ​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​រៀន​ចែកចាយ​ការពន្យល់​របស់​ពួកគេ ។

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៤:៩–១០ គឺ៖ « ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​នេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ សូម​រៀបចំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ធ្វើការ​ពីរៗ​នាក់ ។ សិស្ស​ម្នាក់​អាច​នឹង​សូត្រ​ឡើងវិញ​នូវ​ពាក់​កណ្ដាល​ឃ្លា​ដំបូង បន្ទាប់មក​សិស្ស​ម្នាក់​ទៀត​នៅក្នុង​គូ​នោះ​អាច​នឹង​សូត្រ​ឡើងវិញ​ចាប់​ពី​ពាក់​កណ្ដាល​ឃ្លា​ចុងក្រោយ ។ បន្ទាប់មក ពួកគេ​ទាំងពីរ​អាច​នឹង​សូត្រ​សេចក្ដីយោង​បទគម្ពីរ​ទាំងអស់គ្នា ។ បន្ទាប់ពី​ធ្វើ​រឿងនេះ​ពីរបី​ដង​រួចហើយ សិស្ស​អាច​នឹងប្ដូរ​វេនគ្នា ហើយ​សូត្រ​ឃ្លា​ពាក់​កណ្ដាល​ទៀត​ឡើងវិញ ។

រៀន​អនុវត្ត

មុន​នឹង​ចែកចាយ​សាច់រឿង​ប្រឌិដ្ឋ​ខាងក្រោម​នេះ សូម​ពិចារណា​ស្នើ​សិស្ស​ឲ្យ​ប្រាប់​ឈ្មោះ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ចេញ​ពី​ការចងចាំ ។ សូម​សរសេរ​គោលការណ៍​នីមួយៗ​ដាក់លើ​ក្ដារខៀន នៅពេល​សិស្ស​និយាយ​ពី​វា ។ សូម​ពន្យល់​ថា ពួកគេ​នឹង​មាន​ឱកាស​ពិនិត្យមើល និង​រៀន​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ​នៅក្នុង​មេរៀន​នេះ ។

បន្ទាប់មក⁠ សូម​បង្ហាញ​សាច់រឿង​ប្រឌិដ្ឋ ឬ​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅចែក​មួយច្បាប់​ជា​សេចក្ដីយោង នៅពេល​ដែល​ពួកគេ​បំពេញ​សកម្មភាព​នេះ ។

សូម​ស្រមៃ​ថា មាន​គេ​ស្នើសុំ​ឲ្យ​អ្នក​បង្រៀន​មេរៀន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ថ្នាក់រៀន​នៃ​សាលា​ថ្ងៃអាទិត្យ​របស់អ្នក ។⁠ ដោយជា​ផ្នែក​មួយ​នៃ​ការរៀបចំ​របស់អ្នក អ្នក​ត្រូវ​ទាក់ទង​ទៅ​យុវនារី​ម្នាក់​នៅក្នុង​វួដ​របស់​អ្នក​ដែល​មាន​ឈ្មោះ​ថា អូលីវ ⁠ហើយ​ស្នើសុំ​ឲ្យ​គាត់​ចែកចាយ​គំនិត​គាត់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទានពរ​ដល់​ជីវិត​គាត់ ដោយសារ​ដង្វាយធួន​របស់ទ្រង់ ។

ការឆ្លើយតប​របស់ អូលីវ ⁠ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ។⁠ នាង​និយាយ​ថា « ប្រាប់​អ្នក​ឲ្យ​ត្រង់​ចុះ ខ្ញុំ​គិត​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​អស្ចារ្យ​សម្រាប់​មនុស្ស​ភាគច្រើន​បំផុត ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា វា​អាច​ប្រើ​បាន​ច្រើន​កម្រិត​ណា​ចំពោះ​ខ្ញុំ​តទៅ​ទៀត​ទេ ដោយសារ​កំហុស​មួយចំនួន​ដែល​ខ្ញុំ​បាន​ធ្វើ និង​កំពុង​បន្ត​សាង ។ មាន​អំពើបាប​មួយចំនួន​ដែល​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​នឹង​អាច​យក​ឈ្នះ​បាន​ឬ​អត់​នោះ​ទេ » ។

នៅពេល​ដែល​អ្នក​បន្ត​រៀបចំ​មេរៀន​អ្នក អ្នក​ក៏​បន្ត​គិត​ដល់​យោបល់​របស់ អូលីវ ⁠ហើយ​ចង់​ជួយ​គាត់​ផងដែរ ។⁠ សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​នឹង​ជួយ អូលីវ ជាមួយ​នឹង​បញ្ហាកង្វល់​របស់​នាង​បាន ។

សូម​ពិចារណា​រៀបចំ​ដាក់​សិស្ស​ជាក្រុម​តូចៗ ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​ផ្តោត​សំខាន់​លើ​គោលការណ៍​មួយ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។⁠ សិស្ស​អាច​នឹង​បង្កើត​បញ្ជី​មួយ​នៅលើ​ក្រដាស ឬ​នៅលើ​ក្ដារខៀន​អំពី​វិធី​ទាំងអស់​ដែល​ពួកគេ​គិត​ថា គោលការណ៍​នេះ​អាច​នឹង​ជួយ អូលីវ ឲ្យ​⁠ដោះស្រាយ​បង្ហាញ​នៅក្នុង​ស្ថានភាព​របស់​គាត់​បាន ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​មកពី​ក្រុម​នីមួយៗ​ឲ្យ​ឡើង​រាយការណ៍​ប្រាប់​ថ្នាក់​ទាំងមូល​អំពី​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា​គ្នា ។

តាម​ដែល​ត្រូវការ សំណួរ​ខាងក្រោម​ទាំងនេះ​អាច​ចែកចាយ​ជាមួយ​ក្រុម​ដើម្បី​ប្រើ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់ពួកគេ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​មាន​សកម្មភាព​ដ៏​ស្មោះត្រង់​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​គិត​ថា ⁠អូលីវ ⁠អាច​ធ្វើបាន​ដែល​អាច​នឹង​ជួយ​ដល់​គាត់ ?

  • តើ​អ្នក​អាច​បង្រៀន អូលីវ​ អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ដែល​អាច​នឹង​ជួយ​ឲ្យ​អូលីវ ⁠ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ? តើ​ការបង្រៀន​នៅក្នុង អាលម៉ា ៣៤:៩–១០ អាច​ជួយ​បាន​យ៉ាងដូចម្តេច ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ ⁠អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន​នោះ អ្នក​អាច​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃចំណេះចំណាន​ខាង​គោល​លទ្ធិ

ពិនិត្យមើល​គោល​គំនិត ឬ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច

វិធី​មួយ​ផ្សេងទៀត​នៃ​ការបង្រៀន​ផ្នែក​នេះ​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​រាយបញ្ជី​លើ​ក្ដារខៀន​នូវ​ការសន្មត​មិន​ត្រឹមត្រូវ​មួយចំនួន​ដែល អូលីវ​ អាច​នឹង​មាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួន​របស់ទ្រង់ និង​តួនាទី​របស់នាងក្នុង​ការទទួល​បាន​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ ។⁠ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ជួយ​អូលីវ ⁠គិតឡើងវិញ​ពី​កង្វល់​របស់នាង ( ឬ​គិត​ពី​រឿង​នេះ​តាម​របៀប​ខុសគ្នា ) ដោយ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​យល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួន​របស់ទ្រង់ និង​តួនាទី​របស់​យើង​ក្នុងការទទួល​បាន​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ទតមើល​កង្វល់​ដូច​ជា​កង្វល់​របស់​អូលីវ​⁠នេះ​⁠យ៉ាងដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​ការចងចាំ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះគឺ « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៤:១០ ) ⁠មាន​សារៈសំខាន់​ចំពោះ​អូលីវ ?

  • តើ​ការចងចាំ​ថា មនុស្ស​ទាំងអស់ នឹង​ធ្លាក់ ហើយ​វង្វេង បើ​គ្មាន​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ទេ​នោះ អាច​នឹង​ជួយ​នាង​ឲ្យ​មើលទៅ​កង្វល់​របស់នាង​​ខុសពី​មុន​​បាន​យ៉ាង​ដូចម្ដេច​ខ្លះ ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ ⁠អាច​នឹង​ពិនិត្យមើល​គោលគំនិត ឬ​សំណួរ​ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​អ្នក​អាច​អាន កថាខណ្ឌទី ៨ នៃ​ផ្នែក ៖ « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

  • តើ​ប្រភព​ដ៏​ទេវភាព​ដែល​បាន​តែងតាំង​ប្រភេទ​ណា​ដែល​អ្នក​នឹង​ផ្ដល់​អនុសាសន៍​ឲ្យ​អូលីវ ដើម្បី​ជួយ​នាង​ទទួល​បាន​ការណែនាំ និង​ការដឹកនាំ ? ហេតុអ្វី ?

  • បន្ថែម​ពី​លើ អាលម៉ា ៣៤:៩–១០ តើ​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​ណា​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​អូលីវ​បាន ? តើ​វិធី​នេះ​អាច​នឹង​ជួយ​នាង​បាន​យ៉ាងដូចម្តេច ?

ចំពោះ​គំនិត​ផ្សេងៗ​ទៀត​អំពី​របៀប​ដែល​អូលីវ​⁠អាច​នឹង​ខិតខំ​ស្វែងយល់​បន្តទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព នោះ​អ្នក​អាច​អាន កថាខណ្ឌទី ១១–១២ នៃផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារគោល​នៃចំណេះចំណាន​ខាង​គោល​លទ្ធិ  ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​នៅ​ថ្ងៃនេះ​ដែល​អាច​ប្រទានពរ​ដល់​ជីវិត​ពួកគេ ឬ​ជីវិត​នៃ​មនុស្ស​ដែល​ពួកគេ​ស្គាល់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ឱកាស​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​ព្រះគម្ពី​រទៅនឹង​ស្ថានភាព​ដែល​ពួកគេ​ប្រឈមមុខ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​មេរៀន​ខាងមុខ​ទៀត សូម​ជួយ​សិស្ស​ឲ្យ​រំឭក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៣៤:៩–១០ ឡើង​វិញ ៖ « ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

វិធី​មួយ​ដែល​អាច​ធ្វើ​ឡើង​គឺ​ត្រូវ​សរសេរ​តួអក្សរ​ដំបូងៗ​នៃ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​នេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​ចងចាំ​ពាក្យ​ដែល​ទាក់ទង​នឹង​អក្សរនីមួយៗ ។ សូម​អនុវត្ត​ការធ្វើ​បែបនេះ​ពីរបី​ដង​រហូត​ដល់​សិស្ស​អាច​សូត្រ​ឡើងវិញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចេញ​ពី​ការចងចាំ ។