ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៣ ៖ ការបង្រៀន​ដំណឹងល្អរបស់​​ព្រះអង្គសង្រ្គោះ


« អាលម៉ា ៣៣ ៖ ការបង្រៀន​ដំណឹងល្អរបស់​​ព្រះអង្គសង្រ្គោះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៣

អាលម៉ា ៣៣ ៖ ការបង្រៀន​ដំណឹងល្អរបស់​​ព្រះអង្គសង្រ្គោះ

រូបភាព
សិស្ស​កំពុងបង្រៀន​នៅ​ថ្នាក់សិក្ខាសាលា

តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​ចង់​ធ្វើតាម​ព្រះអម្ចាស់​ឲ្យបាន​កាន់តែ​ជិតស្និទ្ធ ប៉ុន្តែ​មិនដឹងថា​ត្រូវធ្វើអ្វី​ដែរទេ ?⁠ ពួក​អ្នកក្រីក្រ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ​បានសួរ​ទៅព្យាការី អាលម៉ា អំពីរបៀប​ដែល « គេ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​គេ » ( អាលម៉ា ៣៣:១ ) ។⁠ ការឆ្លើយតប​របស់ អាលម៉ា មាន​សារៈសំខាន់​ណាស់​ដែល​ពួកសិស្ស​ទាំងអស់​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវយល់ ។⁠ មេរៀន​នេះ​អាចធ្វើ​ឲ្យ​ការយល់ដឹង​របស់​អ្នកកាន់តែ​ស៊ីជម្រៅ​អំពី​ជំហាន​ទាំងឡាយ ដែលអ្នកអាច​ប្រកាន់យក​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​បាន​កាន់តែខ្លាំង​ឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ផ្តល់ឱកាស​ឲ្យ​សិស្ស​បង្រៀន ។⁠ សូមរកមើល​ឱកាស​ដែលត្រូវ​អនុញ្ញាត​ឲ្យសិស្ស​បង្រៀន​ផ្នែកនានា​នៃមេរៀន ។⁠ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យគិត​ពី​ថ្នាក់សិក្ខាសាលា​ថា​ជាកន្លែង​មួយ​ដ៏​មានសុវត្ថិភាព​សម្រាប់​ការអនុវត្ត​ការបង្រៀន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៣ នៅ​ផ្ទះ ហើយ​ជ្រើសរើស​ខគម្ពីរ ឬ​ក្រុម​ខគម្ពីរ​ដែល​ពួកគេ​ចង់​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សំណួរ​អំពី​ដំណឹងល្អ

សូម​ពិចារណា​អញ្ជើញ​សិស្សឲ្យ​ឆ្លើយសំណួរ​ខាងក្រោមនេះ​ជាមួយ​ដៃគូ ឬ⁠​ក្នុង​ក្រុមតូច​មួយ ។

  • បើ​អ្នក​មាន​ឱកាស​សួរ​ព្យាការីនៃព្រះ​អំពី​សំណួរមួយ ឬពីរនោះ តើ​អ្នកចង់ដឹង​អំពី​អ្វីខ្លះ ?⁠ ហេតុអ្វី ?

នៅក្នុង អាលម៉ា ជំពូកទី ៣២ ព្យាការី អាលម៉ា​បានអញ្ជើញ​ពួកសាសន៍សូរាំ​ឲ្យពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​តាមរយៈ​ការបណ្ដុះ​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្តពួ​កគេ ។⁠ ពួកគេ​បានឆ្លើយតប​ដោយ​ការសួរ​លោក​អំពី​សំណួរសំខាន់ៗ​មួយចំនួន ។

សូម​អាន អាលម៉ា ៣៣:១⁠ ដោយ​ការរកមើល​សំណួរ​ដែលពួកគេ​បានសួរ​ទៅព្យាការី ។⁠

  • នៅសព្វថ្ងៃនេះ ⁠តើ​អ្នក​គិតថា ក្មេងជំទង់​ម្នាក់​អាច​នឹង​ប្ដូរ​ពាក្យ​សួរ​សំណួរ​នេះ​ទៅជា​យ៉ាងណា​វិញ ៖ « តើ​គេ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​គេ​ដោយ​របៀប​ណា ? »

  • ដោយផ្អែក​លើអ្វី​ដែល​អ្នកដឹង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ⁠ តើអ្នក​នឹងឆ្លើយ​សំណួរនោះ​យ៉ាងដូចម្ដេច ?

ការអនុវត្ត​សេចក្តីជំនឿ​គឺ​មានន័យ​ច្រើនជាង​ការជឿ​សាមញ្ញៗ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទៅទៀត ។⁠ យើង​អនុវត្ត​សេចក្ដីជំនឿ នៅពេល​ដែលយើង​ធ្វើអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់ និង​ខិតខំ​ដើរតាម​ទ្រង់​ដោយ​មាន​ឆន្ទៈ ។⁠ អាលម៉ា​បានឆ្លើយតប​នឹង​សំណួរ​របស់​ពួកសាសន៍សូរាំ​⁠ដោយការបង្រៀន​ពួកគេ​នូវវិធី​ជាច្រើន​ដែល​យើង​អាច​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង​បាន ។

សូម​ជ្រើសរើស​យក​ជម្រើស​មួយក្នុង​ចំណោម​សំណួរ​ទាំងបីខាង​ក្រោម​ចេញពី​ការឆ្លើយតប​របស់​អាលម៉ា ដែល​អ្នក​ចង់​យល់ឲ្យ​បានកាន់តែ​ច្បាស់ ។⁠ សូម​រៀបចំ​ខ្លួន​ឲ្យ​ដូចជា​អ្នក​កំពុងតែ​ទៅបង្រៀន​មេរៀន​ដែល​មាន​រយៈពេល​ពី​ប្រាំ​ទៅ​ប្រាំពីរ​នាទី​អំពី​ជម្រើស​ដែល​អ្នក​ជ្រើសរើស ។ សូម​ពិចារណា​គិត​ដល់​នរណាម្នាក់​ដែល​អ្នកស្គាល់ ហើយ​រៀបចំខ្លួន​ឲ្យ​ដូចជា​អ្នក​កំពុង​ចែកចាយ​មេរៀន​នោះ​ជាមួយ​ពួកគេ ។ អ្នកអាច​នឹងចង់​ប្រើ​គំនិត​មួយចំនួន​ដែល​បានរាយ​នៅក្រោម​ផ្នែក « គំនិត​សម្រាប់​ការរៀបចំ​មេរៀន » ដែល​មាន​នៅពេល​ក្រោយ​ក្នុងមេរៀន​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​មេរៀន ។

សូម​ប្រាប់​សិស្ស​ថា​ ពួកគេ​នឹង​មាន​ឱកាស​បង្រៀន​មេរៀន​ដែល​ពួកគេ​បានរៀបចំ​ដល់​មិត្ត​រួមថ្នាក់​មួយក្រុមតូច ។⁠ សូម​ផ្តល់​ជម្រើស​ឲ្យ​សិស្ស​ដែលអាច​នឹងមាន​អារម្មណ៍​អន្ទះសា​ខ្លាំង ពេល​ដែល​គាត់​ត្រូវ​បង្រៀន​និយាយ​ឮៗ ។⁠ ការណ៍ទាំងនេះ​រួមមាន​ការផ្ដល់ចំណុច​សំខាន់ៗ​នៃ​មេរៀន​របស់​ពួកគេ ឬ​ការធ្វើការ​ជាមួយ​ដៃគូ​ដែល​មាន​ទំនុកចិត្ត ឬ​បទពិសោធន៍​ច្រើនជាង ។⁠ បើអ្នក​ជ្រើសរើស​មិនឲ្យ​សិស្សរៀបចំ⁠​មេរៀន​ទេ សូម​ពិចារណា​ប្រើគំនិត​ទាំងឡាយ​ដែល​មានបន្ទាប់ពី​ជម្រើស​នៃ​ការសិក្សា​នីមួយៗ អំពី​របៀប​ដើម្បី​បង្រៀន​ផ្នែកផ្សេងៗ​នៃ​មេរៀន​នេះ ។

វាអាចនឹង​ជួយ​សិស្សបាន បើអ្នក​ធ្វើជា​គំរូ​ដោយសង្ខេប​អំពី​របៀបរៀបចំ​មេរៀនខ្លី​មួយ ។⁠ បើមិនដូច្នោះ​ទេ​ អ្នក​អាចអញ្ជើញ​សិស្ស​ដែល​មាន​បទពិសោធន៍​ឲ្យ​ចែកចាយ​គំនិតតាមរយៈ​ការសួរ​សំណួរ​ដូចតទៅ​នេះ ៖ « ដោយផ្ដើមចេញ​ពី​បទពិសោធន៍​អ្នក តើជំហាន​ដំបូង​ក្នុង​ការរៀបចំ​មេរៀន​របស់​អ្នក​មាន​អ្វីខ្លះ ? » ឬ « តើ​ផែនការ​មេរៀន​ធម្មតា​មួយ មាន​លក្ខណៈ​យ៉ាងណា​ដែរ​ចំពោះ​អ្នក ? » ឬ « តើ​អ្នក​ទៅ​រក​ព័ត៌មាន​បន្ថែម​អំពី​ប្រធានបទ​របស់​អ្នក​នៅ​ឯ​ណា ? »

សូម​ពិចារណា​សរសេរ​ជម្រើសបី​ខាងក្រោម​នៅលើ​ក្ដារខៀន​ឲ្យ​សិស្ស​ជ្រើសរើស​យក​មួយ ។

ជម្រើសទី ១⁠ ៖ យើង​អាចអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះតាមរយៈ​ការថ្វាយបង្គំ​ទ្រង់នៅក្នុង​ការអធិស្ឋាន ។ អាលម៉ា ៣៣:៣–១១

បទគម្ពីរ​បន្ថែម​ដែល​ត្រូវពិចារណា ៖ អាលម៉ា ៣៤:១៧–២៧

បើអ្នក​សម្រេចចិត្ត​រើសយក​ជម្រើស​សិក្សា​ទី ១ ជា​ថ្នាក់រៀន​មួយ​ជំនួស​ការឲ្យ​សិស្ស​រៀបចំ​បង្រៀន​វា សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ពី​សេចក្ដីពិត​ដែល​ពួកគេ​បានរៀន​អំពី​ការអធិស្ឋាន​ពី​ខគម្ពីរ​ទាំងនេះ ។⁠ ⁠អ្នក​ក៏​អាច​ពិភាក្សា​អំពីការយល់​ខុសមួយចំនួន​ដែល​មនុស្ស​មាន​អំពី​ការអធិស្ឋាន ដែល​សេចក្តីពិត​ពី​ខគម្ពីរទាំងនេះ​បាន​លើកឡើង និង​កែតម្រូវ ។

ការអញ្ជើញសិស្ស​ឲ្យ​ស្វែងរក​សៀវភៅ​ទំនុកតម្កើង​ដើម្បី​រកបានឃ្លា​អំពី​ការអធិស្ឋាន ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ⁠​អាច​នឹង​មាន​ប្រយោជន៍​ផងដែរ ។⁠ ពួកគេ​អាច​នឹង​និយាយ​ប្រាប់​គ្នា​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​ពាក្យ​បទចម្រៀង​នេះ​ឆ្លុះបញ្ចាំង​ឲ្យឃើញ ។

ជម្រើសទី ២ ⁠៖ យើងអាច​អនុវត្ត​សេចក្ដីជំនឿ​បានតាមរយៈ​ការជឿលើ​ព្រះរាជបុត្រា​របស់ព្រះ ។⁠ អាលម៉ា ៣៣:១២–១៨

បទគម្ពីរ​បន្ថែម​ដែល​ត្រូវ​ពិចារណា⁠ ៖ យ៉ូហាន ៣:១៦; នីហ្វៃទី⁠២ ២:៦–៨

បើ​អ្នក​សម្រេចចិត្ត​រើសយក​ជម្រើស​សិក្សា​ទី ២ ជាថ្នាក់រៀន​មួយ​ជំនួស​ការ​ឲ្យ​សិស្ស​រៀបចំ​បង្រៀន​វា សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ អាលម៉ា ៣៣:១៤, ១៨ ។ បន្ទាប់មក សូម​ស្នើឲ្យ​សិស្ស​ស្វែងរក និងចែកចាយ​វគ្គបទគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ​ចេញពី​គម្ពីរ​ណា​ក៏បាន ។ ពួកគេ​អាច​ប្រើបញ្ជី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដែលបាន​ពីវគ្គសិក្សា​ទាំងបួនជា​ធនធាន​បាន​ផងដែរ ប្រសិន​បើចាំបាច់ ។

ជម្រើសទី ៣ ⁠៖ យើង​អាចអនុវត្ត​សេចក្ដីជំនឿ​តាមរយៈ​ការមើល​ទៅ​គ្រីស្ទ​ដើម្បី​ទទួល​បាន​ការព្យាបាល ។ អាលម៉ា ៣៣:១៨–២៣

បទគម្ពីរ​បន្ថែម​ដែល​ត្រូវពិចារណា⁠ ៖ ជនគណនា ២១:៤–៩; ហេលេមិន ៨:១៤–១៥

បើ​អ្នកសម្រេចចិត្ត​រើសយក​ជម្រើស​សិក្សា​ទី ៣ ជាថ្នាក់រៀន​មួយ​ជំនួស​ការឲ្យ​សិស្ស​រៀបចំ​បង្រៀន​វា សូម​ពិចារណា​បង្ហាញរូបភាព​ពី⁠​សៀវភៅ​រូបភាព​ដំណឹងល្អ « ម៉ូសេ និង​សត្វ​ពស់​លង្ហិន » ⁠និង⁠ « ការឆ្កាង » ⁠ខណៈពេល​ដែល​សិស្ស​កំពុង​អាន​វគ្គបទគម្ពីរ​ខាងលើ ។⁠ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ដែល​មនុស្ស​សព្វថ្ងៃ​នេះ​អាច​ជ្រើសរើស​មិនមើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ទទួល​បាន​ការព្យាបាល​ខាង​វិញ្ញាណ និង​ធនធាន​នានា​ដែល​មនុស្ស​អាចរកមើល​ជំនួសវិញ ។⁠ សូម​សួរសិស្ស​អំពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មនុស្សម្នាក់​ដែល​ចង់ដឹង​ថា តើ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ជា​អាច​ជួយ​ពួកគេ​បាន​ឬអត់ ។

បើ​សិស្ស​ត្រូវ​ធ្វើ​ការរៀបចំ និង​បង្រៀន​មេរៀន សូម​ពិចារណា​ផ្ដល់​សំណៅចែក​ឲ្យ​សិស្ស​ខាងក្រោម​ដើម្បី​ជួយ​ដល់​ការត្រៀម​រៀបចំ​របស់ពួកគេ ។

លើសពីនេះ សូម​ពិចារណា​ចែក​ឲ្យ​សិស្ស​នូវ​ឯកសារ​ដែល​ទាក់ទង​នៅក្នុង​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » តាមដែលចាំបាច់ ។

គំនិត​សម្រាប់​ការរៀបចំ​មេរៀន

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៣៣ ៖ ការបង្រៀន​ដំណឹងល្អ​របស់​ព្រះអង្គសង្រ្គោះ »

តើ​ជម្រើស​មួយណា​ដែល​អ្នក​ជ្រើសរើស​ផ្តោត ?

សូម​ពិចារណា​ប្រើ​ការក្រើន​រំឭក​មួយចំនួន​ខាងក្រោម​ដើម្បី​ជួយ​ឲ្យ​អ្នក​រៀបចំ​គម្រោង​មេរៀន​របស់អ្នក ។

ឃ្លា​គន្លឹះ​មកពី​ខគម្ពីរ​ដែល​អ្នក​អាច​នឹង​ណែនាំ​ដល់​មនុស្ស​ដែល​អ្នក​បង្រៀន​ឲ្យ​គូសសម្គាល់​បាន ៖

អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​ឲ្យ​យល់ ឬ​មាន​អារម្មណ៍គិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ៖

របៀប​ដែល​សេចក្ដីពិត​នេះ​អាច​នឹង​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ៖

មេរៀន​ប្រើ​វត្ថុ​បង្ហាញ ឬ​គំរូល្អៗ​នៃ​បុគ្គល​ដែល​កំពុងរស់នៅ​តាម​សេចក្តីពិត​នេះ ៖

សំណួរ​ដែល​អ្នក​អាច​នឹង​សួរ​ដើម្បី​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​ឲ្យ​សញ្ជឹងគិត​អំពីអ្វី​ដែល​អាលម៉ា​បានបង្រៀន ៖

បទពិសោធន៍​ដែល​អ្នក​មាន​អំពី​អ្វី​ដែល​អាលម៉ា​បានបង្រៀន ៖

បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​បន្ថែម​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖

អ្វី​ដែល​អ្នក​អាច​នឹង​អញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន​ឲ្យ​ធ្វើ​ ដោយសារ​អ្វី​ដែល​ពួកគេ​បានរៀនហើយ ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្តូរវេន​គ្នា​បង្រៀន​មេរៀន​របស់​ពួកគេ​ដល់​ដៃគូ ឬ​ក្រុមតូចៗ ។⁠ សូម​ប្រយ័ត្ន​កុំបង្ខំ​សិស្ស​ដែល​មាន​អារម្មណ៍​អន្ទះសា​ខ្លាំង ពេល​ដែល​ពួកគេ​ត្រូវ​បង្រៀន​ឮៗ ។⁠ សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​បង្រៀន​ថ្នាក់ទាំងមូល ។

សូម​ពិចារណា​ដោយ​ការអធិស្ឋាន​ពី​របៀប​ដែល​អ្នក​អាច​នឹង​ចែកចាយ​អ្វី​ដែល​អ្នកបានរៀន ជាមួយ​មនុស្ស​ដែល​អ្នក​គិត​ដល់​នៅក្នុង​ចិត្ត​អ្នក នៅពេល​អ្នក​រៀបចំ​មេរៀននេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ពី អាលម៉ា ៣៣ នៅក្នុង​ថ្នាក់រៀន​ដោយ​ប្រើ​សំណួរ​ដូចខាងក្រោម ៖

  • តើ​ការយល់ដឹង​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​មកពី​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​សព្វថ្ងៃនេះ ?

  • តើ​ការរៀបចំ​មេរៀន​អំពី​រឿង​នេះ⁠​ជួយ​អ្នក​ឲ្យ​ទទួល​បានការយល់ដឹង​⁠ទាំងនោះ​ដោយរបៀបណា ?

អ្នក​អាច​នឹង​ចែកចាយ​ការយល់ដឹង​⁠ដ៏​មា​នអត្ថន័យ​ពី អាលម៉ា ៣៣ ដែល​អ្នក​បានទទួល​នៅពេល​ដែល​អ្នកបាន​រៀបចំ​បង្រៀន​មេរៀន​នេះ ។