ថ្នាក់​សិក្ខាសាលា
អាលម៉ា ១០–១១ ៖ « ស្រប​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ »


« អាលម៉ា ១០–១១ ៖ ‹ ស្រប​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១០–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១០–១១

« ស្រប​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ »

រូបភាព
អាមូលេក និង ស៊ីអែសរ៉ុម

តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​បោកបញ្ឆោត​ដែរ​ឬ​ទេ ? តើ​អ្នក​ចាំ​ថា​អ្ន​កមាន​អារម្មណ៍​យ៉ាង​ណា​ទេ ? នៅពេល​ពួកលោក​កំពុងថ្លែង​ទីបន្ទាល់​ទៅកាន់​ប្រជាជន​អាំម៉ូណៃហា អាលម៉ា និង អាមូលេក ត្រូវ​ប្រឈមមុខ​នឹង​មនុស្ស​ដែល​ប្រើ​ការបោកបញ្ឆោត​ដើម្បី​ព្យាយាម​បញ្ឈប់​ពួកលោក ។ អាលម៉ា និង អាមូលេក​ដឹង​ពី​ការបោក​បញ្ឆោត​នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​ងាយ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ពី​សេចក្ដី​ពិត និង​ស្គាល់​ការបោកបញ្ឆោត​របស់​មារសត្រូវ ។

ការជួយ​សិស្ស​ភ្ជាប់​ព្រះ​គម្ពីរ​ទៅនឹង​ជីវិត​របស់​ពួកគេ ។នៅពេល​សិស្ស​ភ្ជាប់​អ្វី​ដែល​ពួកគេ​បានអាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ទៅនឹង​ស្ថានភាព​របស់​ពួកគេ នោះ​ពួកគេ​កាន់តែ​មាន​កម្លាំងចិត្ត​ដើម្បី​រៀន និង​អនុវត្ត​តាម​ការបង្រៀន​ដំណឹងល្អ ។ ពួកគេ​ក៏​អាច​មើលឃើញ​ពី​របៀប​ដែល​បទគម្ពីរ​ផ្តល់​នូវ​ចម្លើយ និង​ការណែនាំ​ដើម្បី​នាំផ្លូវ​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ការរៀប​ចំ​សិស្ស ៖ សូម​ឲ្យ​សិស្យ​សញ្ជឹងគិត​ពី​របៀប​ដែល​សាតាំង​អាច​នឹង​ព្យាយាម​បញ្ឆោត​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ប្រយ័ត្ន​នឹង​អំពើ​អាក្រក់

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់បាន​ចែកចាយ​ដំណើររឿង​ខាងក្រោម​របស់​មិត្ត​ម្នាក់ ដែល​ធ្វើការ​ជា​អ្នកស៊ើបអង្កេត​សម្រាប់​រដ្ឋាភិបាល​សហរដ្ឋ ។ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​ពី​បទពិសោធន៍​នេះ​អំពី​ការចៀស​វាង​ពី​ការបោកបញ្ឆោត ។

មិត្តភក្តិ​របស់​ខ្ញុំ​បានស៊ើបអង្កេត​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំ​ដឹកជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់​ចូលទៅ​សហរដ្ឋ ។

មាន​គ្រា​មួយ គាត់ និង​ភ្នាក់ងារ​ម្នាក់​ទៀត​បាន​ទៅ​ជិត​បន្ទប់ជួល​មួយ​ដែល​ពួកគាត់​គិតថា ឈ្មួញ​គ្រឿងញៀន​ម្នាក់​ដ៏​ល្បី​កំពុងចែកចាយ​ថ្នាំ​កូកាអ៊ីន ។ មិត្តភក្តិ​របស់​ខ្ញុំ​រៀបរាប់​អំពី​អ្វី​ដែល​បានកើតឡើង ៖

« យើង​បាន​គោះទ្វារ​ផ្ទះ​ឈ្មួញ​គ្រឿងញៀន​នោះ ។ ជនសង្ស័យ​បានបើកទ្វារ ហើយ​ពេលឃើញ​យើង​ក៏​ព្យាយាម​លាក់​កុំ​ឲ្យ​យើង​ឃើញ ។ ប៉ុន្តែ​វា​យឺត​ពេល​ហើយ យើង​អាច​ឃើញ​ថ្នាំ​កូកាអ៊ីន​នៅ​លើ​តុ​របស់គាត់ ។

បុរស និងស្ត្រី​ម្នាក់​ដែល​នៅ​ឯ​តុ​បាន​ចាប់ផ្តើម​យក​ថ្នាំ​កូកាអ៊ីន​ចេញភ្លាម ។ យើង​ត្រូវ​រារាំង​ពួកគេ​មិន​ឲ្យ​បំផ្លាញ​វត្ថុតាង ដូច្នេះ​ខ្ញុំ​ក៏ប្រញាប់​រុញ​ជនសង្ស័យ​គ្រឿងញៀន​ដែល​កំពុង​បិទទ្វារ​នោះ​ទៅ​ជ្រុង​ម្ខាង ។ ពេល​ខ្ញុំ​រុញគាត់ ភ្នែក​របស់​ខ្ញុំ​បាន​មើល​ចំ​ភ្នែក​គាត់ ។ ចម្លែកណាស់ គាត់​មិន​បាន​បង្ហាញ​ការខឹង ឬ​ភ័យខ្លាច​ឡើយ ។ គាត់​កំពុង​ញញឹម​ដាក់​ខ្ញុំ ។

កែវភ្នែក និង​ស្នាមញញឹម​របស់គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​គ្មាន​បង្ក​គ្រោះថ្នាក់​ទេ ដូច្នេះ​ខ្ញុំ​ក៏​ចេញពី​គាត់​យ៉ាងលឿន ហើយ​ចាប់ផ្តើម​ឆ្ពោះ​ទៅរក​តុ ។ ឥឡូវ ជនសង្ស័យ​នៅពី​ក្រោយ​ខ្ញុំ ។ ភ្លាមៗ​នោះ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង និង​ប្លែក​ក្នុង​គំនិត​របស់​ខ្ញុំ ៖ ‹ ប្រយ័ត្ន​នឹង​អំពើ​អាក្រក់​នៅពី​ក្រោយភ្នែក​បង្កប់​ស្នាម​ញញឹម › ។

ខ្ញុំ​បាន​បែរ​ទៅរក​ជនសង្ស័យ​ភ្លាម ។ ដៃ​របស់​គាត់​បាន​ដាក់​ក្នុង​ហោប៉ៅ​ធំ​មុខ​របស់​គាត់ ។ ដោយ​ពុំ​បាន​គិត​ច្រើន ខ្ញុំ​ចាប់​ដៃ​គាត់ ហើយ​ទាញ​ដៃ​គាត់​ចេញ​ពី​ហោប៉ៅ​របស់​គាត់ ។ ពេលនោះ​ទើប​ខ្ញុំ​ឃើញ​ថា ដៃគាត់​កាន់កាំភ្លើង​ខ្លី​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​ត្រៀមបាញ់ ។ សកម្មភាព​ច្របូក​ច្របល់​បានកើតឡើង ហើយ​ខ្ញុំ​បានដក​អាវុធ​ចេញពី​បុរស​នោះ » ។ ( នែល អិល អាន់ឌើរសិន « Beware of the Evil behind the Smiling Eyes » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៦ )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចំពោះ​បទពិសោធន៍​ដែល​អែលឌើរ អានឌើរសិន បានចែកចាយ ?

  • តើ​​សាតាំង​អាច​នឹង​ព្យាយាម​បោក​បញ្ឆោត​យើង​នៅ​សព្វថ្ងៃ​នេះ​តាមរបៀប​ណា​ខ្លះ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅលើ​ក្ដារខៀន ។

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​វិធី​ដែល​អ្នក​អាច​ស្គាល់​ការបោក​បញ្ឆោត ដើម្បី​អ្នក​អាច​ចៀសវាង​ពី​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ខាងវិញ្ញាណ ។

ការព្រមាន​ពី​ការបោក​បញ្ឆោត

ជំនួស​ឲ្យ​គម្រោង​ខាងក្រោម អ្នក​អាច​ផ្ដល់​ឲ្យ​សិស្ស​នូវ អាលម៉ា ១០:១៥–១៧; ១១:២១–២៥; ១២:២–៧ ជាមួយ​នឹងការអញ្ជើញ​ឲ្យ​ឆ្លើយ​សំណួរ​ដូចខាងក្រោម ៖ តើ​បាន​ប្រើប្រាស់​ការបោក​បញ្ឆោត​អ្វី ? តើ​វា​បាន​បង្ហាញ​ដោយ​របៀប​ណា ?

នៅពេល​អាមូលេក​បានថ្លែង​ទីបន្ទាល់​ទៅកាន់​ប្រជាជន​អាំម៉ូណៃហា​ថា ព្រះ​ហៅ​លោក​ឲ្យ​បម្រើ នោះមនុស្ស​មួយចំនួន​បានភ្ញាក់ផ្អើល ( សូម​មើល អាលម៉ា ១០:១២ ) ។ លោក​ជា « មនុស្ស​ម្នាក់​ដ៏​ពុំ​ខ្វះ​មនុស្ស​រាប់​អាន » ( អាលម៉ា ១០:៤ ) ក្នុង​ចំណោម​ប្រជាជន​របស់លោក ហើយ​លោក​បានចូលរួម​ជាមួយ​អាលម៉ា​ក្នុង​ការថ្លែង​ទីបន្ទាល់​ប្រឆាំងនឹង​ពួកគេ ។ ពួកមេធាវី​ជំនាញៗ​មួយចំនួន​ចង់​បញ្ឆោត​អាលម៉ា និង អាមូលេក ហើយ​រកប្រាក់​ក្នុង​ដំណើរការ​នេះ ( សូម​មើល អាលម៉ា ១០:១៣; ១១:២០ ) ។

សូម​អាន អាលម៉ា ១០:១៥–១៧ ដោយ​រកមើល​ថា តើ​អាមូលេក​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ពួកមេធាវី​ទាំងនេះ ។

  • តើ​តាម​វិធី​ណា​ខ្លះ​ដែល​ការបោក​បញ្ឆោត​ដូចជា « អន្ទាក់ ឬ​អង្គប់ ? » ( អាលម៉ា ១០:១៧ ) ។

នៅពេល​អ្នក​បន្ត​ការសិក្សា​របស់អ្នក សូម​រកមើល​ពី​របៀប​ដែល​អាមូលេក​អាច​យល់ឃើញ​ពី​គំនិត និង​អន្ទាក់​របស់​ពួកមេធាវី ។

ស៊ីអែសរ៉ុម​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​ដែល​ជា « មនុស្ស​ដែល​ស្ទាត់ជំនាញ​នឹង​មធ្យោបាយ​ទាំង​ឡាយ​នៃ​អារក្ស » ( អាលម៉ា ១១:២១ ) បានដាក់​អន្ទាក់ ។

សូម​អាន អាលម៉ា ១១:២១–២៥ ដោយ​រកមើល​ពី​របៀប​ដែល ស៊ីអែសរ៉ុម​ព្យាយាម​បោកបញ្ឆោត និង​ល្បួង អាមូលេក​ឲ្យ​បដិសេធ​ការមាន​ព្រះ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹងថា « ប្រាក់​ប្រាំមួយ​អុនតៃ » ( អាលម៉ា ១១:២២ ) គឺ​ស្មើ​នឹង​ប្រាក់ឈ្មួល​ប្រាំ​មួយ​សប្តាហ៍​របស់​មេធាវី ( សូម​មើល អាលម៉ា ១១:៣, ១១–១៣ ) ។

ដើម្បី​យល់​កាន់តែច្បាស់​អំពី​អ្វី​ដែល ស៊ីអែសរ៉ុម​ផ្តល់​ជូន​អាមូលេក សិស្ស​អាច​ចង់​ដឹង​ពី​ចំនួន​ប្រាក់​ដែល​មេធាវី​ម្នាក់​នៅ​ក្នុង​សហគមន៍​របស់អ្នក​រកបាន ក្នុង​រយៈពេល​ប្រាំ​មួយ​សប្តាហ៍ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ការ​ឆ្លើយតប​របស់​អាមូលេក ?

ទោះបីជា​អាមូលេក​បដិសេធ​ព្រះ​ក៏​ដោយ ក៏​ស៊ីអែសរ៉ុម​មិន​ដែល​មាន​បំណង​ចង់​ផ្តល់​ប្រាក់​ឲ្យ​លោក​ឡើយ គាត់​គ្រាន់តែ​ផ្ដល់​ឲ្យ​ដើម្បី​ព្យាយាម​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ និង « បំផ្លាញ » អាមូលេក​ប៉ុណ្ណោះ ( អាលម៉ា ១១:២៥ ) ។

ក្រោយមក អាលម៉ា​បានពន្យល់​ដល់​ស៊ីអែសរ៉ុម​ពី​របៀប​ដែល អាលម៉ា និង អាមូលេក អាច​យល់ឃើញ​ការបោក​បញ្ឆោត និង​អន្ទាក់​របស់គាត់ ។ សូម​អាន អាលម៉ា ១២:២–៧ ដោយ​ស្វែងរក​ចម្លើយ​នោះ ។

នៅពេល​សិស្ស​ចែកចាយ​អ្វីដែល​ពួកគេ​បាន​រកឃើញ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ។ បើ​សិស្ស​ពិបាក​ឆ្លើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ឡើង​វិញ​នូវ អាលម៉ា ១២:៣ ។

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ​ថា ព្រះ​អាច​ជួយ​យើង​ស្គាល់​ពី​ការបោកបញ្ឆោត​របស់​សាតាំង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​ដំណើររឿង​របស់​អែលឌើរ អាន់ឌើរសិន ជា​ឧទាហរណ៍​នៃ​គោលការណ៍​នេះ​យ៉ាងដូចម្ដេច ?

    ជំនួស​ឲ្យ​ការសួរ​សំណួរ​ខាងក្រោម សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​រៀនពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​ប្រាស្រ័យ​ទាក់ទង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ធនធាន​នៅ​ក្នុង​វង់ក្រចក​ខាងក្រោម ហើយ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ នៅពេល​ពួកគេ​ចែកចាយ សូម​ពិចារណា​សួរ​ថា « តើ​ការដឹង​ព័ត៌មាន​នេះ​អាច​ជួយ​យើង​យ៉ាងដូចម្តេច នៅពេល​យើង​ប្រឈមមុខ​នឹង​ការបោក​បញ្ឆោត ? »

  • តើ​ព្រះវិញ្ញាណបរិសុទ្ធ​ប្រាស្រ័យទាក់ទង​ជាមួយ​យើង​តាម​របៀប​ណា​ខ្លះ ? ( បើ​មាន​ប្រយោជន៍ សូម​ពិចារណា​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៣; ៩:៧–៩; ១១:១២ ឬ​សិក្សា « ព្រះវិញ្ញាណបរិសុទ្ធ » នៅ​ក្នុង Topical Guide ឬ​​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

  • តើ​ជម្រើស​ដែល​យើង​ធ្វើ​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​យើង ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ដោយ​របៀប​ណា ?

សូម​ពិចារណា​គូសចំណាំ​ឃ្លា​ណា​មួយ​នៅ​ក្នុង អាលម៉ា ១១:២២ ដែល​បង្ហាញ​ពី​ការតាំងចិត្ត​របស់​អាមូលេក​ក្នុង​ការ​ធ្វើតាម​ព្រះវិញ្ញាណ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ជម្រើស​នេះ​បាន​ជួយគាត់ ។

ការចៀសវាង​ការបោក​បញ្ឆោត​ដោយ​ការដឹង​ពី​សេចក្តីពិត

របៀប​មួយ​ដែល​សាតាំង​ខិតខំ​បោកបញ្ឆោត​យើង គឺ​ដោយ​ការធ្វើ​ឲ្យ​ការយល់ដឹង​របស់​យើង​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ការភាន់​ច្រឡំ ។

ជំនួស​ឲ្យ​ការអាន​ខគម្ពីរ​ខាងក្រោម​នេះ​ជា​ថ្នាក់ សូម​ពិចារណា​អញ្ជើញសិស្ស​ពីរនាក់​ឲ្យ​ឡើង​មក​មុខ​ថ្នាក់ ហើយ​អាន​ការសន្ទនា​របស់ អាមូលេក និង ស៊ីអែសរ៉ុម ។ សូម​ពិចារណា​បោះពុម្ព​អត្ថបទ​នេះ ហើយ​គូសចំណាំ​ផ្នែក​ទាំង​ពីរ​​ដោយ​លុបចោល​ឃ្លា​និទានកថា​ដូចជា « ហើយ​លោក​បាន​ឆ្លើយ​ថា » ( អាលម៉ា ១១:២៩ ) ។

សូម​អាន អាលម៉ា ១១:២៦–៣៧, ៤០–៤១ ដោយ​រកមើល​ការបង្រៀន​ខុសឆ្គង​របស់​ស៊ីអែសរ៉ុម​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​អាមូលេកបាន​ឆ្លើយតប ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​គូរ​តារាង​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារ​បស់អ្នក ។ នៅពី​ខាងក្រោម​ការបង្រៀន​នីមួយៗ សូម​សរសេរ​ឥរិយាបថ គំនិត ឬ​អាកប្បកិរិយា ដែល​ការបង្រៀន​នីមួយៗ​អាចនាំទៅ​ដល់ ។

សូម​ពិចារណា​គូរ​តារាង​ខាងក្រោមនេះ​នៅ​លើ​ក្ដារខៀន ។ នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គំនិត​របស់​ពួកគេ​នៅពី​ខាងក្រោម​ចំណងជើង​ដែល​ត្រឹមត្រូវ ។

ការបង្រៀន​ខុសឆ្គង ៖ ព្រះ​យេស៊ូវគ្រីស្ទ​នឹង​សង្គ្រោះ​យើង « ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់ [ យើង ] » ដោយ​គ្មាន​ការប្រែចិត្ត​( អាលម៉ា ១១:៣៤ ) ។

ការបង្រៀន​ត្រឹមត្រូវ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​សង្គ្រោះ​យើង​ពី​អំពើ​បាប​របស់​យើង នៅពេល​យើង​ងាក​ទៅរក​ទ្រង់​ដោយ​ស្មោះ ហើយ​ប្រែចិត្ត ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹងថា ព្រះ​យេស៊ូវ​គ្រីស្ទ​អាចសង្គ្រោះ​យើង ពី អំពើ​បាបរបស់​យើង ប៉ុន្តែ​មិនមែន ក្នុង អំពើ​បាប​របស់​យើង​ទេ ?

  • តើ​អ្នក​រៀន​អ្វីខ្លះ​ពី​របៀប​ដែល​អាមូលេក​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ស៊ីអែសរ៉ុម ?

សិស្ស​អាច​ប្រើ​ការបោក​បញ្ឆោត​ដែល​បាន​សរសេរនៅ​លើ​ក្ដារខៀន នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់​ក្នុង​សកម្មភាព​ខាងក្រោម ។

សូម​បង្កើត​បញ្ជី​ដែលមាន​យ៉ាងហោចណាស់​វិធី​ប្រាកដប្រជា​បីយ៉ាង ដែល​សាតាំង​អាច​នឹងបោក​បញ្ឆោត​ក្មេង​ជំទង់​នៅ​សព្វថ្ងៃ​នេះ ។ អ្នក​អាច​រួមបញ្ចូល​ការបោក​បញ្ឆោត​ដែល​អាមូលេក​បាន​ជួបប្រទះ ដូចជា​ជំនឿ​ខុសឆ្គង​អំពី​ព្រះ ការសន្យា​ផ្តល់​ទ្រព្យសម្បត្តិ ឬ​អំណាច ឬ​ការ​វាយប្រហារ​លើ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ ។ ការបោក​បញ្ឆោត​ដែល​អាច​កើត​មាន​ផ្សេងទៀត ដូចជា​ការ​ធ្វើ​ឲ្យ​អ្វីមួយ​ល្អ​ថា​ជា​អាក្រក់ ឬ​ផ្ទុយ​ពី​នោះ​វិញ ( សូម​មើល អេសាយ ៥:២០ ) និង​ការកុហក​ដែល​ថា ការ​ត្រូវ និង​ខុស​គឺ​គ្មាន​ទេ ( សូមមើល នីហ្វៃទី​២ ២៨:២២ ) ។

នៅជាប់​នឹង​វិធី​នីមួយៗ​ដែល​សាតាំង​អាច​ព្យាយាម​បោកបញ្ឆោត​យើង សូម​សរសេរ​យ៉ាងហោចណាស់​វិធី​មួយ ដែល​យើង​អាច​ស្វែងរក​ជំនួយ​ពី​ព្រះ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យកឈ្នះ​លើ​ការល្បួង​នោះ ។ សូម​សរសេរ​រឿង​ជាក់លាក់​ដែល​អ្នកដឹង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​អាច​ជួយ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​ពួកគេ​ទប់ទល់​នឹង​ការបោក​បញ្ឆោត ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​តួនាទី​របស់​ព្រះវិញ្ញាណបរិសុទ្ធ និង​ពរជ័យ​ដែល​ទ្រង់​អាច​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។