ថ្នាក់​សិក្ខាសាលា
អាលម៉ា ១២ ៖ ដួងចិត្ត​រឹងរូស ឬ​ទន់ភ្លន់


« អាលម៉ា ១២ ៖ ដួងចិត្ត​រឹងរូស ឬ​ទន់ភ្លន់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១២

ដួងចិត្ត​រឹងរូស ឬ​ទន់ភ្លន់

រូបភាព
អាលម៉ា អាមូលេក និង ស៊ីអែសរ៉ុម

តើ​អ្នក​គិតថា ការ​មាន​ដួងចិត្ត​រឹងរូស ឬ​ទន់ភ្លន់​ចំពោះ​ព្រះ​អម្ចាស់​មាន​ន័យ​ដូចម្ដេច ? នៅពេល ស៊ីអែសរ៉ុម ចាប់ផ្តើម​សួរ​អាលម៉ា និង​អាមូលេក​នូវ​សំណួរ​ដ៏​ស្មោះត្រង់ អាលម៉ា​បានបង្រៀន​ថា អ្នក​ដែល​គ្មាន​ដួងចិត្ត​រឹងរូស​អាច​រៀន​ការណ៍​របស់​ព្រះ​បាន ។ អាលម៉ា​បានបង្រៀន​ពី​ផែនការ​នៃ​សេចក្តីប្រោសលោះ ហើយ​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​វាយតម្លៃ​ដួងចិត្ត​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​វាយតម្លៃ​ដួងចិត្ត​របស់អ្នក និង​ឆន្ទៈ​របស់អ្នក​ក្នុង​ការទទួល​យក​បន្ទូល​របស់​ព្រះ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត ។សូម​ទុកពេល​ដល់​សិស្ស​ដើម្បី​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​គម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះចេស្តា​របស់ទ្រង់​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ព្រះ​គម្ពីរ និង​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​ផ្តល់​ច្បាប់​ចម្លង​នៃ​ស្វ័យ​វាយតម្លៃ​នៅក្នុង​មេរៀន​នេះ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​វាយតម្លៃ​ខ្លួនឯង ហើយ​សញ្ជឹងគិត​អំពី​របៀប​ដែល​ចម្លើយ​របស់​ពួកគេ​ជះឥទ្ធិពល​ដល់​ពួកគេ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ការប្រៀបធៀប​ដួងចិត្ត​ទៅនឹង​ដីឥដ្ឋ

សូម​ពិចារណា​ឲ្យ​សិស្ស​ពីរ​នាក់​ធ្វើ​អ្វី​មួយ​ចេញ​ពី​ដីឥដ្ឋ​ក្នុង​រយៈពេល​មួយ​នាទី ។ បើ​អាច​ធ្វើ​បាន សូម​ផ្តល់​ឲ្យ​ដីឥដ្ឋ​ទន់​ទៅ​សិស្ស​ម្នាក់ ហើយ​ម្នាក់ទៀត​ដី​ឥដ្ឋ​ស្ងួត ឬ​រឹង ។ បើ​មាន​ដីឥដ្ឋ​គ្រប់គ្រាន់​អ្នក​អាច​ឲ្យ​ដី​ឥដ្ឋ​បន្តិច​ទៅ​សិស្ស​គ្រប់​គ្នា​ក្នុង​ថ្នាក់​ដើម្បី​ធ្វើ​សកម្មភាព​នេះ ។

  • តើ​ការប្រើ​ដីឥដ្ឋ​ទន់ ឬ​រឹង​ជះឥទ្ធិពល​ដល់​សមត្ថភាព​របស់អ្នក​ក្នុងការ​បង្កើត​រូបរាង​វា​យ៉ាងដូចម្តេច ?

សូម​ពិចារណា​គូរ​រូប​បេះដូង​ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ។

រូបភាព
រូបបន្ទាត់​បេះដូង​រឹង និង​បេះដូង​ទន់​មួយ

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​គូររូប​បេះដូង​ពីរ​ដោយ​ដាក់​ស្លាក​មួយថា « ដួង​ចិត្ត​រឹងរូស » និង​មួយទៀត « ដួង​ចិត្តទន់ភ្លន់ » ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុងការ​ដឹង​ថា នៅក្នុង​បទគម្ពីរ ដួង​ចិត្ត​ជានិច្ចកាល​តំណាង​ឲ្យ « ចិត្ត និងឆន្ទៈ » របស់​នរណា​ម្នាក់ ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ចិត្ត » scriptures.ChurchofJesusChrist.org).

សូម​ប្រៀបធៀប​ចិត្ត​យើង​ទៅ​នឹង​ដីឥដ្ឋ ហើយ​ព្រះ​អម្ចាស់​ទៅនឹង​អ្នក​ដែល​សូន​វា ។ នៅពេល​អ្នកសិក្សា​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះ​អម្ចាស់​ដើម្បី​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើ​ការ​មាន​ដូងចិត្ត​រឹងរូស ឬ​ដួងចិត្ត​ទន់ភ្លន់​មាន​អត្ថន័យ​ដូចម្តេច ? ហេតុអ្វី​ស្ថានភាព​នៃ​ដួងចិត្ត​ខ្ញុំ​សំខាន់ ?

  • តើ​ខ្ញុំ​មាន​ដួងចិត្ត​រឹងរូស ឬ​ទន់ភ្លន់​ដោយ​របៀប​ណា ?

  • បើ​ដូងចិត្ត​ខ្ញុំ​រឹងរូស តើ​ខ្ញុំ​អាច​ស្វែងរក​ជំនួយ​ពី​ព្រះ​អម្ចាស់​ដោយ​របៀប​ណា​ដើម្បី​បន្ទន់​វា ?

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុងការ​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ដើម្បី​សិស្ស​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ពេញមួយ​មេរៀន ។ សិស្ស​មិនគួរ​រំពឹង​ថា នឹង​ឆ្លើយ​សំណួរ​ទាំងនេះ​នៅ​ចំណុច​នេះ​នៅក្នុង​មេរៀន​នោះទេ ។

នៅពេល​អ្នក​រៀន សូម​ពិចារណា​សរសេរ​កំណត់​ចំណាំ​នៅក្រោម​រូប​បេះដូង​នីមួយៗ ដែល​អ្នក​បានគូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

ដួង​ចិត្ត​រឹងរូស និង​ដួង​ចិត្ត​ទន់ភ្លន់

នៅពេល​អ្នក​ចាប់ផ្តើម​សិក្សា អាលម៉ា ១២ ជាមួយ​គ្នា វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុងការ​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​នឹកឃើញ​អំពី​ស៊ីអែសរ៉ុម និង​អន្តរកម្ម​របស់គាត់​ជាមួយ​នឹង​អាលម៉ា និង អាមូលេក ។

ស៊ីអែសរ៉ុម និង​អ្នក​ដទៃ​ទៀត​បាន​ព្យាយាម​បោក​បញ្ឆោត និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​អាលម៉ា និង អាមូលេក ដោយ​ការសួរ​សំណួរ​ដែល​មាន​គោលបំណង​ដាក់​អន្ទាក់​ពួកគេ ( សូមមើល អាលម៉ា ១១:២១ ) ។ អាមូលេក​បាន​ឆ្លើយតប​តាមរយៈ​ព្រះវិញ្ញាណ​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​អង្គសង្គ្រោះ និង​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ ( សូមមើល អាលម៉ា ១១:២៦–៤៦ ) ។ អាលម៉ា​បានពន្យល់​ថា លោក និង​អាមូលេក​បាន​ដឹង​ពី​ការបោក​បញ្ឆោត​របស់ ស៊ីអែសរ៉ុម​តាមរយៈ​ព្រះវិញ្ញាណ ( សូមមើល អាលម៉ា ១២:៣–៦ ) ។

សូម​អាន អាលម៉ា ១២:៧–៨ ដោយ​រកមើល​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​ស៊ីអែសរ៉ុម ។

  • តើ​ឃ្លា​អ្វី​ខ្លះ​ដែល​ប្រាប់​អ្នក​ថា ស៊ីអែសរ៉ុម​កំពុង​ផ្លាស់ប្តូរ ?

  • តើ​អ្នក​គិតថា ឥរិយាបថ​របស់​ស៊ីអែសរ៉ុម​អាច​មាន​ភាព​ខុសគ្នា​យ៉ាងណា​ចំពោះ​សមត្ថភាព​ទទួលបាន​ចម្លើយ ?

ដោយសារ​ស៊ីអែសរ៉ុម​ពិតជា​ចង់​ដឹង​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ អាលម៉ា​បានប្រើ​ឱកាស​នេះ​ដើម្បី​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តីប្រោសលោះ​របស់​ព្រះ ។ ទោះជា​យ៉ាងណាក៏​ដោយ អាលម៉ា​បាន​ព្រមាន​ស៊ីអែសរ៉ុម​ជា​លើក​ដំបូងថា ដួងចិត្ត​របស់​លោក​ត្រូវតែត្រឹមត្រូវ​នៅ​ចំពោះ​​ព្រះភ័ក្រ្ត​ព្រះ ។

នៅពេល​អ្នកអាន អាលម៉ា ១២:៩–១១ សូម​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​កើតឡើង ដោយសារ​តែ​ស្ថានភាព​នៃ​ដួងចិត្ត​របស់​យើង ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុងការ​ដឹងថា « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ គឺជា​សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​បាន​ដឹង​ដោយ​សារ​វិវរណៈ​ប៉ុណ្ណោះ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ » scriptures.churchofJesusChrist.org).

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​បានរៀន ។ សូម​សរសេរ​នៅ​លើ​ក្តារខៀន​នូវ​គោលការណ៍​ណាមួយដែល​ពួកគេ​ចែកចាយ ។

គោលការណ៍​ពីរ​ដែល​អ្នក​អាច​ស្វែងយល់​គឺ ( ១ ) បើ​យើង​គ្មាន​ចិត្ត​រឹងរូស ហើយ​យើង​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម នោះ​យើង​អាច​ស្គាល់​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​របស់​ព្រះ​ និង ( ២ ) បើ​យើង​មាន​ចិត្តរឹងរូស នោះ​យើង​នឹង​ទទួល​បាន​ព្រះបន្ទូល​របស់​ព្រះ​តិចជាង​មុន រហូត​ដល់​យើង​មិន​ដឹង​អ្វី​អំពី​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​របស់​ព្រះ​ឡើយ ។ សូម​ពិចារណា​សរសេរ​សេចក្តី​ពិត​នីមួយៗ​នៅជាប់​នឹង​រូប​បេះដូង ដែល​អ្នក​បានគូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ររបស់​អ្នក ។

ដើម្បី​ទទួលបាន​ការយល់ដឹង​កាន់តែ​ខ្លាំង​អំពី​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​រឹងរូស ឬ​អ្វីដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​អម្ចាស់​បន្ទន់​ដួងចិត្ត​យើង សូម​អាន​ខគម្ពីរ​មួយចំនួន​ដូច​ខាងក្រោម ។ នៅជិត​នឹង​រូប​បេះដូង​ដែល​ត្រូវគ្នា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​អ្វី​ដែល​អ្នករៀន ឬ​ឃ្លា​សំខាន់ៗ​ពី​ខគម្ពីរ​ទាំងនេះ និង​ខគម្ពីរ​ដែល​អ្នក​អាន​ពី អាលម៉ា ១២:៧–១១ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន​​នៅក្បែរ​រូប​បេះដូង​ទាំងពីរ នូវ​អ្វី​ដែល​ពួកគេ​បានរៀន ឬ​ឃ្លា​ពី​ខគម្ពីរ​ទាំងឡាយ ។ នៅ​ជិត​រូប​បេះដូង​ទន់ភ្លន់​សិស្ស​អាច​នឹង​ផ្ដល់​យោបល់ អំពី​គំនិត​ដូច​ខាងក្រោម​នេះ​មួយចំនួន​ដែលនាំ​ទៅរក​ដួងចិត្ត​ទន់ភ្លន់ ៖ « បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ » ( នីហ្វៃទី​១ ២:១៦ ), « សួរ … ដោយ​ចិត្ត​ព្យាយាម » អំពី​ដំណឹងល្អ ( អាលម៉ា ១២:៨ ), « ការ​យក​ចិត្ត​ទុកដាក់ និង​ការ​ព្យាយាម » ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ( អាលម៉ា ១២:៩ ) និង​ធ្វើ​អ្វីៗ​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅក្នុង​ជីវិត​របស់​យើង ( សូមមើល អាលម៉ា ២៤:៨ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ស្ថានភាព​នៃ​ដួងចិត្ត​របស់​យើង​មានការទាក់ទង​គ្នា ។ វិធី​មួយ​ក្នុងការ​ធ្វើ​បែបនេះ​ប្រហែលជា​ត្រូវ​អញ្ជើញ​សិស្ស​ពីរបី​នាក់​ស្ម័គ្រចិត្ត​ឲ្យ​ឆ្លើយ​សំណួរ​ជា​ក្រុម​ពិភាក្សា ។ ពួកគេ​អាច​អង្គុយ​លើ​កៅអី​នៅខាង​មុខបន្ទប់ ។ សូម​ពិចារណា​សរសេរ​សំណួរ​បី​ខាងក្រោម​នៅ​លើ​ក្ដារខៀន ។ សិស្ស​អាច​សួរ​សំណួរ​ទាំងនេះ ឬ​សំណួរ​ផ្សេងទៀត​ដើម្បី​ពិភាក្សា​អំពី​ភាពទាក់ទង​នៃ​ស្ថានភាព​ដួងចិត្ត​របស់​យើង ។

  • តើ​អ្នក​គិតថា វា​នឹង​មាន​សភាព​បែប​ណា​សម្រាប់​នរណា​ម្នាក់​សួរ​សំណួរ​ដោយ​មាន​ដួងចិត្ត​រឹងរូស​នោះ ? តើ​វា​នឹង​មាន​សភាព​បែប​ណា​ក្នុង​ការសួរ​ដោយ « យក​ចិត្ត​ទុកដាក់ និង​ការ​ព្យាយាម » ( អាលម៉ា ១២:៩ ) ចំពោះ​ព្រះអម្ចាស់ ?

  • ហេតុអ្វី​ពេលខ្លះ​យើង​អាច​មាន​អារម្មណ៍​ចង់​មាន​ដួងចិត្ត​រឹងរូស ?

  • ហេតុអ្វី​អ្នក​គិតថា ស្ថានភាព​​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះ​អម្ចាស់​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បែប​នេះ​ក្នុង​ជីវិត​របស់​យើង ?

ផែនការនៃ​សេចក្តី​ប្រោសលោះ​របស់​ព្រះអម្ចាស់

ដោយសារ​ស៊ីអែសរ៉ុម​ចាប់ផ្ដើម​មាន​បំណងប្រាថ្នាដើម្បី​យល់​អំពី​ការមាន​ព្រះជន្ម​រស់ឡើង​វិញ និង​ថ្ងៃ​ជំនុំ​ជម្រះ​ដោយ​ស្មោះត្រង់ នោះ​អាលម៉ា​បានបង្រៀន​គាត់​អំពី​ផែនការ​នៃ​សេចក្តីប្រោសលោះ​របស់​ព្រះ ។ លោក​បានបង្រៀន​ថា ជីវិត​នេះ​គឺ​ជា « ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » និង​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះ​អង្គសង្គ្រោះ​ក្នុងការ​យកឈ្នះ​លើ​អំពើ​បាប និង​សេចក្ដីស្លាប់​របស់​យើង ( សូមមើល អាលម៉ា ១២:១៦–១៨, ២៤–២៨, ៣៣ ) ។ លោក​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​គ្មាន​ដួងចិត្ត​រឹងរូស ។

សូម​ពិចារណា​អញ្ជើ្​សិស្ស​ឲ្យ​បិទភ្នែក នៅពេល​ពួកគេ​ធ្វើ​ដូចខាង​ក្រោម ។

សូម​ចំណាយពេល​មួយភ្លែត​ដើម្បី​ស្រមៃមើល​ថា តើ​វា​នឹង​មាន​សភាព​យ៉ាងណា​ក្នុងការ​ឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ នៅ​ឯ​ការជំនុំ​ជម្រះ​ចុងក្រោយ បន្ទាប់ពី​រស់នៅ​ដោយ​មាន​ចិត្តរឹងរូស ។ សូម​ស្រមៃ​ផង​ដែរ​ថា តើ​វា​នឹង​មាន​សភាព​បែបណា​បន្ទាប់​ពី​រស់នៅ​ជាមួយ​ដួងចិត្ត​ទន់ភ្លន់ ។

សូម​អាន អាលម៉ា ១២:១២–១៥, ៣៣–៣៧ ដោយ​រកមើល​ពី​របៀប​ដែល​ដួងចិត្ត​របស់​អ្នក​អាច​ទទួល​រង​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​នៅ​ឯ​ការជំនុំ​ជម្រះ​ចុងក្រោយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​នៅក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ។

ដូងចិត្ត​របស់​អ្នក

សូម​ជួយ​សិស្ស​ឲ្យ​ធ្វើការ​វាយតម្លៃ​ផ្ទាល់ខ្លួន​អំពី​ដួងចិត្តរបស់​ពួកគេ ។ ការណ៍នេះ​គួរតែ​ជា​បទពិសោធន៍​ឯកជន​សម្រាប់​សិស្ស​ម្នាក់ៗ ។ អ្នក​អាច​ប្រើការ​វាយតម្លៃ​ដូច​ខាងក្រោម ឬ​បង្កើត​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់​អ្នក​ផ្ទាល់ ។ អ្នក​អាច​ដាក់បង្ហាញ​សេចក្តី​ណែនាំ និង​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ហើយ​សិស្ស​អាច​កត់ត្រា​ការ​ឆ្លើយតប​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ដើម្បី​ជួយ​អ្នក​វាយតម្លៃ​ដួងចិត្ត​របស់អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅ​លើ​រង្វាស់​ពី ១ ដល់ ៥ ដែលលេខ ១ មានន័យថា « មិន​ពិត​ចំពោះ​ខ្ញុំ » និង​លេខ ៥ មានន័យ​ថា « ពិត​ចំពោះ​ខ្ញុំ​ជានិច្ច » ។

  • ខ្ញុំ​ចង់​បាន​ការណែនាំ​ពី​ព្រះ​វរបិតាសួគ៌​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ខ្ញុំ ។

  • ខ្ញុំ​ស្ម័គ្រ​ចិត្ត​គោរពតាម​ព្រះ​វរបិតាសួគ៌ ។

  • ខ្ញុំ​ទទួលយក​ការកែតម្រូវ ។

  • ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវការ​ជំនួយ​របស់​ព្រះ​អង្គសង្គ្រោះនៅក្នុង​ជីវិត​របស់​ខ្ញុំ ។

  • ខ្ញុំ​ស្ម័គ្រចិត្ត​ងាកទៅរក​ព្រះ​អង្គសង្គ្រោះ ហើយ​ប្រែចិត្ត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​មេរៀន​នេះ សូម​ចែកចាយ​ស្ឋានភាព​ប្រឌិដ្ឋ​ដូចខាងក្រោម ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ព្រះ​គម្ពីរ​ក្នុងការ​ឆ្លើយតប​របស់​ពួកគេ ។

សូម​ស្រមៃ​ថា បុគ្គល​ម្នាក់​មាន​អារម្មណ៍​ថា ពួកគេ​មាន​ដួងចិត្ត​រឹងរូស​តាម​របៀប​មួយចំនួន ហើយ​ចង់​ទទួលបាន​ជំនួយ​ពី​ព្រះ​អម្ចាស់​ដើម្បី​បន្ទន់​ដួងចិត្ត ។ តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ​ដើម្បី​ជួយ​ពួកគេ​ដោយ​របៀប​ណា ? អ្នក​ក៏​អាច​ចែកចាយ​គំរូ​ពី​ព្រះ​អង្គសង្គ្រោះ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក​ផង​ដែរ ។

សូម​ពិចារណា​បញ្ចប់​ដោយ​ការចែក​ទីបន្ទាល់​របស់អ្នក​អំពី​សេចក្តី​ពិត​នៅក្នុង​មេរៀន​នេះ និង​អំពី​សមត្ថភាព​របស់​ព្រះ​អម្ចាស់​ក្នុងការ​បន្ទន់​ដួងចិត្ត​របស់​យើង ដើម្បី​ទទួល​ព្រះ​បន្ទូល​របស់ទ្រង់​បន្ថែម​ទៀត ។