ថ្នាក់​សិក្ខាសាលា
អាលម៉ា ៨ ៖ ការស្តាប់ និង​ការគោរពតាម​ព្រះ​វរបិតាសួគ៌


« អាលម៉ា ៨ ៖ ការស្តាប់ និង​ការគោរពតាម​ព្រះ​វរបិតាសួគ៌ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៨

ការស្តាប់ និង​ការគោរពតាម​ព្រះ​វរបិតាសួគ៌

រូបភាព
អាលម៉ា និង អាមូលេក

ការគោរពតាម​ព្រះ​វរបិតាសួគ៌​អាច​ជា​ការលំបាក ប៉ុន្តែវា​នាំទៅរក​សុភមង្គល​ដ៏​អស្ចារ្យបំផុត ។ នៅ​ពេល អាលម៉ា និង អាមូលេក បានអនុវត្ត​សេចក្តីជំនឿ ហើយ​ធ្វើតាម​ការណែនាំ​របស់​ព្រះ នោះ​ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួកលោក និង​អ្នក​ដែល​នៅ​ជុំវិញ​ពួកលោក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ស្តាប់ និង​គោរពតាម​ព្រះ​វរបិតាសួគ៌​ក្នុង​ជីវិត​របស់អ្នក ។

សូម​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ ។ការស្តាប់​តម្រូវ​ឲ្យ​គ្រូបង្រៀន​ផ្តោត​លើ​តម្រូវការ​របស់​សិស្ស ច្រើនជាង​អ្វី​ដែល​មាន​នៅ​ក្នុង​គ្រោង​មេរៀន​បន្ទាប់ ។ សូម​មាន​ឆន្ទៈ​ក្នុង​ការញែកចេញ​នូវ​អ្វី​ដែល​អ្នក​បានគ្រោងទុក តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ហើយ​ស្តាប់​ការយល់ឃើញ​របស់​សិស្ស ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ដឹង​តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់អ្នក ថា​អ្នក​ចង់​ស្ដាប់​ពួកគេ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះ​វរបិតាសួគ៌​នូវ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​ដើរតាម​ទ្រង់​កាន់តែ​ពេញលេញ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ការ​ធ្វើតាម​ព្រះ​វរបិតាសួគ៌

បើវា​ទាក់ទង​នឹង​សិស្ស​ច្រើនជាង​ឧទាហរណ៍​ខាងក្រោម សូម​ចាប់ផ្តើម​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​រឿង​ពិបាក​ដែល​ព្រះ​អម្ចាស់​អាច​នឹង​ត្រាស់បង្គាប់​ពួកគេ​ឲ្យ​ធ្វើ ។

សូម​គិត​អំពី​អារម្មណ៍​របស់អ្នក បើ​ព្រះ​វរបិតាសួគ៌​បានសុំ​ឲ្យ​អ្នកធ្វើ​កិច្ចការ​ដូចខាងក្រោម ហើយ​ហេតុអ្វី​បានជា​អ្នក​នឹង​មាន​អារម្មណ៍​បែបនោះ ៖

  • ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់​ដែល​បាន​បដិសេធ​ការអញ្ជើញ​របស់អ្នក​កាល​ពី​អតីតកាល ។

  • ធ្វើជា​មិត្ត និង​ជួយ​នរណា​ម្នាក់​នៅ​ក្នុង​សាលា​របស់អ្នក​ដែល​គេ​មិន​ចូលចិត្ត ឬ​ត្រូវបាន​បដិសេធ ។

    សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ពី​អារម្មណ៍ និង​មូលហេតុ​របស់​ពួកគេ ។

  • តើ​បទបញ្ញត្តិ ឬ​ការបំផុស​គំនិត​អ្វីខ្លះ​ទៀត​ដែល​ព្រះ​វរបិតាសួគ៌​អាច​នឹង​ប្រទាន​ដល់​យើង​ដែល​អាចពិបាក​ទទួលយក និង​គោរពតាម ? ហេតុអ្វី​ស្ថានភាព​ទាំងនេះ​ពិបាក​ម្ល៉េះ ?

នៅ​ក្នុង​ជំពូក​ដែល​អ្នក​នឹង​សិក្សា​ថ្ងៃ​នេះ ព្រះ​បានណែនាំ អាលម៉ា​ឲ្យ​ប្រឈមមុខ​នឹងស្ថាន​ភាពស្រដៀង​នឹង​ស្ថានភាពប្រឌិដ្ឋ​ទីមួយ​ខាង​លើ ហើយ​អាមូលេក​បាន​ប្រឈមមុខ​នឹងស្ថាន​ភាពស្រដៀង​គ្នានឹង​ស្ថានភាព​ប្រឌិដ្ឋ​ទីពីរ ។ សូម​ចំណាយពេល​មួយភ្លែត​ដើម្បី​សញ្ជឹងគិត​ថា តើ​មាន​បទបញ្ញត្តិ ឬ​ការបំផុស​គំនិត​ពី​ព្រះ​ដែល​ពិបាក​សម្រាប់​អ្នក​ក្នុង​ការគោរពតាម​ឬ​អត់ ។ នៅ​ពេល​អ្នកសិក្សា សូម​រកមើល​របៀប​ដែល អាលម៉ា និង អាមូលេក បាន​យកឈ្នះ​លើ​ឧបសគ្គ​របស់​ពួកលោក ហើយ​ធ្វើតាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះ​វរបិតាសួគ៌​ដើម្បី​ដឹងពី​របៀប​ដែល​អ្នក​អាច​ស្តាប់ និង​ធ្វើតាម​ទ្រង់​កាន់តែ​ប្រសើរឡើង ។

វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស ក្នុង​ការធ្វើការ​ជាមួយ​នឹង​មិត្ត​រួមថ្នាក់​ម្នាក់​ដើម្បី​អាន និង​ចែកចាយ​ដំណើររឿង​របស់ អាលម៉ា និង អាមូលេក ដូចមាន​សរសេរ​នៅ​ក្រោម​ចំណងជើង​ខុស​គ្នា​ខាងក្រោម ។ ឬ​អញ្ជើញ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ឲ្យ​អាន​ដំណើររឿង​របស់​អាលម៉ា ហើយ​ពាក់កណ្តាល​ថ្នាក់​ទៀត​អាន​ដំណើររឿង​របស់​អាមូលេក ។ បន្ទាប់មក​សិស្ស​អាច​ចាប់​ដៃគូ​ជាមួយ​មិត្ត​រួមថ្នាក់ ដែល​អាន​ដំណើររឿង​ផ្សេងទៀត ហើយ​ពន្យល់​គ្នា​ទៅ​វិញ​ទៅមក​អំពី​អ្វីដែល​ពួកគេ​អាន ។ សូម​បង្ហាញ​សំណួរ​ដែល​ភ្ជាប់មក​ជាមួយ​ដើម្បី​សិស្ស​អាច​មើល​សំណួរ​នេះ​នៅ​ពេល​ពួកគេ​អាន ។

បទពិសោធន៍​របស់​អាលម៉ា

សូម​អាន អាលម៉ា ៨:៨–១៨ ដោយ​រកមើល​អ្វីដែល​ព្រះ​បាន​បង្គាប់​ឲ្យ​អាលម៉ា​ធ្វើ និង​មូលហេតុ​ដែល​វា​ពិបាក​សម្រាប់​លោក ។ សូម​ព្យាយាម​ស្រមៃមើល​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​នៅ​ពេល​អ្នក​អាន​វា ។ អ្នក​ប្រហែលជា​ចង់​មើលវីដេអូ « Alma and Amulek Are Delivered by the Power of God » ចាប់ពី​នាទី​ទី ០:៣៦ ដល់​នាទី​ទី ២:២២ ដែល​មាន​នៅ ChurchofJesusChrist.orgហើយ​ផ្ទៀងតាម​នៅ​ក្នុង​បទគម្ពីរ​របស់អ្នក ។

  • តើ​ឃ្លា​​នានានៅ​ក្នុង ខទី ១៤ បង្ហាញថា អាលម៉ា​មាន​អារម្មណ៍​យ៉ាងណា ពេលលោក​បាន​ទទួល​បញ្ជា​នេះ ?

  • តើ​ឃ្លា​នៅ​ក្នុង ខ​ទី ១៨ ពិពណ៌នា​ថា តើ​អាលម៉ា​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​គោរពតាម ?

  • ហេតុអ្វី​អ្នក​គិតថា អាលម៉ា​បាន​គោរពតាម​លឿន​ម៉្លេះ សូម្បី​នៅ​ពេល​លោក​មាន​អារម្មណ៍​សោកសៅ​យ៉ាងនេះ​ក្តី ?

បទពិសោធន៍​របស់​អាមូលេក

សូម​អាន អាលម៉ា ៨:១៩–២១; ១០:៤–១១ ដើម្បី​មើល​អ្វី​ដែល​បានកើត​ឡើង​បន្ទាប់ ។ ( វា​ប្រហែលមាន​ប្រយោជន៍​ក្នុង​ការដឹងថា អាមូលេក​ភ្ជាប់​ទំនាក់ទំនង​នៃ​បទពិសោធន៍​របស់​លោក​នៅ​ក្នុង អាលម៉ា ១០:៤–១១ ) ។ សូម​ព្យាយាម​ស្រមៃមើល​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​នៅ​ពេល​អ្នក​អាន​វា ។ អ្នក​ប្រហែលជា​ចង់​បន្ត​មើល​វីដេអូ « Alma and Amulek Are Delivered by the Power of God » ចាប់ពី​នាទី​ទី ២:២២ ដល់​នាទី​ទី ៤:០៣ ដែលមាន​នៅ ChurchofJesusChrist.org.

  • តើ​យើង​រៀន​អ្វីខ្លះ​នៅ​ក្នុង អាលម៉ា ១០:៤–៦ អំពី​អាមូលេក ? ហេតុអ្វី​កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​លោក​ពិបាក​គោរពតាម​ព្រះ ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បានជា​ព្រះ​វរបិតាសួគ៌​បាន​បន្ត​ឈោង​ទៅ​រក​អាមូលេក ទោះបីជា​លោក​មិន​បាន​គោរពតាម​កាលពី​អតីតកាល​នោះ ?

សូមអាន អាលម៉ា ៨:២៦–៣២ ដើម្បី​មើល​ពី​របៀប​ដែល អាមូលេក និង អាលម៉ា​បាន​ទទួល​ពរ​សម្រាប់​ទង្វើ​របស់​ពួកលោក ។

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​អ្នក​បានរៀន​ពី​ដំណើររឿង​របស់ អាលម៉ា និង​អាមូលេក ?

សូម​ស្តាប់​នៅ​ពេល​សិស្ស​ចែកចាយ ។ សូម​សរសេរ​គោលការណ៍​ណាមួយ​នៅ​លើ​ក្ដារខៀន ។ សូម​សួរ​ថា​ហេតុអ្វី​បានជា​ការយល់ដឹង​អំពី​គោលការណ៍​ទាំងនេះ​មានសារៈសំខាន់ ។ សូម​ប្រើ​ពាក្យ​របស់​សិស្ស​ដើម្បី​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​គោលការណ៍​ស្រដៀង​នឹង​គោលការណ៍​ខាងក្រោម ។

គោលការណ៍​មួយ​នៅក្នុង​ចំណោម​គោលការណ៍​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ​គឺ នៅពេល​យើង​ស្តាប់ និង​គោរពតាម​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​ប្រទានពរ​ដល់​យើង និង​អ្នក​ដទៃ ។ យើង​អាច​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​តាម​របៀប​ផ្សេងៗគ្នា ។ ឧទាហរណ៍ ៖ ទាំង​អាលម៉ា និង អាមូលេក បាន​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​ពី​ទេវតា​មួយ​អង្គ ។

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការពិភាក្សា​ជាមួយ​សិស្ស អំពី​របៀប​ផ្សេងៗដែល​យើង​អាច​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ ។ អ្នកប្រហែល​ជា​ចង់​ឲ្យ​សិស្ស​មើល​ពាក្យ « វិវរណៈ » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ឬ Bible Dictionary ។

ការស្តាប់​ទ្រង់

សកម្មភាព​ខាងក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ ដែល​ពួកគេ​អាច​ប្រឈមមុខ​នឹង​ការស្តាប់ និង​ការគោរពតាម​ព្រះ ។ នេះ​អាច​ជា​ការល្អ​បំផុត​ដើម្បី​ធ្វើ​ជា​កិច្ចពិភាក្សា​ក្នុង​ថ្នាក់ ឬ​ជា​ក្រុម​តូចៗ ។ សិស្ស​អាច​ចែកចាយ​គំនិត និង​សរសេរ​វា​នៅ​លើ​ក្ដារខៀន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សួរ​សំណួរ ហើយ​ជួយគ្នា​ទៅវិញ​ទៅមក​រក​ចម្លើយ ។ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ អ្នក​អាច​ណែនាំ ឬ​ប្រើ​គំនិត​មួយចំនួន​ខាងក្រោម ។

អាមូលេក​បាន​និយាយ​ថា « ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ច្រើន​ដង តែ​ខ្ញុំ​ធ្វើ​ជា​មិន​ឮ » ( អាលម៉ា ១០:៦ ) ។ កាល​ពីមុន​អាលម៉ា​ក៏​មិន​បាន​ស្តាប់​ព្រះ​មួយរយៈ​ដែរ​( សូម​មើល ម៉ូសាយ ២៧:៨ ) ។

សូម​ស្រមៃ​ថា នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​កំពុង​មាន​ការលំបាក​ក្នុង​ការស្តាប់ និង​គោរពតាម​ព្រះ ។ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​គិតគូរ​អំពី​អ្វីដែល​អាច​ជំរុញ​ទឹកចិត្ត​បុគ្គល​នោះឲ្យ​ទុកចិត្ត​លើ​ព្រះ​អម្ចាស់ ។ ការណ៍​នេះ​អាច​រួមមាន​ដូច​ខាងក្រោម​នេះ ៖

  • គំរូ​របស់ អាលម៉ា និង​អាមូលេក​អំពី​ការគោរព​ប្រតិបត្តិ

  • គំរូ​ពី​ការប្រត្តិបត្តិ​របស់​ព្រះ​អង្គសង្គ្រោះ​ចំពោះ​ព្រះ​វរបិតា

  • ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ផ្សេងទៀត ពេល​នរណា​ម្នាក់​បាន​ស្តាប់ ហើយ​គោរពតាម​ព្រះ

  • ពរជ័យ​ដែល​អ្នកបាន​ដកពិសោធ​ពេល​អ្នក​បាន​ព្យាយាម​គោរពតាម​ព្រះ

សូម​ពិចារណា​មើល​វីដេអូ « Faith Is Not by Chance, but by Choice » ចាប់ពី​នាទី​ទី ១:៤០ ដល់​នាទី​ទី ៤:២៥ ដែល​មាន​នៅ ChurchofJesusChrist.org. នៅ​ក្នុង​វីដេអូ​នេះ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ពិពណ៌នា​អំពី​យុវជន​ម្នាក់ ដែលធ្វើ​សកម្មភាព​ដោយ​ស្មោះត្រង់ និង​ដោយ​គោរព​ប្រត្តិបត្តិ​តាម​ការបំផុស​គំនិត​ក្នុង​អំឡុងពេល​ដែល​គ្មាន​ភាព​ប្រាកដ​ប្រជា ។

សូម​អញ្ជើញ​សិស្ស​បីបួននាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​គំនិត​របស់​អ្នក​ផងដែរ ។

សូម​ចំណាយពេល​ខ្លះ​ដើម្បី​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ ដែល​អ្នក​ប្រហែលជា​មាន​ពី​ព្រះ​វរបិតាសួគ៌ ។ សូម​គិត​អំពី​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ធ្វើ​សកម្មភាព​តាម​ចំណាប់អារម្មណ៍​ទាំងនោះ ។ ការណ៍នេះ​អាច​រួមបញ្ចូល​ទាំង​ការប្តេជ្ញា​ចិត្ត​ដើម្បី​គោរពតាម​បទបញ្ញត្តិ​ជាក់លាក់ ឬ​ការបំផុស​គំនិត និង​ជំហាន​ណាមួយ​ដែល​អ្នក​គួរធ្វើ ។ បើ​ការគោរពតាម​បទបញ្ញត្តិ​ទាំងនេះ​មាន​ការ​ពិបាក សូម​ពិចារណា​អធិស្ឋាន​ឲ្យ​ព្រះ​វរបិតាសួគ៌​នឹង​ជួយ​អ្នក ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​ចង់​ចងចាំ​ពី​គំរូ​របស់ អាលម៉ា និង​អាមូលេក ។

សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ជាមួយ​សិស្ស​​ថា ព្រះ​វរបិតាសួគ៌​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​ព្យាយាម​ស្តាប់ ហើយ​គោរពតាម​ទ្រង់ ។