ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៩–១០ ៖ « ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ »


« ម៉ូសាយ ៩–១០ ៖ ‹ ម៉ូសាយ ៩–១០ ៖ « ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៩–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៩:១០

« ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ »

រូបភាព
យុវវ័យ​កំពុង​អធិស្ឋាន

តើ​វា​អាច​ទៅ​រួច​ទេ​ក្នុង​ការផ្តោត​លើ​អ្វី​មួយ​ដែល​យើង​ចង់បាន​ដើម្បី​យើង​ធ្វើ​ការសម្រេចចិត្ត​ដោយ​មិន​គិត​ពី​ផលវិបាក​ដែល​អាច​កើត​មាន ? ស៊ីនិព្វ​បាន​ផ្តោត​អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការវិល​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ និង​ស្ថាបនា​ទីក្រុង​ឡើងវិញ​នៅ​ទីនោះ រហូត​ដល់​ទ្រង់​បានភ្លេច​ពិចារណា​លើ​ផល​អវិជ្ជមាន​មួយ​ចំនួន​ដែល​អាច​កើតឡើង​ពី​ការសម្រេចចិត្ត​របស់ទ្រង់ ។ បន្ទាប់ពី​បានឆ្លងកាត់​ផល​វិបាក​មួយ​ចំនួន ស៊ីនិព្វ និង​ប្រជាជន​របស់​ទ្រង់​បាន​បែរ​ទៅរក​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ ។ មេរៀន​នេះអាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះអម្ចាស់​នៅពេល​អ្នកអធិស្ឋាន ហើយ​ចេញទៅ​ដោយ​សេចក្ដីជំនឿ ។

ការជួយ​សិស្ស​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។សូម​រំឭក​សិស្ស​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ចាប់អារម្មណ៍​មកលើ​គំនិត​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​គោលលទ្ធិ ឬ​គោលការណ៍​នៃ​ដំណឹងល្អ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​អាច​បំផុសគំនិត​ពួកគេ​ឲ្យ​មាន​បំណងប្រាថ្នា​រស់នៅ​តាម​ដំណឹងល្អ និង​មាន​គំនិត​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើដូច្នោះ​បាន​ផងដែរ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​និយមន័យ​នៃ​ពាក្យ មាន​ចិត្ត​ចង់​បាន​ហួស​ប្រមាណ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ជួនកាល​ក្មេងជំទង់ មាន​ចិត្ត​ចង់​បាន​ហួស​ប្រមាណ​នូវ​អ្វី​មួយ និង​ឧបសគ្គ​ដែល​អាច​បណ្តាល​មកពី​ការចង់​បាន​ហួស​ប្រមាណនោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សូរ្យគ្រាស

សូម​បង្ហាញ​សំណួរ និង​រូបភាព​ខាងក្រោម ។  ម្យ៉ាងវិញទៀត អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ហើយ​បន្ទាប់មក​សួរ​សំណួរ​ពីរ​បន្ទាប់ ។

  • ព្រះអាទិត្យ​មាន​ទំហំ ៤០០ ដង​ធំជាង​ព្រះចន្ទ ដូច្នេះតើ​ព្រះចន្ទ​អាច​វិល ឬ​បាំង​ពន្លឺ និង​ភាពកក់ក្តៅ​របស់ព្រះ​អាទិត្យ​ដូច​ដែល​បាន​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម​ដោយ​របៀបណា ?

រូបភាព
សូរ្យគ្រាស

ប្រសិនបើ​សិស្ស​មិន​ដឹង​ពី​ចម្លើយ​ទេ សូម​ពន្យល់​ដូច​ខាងក្រោម ៖

ដោយសារតែ​ព្រះចន្ទ​នៅ​ជិត​ផែនដី​ជាង​ព្រះអាទិត្យ វា​អាច​មើល​ទៅ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ព្រះអាទិត្យ ហើយ​បាំង​ពន្លឺ​របស់វា ។ សូម្បីតែ​អ្វី​មួយ​ដែល​តូច​ប៉ុន​មេដៃ​របស់​អ្នក​ក៏​អាច​បាំង​មិន​ឲ្យ​អ្នក​មើលឃើញ​ព្រះអាទិត្យ​បានដែរ ប្រសិនបើ​អ្នក​កាន់​របស់​នោះ​ឲ្យ​ជិតភ្នែក​របស់អ្នក ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​មេដៃ​ជិត​ភ្នែក​របស់​ពួកគេ ដើម្បី​បាំង​ភ្នែក​របស់​ពួកគេ​មិន​ឲ្យ​មើលឃើញ​អ្វី​ដែល​មួយ​ដែល​ធំ​ជាង​នោះ ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​សូរ្យគ្រាស​អាច​ជា​ការប្រៀប​ប្រដូច​សម្រាប់​ជីវិត​ខាងវិញ្ញាណ​របស់យើង ។ សូមមើល « Spiritual Eclipse » ( ១៥:១២ ) ដែល​មាន​នៅលើ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ១:០១ ដល់​នាទី​ទី ៣:៥៣ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

នៅក្នុង​របៀប​ដូចគ្នា​នោះ​ដែល​ព្រះចន្ទ​ដ៏​តូច​អាច​បាំង​ព្រះអាទិត្យ​ដ៏​ធំ​បាន ដោយ​ពន្លត់​ពន្លឺ និង​ភាពកក់ក្ដៅ​របស់​វា នោះ​សូរ្យគ្រាស ខាង​វិញ្ញាណ ក៏​អាច​កើតឡើង​ពេល​ដែល​យើង​បណ្ដោយ​ឲ្យ​ឧបសគ្គ និង​បញ្ហា​តូចតាច​ចូល​មក​ជិត​យើង​ពេក—ជា​ឧបសគ្គ​ដែល​យើង​ជួប​រាល់​ថ្ងៃ​ក្នុង​ជីវិត​យើង—ដែល​វា​បាំង​ទំហំ ភាពភ្លឺ​ចែងចាំង និង​កក់ក្ដៅ​នៃ​ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៥ )

  • តើ​អ្វី​ខ្លះ​ជា​រឿង​តូចតាច​ដែល​ជួនកាល​យើង​ផ្តោតលើ ដែល​អាច​បិទបាំង​ការផ្តោតចិត្ត​របស់យើង​លើព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ?

  • តើ​មានឧបសគ្គ ឬ​ផល​អវិជ្ជមាន​អ្វី​ខ្លះ​អាច​កើត​ពី​ការផ្តោត​លើ​រឿង​តូចតាច​ទាំងនេះ​ខ្លាំង​ពេក ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ផ្តោតលើ​ដែល​អាច​នឹង​កំពុង​បិទបាំង​ការមើលឃើញ​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ នៅពេល​អ្នកសិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​បន្តផ្ដោត​លើ​ព្រះអម្ចាស់ ដើម្បី​ចៀសវាង​ពី « សូរ្យគ្រាស​ខាងវិញ្ញាណ » ។

ការ​មាន​ចិត្ត​ចង់បាន​ហួស​ប្រមាណ​របស់​ស៊ីនិព្វ

នៅក្នុង​មេរៀន​មុន អ្នក​បានរៀន​ថា ស៊ីនិព្វ​បាន​នាំ​មនុស្ស​មួយ​ក្រុម​ពី​ដែនដី សារ៉ាហិមឡា ត្រឡប់​ទៅ​ដែនដី​នីហ្វៃ​វិញ ។

រូបភាព
រូបភាព​បង្ហាញ​ពី​ដំណើរ​របស់​សាសន៍​នីហ្វៃ​ដើម្បី​ទាមទារ​យក​ទឹកដី​នីហ្វៃ​មកវិញ

ស៊ីនិព្វ​មាន​ព្រះទ័យប្រាថ្នា​ទទួល​យក​ទឹកដី​នេះ​ជា​មរតក​យ៉ាងខ្លាំង ប៉ុន្តែ​ការផ្តោត​អារម្មណ៍​របស់​ទ្រង់​បាននាំ​ឲ្យ​ទ្រង់ និង​ប្រជាជន​របស់​ទ្រង់​ជួប​បញ្ហា ។

សូម​អាន ម៉ូសាយ ៩:១–៣, ៦, ១០–១៥ ( សូមមើល​ផងដែរ ម៉ូសាយ ៧:២១ ) ដោយ​រកមើល​ពី​របៀប​ដែល​ស៊ីនិព្វ និង​ការផ្តោត​អារម្មណ៍​របស់​ប្រជាជន​ទ្រង់​បាន​នាំ​ឲ្យ​មាន​ផល​អវិជ្ជមាន ។ សូម​ចំណាំថា មាន​ចិត្ត​ចង់បាន​ហួស​ប្រមាណ មាន​ន័យ​ថា ចង់​សម្រេច ឬ​ទទួលបាន​អ្វី​មួយ​ខ្លាំងពេក ។

  • តើ​មាន​ផលវិបាក​អ្វី​ខ្លះមក​ពី​ការ​មាន​ចិត្ត​ចង់បាន​ហួស​ប្រមាណ និង​យឺតយ៉ាវ​ក្នុង​ការចងចាំ​ព្រះអម្ចាស់ ?

ប្រសិនបើចាំបាច់ សូម​សួរ​សំណួរ​សិស្ស​ដូចជា « យោងតាម ម៉ូសាយ ៩:៣ តើ​ស៊ីនិព្វ និង​ប្រជាជន​របស់​ទ្រង់​បាន​ជួប​ទុក្ខលំបាក​អ្វី​ខ្លះ ? ហេតុ​អ្វី ? »

សេចក្តីពិត​មួយ​ដែល​យើង​អាចរៀនបាន​ពី ការមាន​ចិត្ត​ចង់បាន​ហួសប្រមាណ ហើយ​យឺតយ៉ាវ​ក្នុង​ការចងចាំ​ព្រះអម្ចាស់ អាចនាំ​ទៅរក​លទ្ធផល​អវិជ្ជមាន ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​យើង​អាច​នឹង​មាន​ចិត្ត​ចង់បាន​ហួស​ប្រមាណ និង​យឺតយ៉ាវ​ក្នុង​ការចងចាំ​ព្រះអម្ចាស់​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​យើង​អាច​នឹង​ជួប​ផលវិបាក​អ្វី​ខ្លះ ?

ការងាក​ទៅរក​ព្រះអម្ចាស់

ស៊ីនិព្វ និង​ប្រជាជន​របស់​ទ្រង់​បាន​រស់នៅ​ដោយ​សុខសាន្ត​អស់​ជា​ច្រើន​ឆ្នាំ​មុន​ពេល​ស្ដេច​នៃ​សាសន៍​លេមិន​ស្វែងរក​អនុវត្ត​ផែនការ​របស់​ទ្រង់​ដើម្បី​ដាក់​ពួកគេ​ក្នុង​សេវកភាព ។ សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​ដើម្បី​មើល​ពី​របៀប​ដែល​ស៊ីនិព្វ និង​ប្រជាជន​របស់​ទ្រង់​បាន​ងាក​ទៅរក​ព្រះអម្ចាស់​នៅពេល​ពួក​លេមិន​ចូល​មក​គ្រប់គ្រង​ពួកគេ ។

សូមដាក់​បង្ហាញ​វគ្គ​បទគម្ពីរ និង​សំណួរ​ខាងក្រោម ។ សូម​ពិចារណា​ចាត់​សិស្ស​ជាគូ ឬ​ក្រុមតូចៗ​ដើម្បី​អាន​វគ្គ​បទគម្ពីរ ហើយ​ពិភាក្សា​អំពី​សំណួរ​មុន​នឹង​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ ? តើវា​មានលទ្ធផល​អ្វី​ខ្លះ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​ពី​ដំណើររឿង​នេះ ?

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ​គឺ​ថា ប្រសិនបើ​យើង​អធិស្ឋាន ហើយ​ចេញ​ទៅ​ដោយ​សេចក្ដីជំនឿ នោះយើង​អាច​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់យើង​ដោយ​កម្លាំង​នៃព្រះ​អម្ចាស់ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​ហើយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ទំនុកចិត្ត​ដើម្បី​ដាក់ការទុកចិត្ត​របស់អ្នក​ទៅលើ​ទ្រង់​ដោយ​ការអធិស្ឋាន និង​ការឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដីជំនឿ ?

  • តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដើម្បី​ដឹងថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​នៅតែ​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​របស់​យើង សូម្បីតែ​បន្ទាប់ពី​យើង​បានធ្វើខុស​ក្តី ?

  • តើ​គំរូ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់អ្នក ជីវិត​របស់អ្នក​ដទៃ ឬ​បទគម្ពីរ​ដែល​បង្ហាញ​ពី​សេចក្តីពិត​នេះ ?

ដើម្បី​មើល​ឧទាហរណ៍​នៃ​សេចក្តីពិត​នេះ សូម​ពិចារណា​មើល « Prayer » ( ៤:១២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgឬ​អំណាន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​លើក​ឧទាហរណ៍​ពី​គោលការណ៍​នេះ​នៅក្នុង លូកា ២២:៣៩–៤៥ ។

សេចក្តីពិត​បាន​អនុវត្ត​នៅក្នុង​ជីវិត​ជាក់ស្តែង

សូម​បង្ហាញ​ស្ថានភាព​ខាងក្រោម ឬ​អញ្ជើ្ញ​សិស្ស​ឲ្យ​បង្កើត​ដំណើររឿង​មួយ​ស្រដៀង​នឹង​ដំណើររឿង​នេះ ។

សូម​ស្រមៃ​ថា យុវនារី​ម្នាក់​មាន​ការសង្ស័យ​លើ​ទីបន្ទាល់​របស់​នាង ។ នៅពេល​នាង​គិត​ឡើងវិញ​ពី​ជីវិត​របស់នាង នាង​បានដឹងថា នាង​បានផ្តោត​ខ្លាំង​លើ​ការទទួល​បាន​ចំណាត់​ថ្នាក់ល្អ និង​ការរៀបចំ​អនាគត​របស់នាង ដែល​នាង​ប្រហែលជា​មិន​បាន​ពង្រឹង​ទីបន្ទាល់​របស់​នាង​ដូច​ដែល​នាង​គួរ​បានធ្វើ ហើយ​ឥឡូវនេះ នាង​សង្ស័យ​យ៉ាងខ្លាំង​ថាតើ​សាសនាចក្រ​ពិត​ឬ​អត់ ។

សូម​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​នេះ ។ សូម​ពិចារណា​ពិភាក្សា​អំពី​ការឆ្លើយតប​របស់ពួកគេ ឬ​ឲ្យ​សិស្ស​សម្តែង​ពី​ស្ថានភាព​នេះ ដោយ​សិស្ស​ម្នាក់​ជា​យុវនារី​រូបនេះ និង​ម្នាក់​ទៀត​ជា​មិត្ត​ដែល​កំពុង​ព្យាយាម​ជួយ ។ សូមឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​ចម្លើយ​របស់​ពួកគេ​អាច​អនុវត្ត​ចំពោះ​ពួកគេ​ផ្ទាល់ ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​សួរ​សំណួរ​តាមដាន​ដូចជា « ហេតុ​អ្វី​បានជា​ការផ្លាស់ប្តូរ​ចំពោះ​ការអធិស្ឋាន​របស់អ្នក​ធ្វើ​ ឲ្យ​មាន​ការផ្លាស់ប្តូរ ? » ឬ « តើ​ជីវិត​របស់អ្នក​នឹងខុសគ្នា​យ៉ាងណា​ក្នុង​មួយខែ ឬ​មួយឆ្នាំ​ចាប់ពី​ពេល​នេះ បើ​អ្នក​បាន​ធ្វើតាម​ការប្រព្រឹត្ត​ដែល​ពោរពេញ​ដោយ​ជំនឿទាំងនោះ ? »

  • តើ​នាង​អាច « បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ » ( ម៉ូសាយ ៩:១៧ ) ដោយ​របៀប​ណា ? តើ​អ្នក​នឹង​ពិពណ៌នា​ការអធិស្ឋាន​ប្រភេទ​នេះ​ដោយ​របៀប​ណា ?

  • តើ​នាង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ចេញទៅ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាងដូចម្ដេច បន្ទាប់ពី​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ?

  • តើ​មាន​អ្វី​ទៀត​ដែល​អ្នក​ចង់​ណែនាំ​ដល់​យុវនារី​រូប​នេះ​ឲ្យធ្វើ ? ហេតុ​អ្វី ?