ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៧–៨ ៖ ព្យាការី​របស់​ព្រះអម្ចាស់​ជា​អ្នក​មើល​ឆុត


« ម៉ូសាយ ៧–៨ ៖ ព្យាការី​របស់ព្រះ​អម្ចាស់​ជា​អ្នក​មើល​ឆុត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៧–៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៧–៨

ព្យាការី​របស់ព្រះ​អម្ចាស់​ជា​អ្នក​មើល​ឆុត

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ដូចជា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះ​បរមងារ​ផ្សេងៗ​ដែល​បង្រៀន​យើង​អំពី​ទ្រង់ នោះ​ពួកអ្នកបម្រើ​របស់​ព្រះ​អម្ចាស់​ក៏​មាន​ងារ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​តួនាទី​របស់​ពួកលោក​នៅក្នុង​ផែនការ​របស់ព្រះ​វរបិតាសួគ៌​ដែរ ។ នៅពេល​ស្ដេច​លិមហៃ បាន​សុំជំនួយ​ធ្វើ​កិច្ចការ​មួយ​ដែល​ទ្រង់​មិន​ដឹង​ថា​ត្រូវ​បំពេញ​ដោយ​របៀបណា នោះ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​អាំម៉ូន បានណែនាំ​ទ្រង់​ទៅកាន់​ព្យាការី ។ អាំម៉ូន​ក៏​បាន​ទូល​ពន្យល់​ដល់​ស្តេច​នូវ​សេចក្តីពិត​សំខាន់ៗ​អំពី​តួនាទី​របស់ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​យល់​ពី​សារៈសំខាន់​នៃ​ព្យាការី ក៏ជា​អ្នកមើលឆុត​ក្នុង​ផែនការ​របស់ព្រះ​វរបិតាសួគ៌​ដែរ ។

ការថ្លែង​ទីបន្ទាល់​អំពី​ព្យាការី​ដែល​នៅរស់ ។សូម​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​សាក្សី​របស់អ្នក​អំពី​ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ ។ អែលឌើរ ឌីន អិម ដេវីស ( ឆ្នាំ ១៩៥១–ឆ្នាំ ២០២១ ) ក្នុង​ពួក​ចិត​សិប​នាក់​បាន​បង្រៀន​ថា « ការស្តាប់ និង​ប្រុង​ស្តាប់​តាម​ពួកព្យាការី​នៅរស់​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ថែម​ទាំង​មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​ផងដែរ ។ យើង​ត្រូវបាន​ពង្រឹង ។ យើង​មាន​ការធានា​អះអាង និង​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ។ យើង​ឮ​បន្ទូល​នៃ​ព្រះអម្ចាស់ » ( « Come, Listen to a Prophet’s Voice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៣៦ ) ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើមាន​នរណាម្នាក់​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​ជឿលើ​ព្យាការី ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សំណួរ​អំពី​ព្យាការី

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សម្តែង​ជា​ឆ្លើយ​សំណួរ​បី​ដំបូង​ខាងក្រោម ។ ពួកគេ​ក៏​អាច​ឆ្លើយ​សំណួរ​ទីបួន​បាន​ដែរ ប្រសិនបើពួកគេ​មានអារម្មណ៍​មាន​ទំនុកចិត្ត​ធ្វើ​ដូច្នោះ ។

សូម​ស្រមៃ​ថា នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដឹង​ថា អ្នក​ជឿ​លើ​ព្យាការី​សម័យ​ទំនើប ។ ពួកគេ​ចូល​ទៅ​ជិត​អ្នក ហើយ​សួរ​ដូច​តទៅ ៖

  • ខ្ញុំ​បាន​ឮ​ថា សាសនាចក្រ​របស់​ឯង​មានព្យាការី ។ តើ​ព្យាការី​ធ្វើ​អ្វី​ខ្លះ ?

  • ហេតុ​អ្វី​យើង​ត្រូវ​ការព្យាការី​ម្នាក់​នៅពេល​សព្វ​ថ្ងៃនេះ ?

  • ខ្ញុំ​អាន​នៅលើ​អនឡាញ​ឃើញថា យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​សៀវភៅ​បុរាណ​មួយ​ក្បាល ។ តើ​មាន​ព្យាការីណា​ខ្លះ​ពីបុរាណ ឬ​សម័យ​ទំនើប​នេះ​ធ្វើដូច្នេះ​ទេ ?

  • តើ​ឯង​ជឿ​អ្វី​អំពី​ព្យាការី ?

វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​សួរ​សិស្ស ប្រសិនបើពួកគេ​មាន​សំណួរ​ណាមួយ​អំពី​ព្យាការី ។ សូម​ពិចារណា​សរសេរ​សំណួរ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។

ព្រះគម្ពីរ​មរមន​មាន​ការបង្រៀន​ជាច្រើន​អំពី​ព្យាការី រួមទាំង​របៀប​ដែល​ព្រះវរបិតាសួគ៌​ប្រើពួកលោកដើម្បី​ជួយយើ​ង​ផងដែរ ។ នៅពេល​អ្នក​សិក្សា សូម​ពិចារណា​សំណួរ​ខាងលើ ហើយ​ស្វែងរក​ការពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី ។ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​បន្ថែម​ដែល​អ្នក​ប្រហែលជា​មាន​អំពី​ព្យាការី​ផងដែរ ។

ការធ្វើ​ដំណើរ​បី

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​ពន្យល់​ព័ត៌មាន​ខាងក្រោម ។ ( អ្នក​ប្រហែលជា​ចង់​ចម្លង​រូបភាព​ដាក់​នៅលើ​ក្ដារខៀន ហើយ​ទុកវា​នៅ​ទីនោះ​ទុក​ជា​ឯកសារយោង​ក្នុង​អំឡុងពេល​ថ្នាក់​រៀន​ពីរបី​បន្ទាប់​ទៀត ) ។ ឬ​អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ឯកសារយោង​នៅក្នុង​កថាខណ្ឌ​ពីរ​ខាងក្រោម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​ទាំងនោះ ហើយ​សង្ខេប​អ្វី​ដែល​ពួកគេ​រៀន ។

រូបភាព
រូបភាព​បង្ហាញ​ពី​ដំណើរ​របស់​សាសន៍​នីហ្វៃ​ដើម្បី​ទាមទារ​យក​ទឹកដី​នីហ្វៃ​មកវិញ

នៅពេល​បិតា​របស់​ស្តេច​បេនយ៉ាមីន ( ម៉ូសាយ ) នៅ​ជា​ស្តេច មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីនិព្វ​បានចាកចេញ​ពី​សារ៉ាហិមឡា ជាមួយនឹង​មនុស្ស​មួយ​ក្រុម​ដើម្បី​ទាមទារ​យក​ដែនដី​នីហ្វៃ​មក​វិញ ( សូមមើល ម៉ូសាយ ៩:៣–៤ ) ។ គ្មាន​នរណា​បាន​ឮ​ដំណឹង​ពី​ក្រុម​របស់​ស៊ីនិព្វ​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ស្តេច​បន្ទាប់​គឺ​ម៉ូសាយ ( បុត្រា​របស់ស្តេច​បេនយ៉ាមីន ) បាន​ចាត់​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​អាំម៉ូន ទៅ​ស្វែងរក​ពួកគេ ( សូមមើល ម៉ូសាយ ៧:១–៣ ) ។ ពួកគេ​បានរកឃើញ​ប្រជាជន​ស៊ីនិព្វ​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ចៅប្រុស​របស់ ស៊ីនិព្វ​គឺ​ស្តេច​លិមហៃ ។ ប្រជាជន​របស់​ស្តេច​លិមហៃ ត្រូវបាន​ពួកសាសន៍​លេមិន ចាប់​ធ្វើ​ជា​ទាសករ « ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត [ របស់​ពួកគេ ] » ( ម៉ូសាយ ៧:២០ ) ។

ស្តេច​លិមហៃ​បានប្រាប់​អាំម៉ូន​ថា ទ្រង់​បានបញ្ជូន​ក្រុម​ស្វែងរក​មួយ​ដើម្បីរក​មើល​ទីក្រុង​សារ៉ាហិមឡា ប៉ុន្តែ​ពួកគេ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ ។ ពួកគេ​បាននាំ​យក​នូវ​កេរដំណែល​មកពី​ដី​ខាងជើង​មកវិញ ដោយ​រួមបញ្ចូល​ទាំង​បញ្ជី​ដែល​សរសេរ​នៅលើ​ផ្ទាំងមាស​ចំនួន ២៤ ( សួមមើល ម៉ូសាយ ៨:៧–៩ ) ។ ស្ដេច​លិមហៃ​សង្ឃឹម​ថា អាំម៉ូន​អាច​បកប្រែ​បញ្ជី ឬ​ស្គាល់​នរណា​ម្នាក់​ដែល​អាច​បកប្រែ​បាន ( សូមមើល ម៉ូសាយ ៨:៦, ១១–១២ ) ។

សូម​អាន ម៉ូសាយ ៨:១៣–១៤ ដោយ​រកមើល​ថា នរណា​ដែល​អាំម៉ូន​បាន​និយាយ​ថា អាច​បកប្រែ​បញ្ជី​នេះ​បាន និង​មូលហេតុ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ទាំង​ម៉ូសាយ និង យ៉ូសែប ស្ម៊ីធ មាន​ឧបករណ៍​ពិសេស​ដែល​ហៅថា យូរីម និង​ធូមីម​ដែល​ព្រះ​បានរៀបចំ​ដើម្បី​ជួយ​ពួកលោក​បកប្រែ​បញ្ជី​បុរាណ​ទាំងឡាយ ។ ( សូមមើល ម៉ូសាយ ២៨:១៣–១៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៥ ។ ប្រសិនបើ​អ្នក​ចង់​ដឹង​បន្ថែមទៀត សូមមើល « យូរីម និង​ធូមីម » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយTopical Guide ) ។

តួនាទី​របស់អ្នក​មើលឆុត

សូមអាន ម៉ូសាយ ៨:១៥–១៨ ដើម្បី​រៀន​ពី​អ្វី​ដែលជា​អ្នកមើលឆុត និង​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​បានប្រទាន​ពួក​អ្នក​មើលឆុត​ដល់​យើង ។

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះ ?

វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការឲ្យ​សិស្ស​ឡើង​មុខ​ក្ដារខៀន ហើយ​សរសេរ​សេចក្ដីពិត​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​រកឃើញ ។ ប្រសិនបើ​សិស្ស​សរសេរ​សេចក្តី​ថ្លែងការណ៍​ដែល​មិន​ត្រឹមត្រូវ សូម​ជួយ​ពួកគេ​កែសម្រួល​សេចក្តី​ថ្លែងការណ៍​នោះ​ដើម្បី​ធ្វើឲ្យ​វា​បាន​ត្រឹមត្រូវ ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​សិស្ស​ពិនិត្យមើល​ការសង្កេត​របស់ពួកគេ និង​បញ្ជាក់ពី​អ្វី​ដែលពួកគេ​កំពុងរៀន ។ សេចក្តីពិត​មួយ​ដែល​ដំណើររឿង​នេះ​បង្ហាញ​គឺ​ថា ព្រះអម្ចាស់​ប្រទាន​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​នេះ ឬ​សរសេរ​សេចក្ដីពិត​នេះ​នៅជិត​ខគម្ពីរ​ដែល​បង្រៀន​ពី​វា ។

សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ​ពន្យល់​ពី​តួនាទី​របស់​អ្នក​មើលឆុត​ដូច​ខាងក្រោម​នេះ ៖

ជា​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ពី​ព្រះ ដើម្បី​មើល​ឃើញ​នូវ​អ្វីៗ​ដែល​ព្រះ​ទ្រង់​បាន​លាក់​ពី​ពិភពលោក​ដោយ​ភ្នែក​ខាង​វិញ្ញាណ ( ម៉ូសេ ៦:៣៥–៣៨ ) ។ អ្នក​នោះ​គឺជា​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ព្យាការី ( ម៉ូសាយ ៨:១៣–១៦ ) ។ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន អាំម៉ូន​បាន​បង្រៀន​ថា មាន​តែ​អ្នក​មើល​ឆុត​តែ​មួយ​គត់ ដែល​អាច​ប្រើ​វត្ថុ​បកប្រែ​ដ៏​វិសេស​នោះ​បាន ឬ​ក៏​យូរីម និង​ធូមីម ( ម៉ូសាយ ៨:១៣; ២៨:១៦ ) ។ អ្នក​មើល​ឆុត​ដឹង​នូវ​ការណ៍​ពី​អតីតកាល បច្ចុប្បន្ន​កាល និង​អ​នាគ​ត​កាល ។ កាលពី​បុរាណ គេ​តែងតែ​ហៅ​ព្យាការី​ថា អ្នក​មើល​ឆុត ( សាំយូ. ទី១ ៩:៩; សាំយូ. ទី២ ២៤:១១ ) ។

យ៉ូសែប ស៊្មីធ គឺជា​អ្នក​មើល​ឆុត​ដ៏​មហិមា​ម្នាក់​នៅ​ថ្ងៃ​ចុង​ក្រោយ ( គ&ស ២១:១; ១៣៥:៣ ) ។ ថែម​ទៅ​ទៀត គណៈប្រធាន​ទី​មួយ និង​ក្រុម​ប្រឹក្សា​នៃ​ពួកដប់​ពីរ​នាក់​គឺ​ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ពួក​ព្យាការី ជា​ពួក​អ្នក​មើល​ឆុត និង​ជា​ពួក​អ្នក​ទទួល​វិវរណៈ ។ ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នកមើល​ឆុត » scriptures.ChurchofJesusChrist.org )

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះ​អំពី​តួនាទី​របស់ព្យាការី​ក្នុង​នាម​ជា​អ្នកមើលឆុត ?

  • ហេតុ​អ្វី​អ្នកគិតថា ព្រះវរបិតាសួគ៌​នឹង​ប្រទាន​សមត្ថភាព​ទាំងនេះ​ដល់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ?

  • តើ​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ​ទាំងឡាយ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់ព្រះ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

តម្លៃ​នៃ​អ្នកមើលឆុត​នៅសម័យ​របស់យើង

តើ​សកម្មភាព​សិក្សា​អ្វី​ខ្លះដែល​អាច​ជួយ​សិស្ស​របស់អ្នក​បង្កើន​ជំនឿ​របស់​ពួកគេ​ថា គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​គឺ​ជា​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ ? ខាងក្រោម​នេះ​ជា​គំនិតមួយ​ចំនួន ។ សូម​ជ្រើសរើស​គំនិត​មួយ ឬ​ច្រើន ឬ​បង្កើត​គំនិត​ផ្ទាល់ខ្លួន​របស់អ្នក ។ សិស្ស​អាចធ្វើការ​រៀងៗខ្លួន ឬ​ជាមួយ​ដៃគូ ។

  • សូម​គិត​អំពី​ស្ថានភាព​យ៉ាងហោច​ណាស់​បី​ដែល​ការដឹងថា ព្យាការី​របស់​ព្រះ​វរបិតាសួគ៌​គឺ​ជា​អ្នកមើលឆុត​អាច​ជួយ​អ្នក​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ សូម​កត់ត្រាស្ថានភាពទាំងនេះ ។ 

  • សូម​សិក្សា​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ ពី​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ សូម​កត់ត្រា​ឧទាហរណ៍​ដែល​បង្ហាញ​ថា ពួកលោក​ជាអ្នកមើលឆុត ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យអាន « សារលិខិត​ពី​គណៈប្រធាន​ទីមួយ » ដែល​មាន​នៅខាងមុខ​នៃ​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០២២ ទំព័រ ២ ) ។ សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​គិត​ថា សារលិខិត​នេះ និង​បទដ្ឋាន​ដែល​មាន​នៅក្នុង​កូនន​សៀវភៅ​នេះ​បង្ហាញ​ថា សមាជិក​នៃ​គណៈប្រធាន​ទីមួយ​គឺ​ជា​អ្នកមើលឆុត ។

  • សូម​កត់ត្រា​អត្ថប្រយោជន៍​ដែល​អ្នក ឬ​គ្រួសារ​របស់អ្នក​បាន​ដកពិសោធ​ពី​ការធ្វើ​តាម​អ្នកមើលឆុត ។

សូ​មអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែលពួកគេ​បានសិក្សា និង​រៀបចំ ។

វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ស្តេច​ម៉ូសាយ​ពិតជា​បាន​បកប្រែ​បញ្ជី​ទាំងនេះ​មែន ( សូមមើល ម៉ូសាយ ២៨:១១–១៩ ) ។ អ្នក​អាច​អាន​ផ្នែក​នៃ​បញ្ជី​ទាំងនោះ ពេល​អ្នក​សិក្សា​គម្ពីរ​អេធើរ ។

សូម្បីតែ​មុន​ពេល​បញ្ជី​នោះ​ត្រូវបាន​បកប្រែ​ក៏​ដោយ​ស្ដេច​លិមហៃ ត្រូវបាន​ទទួល​ឥទ្ធិពល​ដោយ​ការដឹងថា ស្ដេច​ម៉ូសាយ​អាច​បកប្រែបាន ។ សូម​អាន ម៉ូសាយ ៨:១៩–២០ ដោយ​រកមើល​ពី​របៀប​ដែលស្តេច​លិមហៃ មាន​ប្រតិកម្ម​នៅពេល​ទ្រង់​ជ្រាបដឹង​ថា ព្រះ​ហៅ​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ ។

  • តើ​ការទទួល​បាន​ចំណេះដឹង​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​លិមហៃ ?

សូម​សញ្ជឹងគិត​ពី​អារម្មណ៍​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌​ដែល​ប្រទាន​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ​ដើម្បី​ដឹកនាំ​យើង​នៅ​ថ្ងៃនេះ ។ អ្នក​អាច​កត់ត្រា​គំនិត​របស់អ្នក​នៅក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់អ្នក ។

សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​សារៈសំខាន់​នៃ​ព្យាការី និង​របៀប​ដែល​ពួកលោក​បានផ្តល់ពរ​ដល់​ជីវិត​អ្នក ។