ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ២:១–១៦ ៖ « ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង » ។


« នីហ្វៃទី ២ ២:១–១៦ ៖ ‹ ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ២:១–១៦ ៖ ‹ ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ២:១–១៦

« ព្រះ​ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង »

រូបភាព
លីហៃ​បង្រៀន​យ៉ាកុប

សូម​ស្រមៃមើល​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​គ្មាន​ជម្រើស​ណា​មួយ​ឡើយ ។ សិទ្ធិ​ជ្រើសរើស ឬ​អំណាច​ដើម្បី​ជ្រើសរើស គឺ​ជា​អំណោយ​មួយ​នៃ​អំណោយ​ទានដ៏​មហិមា​បំផុត​របស់​ព្រះ​សម្រាប់​យើង ។ យ៉ាកុប​ជា​កូនប្រុស​របស់​លីហៃ បាន​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​តាំង​តែ​ពី​ក្មេង ដូច្នេះ​លីហៃ​បាន​បង្រៀន​គាត់​ពី​សេចក្ដីពិត​ដ៏​មាន​តម្លៃ​អំពី​ព្រះអង្គសង្គ្រោះ និង​សេរីភាព​ក្នុង​ការជ្រើសរើស ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ការសួរ​សំណួរ​ដែល​ជំរុញ​ឲ្យ​មាន​វិចារណញាណ ។ សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ព្រះគម្ពីរ អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ ការបង្រៀន​របស់​ទ្រង់ ឬ​ការអនុវត្ត​គោលការណ៍​អាច​ជំរុញ​ការត្រិះរិះ​ពិចារណា ដែល​ព្រះវិញ្ញាណ​អាច​ប្រើ​ដើម្បី​បង្រៀន ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​តាម​ត្រូវការ​សម្រាប់​ការសញ្ជឹង​គិត និង​ការសរសេរ​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សម្គាល់ និង​ធ្វើ​បញ្ជី​មួយ​អំពី​ជម្រើស​សំខាន់ៗ ដែល​ពួកគេ​បាន​ជ្រើសរើស​នៅ​ចន្លោះ​ពេល​នេះ និង​មេរៀន​បន្ទាប់ ។ សូម​ឲ្យ​ពួកគេ​មក​ដោយ​ត្រៀម​ខ្លួន ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​ជម្រើស​នោះ មាន​ភាពចាំបាច់​សម្រាប់​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ចំពោះ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ជម្រើស​សំខាន់ៗ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ការរៀបចំ​ថ្នាក់​របស់​ពួកគេ ដើម្បី​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។

សម្រាប់​រយៈពេល​ពីរ​នាទី​បន្ទាប់ សូម​សរសេរ​ជម្រើស​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​បាន​ជ្រើសរើស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

  • ហេតុអ្វី​អ្នក​គិត​ថា​ជម្រើស​គឺ​ចាំបាច់​សម្រាប់​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ចំពោះ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ?

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ជម្រើស​ដែល​អ្នក​មាន​មោទនភាព ក៏​ដូច​ជា​ពី​អ្វី​ដែល​អ្នក​សោកស្តាយ ។ នៅពេល​អ្នក​សិក្សា​នៅក្នុង​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​ពី​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ ហើយ​ប្រើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ជ្រើសរើស ។ ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​សិទ្ធិ​ជ្រើសរើស សូម​អធិស្ឋាន​ទូល​សូម ហើយ​ស្វែងរក​ចម្លើយ​ផងដែរ នៅពេល​អ្នក​សិក្សា ។

ទិដ្ឋភាព​សំខាន់​នៃ​សិទ្ធិ​ជ្រើសរើស

យ៉ាកុប​ជា​កូនប្រុស​របស់​លីហៃ បាន​កើត​នៅ​ទីរហោស្ថាន បន្ទាប់​ពី​គ្រួសារ​របស់​ពួកគេ​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ។ មិន​យូរ​ប៉ុន្មាន​មុន​ពេល​មរណភាព​របស់​លីហៃ លោក​បាន​បង្រៀន​ដល់​យ៉ាកុប​នូវ​សេចក្ដីពិត​សំខាន់ៗ​អំពី​សិទ្ធិ​ជ្រើសរើស ។

សូម​អាន នីហ្វៃទី ២ ២:១–៤ ដើម្បី​មើល​ពី​របៀប​ដែល​លីហៃ​បាន​ចាប់ផ្តើម​សារ​របស់​លោក​ទៅ​កាន់​យ៉ាកុប ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា​ពាក្យ « ថ្វាយ » មាន​ន័យ​ថា បូជា ឬ​ធ្វើ​ឲ្យ​បរិសុទ្ធ ( សូមមើល « ថ្វាយ, ក្រឹត្យវិន័យ​នៃ​ការថ្វាយ » នៅក្នុង​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ [ scriptures.ChurchofJesusChrist.org ] ) ។

  • ហេតុអ្វី​វា​អាច​មាន​ន័យ​សម្រាប់​មនុស្ស​ម្នាក់​ដែល​បាន​ប្រឈម​មុខ​នឹង​ការសាកល្បង​ជាច្រើន ដើម្បី​យល់​ពី​សារៈសំខាន់​នៃ​អំណាច​របស់​ជម្រើស ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំង​នេះ​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

រូបភាព
រូប​តំណាង​កំណត់ត្រា

សូម​បង្ហាញ​ព័ត៌មាន​ខាង​ក្រោម ឬ​ផ្តល់​វា​ជា​សំណៅ​ចែក ។ អ្នក​អាច​ចាត់​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​បី​ដល់​សិស្ស​ផ្សេង​គ្នា ឬ​ក្រុម​សិស្ស​ផ្សេង​គ្នា ។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ចែក​សិស្ស​ជា​ក្រុម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល​កំណត់​មួយ ។

អំណាច​ដើម្បី​ជ្រើសរើស​របស់យើង

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )—« នីហ្វៃ​ទី​២:១–១៦ »

ជម្រើស ក ៖ តើ​អំណាច​របស់​យើង​ក្នុង​ការជ្រើសរើស​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ ?

សូម​អាន នីហ្វៃទី ២ ២:១៤, ១៦ ដោយ​រកមើល​អ្វី​ដែល​លីហៃ​បាន​បង្រៀន​អំពី​ព្រះ និង​សិទ្ធិ​ជ្រើសរើស​របស់​យើង ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

  • ហេតុអ្វី​វា​សំខាន់​ក្នុង​ការយល់​ថា ព្រះ​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​ប្រព្រឹត្ដ​សម្រាប់​ខ្លួន​យើង ?

  • តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ដែល​ព្រះវរបិតាសួគ៌​ទុក​ព្រះទ័យ​លើ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ដោយ​ខ្លួន​ឯង ?

សូម​គិត​អំពី​ឧទាហរណ៍​មួយ​អំពី​គ្រាដែល​​អ្នក​ប្រើ​សិទ្ធិ​ជ្រើសរើស តាម​របៀប​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា បំពេញ​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ។

  • ហេតុអ្វី​អ្នក​មាន​អារម្មណ៍​ថា ជម្រើស​របស់​អ្នក​បំពេញ​ហឫទ័យ​ព្រះ ?

វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការសញ្ជឹង​គិត​អំពី​ជម្រើស​ណា​មួយ​ដែល​អ្នក​បាន​ធ្វើ ដែល​ប្រហែល​ជា​មិន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ និង​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ជម្រើស​ទាំង​នោះ ។

ជម្រើស ខ ៖ តើ​ព្រះ​បាន​ប្រទាន​អ្វី​ដល់​យើង​ដើម្បី​ជួយ​យើង​ជ្រើសរើស​ដោយ​ប្រាជ្ញា ?

សូម​អាន នីហ្វៃទី ២ ២:៥, ១៣ និង មរ៉ូណៃ ៧:១៦ ដោយ​រកមើល​សេចក្តីពិត​ដូច​ខាង​ក្រោម ។ ចំណាំ « ក្រឹត្យវិន័យ » សំដៅ​ទៅ​លើ​បញ្ញត្តិ​របស់​ព្រះ ។

  • យើង​ត្រូវ​តែ​ដឹង​ល្អ និង​អាក្រក់ ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ឲ្យ​បាន​ពេញ​លេញ ។

  • យើង​ត្រូវតែ​មាន​ក្រឹត្យវិន័យ ដើម្បី​មាន​សិទ្ធិ​ជ្រើសរើស ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ពី​សេចក្តីពិត​ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​អំពី​អំពើ​ល្អ និង​អាក្រក់ ដើម្បី​អាច​ជ្រើសរើស​ធ្វើ​សុចរិត ឬ​ទុច្ចរិត ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​គ្មាន​ក្រឹត្យ​វិន័យ ឬ​បទ​បញ្ញត្តិ ?

ជម្រើស គ ៖ ហេតុអ្វី​បាន​ជា​យើង​មាន​អារម្មណ៍​ផ្ទុយ​នឹង​ជម្រើស​ដ៏​ល្អ​របស់​យើង ?

សូម​អាន នីហ្វៃទី ២ ២:១១, ១៦ ដោយ​ស្វែងរក​សេចក្តីពិត​បន្ថែម ដែល​លីហៃ​បាន​បង្រៀន​អំពី​សិទ្ធិ​ជ្រើសរើស ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

  • នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហេតុអ្វី​អ្នក​គិត​ថា ការផ្ទុយ​គឺ​ជា​ទិដ្ឋភាព​ដ៏​ចាំបាច់​នៃ​សិទ្ធិ​ជ្រើសរើស ?

  • តើ​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​ការជ្រើសរើស​ត្រូវ និង​ខុស​តាម​វិធី​ណា​ខ្លះ ?

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

បុត្រាបុត្រី​របស់​ព្រះ​នៅ​មុន​ឆាក​ជីវិត​នេះ​ពុំ​អាច​ប្រែក្លាយ​ដូចជា​ទ្រង់​ឡើយ … លុះ​ត្រា​តែ​ពួកគេ​ទទួល​បាន … បទពិសោធន៍​នៅក្នុង​សង្វៀន​មាន​ទាំង​អំពើ​ល្អ និង​អាក្រក់ ។ …

… យើង​ចង់​បាន​ឱកាស​ដើម្បី … ប្រឈម​មុខ​នឹង​អំពើ​ល្អ និង​អាក្រក់ ហើយ​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​អំពើ​ល្អ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ១៩៩៧ ] ទំព័រ ២០០, ២០៤ )

សូម​គិត​អំពី​របៀប​ដែល​អ្នក​កំពុង​រៀន​ជ្រើសរើស​អំពើ​ល្អ សូម្បី​តែ​នៅពេល​មាន​ការល្បួង​ដោយ​អំពើ​អាក្រក់​ក៏​ដោយ ។ អ្នក​ប្រហែល​ជា​ចង់​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។ អ្នក​ក៏​អាច​ចង់​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​ក្នុង​ការសម្រេច​ចិត្ត​ណា​មួយ ដែល​អ្នក​ចង់​ធ្វើ​ឡើង​ដើម្បី​ផ្លាស់ប្តូរ ។

តម្រូវការ​របស់​យើង​សម្រាប់​ព្រះអង្គ​សង្គ្រោះ

គ្មាន​នរណា​ឡើយ ក្រៅ​ពី​ព្រះអង្គសង្គ្រោះ​បាន​អនុវត្ត​សិទ្ធិ​ជ្រើសរើស​យ៉ាង​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​ទាំងអស់​គ្នា​មាន​បាប ហើយ​ប្រសិនបើ​គ្មាន​ជំនួយ​ទេ យើង​ទាំងអស់​គ្នា​នឹង « វិនាស … ហើយ​ក្លាយ​ទៅ​ជា​វេទនា​ជា​រៀង​រហូត​ត​ទៅ » ( នីហ្វៃទី ២ ២:៥ ) ។

សូម​ពិចារណា​អំពី​ការប្រើប្រាស់​ព័ត៌មាន​ពី​ផ្នែក « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » នៅ​ទីនេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង នីហ្វៃទី ២ ២:៦–៨ ។

សូម​ចាំ​ក្នុង​ចិត្ត​ថា សូម​អាន នីហ្វៃទី ២ ២:៦–៨ ដើម្បី​មើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង​ទាំងអស់​គ្នា ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ជ្រើសរើស​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

គោលការណ៍​មួយ​ដែល​លីហៃ​បាន​ថ្លែងទីបន្ទាល់​គឺ​ថា តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​រំដោះ​យើង​ពី​អំពើបាប​របស់​យើង ។

  • តើ​ការយល់​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ​នេះ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​មក​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការធ្វើ​ការជ្រើសរើស ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ចំណុច​ខាង​ក្រោម​ដោយ​មិន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ឮៗ ព្រោះ​ចំណុច​ទាំងនោះ​អាច​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក ។

សូម​គិត​អំពី​គ្រា​មួយ​ដែល អ្នក​បាន​ប្រែចិត្ត​ពី​អំពើ​បាប​មួយ ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ការប្រែចិត្ត​បាន​ជះឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

អ្នក​ប្រហែល​ជា​ចង់​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​សង្ខេប និង​ចែកចាយ​អ្វី​ដែល​ពួកគេ​យល់​អំពី​សិទ្ធិ​ជ្រើសរើស ពេល​បញ្ចប់​មេរៀន​នេះ ។ សកម្មភាព​ខាង​ក្រោម​គឺ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ។

សូម​ស្រមៃ​គិត​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​តំបន់​របស់​អ្នក​កំពុង​បង្រៀន​យុវជន​ម្នាក់​ដែល​កំពុង​ឮ​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ជា​លើក​ដំបូង ។ អ្នក​ផ្សព្វផ្សាយ​សាសនា​អញ្ជើញ​អ្នក​ឲ្យ​មក​ការណាត់​ជួប​បង្រៀន​បន្ទាប់​ជាមួយ​នឹង​យុវជន​នេះ ។ ពួកគេ​សូម​ឲ្យ​អ្នក​រៀបចំ​គំនិត​មក​ពី នីហ្វៃទី ២ ២ អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សូម​បង្កើត និង​ដាក់​ស្នើ​គម្រោង​មេរៀន​សង្ខេប​នៃ​អ្វី​ដែល​អ្នក​នឹង​បង្រៀន ។ សូម​បញ្ចូល​ចំណុច​ខាង​ក្រោម ៖

  1. យ៉ាង​ហោច​ណាស់​មាន​បទគម្ពីរ​ពីរ​មក​ពី នីហ្វៃទី ២ ២:១–១៦, ២៦ ជាមួយ​នឹង​សេចក្តីពិត​ដែល​ទាក់ទង​នឹង​បទគម្ពីរ​ទាំង​នោះ រួម​ទាំង​ការពន្យល់​ខ្លីៗ​អំពី​មូលហេតុ​នៃ​អត្ថន័យ និង​សារៈសំខាន់​នៃ​បទគម្ពីរ​ទាំង​នោះ ។

  2. របៀប​ដែល​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជះ​ឥទ្ធិពល​លើ​ជម្រើស​របស់​យើង

  3. របៀប​ដែល​សេចក្តីពិត​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​យើង

    សូម​ដាក់​សិស្ស​ជា​គូ ឬ​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គម្រោង​មេរៀន​របស់​ពួកគេ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រសិនបើ​មាន​ពេល សូម​ពិចារណា​យក​គម្រោង​មេរៀន​នោះ​មក​ដើរ​តួសម្តែង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។

នៅពេល​អ្នក​បញ្ចប់​គម្រោង​មេរៀន​របស់​អ្នក សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ចងចាំ​សេចក្តីពិត​ទាំង​នេះ និង​ពី​របៀប​ដែល​ការចងចាំ​សេចក្តីពិត​ទាំង​នេះ​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នក ។ ឧទាហរណ៍ ៖ អ្នក​អាច​ដាក់​រូប​លើ​អេក្រង់​នៅលើ​ទូរសព្ទ​របស់​អ្នក សូម​ដាក់​កំណត់​ចំណាំ​នៅលើ​កញ្ចក់​របស់​អ្នក ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ និង​ចងចាំ​សេចក្តីពិត​ទាំង​នេះ​យ៉ាង​ជាប់​លាប់ ។