ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ២:១៧–២៦ ៖ « បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់ »


« នីហ្វៃទី ២ ២:១៧–២៦ ៖ ‹ បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់ › » ព្រះគម្ពីរ មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ២:១៧–២៦ ៖ ‹ បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ២:១៧–២៦

« បាន​ប្រោសលោះ​ឲ្យ​រួច​ពី​ការធ្លាក់ »

រូបភាព
ការចាកចេញ​ពី​សួនច្បារ​អេដែន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថាជម្រើស​ដែល​អ័ដាម និង​អេវ៉ា​បាន​ធ្វើ​រាប់ពាន់​ឆ្នាំ​មុន​នៅតែ​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​បាន​ដែរ​ឬ​ទេ ? លីហៃ​បាន​បង្រៀន​កូនៗ​របស់​លោក​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ហើយ​ថា​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ យើង​អាច​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​គុណ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​កាន់​តែ​ច្រើន នៅពេល​អ្នក​យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។

ការជួយ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការពិភាក្សា​អំពី​ជំនឿ​នៃ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ ។ សិស្ស​បង្កើន​ការយល់​ដឹង​របស់​ពួកគេ នៅពេល​ពួកគេ​ពន្យល់​ពី​ដំណឹង​ល្អ ។ សូម​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

ការរៀប​ចំ​សិស្ស ៖ សូមពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​អាន​ខ​ទី​ពីរ​នៃ​មាត្រា​នៃ​សេចក្ដីជំនឿ ហើយ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹងពន្យល់​វា​ដល់​អ្នកផ្សេង​ទៀត ។ ពួកគេ​ក៏​អាច​ស្នើសុំ​ឲ្យ​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ដែល​ពួកគេ​ទុកចិត្ត​ឲ្យចែកចាយ​ជាមួយ​ពួកគេ​នូវ​ការយល់​ដឹង​របស់​ពួកគាត់​អំពី​ខ​ទី​ពីរ​នៃ​មាត្រា​នៃ​សេចក្ដីជំនឿ ។

ការរៀបចំ​នេះ​អាច​ប្រើប្រាស់​នៅ​ដើម​មេរៀន ឬ​នៅ​ពេល​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការធ្លាក់​នៃ​អ័ដាម និង​អេវ៉ា ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការយល់ដឹង​នាំ​ទៅ​រក​ការមាន​អំណរគុណ

សូម​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • នៅលើ​រង្វាស់​ពី ១ ដល់ ១០ ( ១ គឺ « មិន​ទាល់​តែ​សោះ » និង ១០ « ទាំង​ស្រុង » ) តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​យល់ និង​មាន​អំណរ​គុណ​ដល់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​ការពលិកម្ម​របស់​ទ្រង់​សម្រាប់​អ្នក​ខ្លាំង​ប៉ុន​ណា ? ហេតុអ្វី ?

សូម​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​សំណួរ​មុនៗ ពីមុន​បន្ត​ទៅ​មុខ​ទៀត ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​បន្ទាប់ ៖

  • ប្រសិនបើ​នរណា​ម្នាក់​សួរ​អ្នក​ពី​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​ដើម្បី​យល់ និង​មាន​អំណរ​គុណ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ តើ​អ្នក​នឹង​និយាយ​អ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ចង្អុល​បង្ហាញ​ជំហាន​ចាំបាច់​មួយ ក្នុង​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Where Justice, Love, and Mercy Meet » ចាប់ពី​នាទី​ទី ៦:៥១ ដល់​នាទី​ទី ៧:២៦ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សេចក្តីពិត​ដ៏​សាមញ្ញ​គឺ​ថា យើង​មិន​អាច​យល់​បាន​ពេញលេញ​អំពី​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ហើយ​យើង​នឹង​គ្មាន​អំណរ​គុណ​គ្រប់គ្រាន់​ចំពោះ​គោលបំណង​ពិសេស​នៃ​ការប្រសូត ឬ​ការសុគត​របស់​ទ្រង់​នោះ​ទេ … ដោយ​មិន​យល់​ថា អ័ដាម និង​អេវ៉ា​ពិតជា​បាន​ធ្លាក់ ហើយ​ចេញ​ពី​សួនច្បារ​អេដែន​ពិត​ប្រាកដ​ជាមួយ​លទ្ធផល​ទាំងអស់ ដែល​មាន​មក​ជាមួយ​ការធ្លាក់​នោះ ។ ( ជែហ្វ្រី អ័រ ហូឡិន​« Where Justice, Love, and Mercy Meet » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៥ )

ដើម្បី​ជួយ​អ្នក​វាយតម្លៃ​ថា តើ​អ្នក​បាន​ដឹង​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​កម្រិត​ណា​នោះ សូម​គិត​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​ជា​អ្វី ?

  • តើ​ការធ្លាក់​នេះ​ជះឥទ្ធិពល​អ្វី​ខ្លះ​ចំពោះ​ពិភពលោក ? ចំពោះ​អ្នក ?

  • តើ​ការធ្លាក់​ត្រូវគ្នា​នឹង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • តើ​ការធ្លាក់​ជួយ​អ្នក​យល់ និង​មាន​អំណរ​គុណ​ដល់​ព្រះយេស៊ូវគ្រីស្ទ និង​ការពលិកម្ម​របស់​ទ្រង់​សម្រាប់​អ្នក​ដោយ​របៀប​ណា ?

នៅពេល​អ្នក​សិក្សា សូម​រកមើល​ចម្លើយ​ចំពោះសំណួរ​ទាំងនេះ ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​ការយល់​ដឹង​អំពី​សំណួរ​ទាំង​នេះ​អាច​ជួយ​អ្នក​បាន ។

ឥទ្ធិពល​នៃ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា

កថាខណ្ឌ​ខាង​ក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សភាព​នៃ​សួនច្បារ​អេដែន ដើម្បី​ពួកគេ​អាច​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ហើយ​បំពេញ​ព័ត៌មាន​លម្អិត​សំខាន់ៗ ។

នៅពេល​លីហៃ​ហៀប​នឹង​ស្លាប់ លោក​បាន​និយាយ​យ៉ាង​ច្រើន​ជាមួយ​កូនប្រុស​របស់​លោកគឺ​យ៉ាកុប​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ អ័ដាម អេវ៉ា និង​គ្រប់​ទម្រង់​នៃ​ជីវិត​នៅលើ​ផែនដី ស្ថិត​នៅក្នុង​ស្ថាន​ភាពអមតៈ មិន​អាច​ស្លាប់​បាន ហើយ​នៅក្នុង​វត្តមាន​របស់​ព្រះ ។ ក្នុង​ស្ថានភាព​នោះ ពួកលោក​មិន​អាច​ឈឺ ឬ​ស្លាប់​ទេ ហើយ​សួនច្បារ​បាន​ផ្តល់​អាហារ​ដល់​ពួកលោក ដោយ​មិន​ចាំបាច់​ធ្វើការ​ដើម្បីបង្កបង្កើន​ផល​ឡើយ ។ ពួកលោក​ក៏​មិន​អាច​មាន​គ្រួសារ​ដែរ ។ ព្រះអម្ចាស់​បាន​ព្រមាន​ពួកលោក​ថា ប្រសិនបើ​ពួកលោក​បរិភោគ​ផ្លែ​នៃ​ដើមដឹង​ខុស​ត្រូវ នោះ​នៅទីបំផុត​ពួកលោក​នឹង​ស្លាប់ ( សូមមើល ម៉ូសេ ៣:១៦–១៧; អ័ប្រាហាំ ៥:១២–១៣ ) ។ ការសម្រេច​ចិត្ត​របស់​អ័ដាម និង​អេវ៉ា​ក្នុង​ការបរិភោគ​ផ្លែឈើ​នោះ និង​លទ្ធផល​ដែល​កើត​មាន​ចំពោះ​ពួកលោក និង​ពិភពលោក​ទាំង​មូល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការធ្លាក់ ។

សូម​អាន នីហ្វៃទី ២ ២:១៩–២៣ និង អាលម៉ា ៤២:៦–៩ ដោយ​រកមើល​លទ្ធផល​នៃ​ការធ្លាក់ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ឲ្យ​សិស្ស​សហការ​គ្នា​ជា​ក្រុម​តូចៗ ឬ​សរសេរ​បញ្ជី​នៅលើ​ក្ដារខៀន​ជាមួយ​សិស្ស​ទាំងអស់​គ្នា ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ពីរ​ខាង​ក្រោម​ជា​គូៗ ឬ​ជា​ក្រុម​តូចៗ ។ សូម​ពន្យល់​ថា សំណួរ​ទាំងនេះ​គឺ​ជា​សំណួរ​អំពី​យោបល់ ដើម្បី​សិស្ស​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​ដោយ​សេរី និង​មិន​ព្រួយ​បារម្ភ​អំពី​ការមាន « ចម្លើយ​ត្រឹមត្រូវ » ឡើយ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិនបើ​អ្នក​ជា​អ័ដាម និង​អេវ៉ា​ដែល​កំពុង​ជួប​នឹង​លទ្ធផល​ទាំង​នេះ ?

  • តើ​អ្នក​គិតថា​ឥទ្ធិពល​ទាំង​នេះ​ល្អ អាក្រក់ ឬ​ទាំងពីរ ? ហេតុអ្វី ?

សូម​អាន នីហ្វៃទី ២ ២:២៤–២៥ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​នឹង​សង្ខេប​ខគម្ពីរ​ទាំងនេះ​ជា​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។

នីហ្វៃទី ២ ២:២៥ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។  សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រកវា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅ​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​សង្ខេប​ខគម្ពីរ​ទាំង​នេះ ។ សូម​សរសេរ​សេចក្ដីពិត​ទាំងឡាយ​ដែល​ពួកគេ​លើក​ឡើង​នៅលើ​ក្ដារខៀន ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​នៃ​សេចក្តីពិត​មួយ​ដែល​ពួកគេ​អាច​រកឃើញ ។

សេចក្តីពិត​មួយ​ដែល​លីហៃ​បាន​បង្រៀន​នោះ​គឺ ការធ្លាក់​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​សញ្ជឹង​គិត​អំពី​មូលហេតុ​ដែល​ការធ្លាក់ គឺ​ជា​ផ្នែក​ចាំបាច់​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ នៅពេល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ការធ្លាក់​គឺ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌ ។ ប្រសិនបើ​គ្មាន​វា​ទេ កូន​រមែង​ស្លាប់​នឹង​កើត​មក​ដល់​អ័ដាម និង​អេវ៉ា ហើយ​នឹង​គ្មាន​គ្រួសារ​មនុស្ស​ណា​ដែល​ជួប​ប្រទះ​ការប្រឆាំង និង​ការរីកចម្រើន សិទ្ធិ​ជ្រើសរើស​សីលធម៌ និង​សេចក្តីអំណរ​នៃ​ការរស់​ឡើង​វិញ ការប្រោសលោះ និង​ជីវិត​អស់​កល្ប​ជានិច្ច​ទេ [ សូមមើល នីហ្វៃទី ២ ២:២២–២៧; ម៉ូសេ ៥:១១ ] ។ ( ជែហ្រ្វី អ័រ ហូឡិន « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ )

  • ហេតុអ្វី​ការធ្លាក់​គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

ជា​ផ្នែក​នៃ​សំណួរ​នេះ អ្នក​អាច​ចង់​ឲ្យ​សិស្ស​គូស​ចំណាំ ហើយ​ពិភាក្សា​ឃ្លា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្តីអំណរ » នៅក្នុង នីហ្វៃទី ២ ២:២៥ ។ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់ថា សូម្បី​តែ​នៅពេល​យើង​ប្រឈម​មុខ​នឹង​លទ្ធផល​នៃ​ការធ្លាក់​ក៏​ដោយ ព្រះវរបិតាសួគ៌​នៅតែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​អំណរ ? តើ​ការណ៍នេះ​បង្រៀន​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្តេច ?

យើង​នៅតែ​ត្រូវការ​ជំនួយ

ទោះបី​ជា​លទ្ធផល​នៃ​ការធ្លាក់​គឺ​ជា​ផ្នែក​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​មាន​គោលបំណង​ជួយ​យើង​ឲ្យ​រីកចម្រើន​ក៏​ដោយ ក៏​យើង​មិន​អាច​មាន​អំណរ​ពិត​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​ឡើយ ។

អ្នក​អាចចង់​សរសេរ​ខគម្ពីរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ​ទាំង​នោះ​ដោយ​ស្ងៀមស្ងាត់ ហើយ​សញ្ជឹងគិត​ពី​ខគម្ពីរ​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ។

សូម​អាន នីហ្វៃទី ២ ២:២៦ ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​រកមើល​ពី​របៀប​ដែល​វា​នឹង​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ហើយ​មាន​អំណរ ។ បន្ទាប់​មក សូម​អាន ម៉ូសេ ៥:១០–១១ ដោយ​កត់សម្គាល់នូវ​សេចក្តីពិត​អ្វី​ដែល​នាំ​ឲ្យ​អ័ដាម និង​អេវ៉ា​រីករាយ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា អ័ដាម និង​អេវ៉ា​រីករាយ​បន្ទាប់ពី​បាន​ដឹង​អំពី​ការធ្លាក់ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ហើយ នោះ​ពួកគេ​អាច​ពិនិត្យ​មើល​សំណួរ​វាយតម្លៃ​ខ្លួន​ឯង​ទាំង​បួន​ឡើង​វិញ​ពី​ដើម​មេរៀន ហើយ​មើល​ថា​តើ​ពួកគេ​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​បាន​ល្អ​ប៉ុនណា​នៅពេល​នេះ ។ ប្រសិនបើ​ចាំបាច់ សូម​អាន​ឡើង​វិញ​នូវ​ឯកសារ​ណា​មួយ​នៅក្នុង​មេរៀន ដើម្បី​ជួយ​បញ្ជាក់​ពី​ការយល់​ដឹង​របស់​ពួកគេ ។ របៀប​មួយ​ទៀត​ក្នុង​ការជួយ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ​គឺ ចែកចាយ​ស្ថានភាព​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។

សូម​ស្រមៃ​ថា នៅក្នុង​ការពិភាក្សា​ជាមួយ​មិត្តភក្តិ អ្នក​សម្គាល់​ឃើញ​ថា នាង​គ្មាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ ឬ​ដង្វាយធួន​របស់​ទ្រង់​ឡើយ ។

  • តើ​ចំណេះដឹង​អ្វី​ខ្លះ​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា អាច​ជួយ​នាង​ឲ្យ​មាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ?

សូម​ពិចារណា​អំពី​ការថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។