ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១១: ១២–១៧ ៖ « មក​រក​យើង​ចុះ »


« នីហ្វៃទី ៣ ១១:១២–១៧ ៖ ‹ មក​រក​យើង​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១១:១២–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១១:១២–១៧

« មក​រក​យើង​ចុះ »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អំពី​ស្នាមរបួស​នៅលើ​ព្រះហស្ត​របស់ទ្រង់​ទៅដល់​ស្ត្រី​សាសន៍​នីហ្វៃ​ម្នាក់

បន្ទាប់ពី​ទ្រង់​បានណែនាំ​អង្គទ្រង់​ថា​ជា​បុត្រា​ស្ងួនភ្ញា​របស់​ព្រះវរបិតាសួគ៌ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​ប្រជាជនឲ្យ​ធ្វើជា​សាក្សី​ផ្ទាល់ខ្លួន ដែល​បញ្ជាក់ថា​ទ្រង់​ត្រូវបាន​គេធ្វើ​គត់​ដោយសារ​តែ​អំពើបាប​នៃ​ពិភពលោក ។ ពួកគេ​បាន​ចូលមក​ជិត​ទ្រង់​ម្តង​ម្នាក់ៗ និង​បាន​ស្ទាប​ស្នាម​របួស និង​ស្នាមដែក​គោល​ដែលមាន​នៅលើ​ព្រះហស្ត និង​ព្រះបាទា​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយដល់​អ្នកឲ្យ​ទទួលបាន ឬ​ពង្រឹង​ទីបន្ទាល់​របស់អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ និង​សុគត​ជំនួស​អ្នក ។

ទទួលខុស​ត្រូវ​នៅលើ​ទីបន្ទាល់​របស់​អ្នក

សូម​គិត​អំពីរបៀប​ការអញ្ជើញ​ខាងក្រោម​នេះ​មក​ពី​ប្រធាន​រ័សុល អិម ណិលសុន អនុវត្ត​ចំពោះ​អ្នក ។

ខ្ញុំ​សូម​អង្វរ​ក្មួយៗ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​នៅលើ​ទីបន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ថែទាំ​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថាហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយៗ​មាន​ភាពសោះ​កក្រោះ​នោះឡើយ ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាព​អស់កល្ប​ជានិច្ច » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​ហេតុអ្វី​បានជា​អ្នក​គិតថា វាមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​ដើម្បី « ទទួល​ខុស​ត្រូវ » នៅលើ​ទីបន្ទាល់​របស់​ពួកគេ ?

សេចក្តីពិត​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​មាន​ទីបន្ទាល់ គឺថា​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃព្រះ និងជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្ស​ត្រូវ​ដឹង​អំពី​ទ្រង់ ។ អ្នក​អាច​សិក្សា យ៉ូហាន ១៤: ៦ និង​ម៉ូសាយ ៣: ១៧ ដើម្បី​ជួយ​អ្នក​ដឹងអំពី​ហេតុផល​មួយចំនួន​នេះ ។

សូម​ចំណាយ​ពេលបន្តិច ដើម្បី​វាយតម្លៃ​ទៅ​លើ​ជំនឿ និង​អារម្មណ៍​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ឆ្លើយតប​សំណួរ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • តើអ្នក​មាន​អារម្មណ៍ថា អ្នកមាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថាជាបុត្រា​នៃព្រះ និងជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​ដែរឬទេ ?

  • តើ​មាន​ចំណុច​រួម​ចំណែក​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក​ទទួលបាន​នូវ​អារម្មណ៍​ដែល​អ្នកមាន​អំពី​ព្រះអង្គសង្គ្រោះ ?

នៅថ្ងៃនេះ អ្នក​នឹងសិក្សា​អំពី​ការប្រាស្រ័យ​ទាក់ទង​ដ៏ពិសិដ្ឋ​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ជាមួយនឹង​ពួក​សាសន៍​នីហ្វៃ ។ នៅពេល​អ្នកសិក្សា សូម​គិតអំពី​អ្វី​ដែលអ្នក​អាច​ធ្វើបាន ដើម្បីទទួល ឬ​ពង្រឹង​ទីបន្ទាល់​របស់អ្នក​ឲ្យ​កាន់តែ​រឹងមាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ស្ទាប​ស្នាម​របួស​របស់​ទ្រង់

រូបភាព
ព្រះគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទៅកាន់​ពួក​សាសន៍​នីហ្វៃ​នៅ​ព្រះវិហារ​បរិសុទ្ធ​បរិបូរណ៍

សូម​រំឭក​ឡើងវិញ​ថា នៅ​ខណៈពេល​ដែល​ពួក​សាសន៍​នីហ្វៃ​មួយក្រុម​បាន​ប្រមូលផ្តុំគ្នា​នៅលើ​ដែនដី​បរិបូរណ៍ ព្រះអម្ចាស់​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​យាងចុះ​ពី​ស្ថានសួគ៌ ។ ទ្រង់​បាន​ប្រកាសថា ទ្រង់គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយថា ទ្រង់​បាន​លើកតម្កើង​ព្រះបិតា ដោយ​ការរងទុក្ខ​ជំនួស​អំពើបាប​នៃ​ពិភពលោក ( សូមមើល នីហ្វៃទី​៣ ១១:១–១១ ) ។ ហ្វូង​មនុស្ស​មាន​បុរស ស្ត្រី និង​កុមារ ដែលមាន​ចំនួន​ប្រហែល ២,៥០០ នាក់ ( សូមមើល នីហ្វៃទី​៣ ១៧:២៥ ) ។

សូម​អាន នីហ្វៃទី​៣ ១១:១២–១៥ ដោយ​រកមើល​ការអញ្ជើញ​ជាលើកទីមួយ​របស់​ព្រះអម្ចាស់​ដែលមាន​ព្រះជន្មរស់​ឡើងវិញ​ទៅដល់​ប្រជាជន​នេះ ។ អ្នក​ក៏អាច​មើល​នៅ « Jesus Christ Appears in the Ancient Americas » មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១៣:២៩ ដល់​នាទី​ទី ១៦:០៣ ។

នៅពេល​អ្នកសិក្សា សូម​ព្យាយាម​ស្រមៃ​ថា​អ្នក​បាន​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ទាំងនោះ ។ ការគិតស្រមៃ​អំពី​ព្រឹត្តិការណ៍ ឬ​គំនិត​ទាំងឡាយ​ចេញពី​ព្រះគម្ពីរ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​យាងមក​គង់នៅក្នុង​ការសិក្សា​របស់អ្នក​បាន ។ សូម​កត់ត្រា​នូវ​រាល់គំនិត ឬ​អារម្មណ៍​ណាមួយ​ដែល​អ្នក​ទទួលបាន​នៅ​ខណៈពេល​ដែលអ្នក​កំពុងសិក្សា សញ្ជឹងគិត និង​នឹកគិត​នៅក្នុង​ចិត្ត ។

រូបភាព
នរណាម្នាក់​ទៅប៉ះ​ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះ
  • តើ​អ្នកគិត​ថា ប្រជាជន​មាន​អារម្មណ៍​បែប​ណា នៅពេល​ដែល​ពួកគេ​បានឃើញ​ព្រះអង្គសង្គ្រោះ ហើយមាន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ទ្រង់ « ម្តង​ម្នាក់ៗ » ? ( នីហ្វៃ​ទី៣ ១១: ១៥ ) ។

  • តើ​ដំណើររឿង​នេះ​ផ្នែក​ណា​ខ្លះ ដែលអ្នក​បាន​ជ្រើសរើស​ដើម្ប​នឹកគិត​នៅក្នុង​ចិត្ត ? តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​អ្វីខ្លះ​នៅពេល​ដែល​អ្នក​បាន​ធ្វើដូច្នេះ ?

  • តើ​ខគម្ពីរ​ទាំង​នេះបង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះទ័យ​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​យើង​ម្នាក់ៗ ?

ខាងក្រោម​នេះ គឺជា​គោលការណ៍​មួយ​ដែលយើង​អាច​រៀនអំពី​ដំណើររឿង​ដ៏​ពិសិដ្ឋនេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​ខ្ញុំឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះនៃ​ពិភពលោក​នេះ ។ សូម​គិតពិចារណា​កត់ត្រា​នូវ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ឬ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។

និយាយ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​ផ្ទាល់ និង​ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ប៊ីស្សព ហ្គែរ៉ល កូសសែ នៃ​គណៈប៊ីស្សព​ជាអធិបតី បាន​បង្រៀនថា ៖

ឈុត​ឆាក​ដ៍​ពិសេស​នេះ​គឺ​ជា​ឆុតដ៏​សំខាន់​បំផុត​នៃ​ព្រះគម្ពីរ​មរមន ។ « ដំណឹងល្អ » ទាំងស្រុង​នៃ​ដំណឹងល្អ​មាន​នៅ​ក្នុង​រូបភាព​ដែល​ព្រះអង្គសង្រ្កោះ​លាត « ព្រះពាហុ​នៃ​សេចក្ដី​មេត្តាករុណា » [ អាលម៉ា ៥:៣ ] របស់​ទ្រង់​ដោយ​ទន់ភ្លន់ ដើម្បី​អញ្ជើញ​បុគ្គល​ម្នាក់ៗ ឲ្យ​មក​រកទ្រង់ ហើយ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់ទ្រង់ ។​…

… ដូច​ព្រះយេស៊ូវ​បាន​អញ្ជើញ​សិស្ស​សាសន៍​នីហ្វៃ​ម្នាក់ៗ​ឲ្យមក​ស្ទាបស្នាម​របួស​របស់​ទ្រង់ ទ្រង់​បាន​សុគត​សម្រាប់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ប្រៀប​ដូចជា​បងប្អូន ឬ​ខ្ញុំជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ។ ទ្រង់​បាន​អញ្ជើញ​យើង​ដោយ​ផ្ទាល់​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដ៍​អស្ចារ្យ​នៃ​ដង្វាយធួន​របស់ទ្រង់ ។ ( ហ្គែរ៉ល កូសសែ « A Living Witness of the Living Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩–៤០ )

  • តើ​យើងអាច​ទទួលបាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​បាន​ដោយ​របៀបណា ?

« ហូសាណា ! »

ពួក​សាសន៍​នីហ្វៃ​ទទួល​បាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកពី​ការប្រាស័យ​ទាក់ទង​ផ្ទាល់​របស់​ពួកគេ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ។

សូម​អាន នីហ្វៃ​ទី៣ ១១:១៦–១៧ ដើម្បី​ស្វែងរក​ការឆ្លើយតប​របស់​ហ្វូង​មនុស្ស​បន្ទាប់ពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ។

វា​ប្រហែល​ជួយ​បាន​ដើម្បី​ដឹងថា ហូសាណា គឺជា​ពាក្យភាសា​ហេព្រើរ​ដែល​មានន័យថា « សង្គ្រោះ​ឥឡូវនេះ » ឬ « សូម​ជួយ​សង្គ្រោះ​យើងខ្ញុំផង » ។ វាត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង​ព្រះគម្ពីរ ជា​ការបង្ហាញ​អំពី​ការសរសើរ និង​ការទូលអង្វរ ហើយ​បាន​ក្លាយ​ជា​ពិធីបុណ្យ​នៃ​ព្រះមែស៊ី​នៅគ្រប់​សម័យកាល ( សូមមើល Bible Dictionary « ហូសាណា » សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « Hosanna » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ខាងក្រោម​នេះ​នឹងជួយ​ដល់អ្នក​ចំណាយ​ពេល​បង្ហាញ​អំពីអារម្មណ៍​របស់អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ឬ​សិក្សា​អំពី​អ្នក​ផ្សេងទៀត​ដែលបាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពីទ្រង់ ។

  1. សូម​ជ្រើសរើស​សកម្មភាព​មួយ​នៅក្នុងចំណោម​សកម្មភាព​ខាងក្រោម ៖

  1. សូម​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​សរសេរ​សំបុត្រទៅ​កាន់​នរណាម្នាក់ ដែល​អ្នកមាន​អារម្មណ៍ថា អាចមាន​អត្ថប្រយោជន៍​មកពី​ទីបន្ទាល់​នេះ ។

  2. សូម​ជ្រើសរើស​ខគម្ពីរ​មួយ​នៅ​ក្នុងព្រះគម្ពីរ​នេះ ឬ​ទំនុក​តម្កើង​ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់អ្នក​ថាតើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា និង​អ្វីដែល​ទ្រង់បាន​ធ្វើ​សម្រាប់អ្នក ។ សូម​សរសេរ​អំពី​សេចក្តីពន្យល់​ខ្លីៗ​អំពី​មូលហេតុ​ដែល​ខគម្ពីរ ឬ​ទំនុកតម្កើង​នេះ​មាន​អត្ថន័យ​ចំពោះអ្នក ។

  3. សូម​សរសេរ​កំណាព្យ ឬ​ទំនុកច្រៀង​ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  4. សូម​សិក្សា​ទីបន្ទាល់​របស់​អ្នក​ផ្សេង​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សង្ខេប​អំពី​អ្វីដែល​អ្នក​បានសិក្សា និង​របៀប​ដែល​ដំណើររឿង​នោះធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ ។ ឧទាហរណ៍​អាច​មាន​បញ្ចូល អាលម៉ា ២៦:១–១៦, ៣៥–៣៧ ឬ « ព្រះគ្រីស្ទដ៏​មានព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក »​( ChurchofJesusChrist.org ) ។