ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​៣ ១១:១៨–៤១ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​អំពី​គោលលទ្ធិ​របស់ទ្រង់


« នីហ្វៃ​ទី​៣ ១១:១៨–៤១ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​អំពី​គោលលទ្ធិ​របស់ទ្រង់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី​៣ ១១:១៨–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ១១:១៨–៤១

ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​អំពី​គោលលទ្ធិ​របស់ទ្រង់

រូបភាព
ព្រះគ្រីស្ទ​បង្រៀន​នៅ​ទ្វីប​អាមេរិក

តើ​អ្នក​ធ្លាប់គិត​អំពី​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ចែកចាយ​ជាមួយនឹង​អ្នក​ទាំងឡាយ​ណា​ដែល​ពួកគេ​កំពុង​បង្រៀន​ដែរឬទេ ? នៅក្នុង​ចំណោម​សារលិខិត​ដ៏​សំខាន់​បំផុត​មួយ​របស់​ពួកគេ ទាក់ទង​ទៅនឹង​អ្វី​ដែល​យើង​ត្រូវតែធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ពេលខ្លះ​សារលិខិត​នេះ គេហៅថា គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃ​ទី​២ ៣១:២១ ) ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​គោលលទ្ធិ​នេះ​ទៅ​ដល់​ពួក​សាសន៍​នីហ្វៃ​ភ្លាមៗ បន្ទាប់ពី​ទ្រង់បាន​បង្ហាញ​អង្គទ្រង់​ដល់​ពួកគេ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់ និង​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការក្លាយទៅ​ជាអ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​បាន​ចាប់អារម្មណ៍​នឹង​សាសនាចក្រ ។ មិត្ត​របស់អ្នក​ប្រាប់​អ្នកថា គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ចំពោះ​អ្វី​ដែល​គាត់​បានរៀន និង​បទពិសោធន៍​នា​ពេល​កន្លង​មក ។ គាត់​ចង់ដឹង​អំពី​អ្វីខ្លះ​ដែល​គាត់គួរ​ធ្វើបន្ទាប់​មកទៀត ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះឲ្យកាន់តែ​ពេញលេញ ។

  • តើ​អ្នកអាច​អញ្ជើញ​មិត្ត​របស់អ្នក​ឲ្យ​ធ្វើ​អ្វីខ្លះ ? ហេតុអ្វី ?

« ហើយនេះ​គឺជា​គោលលទ្ធិ​របស់​យើង »

ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​ដែល​បានមាន​ព្រះជន្ម​រស់ឡើងវិញ​បានបង្ហាញ​អង្គទ្រង់​ដល់​ពួក​សាសន៍​នីហ្វៃ​នៅ​ដែនដី​បរិបូរណ៍ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​គោលលទ្ធិ​របស់ទ្រង់ ។ ពេលខ្លះ​គោលលទ្ធិ​នេះ ហៅថា « គោលលទ្ធិ​របស់​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី​២ ៣១:២១ ) ដែល​ជួយ​ដល់​ពួកយើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ថ្ងៃនេះ អ្នក​នឹងមាន​ឱកាស​មួយ​ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​ថែមទៀត​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការពន្យល់​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ទៅ​តាម​ពាក្យ​សម្ដី​របស់​អ្នកផ្ទាល់ ។

  1. សូម​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

  1. សូម​សិក្សា​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​គោលលទ្ធិ​របស់​ទ្រង់​នៅក្នុង នីហ្វៃ​ទី​៣ ១១:៣១–៤១ ។

  2. ប្រសិនបើ​ចង់បាន សូម​សិក្សា​ការបង្រៀន​បន្ថែម​អំពី​គោលលទ្ធិ ឬ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា នីហ្វៃ​ទី​២ ៣១:១៧–២នីហ្វៃ​ទី​៣ ២៧:១៩–២២ ។ អ្នក​ក៏​អាច​ស្វែងរក « គោលលទ្ធិ​របស់​ព្រះគ្រីស្ទ » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ។

  3. សូម​រៀបចំ​មេរៀន​សម្រាប់​បីទៅ​ប្រាំ​នាទី​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ សូម​ប្រើប្រាស់​គំរូ​ដែល​បាន​ផ្តល់​ឲ្យ​ខាងក្រោម ដើម្បីជួយ​អ្នក​រៀបចំ​គម្រោង​របស់អ្នក ។ អ្នក​អាច​ស្រមៃថា អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​រៀបចំ​មេរៀន​នេះសម្រាប់​បង្រៀន​នរណាម្នាក់​ដែល​អ្នក​កំពុង​បង្រៀន ។ ឬ​អ្នកអាច​គិត​ដល់​នរណាម្នាក់​ដែល​អ្នកស្គាល់ ហើយ​រៀបចំខ្លួន​ឲ្យដូចជា​អ្នក​កំពុង​ចែកចាយ​មេរៀន​នោះ​ជាមួយនឹង​ពួកគេ​ដែរ ។

ផែនការ​មេរៀន​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )— « នីហ្វៃទី ៣ ១១:១៨–៤១ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​អំពី​គោលលទ្ធិ​របស់ទ្រង់ »

  1. ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន និង​សិក្សា សូម​សរសេរ​សេចក្ដី​សង្ខេប​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

  2. សូម​សរសេរ​រាយ​បញ្ជី​សំណួរ​ពីរ ឬ​បី​ដែល​អ្នកអាច​សួរ​ដើម្បីជួយ​ដល់​អ្នកទាំងឡាយ​ណាដែល​អ្នក​បង្រៀន​ឲ្យយល់ និង​គិត​កាន់តែ​ស៊ីជម្រៅ​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

  3. សូម​ពិពណ៌នា​អំពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​ថា វាមាន​សារៈសំខាន់​នៅក្នុង​ការធ្វើតាម​ការបង្រៀន​ទាំងអស់​នេះ​របស់​ព្រះអង្គសង្គ្រោះ ។ ប្រសិនបើ​អាច​ធ្វើបាន សូម​បញ្ចូល​បទពិសោធន៍​ដែល​អ្នកធ្លាប់​មាន បង្ហាញ​អំពី​របៀប​បង្រៀន​ទាំងនេះ​ដែល​បាន​ប្រទាន​ពរជ័យ​ដល់ជីវិត​របស់អ្នក ។

  4. សូម​សរសេរ​ការអញ្ជើញ​មួយ ឬពីរ​ដែល​អ្នក​ផ្ដល់​ឲ្យ​ដើម្បីជួយ​ដល់​អស់​អ្នក​ដែល​អ្នក​បង្រៀន​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​គោលលទ្ធិ​របស់​ព្រះ​គ្រីស្ទ ។

  5. ( ជម្រើស ) សូម​គិត​អំពី​វត្ថុ ឬ​សកម្មភាព​មួយ​ដើម្បី​ជួយ​ដល់​អ្នកដែល​អ្នក​បង្រៀន​ឲ្យ​យល់កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

ស្វ័យ​វាយតម្លៃ

នៅពេល​អ្នក​បញ្ចប់​មេរៀន សូម​ចំណាយ​ពេលខ្លះ​ដើម្បី​សញ្ជឹងគិត​អំពីរបៀប ដែល​អ្នកអាច​អនុវត្ត​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក​រៀងរាល់​ថ្ងៃ ។ ស្វ័យ​វាយតម្លៃ​ខាងក្រោម​អាចជួយ​អ្នកឲ្យ​ស្គាល់​នូវ​របៀប ដែល​អ្នក​កំពុងរស់​នៅតាម​គោល​លទ្ធិ​របស់​ព្រះអង្គសង្គ្រោះ​នាពេល​បច្ចុប្បន្ន ក៏​ដូចជា​របៀប​ដែលអ្នក​អាច​កែលម្អ​ឲ្យ​បានប្រសើរ​ឡើង​ផងដែរ ។

សូម​ឆ្លើយតប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​នីមួយៗ​ខាងក្រោម​ដោយប្រើ​ចម្លើយ​មួយ​នៅក្នុង​ចំណោម​ចម្លើយ​ទាំងនេះ ៖ « ជា​ទៀងទាត់ » « ពេលខ្លះ » ឬ « កម្រណាស់ » ។

  1. ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការខិតខំ​ព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ទុកចិត្ត​ថា​ទ្រង់​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​នៅលើ​ឧបសគ្គ​របស់ខ្ញុំ​បាន ។

  2. ខ្ញុំ​ប្រែចិត្ត​ពី​កំហុស​របស់​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ហើយ​ស្វែងរក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។

  3. ខ្ញុំ​ព្យាយាម​រក្សា​សេចក្ដីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ ហើយ​បន្ត​ការខិតខំ​ប្រឹងប្រែង​នោះ​ជារៀងរាល់​សប្ដាហ៍ ដោយ​ការទទួលទាន​សាក្រាម៉ង​ដោយ​ភាព​ស័ក្ដិសម ។

  4. ខ្ញុំ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​យាង​មក​គង់​នៅក្នុង​ជីវិត​របស់ខ្ញុំ តាមរយៈ​ការអធិស្ឋាន​ជា​ទៀងទាត់​ទៅ​កាន់​ព្រះវរបិតាសួគ៌ ហើយ​សិក្សា​និង​ខិតខំ​ធ្វើតាម​ការ​បំផុសគំនិត​ខាងវិញ្ញាណ ។