ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី៣ ១១:១–១១ « យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ »


« នីហ្វៃ​ទី៣ ១១:១–១១ ៖ ‹ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី៣ ១១:១–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី៣ ១១:១–១១

« យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​យាងចុះ​មកពី​ស្ថានសួគ៌​នៅឯ​ព្រះវិហារ​បរិសុទ្ធ​បរិបូរណ៍

ខណៈពេល​ដែល​ពួកសាសន៍​នីហ្វៃ​ប្រមូលផ្តុំ​នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​និយាយ​អំពី​សញ្ញា​នៃ​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គសង្គ្រោះ « យាង​ចុះមក​ឈរ​នៅ​កណ្ដាល​ពួកគេ » ( នីហ្វៃ​ទី៣ ១១:៨ ) ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​បេសកកម្ម​របស់​ទ្រង់ និង​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បានធ្វើ​សម្រាប់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​ឲ្យ​បង្កើន​សេចក្តីស្រឡាញ់ និង​ការដឹងគុណ​របស់​អ្នក​កាន់តែ​ខ្លាំង​ថែមទៀត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​ទ្រង់​គឺជា​នរណា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

មើល​ឆ្ពោះ​ទៅ​មុខ

  • តើ​ពេលណា​ដែល​អ្នក​បាន​ទន្ទឹង​រង់ចាំ​អ្វីមួយ​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទើរតែ​មិន​អាច​រង់ចាំ​សម្រាប់​ឲ្យវា​កើតឡើង​បាន ? តើ​អ្នក​អាច​រង់ចាំ​បាន​យូរ​ប៉ុណ្ណាដែរ ? នៅ​ទីបំផុត​តើ​វា​មាន​លក្ខណៈ​បែប​ណា​នៅពេល​បាន​ដក​ពិសោធន៍​វា ?

នៅក្នុង​ព្រះគម្ពីរ​មរមន យើង​រៀន​មកថា ព្រឹត្តិការណ៍​មួយ​ដែល​ពួកសាសន៍​នីហ្វៃ​ទន្ទឹង​រង់ចាំ​អស់​ជាច្រើន​ជំនាន់​មកហើយ គឺជា​ការយាងមក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​មកកាន់​ផែនដី ។ ចាប់តាំងពី​ពេលដែល​លីហៃ និងសារ៉ាយ​បាន​នាំ​កូន​របស់​ពួកលោក​ទៅ​កាន់​ទីរហោស្ថាន​នៅក្រៅ​ក្រុង​យេរូសាឡិម ពួកលោក​បាន​ដឹងថា នៅក្នុង​រយៈពេល ៦០០ ឆ្នាំទៀត ព្រះ​នឹង​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដែលជា « ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក » ( នីហ្វៃ​ទី១ ១០:៤ ) ។

ពួកគេ​ក៏​បាន​យល់ដែរ​ផងដែរ​ថា នៅ​ថ្ងៃ​ណាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ដែនដីសន្យា ( សូមមើល នីហ្វៃ​ទី១ ១២:៦; នីហ្វៃ​ទី២ ២៦:១; អាលម៉ា ៤៥:៩–១០ ) ។ នៅក្នុង នីហ្វៃ​ទី៣ ១១ យើង​អាច​អាន​អំពី​ទិដ្ឋភាព​នៃការ​រង់ចាំ​ជាយូរមក​ហើយ​នេះ​បាន ។

មិនមែន​ប្រជាជន​គ្រប់គ្នា​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​ទាំងអស់​មាន​ការយល់ដឹង​បាន​ត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។ ដូចគ្នា​នេះដែរ បច្ចុប្បន្ន​នេះ​ប្រជាជន​មាន​ការយល់ដឹង​ខុស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អ្នកខ្លះ​ថែមទាំង​បដិសេធ​អំពី​វត្តមាន​របស់​ទ្រង់​ថែមទៀត​ផង ។ អ្នកខ្លះ​ជឿថា​ព្រះយេស៊ូវ​គឺជា​អ្នកដឹកនាំ​ដ៏អស្ចារ្យ ប៉ុន្តែ​មិន​ព្រម​ទទួលស្គាល់​ទ្រង់​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ ។

  • តើ​ហេតុអ្វី​បានជា​អ្នក​គិតថា​វា​មាន​សារៈសំខាន់​សម្រាប់​ពួក​យើង​នៅក្នុង​ការ​យល់ដឹង​ឲ្យបាន​ត្រឹមត្រូវ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា​នោះ ?

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ជានរណា ហើយ​តើ​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកយើង ?

នៅពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ទាំង​ព្រះអង្គ និង​ព្រះវរបិតាសួគ៌​បាន​ធ្វើ​សេចក្តីប្រកាស​សំខាន់ៗ​អំពី​ទ្រង់​ថា​ជា​នរណា ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​យកចិត្តទុក​ដាក់លើ​អ្វី​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចង់ឲ្យ​អ្នក​ដឹង​ថា ព្រះអង្គ​សង្រ្គោះ​ជា​នរណា ហើយ​មាន​អ្វីខ្លះ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

នៅក្នុង​មេរៀន​ពីមុន អ្នក​ប្រហែលជា​បាន​ចាប់ផ្តើម​បង្កើត​បញ្ជី​អំពី​អ្វីៗ​ដែល​អ្នក​កំពុង​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការសិក្សា​របស់អ្នក​នៅក្នុង​នីហ្វៃ​ទី​បី ។ ប្រសិនបើ​អ្នក​មិនទាន់​បាន​ចាប់ផ្តើម​បង្កើត​បញ្ជី​មួយ​ទេ សូម​ចាប់ផ្តើម​បង្កើត​បញ្ជី​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ហើយ​ដាក់​បញ្ចូល​វា​ទៅក្នុង​មេរៀន​ទាំងមូល ។

ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ

សូម​អាន នីហ្វៃ​ទី៣ ១១:១–១១ ដោយ​ស្វែងរក​សេចក្តី​លម្អិត​អំពី​ការយាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅដល់​ប្រជាជន​មួយក្រុម​ដែលបាន​ប្រមូលផ្តុំគ្នា​នៅព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរណ៍ ។ អ្នក​ក៏អាច​មើល​នៅ « Jesus Christ Appears in the Ancient Americas » ចាប់ពី នាទី​ទី ១១:១៩–១៣:២៩ ។ វីដេអូ​នេះ​អាច​រក​មើល​បាននៅ​គេហទំព័រ ChurchofJesusChrist.org ។ 

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​ចាប់អារម្មណ៍​ចេញ​មកពី​ការសិក្សា​របស់​អ្នក​អំពី​ខគម្ពីរ​ទាំងនេះ ?

  • ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅទីនោះ តើ​មាន​ពាក្យអ្វីខ្លះ​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​អ្នក​កំពុងគិត ឬ​កំពុង​មាន​អារម្មណ៍ ? ហេតុអ្វី ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ពិពណ៌នា​អំពី​ការយាងមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វីដែល​ទ្រង់​បាន​ប្រាប់​ដល់​ប្រជាជន​តាម​របៀប​នេះ ៖

ការបង្ហាញ​ព្រះកាយ​នោះ និង​ការប្រកាស​នោះ​បាន​បង្កើត​ជា​ចំណុច​ប្រសព្វ​ដ៏សំខាន់ ជាគ្រា​ដ៏អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រទាំងមូល នៃ​ព្រះគម្ពីរ មរមន ។ …

មនុស្ស​គ្រប់​គ្នា បាន​និយាយ​អំពី​ទ្រង់ ច្រៀង​អំពី​ទ្រង់ សុបិន្ត​អំពី​ទ្រង់ និង​អធិស្ឋាន​សម្រាប់​ការបង្ហាញ​ព្រះកាយ​របស់​ទ្រង់—ប៉ុន្តែ​ពេលនេះ ទ្រង់​ពិត​ជានៅ​ទីនេះ​ពិតមែន ។ ថ្ងៃនេះ ពិតជា​វិសេស​ណាស់ ! ព្រះ​ដែល​ធ្វើ​ឲ្យ​រាល់​យប់​ដ៏​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ​នា​ពេលព្រឹក បាន​យាងមក​ដល់ហើយ ។ ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–២៥១ )

ព្រះបន្ទូល​ដំបូង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសាសន៍​នីហ្វៃ ដើម្បី​ជួយ​ដល់ពួក​យើង​ឲ្យយល់​ថា ទ្រង់​ជានរណា និង​អ្វីខ្លះ​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។

សូម​អាន នីហ្វៃ​ទី៣ ១១:១០–១១ ម្តងទៀត សូម​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ពាក្យ និង​ឃ្លា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ទ្រង់​ផ្ទាល់ និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​យើង ។ សូម​ប្រាកដ​ថា បន្ថែម​សេចក្តីពិត​ទាំងនេះ​ចូលទៅ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​របស់អ្នក ។

នីហ្វៃទី៣ ១១:១០–១១ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​បាន​រៀន​សេចក្តីពិត​អ្វីខ្លះអំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​សេចក្តីពិត​ទាំងនេះ​មួយណា​នៅក្នុង​ចំណោម​សេចក្ដីពិត​ទាំងនេះ​ដែល​អ្នក​អាច​រកឃើញ​ជាពិសេស ? ហេតុអ្វី ?

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​គឺ ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ដោយ​ទទួល​យក​អំពើបាប​នៃ​ពិភពលោក​មកដាក់​លើ​ព្រះអង្គ​ផ្ទាល់ ។

យើង​អាច​យល់ដឹង​បាន​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ តាមរយៈ​ការពិនិត្យមើល​ឲ្យបាន​កាន់តែ​ដិតដល់​ទៅ​លើ​ឃ្លា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​ទ្រង់​បានធ្វើ ។ ចម្លង​ឃ្លា​ខាងក្រោម​មកពី នីហ្វៃ​ទី៣ ១១:១១ ដាក់​ចូល​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ដោយ​ទុក​ចន្លោះ​ដែល​នៅជាប់ ឬ​ខាងក្រោម​សម្រាប់​សរសេរ ។

  • ហើយ​យើង​បាន​ផឹក​នូវ​ពែងល្វីង​ដែល​ព្រះវរបិតា​បាន​ប្រគល់​ដល់យើង ។

  • [ យើង ] ហើយ​បាន​តម្កើង​ព្រះវរបិតា​ដោយ​បាន​ទទួល​មក​ដាក់លើ​ខ្លួន​នូវ​បាប​ទាំងឡាយ​នៃ​មនុស្សលោក ។

  • យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក ។

សូម​សិក្សា​យ៉ាង​ហោចណាស់​ឯកសារ​យោង​ចំនួន​បី​ខាងក្រោម ដោយ​ស្វែងរក​មើល​ការបង្រៀន​ដែល​អាច​ជួយ​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​សម្រាប់​យើង ។ សូម​សរសេរ​ចុះ​នៅ​ជាប់​ទៅនឹង​ឃ្លា​ដែល​បទគម្ពីរ​បាន​ជួយ​ដល់អ្នក និង​ចំណុច​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ យ៉ាងហោច​ណាស់​ឲ្យ​បាន​មួយ ៖

  • តើ​អ្នក​ចង់​ប្រាប់​អ្វីខ្លះ​ទៅ​ដល់​មនុស្ស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្អែកទៅ​លើ​អ្វី​ដែល​អ្នកមាន​អារម្មណ៍​នៅ​ថ្ងៃនេះ ?

  • តើ​អ្នក​ចង់​ធ្វើ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​យល់ ឬ​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មូលហេតុ​អ្វី​បាន​ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ពេញមួយ​ជីវិត​របស់​អ្នក​មាន​តម្លៃ ?