ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៦ ៖ « ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត »


« អាលម៉ា ៣៦ ៖ ‹ ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៦

« ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត »

រូបភាព
យុវនារី​ដែល​ពេញ​ដោយ​អំណរ

ការចែកចាយ​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ទន់ភ្លន់​ជាមួយ​អ្នក​ដែល​យើង​ស្រឡាញ់​អាច​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​ទាំង​ពួកគេ ទាំង​ពួកយើង​ផងដែរ ។ ពេល​កំពុង​និយាយ​ទៅកាន់ ហេលេមិន ជាកូនប្រុស​លោក អាលម៉ា​បានរៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​របស់​លោក​ដែល​បានឃើញ​ទេវតា​មួយអង្គ មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​អំពើបាប​របស់​លោក និង​ស្វែងរក​ការរំដោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។⁠ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​អ្នក​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្តីជំនឿ ហើយ​ស្គាល់​ពី​អំណរ​នៃ​ការរំដោះ​របស់​ទ្រង់ ។

ពាក្យ​ផ្ទុយ

សូម​ចម្លង​ខ្លឹមសារ​ខាងក្រោម​ដាក់​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ នៅបន្ទាប់ពី​សញ្ញាព្រួញ សូម​សរសេរ​អ្វី​ដែល​អ្នក​គិត​ថា​ជា​ពាក្យ​ផ្ទុយ​នឹង​ពាក្យ​ទាំងនេះ ។

  • ការឈឺចាប់ →

  • សោកស្ដាយ →

  • ភាពសោកសៅ →

សូម​សញ្ជឹងគិត​នៅពេល​ដែល​អ្នក​អាច​បាន​ប្រព្រឹត្ត​អំពើបាប ហើយ​មាន​អារម្មណ៍​ដូច​នៅខាង​ឆ្វេង​ដៃ ។⁠ តើ​អារម្មណ៍​នោះ​ធ្លាប់​ដែល​ក្លាយជា​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅខាង​ស្ដាំ​ឬ​ទេ ?⁠ តើ​មាន​អ្វី​បាន​កើតឡើង ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នោះ​កើតឡើង​បាន ?

ពេល​អារម្មណ៍​អវិជ្ជមាន​កើតឡើង​ដោយ​អំពើបាប នោះ​មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឲ្យ​យើង​ប្ដូរ​អារម្មណ៍​អវិជ្ជមាន​ទាំងនោះ​មាន​លក្ខណៈ​ផ្ទុយទៅ​វិញ​បាន ពោលគឺ​មាន​អារម្មណ៍​វិជ្ជមាន​វិញ ។

សូម​សញ្ជឹងគិត​ថា តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​មាន​ការពិត​កម្រិតណា​សម្រាប់​អ្នក ៖

  • នៅពេល​ខ្ញុំ​មានបាប ខ្ញុំ​ដឹង​ពី​របៀប​ងាក​ទៅរក​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​ការអភ័យទោស សេចក្តី​សុខសាន្ត និង​សេចក្តីសង្ឃឹម ។

  • ខ្ញុំ​មាន​ទំនុកចិត្ត​ថា ដោយមាន​ជំនួយ​ពី​ព្រះអម្ចាស់ ខ្ញុំ​អាច​នឹង​ផ្លាស់ប្តូរ​បាន ។

  • ខ្ញុំ​ងាកទៅ​រក​ព្រះអម្ចាស់​ជាប្រចាំ​⁠ដើម្បី​ទទួល​បាន​ជំនួយ​នេះ ។

ថ្ងៃនេះ អ្នក​ត្រូវ​សិក្សា​ពី​របៀប​ដែល​អារម្មណ៍​នៃ​ការឈឺចាប់​យ៉ាងខ្លាំង​របស់ អាលម៉ា ជា​កូន​ចំពោះ​អំពើបាប​របស់​គាត់​មាន​ការបង្វែរ​ទៅជា​អារម្មណ៍​មាន​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​គាត់​ដង្ហោយ​ស្រែករក​ព្រះអង្គ​សង្គ្រោះ ។⁠ នៅពេល​អ្នក​សិក្សា សូម​រកមើល​ពី​របៀប​ដែល​អ្នក​អាច​ស្វះស្វែង​រក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​យកឈ្នះ​លើ​អំពើបាប និង​ឥទ្ធិពល​នៃ​អំពើបាប​នោះ ហើយ​ទទួល​បាន​អំណរ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការផ្លាស់ប្ដូរ​ដ៏​ធំ​របស់​អាលម៉ា

បន្ទាប់ពី​បដិសេធ​ដំណឹងល្អ​ដែល​បានបង្រៀន​ដល់​ពួកគេ នោះ​ពួកសាសន៍​សូរាំ​បាន​ចូលរួម​ជាមួយនឹង​ពួកសាសន៍​លេមិន​ដើម្បី​ចាក់រុក​ពួកគេ​ឲ្យ​មាន​កំហឹង​ប្រឆាំង​នឹង​ពួកសាសន៍​នីហ្វៃ ។⁠ បន្ទាប់មក ពួកសាសន៍សូរាំ និង​ពួកសាសន៍លេមិន​បានវាយ​ប្រហារ​ពួកសាសន៍​នីហ្វៃ ដែលនាំ​ឲ្យ​មាន​សង្រ្គាម​ដ៏​ធំមួយ ។⁠ ចិត្ត​របស់​ពួកសាសន៍​នីហ្វៃ​ជាច្រើន​ក៏ ⁠« ចាប់​ផ្ដើម​រឹងរូស »⁠ ប្រឆាំងនឹង​ព្រះបន្ទូល​ព្រះ​ផងដែរ ( អាលម៉ា ៣៥:១៥ ) ។ ក្នុង​ការឆ្លើយតប​នឹង​ការធ្លាក់ចុះ⁠​ខាងវិញ្ញាណ​របស់​ពួកសាសន៍​នីហ្វៃ អាលម៉ា​បានហៅ​កូនប្រុសៗ​របស់​លោកមក​ជុំគ្នា​ដើម្បី « អាច​ប្រទាន​កិច្ចការ​កាន់កាប់​មួយ​រៀងៗ​ខ្លួន​ដាច់ឡែក​ពី​គ្នា អំពី​ការណ៍​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៥:១៦ ) ។⁠ ជាបឋម ⁠លោក​បាននិយាយ​ជាមួយ​កូនប្រុស​លោក ហេលេមិន ហើយ​បាន​រៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​នៃ​ការប្រែចិត្តជឿ​របស់​លោក ។

រូបភាព
ការប្រែចិត្តជឿ​របស់​អាលម៉ា​ជាកូន
  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​អាលម៉ា​ជាកូន ហើយ​រូបភាព​នេះ​បង្ហាញ​ពី​អ្វី ?

សូម​អាន អាលម៉ា ៣៦:៦–១១ ហើយ​រកមើល​សេចក្តីលម្អិត​ដែល​អ្នក​ប្រហែលជា​បាន​រំលង ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • ហេតុអ្វី​បាន​ជា​អ្នក​គិតថា បន្ទូល​របស់​ទេវតា​មាន​ឥទ្ធិពល​ខ្លាំងលើ​អាលម៉ា ?

    • ក្រៅពី​ការមើលឃើញ​ទេវតា តើ​អ្វី​អាច​នាំ​ឲ្យ​មនុស្ស​ម្នាក់​ដឹង​ថា ខ្លួន​គេ​ត្រូវការ​ការផ្លាស់ប្តូរ ?

ការគូសចំណាំ​បទគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ចងចាំ​បាន​នូវ​អ្វី​ដែល​បទគម្ពីរ​កំពុងបង្រៀន ។⁠ វា​អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​គំរូ ឬ​ការប្រៀបធៀប​នៅក្នុង​បទគម្ពីរ​បានកាន់តែ​ងាយស្រួល ។⁠ វា​ក៏​អាច​ធ្វើ​ឲ្យ​វគ្គបទគម្ពីរ​សំខាន់ៗ​កាន់តែ​ងាយស្រួល​រកមើល​នៅ​ពេលក្រោយ​ដែរ ។⁠ ការគូសចំណាំ​អាច​មាន​ដូចជា ⁠ការគូសបន្ទាត់​ពី​ក្រោម ការគូស​រង្វង់ និង​ការរំលេច​ពណ៌​លើ​ពាក្យ និង​ឃ្លានានា​ជាដើម ។

សូម​អាន​ការពិពណ៌នា​របស់​អាលម៉ា អំពី​អ្វី​ដែល​លោក​បានជួបប្រទះ និង​ទទួល​អារម្មណ៍​ក្នុង​អំឡុង​ពេលបីថ្ងៃ​ដែល​លោក​មិន​អាច​ផ្លាស់ទី​នៅក្នុង​បណ្ដុំ​បទគម្ពីរ​ខាងក្រោម ។⁠ សូម​ពិចារណា​គូសចំណាំ​អ្វី​ដែល​បាន​ផ្ដល់​យោបល់​ឲ្យ ។

  • អាលម៉ា ៣៦:១២–១៦ ៖ ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ពី​របៀប​ដែល អាលម៉ា​បាន​ទទួល​អារម្មណ៍​អំពី​អំពើបាប​របស់​លោក

  • អាលម៉ា ៣៦:១៧–១៨ ៖ ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​អាលម៉ា​បានចងចាំ ហើយ​បាន​ធ្វើ​ដែល​បាននាំ​ឲ្យ​លោក​ផ្លាស់ប្តូរ​បាន

  • អាលម៉ា⁠៣៦:១៩–២១ ៖ ពាក្យ ⁠ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​អាលម៉ា ដែល​មាន​អារម្មណ៍​ថា​អ្វីមួយ​ប្រឆាំង ឬ​ផ្ទុយគ្នា​នឹង​អ្វី​ដែល​លោក​ធ្លាប់​បានជួបប្រទះ​នៅពេល​ចាប់ផ្ដើមដំបូង

  • តើ​អ្នក​ចាប់​អារម្មណ៍​នូវ​អ្វី​ខ្លះ ដែល​បាននាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​របស់​អាលម៉ា ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​ស្វែងយល់​ពី​បទពិសោធន៍​របស់​លោក ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន⁠នោះគឺថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​រំដោះ​យើង​ចេញពី​ការឈឺចាប់​នៃ​អំពើបាប​របស់យើង ហើយ​បំពេញ​យើង​ដោយអំណរ ។

  • តើ​អាលម៉ា​បាន​អញ្ជើញ​ព្រះចេស្តា​នៃ​ការរំដោះ​របស់​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម ហើយ​គិត​ពី​របៀប​ដែលវា​ជួយ​អ្នក​ឲ្យ​ស្វែងយល់បន្ថែមទៀត​អំពី​សេចក្ដីពិត​ដែលយើង​ត្រូវរៀន​ពី​បទពិសោធន៍​របស់​អាលម៉ា ។ អ្នក​អាច​ចម្លង​ឃ្លា​មួយ​ដែល​អ្នក​ចង់​ចាំ​ដាក់ចូល​ទៅក្នុង​កំណត់ហេតុ ឬ​គែម​នៃ​ព្រះគម្ពីរ​របស់​អ្នក​បាន ។

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់ ៖

អ្នក​មិន​ចាំបាច់​ត្រូវការ​ដឹងអ្វី​គ្រប់​យ៉ាងទេ មុន​ពេល​ដែល​អំណាច​នៃ​ដង្វាយធួន​ត្រូវ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​នោះ ។⁠ មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ គឺវា​ចាប់ផ្តើម​ដំណើរការ​នៅថ្ងៃ​ដែល​អ្នក​ទូលសួរ !⁠ ( ប៊យដ៍ ខេ ផាកកឺ « Washed Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ១០ )

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

នៅពេល​យើង​សារភាព​អំពើបាប​យើង​ដោយ​ស្មោះត្រង់ ស្ដារ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅបាន​ចំពោះ​អ្នក​ដែល​អាក់អន់ចិត្ត ហើយ​លះបង់​អំពើបាប​របស់យើង​ដោយ​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទទួលបាន​ការអភ័យទោស​ហើយ ។ យូរៗទៅ យើងនឹង​មាន​អារម្មណ៍​ថា​ទុក្ខព្រួយ​របស់យើង​បានធូរស្រាល ដោយ « បាន​ដក​យក​ទោស​ចេញ​ពី​ក្នុង​ចិត្ត​យើង » ហើយ​នាំមក​នូវ « សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ។ ( នែល អិល អាន់ឌើរសិន « Repent … That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )

  • តើ​ការយល់ដឹង​⁠អ្វីខ្លះ​ដែល​អ្នក​បានទទួល​ពី​សេចក្តី​ថ្លែងការណ៍​បន្ថែម​ទាំងនេះ ?

  1. សូម​ជ្រើសយក​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ដូច​ខាងក្រោម ហើយ​សរសេរ​ចម្លើយតប​ដោយផ្អែក​លើគំនិត​អ្នកផ្ទាល់ និង​អ្វី​ដែល​អ្នក​បានរៀន​នៅថ្ងៃនេះ ។⁠ ត្រូវ​ឲ្យ​ប្រាកដថា​ពិត​ជា​បាន​ប្រើ​ខគម្ពីរ​មួយ ឬ​ច្រើន​ពី អាលម៉ា ៣៦ នៅក្នុង​ចម្លើយតប​របស់អ្នក ។

    តើ​អ្នក​នឹង​និយាយ​អ្វី​ទៅកាន់​ក្មេងជំទង់​ម្នាក់​ដែល ៖

    • មាន​អារម្មណ៍​សោកស្ដាយ និង​ឈឺចាប់​យ៉ាងខ្លាំង​ដោយសារ​អំពើបាប​របស់​គាត់ ឬ​នាង ។

    • មាន​អារម្មណ៍​ថា អំពើបាប​របស់គាត់ ឬ​នាង​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​នោះ​ទេ ហើយ​នឹង​រលាយបាត់​ដោយ​ខ្លួន​ឯង​តាម​ពេលវេលា​ដោយ​ពុំចាំបាច់​មាន​ការប្រែចិត្ត​ឡើយ ។

សូម​ឆ្លៀតពេល​បន្តិច​ដើម្បី​គិតពិចារណា​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​អ្នក និង​របៀប​ដែល​មេរៀន​ថ្ងៃនេះ​អាច​នឹង​អនុវត្ត​នៅ​ក្នុង​ជីវិតអ្នក ។⁠ សូម​ពិចារណា​រឿងមួយ​ដែល​អ្នក​អាច​នឹង​ធ្វើ​នៅថ្ងៃនេះ ដើម្បី​ងាកទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​យាង​អញ្ជើញ​ព្រះចេស្តា​នៃ​ការសង្គ្រោះ​របស់​ទ្រង់​ឲ្យ​យាងមក​នៅក្នុង​ជីវិត​អ្នក ។