ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៩ ៖ « ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ »


« អាលម៉ា ៣៩ ៖ ‹ ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៩

« ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ »

រូបភាព
អាលម៉ា​កំពុង​និយាយ​ទៅកាន់​កូរីអានតុន

ជា​រហូតមក សាតាំង​បានដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​ជឿ​ថា ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍​គឺ​អាច​ទទួល​យកបាន ។⁠ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រទាន​ដល់​យើង​នូវ​ច្បាប់​ព្រហ្មចារីភាព​សម្រាប់​ការការពារ សេចក្តី​សុខសាន្ត និង​សុភមង្គល​របស់យើង ។⁠ ព្យាការី អាលម៉ា បាន​ទូន្មាន​កូនប្រុស​របស់លោក កូរីអានតុន ⁠ដោយ​ក្ដី​ស្រឡាញ់ ឲ្យ​បោះបង់ចោល ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់គេ ដោយ​រួមទាំង​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។⁠ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាង​ផ្លូវ​ភេទ និង​របៀប​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​លើ​ច្បាប់​ព្រហ្មចារីភាព​នេះ ។⁠

ច្បាប់​ព្រហ្មចារីភាព

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​កំណត់​ថា​តើ​សេចក្តី​ថ្លែងការណ៍​មួយណា​ដែល​តំណាង​ឲ្យ​អារម្មណ៍​អ្នក​បានច្បាស់​បំផុត ៖

  • ខ្ញុំ​មិន​យល់​ស្រប

  • ខ្ញុំ​មិន​យល់​ស្រប​ភាគច្រើន

  • ខ្ញុំ​យល់​ស្រប​ភាគ​ច្រើន

  • ខ្ញុំ​យល់ស្រប

  1. យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យល់​យ៉ាងច្បាស់​អំពី​ច្បាប់​ព្រហ្មចារីភាព ឬ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ភាពបរិសុទ្ធ​ខាងផ្លូវភេទ ។

  2. ពួកគេ​យល់​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ និង​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រស់នៅ​តាម​ច្បាប់​នេះ ។

  3. ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​⁠អាច​ជា​ការលំបាក ។⁠

  4. យុវវ័យ​ក្នុង​សាសនាចក្រ​ដឹង​អំពី​របៀប​ទប់ទល់​នឹង​ការល្បួង ហើយ​រក្សាភាព​បរិសុទ្ធ​ខាងផ្លូវភេទ​របស់​ពួកគេ ។

ច្បាប់​ព្រហ្មចារីភាព​⁠គឺជា​ច្បាប់​ស្ដីពី​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ​របស់​ព្រះអម្ចាស់ ។⁠ ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព​⁠មាន​ន័យ​ថា ការរក្សាខ្លួន​អ្នក​ឲ្យ​ស្អាតស្អំ ទាំង​ការគិត ពាក្យសម្ដី និង​សកម្មភាព ដោយ​រួម​មាន​ទាំង​ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការណ៍​អាសក្រាម​ណា​មួយ​ផងដែរ ។ វា​មាន​ន័យ​សំដៅ​ដល់​ការចៀសវាង​មាន​ទំនាក់ទំនង​ផ្លូវភេទ​មុន​ពេល​រៀបការ និង​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​ប្រពន្ធ ឬ​ស្វាមី​របស់អ្នក​ក្នុង​អំឡុងពេល​នៃ​ចំណង​អាពាហ៍ពិពាហ៍ ។ « ក៏​ដូចជា​ការរំលោភ​បំពាន​ដទៃ​ទៀត​ដែរ សកម្មភាព​នៃ​ការរួមភេទ​ដូចគ្នា​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ វា​ផ្ទុយ​ទៅនឹង​គោលបំណង​នៃ​ភេទ​របស់​មនុស្ស » ( Gospel Topics « Chastity » មាន​នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សូម​ចំណាយពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​ការយល់ដឹង និង​អារម្មណ៍​របស់អ្នក​អំពី​ច្បាប់​ព្រហ្មចារីភាព ។⁠ តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ ? ហេតុ​អ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ? តើ​ការល្បួង​អ្វីខ្លះ​អំពី​ព្រហ្មចារីភាព​ដែល​អ្នក​ប្រឈមមុខ ?⁠ នៅពេល​ដែល​អ្នក​កំពុង​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក និង​ជំនួយ​ដើម្បី​យកឈ្នះ​លើ​ការល្បួង ។⁠

អាលម៉ា​⁠ផ្ដល់​ដំបូន្មាន​ដល់​កូន​ប្រុស​របស់លោក កូរីអានតុន ។

អាលម៉ា ៣៩ គឺជា​ជំពូក​ទីមួយ​ក្នុង​ចំណោម​ជំពូក​បួន​ដែល​មាន​ដំបូន្មាន បទបញ្ញត្តិ និង​ការបង្រៀន​ពី​អាលម៉ា​ដល់​កូនប្រុស​របស់លោក កូរីអានតុន ។ កូរីអានតុន​⁠បានអម​ដំណើរ​ឪពុក និង​បងប្រុស​លោក ស៊ិបឡុន ⁠ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ។⁠ ទោះយ៉ាង​ណា​ក៏ដោយ អំឡុងពេល​នៃ​បេសកកម្ម​នេះ កូរីអានតុន ⁠បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែរ ។⁠

សូម​អាន អាលម៉ា ៣៩:១–៥⁠ ដោយ​រកមើល​កំហុស​ដែល​កូរីអានតុន បានធ្វើ និង​របៀប​ដែល​អាលម៉ា និង​ព្រះអម្ចាស់​គិត និង​មាន​ព្រះទ័យ​អំពី​កំហុស​ទាំងនោះ ។ ( ពាក្យ​ថា ស្រីខូច នៅ ខទី ៣ សំដៅ​ទៅលើ​ស្ត្រី​អសីលធម៌ ឬ​ស្រីពេស្យា ) ។⁠

ដើម្បី​ជួយ​អ្នក​ឲ្យ​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ធ្វើ​ឲ្យ​ឪពុក​ម្នាក់ និង​ជា​ព្យាការី « ព្រួយ​បារម្ភ » ( អាលម៉ា ៣៩:៣ ) និង « អំពើ​គួរ​ខ្ពើម​ឆ្អើម​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ » ( អាលម៉ា ៣៩:៥ ) វា​អាច​មាន​ប្រយោជន៍​ក្នុង​ការយល់​ពី​ពរជ័យ​ពី​ការគោរព​តាម​ច្បាប់​នេះ ។ សូម​អាន​អំពី​ពរជ័យ និង​អំណាច​នៅក្នុង « ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព » នៅទំព័រ ២៦ ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ( កូន​សៀវភៅ ឆ្នាំ ២០២២ ) ។⁠

  • តើ​ការគោរពតាម​ច្បាប់​ព្រហ្មចារីភាព​អាច​រៀបចំ​យើង​ឲ្យ​ទទួល​បានពរជ័យ​ដ៏​អស្ចារ្យ​ពី​ព្រះ​ក្នុង​ជីវិត​នេះ និង​ក្នុង​ពិភពលោក​ខាងមុខ​យ៉ាង​ដូចម្ដេច ?⁠

ដើម្បី​ឲ្យ​មាន​ការយល់ដឹង សូម​អាន​សំណួរ​ខាងក្រោម ហើយ​ស្វែងរក​ចម្លើយ​នៅក្នុង​ព្រះគម្ពីរ​ដែល​មាន​រាយ​ក្នុង​វង់​ក្រចក ៖

  • តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​មនុស្ស​ម្នាក់​មិន​ប្រែចិត្ត​ពី​អំពើបាប​ខាងផ្លូវភេទ​ទេ​នោះ ?⁠ ( អាលម៉ា ៣៩:៧–៩ )

  • តើ​មាន​ផលវិបាក​អ្វីខ្លះ​ដែល​ត្រូវ​បាន​មើល​រំលង​ជាញឹកញាប់​ចំពោះ​ការបំពាន​ច្បាប់​ព្រហ្មចារីភាព ? ( អាលម៉ា ៣៩:១១–១៣ )

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន​រួចហើយ តើ​ហេតុអ្វី​បាន​ជា​ឪពុក ឬ​ម្តាយ ព្យាការី និង​ព្រះអម្ចាស់​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ព្រហ្មចារីភាព ?⁠

    • តើ​ច្បាប់​ព្រហ្មចារីភាព​បង្ហាញពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់​យ៉ាងដូចម្ដេច ?

« កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ »

បន្ថែមពី​លើ​ការបង្រៀន​កូន​ប្រុស​របស់​លោក​អំពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ខាង​ផ្លូវភេទ អាលម៉ា​ក៏​បានបង្រៀន​កូរីអានតុន អំពី​របៀប​ដើម្បី​ចៀសវាង​ការធ្វើខុស​ដូចគ្នា​នេះ​ម្ដងទៀត​នៅ​ថ្ងៃ​អនាគត​ផងដែរ ។

សូមមើល អាលម៉ា ៣៩:៩ និង អាលម៉ា ៣៩:១៣⁠ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ការល្បួង និង​គោរពតាម​ច្បាប់​ព្រហ្មចារីភាព ។ ( ឃ្លា « ចៀសវាង » នៅក្នុង ខទី ៩ សំដៅ​ដល់​ការគ្រប់គ្រង​ខ្លួនឯង ឬ​ការមាន​វិន័យ​លើ​ខ្លួនឯង ) ។

អាលម៉ា ៣៩:៩ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរស​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​គោលការណ៍​អ្វី​ដែល​អាលម៉ា​បានបង្រៀន កូរីអានតុន ⁠នៅក្នុង​ខគម្ពីរ​ទាំងនេះ ?⁠

គោលការណ៍​មួយ​ដែល​អាច​អនុវត្ត​បាន​មកពី​ខគម្ពីរ​ទាំងនេះ​គឺថា នៅពេល​យើង​អនុវត្ត​ការគ្រប់គ្រង​ខ្លួន​ឯង​បាន ហើយ​ងាក​ទៅរក​ព្រះអម្ចាស់ យើង​នឹង​អាច​យក​ឈ្នះ​លើ​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ​បាន ។

ការអនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង និង​ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​យកឈ្នះ​លើ​ការល្បួង ពេលខ្លះ​អាច​ជា​ការលំបាក ។⁠ ការគិត​ពី​វិធី​ផ្សេងៗ​ជាច្រើន​ដើម្បី​ធ្វើ​រឿងនេះ ហើយ​បន្ទាប់មក​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​នោះ​⁠អាច​ជួយ​ទៅបាន ។⁠

  1. សូម​ធ្វើ​ពីរ​រឿង​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អ្នក​រកឃើញ​វិធី​ដែល​យុវវ័យ​សព្វថ្ងៃ​នេះ​អាច​អនុវត្ត​ការគ្រប់គ្រង​លើ​ខ្លួនឯង ហើយ « បែរ​ទៅ​រក​ព្រះ​អម្ចាស់ ដោយ​អស់​ពី​ដួង​ចិត្ត និង​អស់​សមត្ថ​ភាព និង​អស់​កម្លាំង​របស់ [ យើង ] ចុះ » ( អាលម៉ា ៣៩:១៣ ) ដើម្បី​យក​ឈ្នះលើ​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។⁠ សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​អ្នក​រកឃើញ ។⁠ អ្នក​ក៏​អាច​បន្ថែម​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក​បាន​ផងដែរ ។⁠

    1. សូម​អាន​ដំបូន្មាន​អំពី​ភាពបរិសុទ្ធ​ខាងផ្លូវ​ភេទ​ដែល​នៅ​សល់​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ⁠៖ សេចក្តីណែនាំ​សម្រាប់​ធ្វើការ​ជ្រើសរើស ( សូមមើល « ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ » នៅផ្នែក « ចុះចំណែក … ? » ) ។⁠ ដើម្បី​ទទួល​បាន​ដំបូន្មាន​បន្ថែម​ពី​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​ពិចារណា​អាន « Personal Purity » ( ជែហ្វ្រី អ័រ ហូឡិន Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៥–៧៨ ) ឬ « We Believe in Being Chaste » ( ដេវីឌ អេ បែដណា Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) ។

    2. សូម​រកមើល​បទគម្ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​⁠អាច​ពង្រឹង​អ្នក​ប្រឆាំង​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព​បាន ។ ⁠អ្នក​ក៏​អាច​រាយបញ្ជី​ទំនុកតម្កើង ⁠ឬ​បទចម្រៀង​អង្គការ​បឋមសិក្សា ដែល​អ្នក​អាច​នឹង​ចង់​ងាកទៅរក​ដើម្បី​ទទួល​បាន​កម្លាំង​នៅពេល​មាន​ការល្បួង​ផងដែរ ។

    3. សូម​ធ្វើ​បញ្ជី​នៃ​វិធី​ដែល​អ្នក​អាច​ព្យាយាម « បែរ​ទៅ​រក​ព្រះ​អម្ចាស់ » ដោយ​អស់​ពី « ដួង​ចិត្ត និង​អស់​សមត្ថ​ភាព និង​អស់​កម្លាំង » ( អាលម៉ា ៣៩:១៣ ) ។⁠ សូម​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាលពី​អតីតកាល​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​បានពង្រឹង​កម្លាំង​អ្នក ។

    4. សូម​សរសេរ​ដំបូន្មាន​ដែល​អ្នក​បានទទួល​ពី​ឪពុកម្ដាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រឆាំង​នឹង​ការល្បួង​បាន ។

    5. សូមមើល​វីដេអូ « Chastity: What are the Limits? » ( ៣:៥៩ ) ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ការពិចារណា​ផ្ទាល់ខ្លួន

សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​ចង់​រក្សាភាពបរិសុទ្ធ​ខាងផ្លូវភេទ ។⁠ បន្ទាប់មក សូម​កត់ត្រា​ជំហាន​នានា​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​បន្ត​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​ជា​ដរាប​រៀង​ទៅ ។⁠ សូម​ពិចារណា​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ ហើយ​កត់ត្រា​គំនិត​បន្ថែម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។⁠ បើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បានបំពាន​ច្បាប់​ព្រហ្មចារីភាព សូម​ចាំ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន « យាង​មក ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ចេញ » ( អាលម៉ា ៣៩:១៥ ) ហើយ​នឹង​អត់ទោស​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត​ដោយស្មោះ ហើយ​លះបង់​អំពើបាប​របស់ខ្លួន ( សូមមើល ម៉ូសាយ ២៦:៣០, អាលម៉ា ៣៩:៩ ) ។⁠